ប្រធានាធិបតីជាប់ឆ្នោត ស.រ.អា. Donald Trump បាននិយាយថាផែនការលោកក្នុងការដាក់កម្មវិធីថ្មីមួយជំនួសកម្មវិធីថែរក្សាសុខភាពរបស់លោកប្រធានាធិបតីអូបាម៉ា «ជិតចប់សព្វគ្រប់ហើយ» ហើយនឹងត្រូវលាតត្រដាងឱ្យដឹងក្នុងពេលឆាប់ៗនេះ។
នៅក្នុងសម្ភាសន៍មួយជាមួយកាសែត Washington Post កាលពីយប់ថ្ងៃអាទិត្យ លោក Trump បាននិយាយថាគោលដៅរបស់លោកគឺធ្វើឱ្យមាន«ការធានារ៉ាប់រងខាងការថែរក្សាសុខភាពសម្រាប់ប្រជារាស្ត្រអាមេរិកាំងគ្រប់គ្នា» ក៏ប៉ុន្តែលោកបានប្រកែកមិនព្រមនិយាយជាក់លាក់ទេ។ មានការណ៍មួយដែលលោកបាននិយាយបញ្ជាក់ច្បាស់លាស់គឺថាលោកចង់កាត់បន្ថយសោហ៊ុយខាងការថែរក្សាសុខភាពដោយដាក់គំនាបសង្កត់លើក្រុមហ៊ុនផលិតឱសថឱ្យបញ្ចុះតម្លៃថ្នាំពេទ្យ។
ការលុបចោលច្បាប់ខាងការថែរក្សាសុខភាពមានឈ្មោះថា Affordable Care Act ដែលត្រូវស្គាល់ថា Obamacare ដែរនោះ ជាអាទិភាពធំមួយសម្រាប់លោក Trump នៅពេលចាប់ផ្តើមរដ្ឋបាលលោក។ កម្មវិធីនេះបានទទួលការអនុម័តដោយសភាកាលពីឆ្នាំ២០១០ដែលនៅពេលនោះពួកប្រជាធិបតេយ្យត្រួតត្រាសភា ក៏ប៉ុន្តែនៅពេលនេះដែលពួកសាធារណរដ្ឋមានសមាជិកច្រើននៅក្នុងព្រឹទ្ធសភានិងសភាតំណាងរាស្ត្រអាមេរិកាំង ហើយដោយលោក Trump ធ្វើជាប្រធានាធិបតីផងនោះ ពួកគេអាចចាត់វិធានការកែទម្រង់ប្រព័ន្ធនេះដែលពួកគេនិយាយថាអស់ប្រាក់កាសច្រើនហើយមិនបានការផងនោះ៕