ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ្នក​​ប្រឆាំង​នឹង​កម្មវិធី ​Obamacare ​បាន​ស្បថ​ចូល​កាន់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អាមេរិក


អនុប្រធានាធិបតី Mike Pence ក្នុង​ពេល​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Tom Price ជា​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​​ កាល​ពី​ថ្ងៃ​សុក្រ។
អនុប្រធានាធិបតី Mike Pence ក្នុង​ពេល​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Tom Price ជា​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​​ កាល​ពី​ថ្ងៃ​សុក្រ។

បេក្ខជន​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់​ ត្រាំ​ បាន​ជ្រើស​រើស​ឲ្យ​ចូល​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​អាមេរិក​នោះ ​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​សុក្រ​នេះ​ ដោយ​មាន​អធិបតី​ភាព​លោក​អនុ​ប្រធានាធិបតី Mike Pence នៅ​ឯ​សេតវិមាន។

ការ​ស្បថ​ចូល​កាន់​តំណែង​នេះ​រៀប​ចំ​ឡើង​ប៉ុន្មាន​ម៉ោង​ក្រោយ​ពេល​ដែល​ព្រឹទ្ធសភា​អាមេរិក​បាន​បោះ​ឆ្នោត ​៥២ ​ទល់​នឹង ​៤៧ ​សំឡេង​ដើម្បី​តែង​តាំង​លោក ​Tom Price មក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ឲ្យ​ចូល​កាន់​តំណែង​ថ្មី​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល។

លោក ​Price គឺ​ជា​សមាជិកសភា​ដែល​ធ្លាប់​ជា​យុទ្ធជន​មួយ​រូប​មក​ពី​រដ្ឋ Georgia និង​ជា​ពេទ្យ​វះកាត់​ផ្នែក​ឆ្អឹង ដែល​លោក​គឺ​ជា​អ្នក​ដែល​ប្រឆាំង​នឹង​កម្មវិធី​ធានា​រ៉ាប់រង​សុខភាព Affordable Care Act ឬ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Obamacare នោះ។

មេដឹកនាំ​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា​លោក​ Mitch McConnell ​ដែល​ជា​សមាជិក​ខាង​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ Kentucky បាន​ថ្លែង​ថា លោក Price ដឹង​ពី​គោល​នយោបាយ​សុខាភិបាល​ជាង​អ្នក​ណា​ទាំងអស់‍។ ហើយ​លោក​បន្ត​ទៀត​ថា លោក Price នឹង​ជួយ​នាំ​មក​នូវ​ស្ថិរភាព​នៅ​ក្នុង​ទីផ្សារ​សុខាភិបាល​ដែល​កម្មវិធី​ធានារ៉ាប់​រង​សុខភាព​ Obamacare ​បាន​បង្ក​ការ​ខូច​ខាត​ដល់​នោះ។

ក្នុង​នាម​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ថ្មី លោក Price ដែល​មាន​អាយុ ៦២ឆ្នាំ នឹង​ដឹកនាំ​យុទ្ធនាការ​ដើម្បី​លុប​ចោល​ច្បាប់​ធានា​រ៉ាប់រង​សុខភាព​ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាមេរិកាំង ២០ លាន​នាក់​ទទួល​បាន​ការ​ធានារ៉ាប់រង​សុខភាព៕

XS
SM
MD
LG