ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​បោះឆ្នោត​ទូទាំង​សហរដ្ឋអាមេរិក​ទន្ទឹង​រង់ចាំ​ការងារ​របស់​លោក ​ត្រាំ


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ និង​លោក Kenneth Frazier ប្រធានប្រតិបត្តិ​ក្រុមហ៊ុន Merck (ឆ្វេង) លោក Robert Hugin (ស្តាំ) ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Celgene ក្នុង​សន្និសីទ​សារព័ត៌មាន​នៅសេត​វិមាន ​ក្នុង​​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃទី​៣១​ ខែ​មករា។
លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ និង​លោក Kenneth Frazier ប្រធានប្រតិបត្តិ​ក្រុមហ៊ុន Merck (ឆ្វេង) លោក Robert Hugin (ស្តាំ) ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Celgene ក្នុង​សន្និសីទ​សារព័ត៌មាន​នៅសេត​វិមាន ​ក្នុង​​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃទី​៣១​ ខែ​មករា។

បន្ទាប់​ពី​ឆ្លង​កាត់​ការបោះឆ្នោត​ ដែល​មាន​រយៈ​យូរ​ និង​ប្រកប​ដោយ​ភាពចម្រូង​ចម្រាស​រួច​មក​ នៅ​ទីបញ្ចប់​ពលរដ្ឋ​អាមេរិកាំង​ដែល​បាន​ទៅ​បោះឆ្នោត​ ទទួល​បាន​មេ​ដឹក​នាំ​ថ្មី​ហើយ។ អ្នក​ជំនួញ​លោក ដូណាល់​ ត្រាំ បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទី៤៥ ​កាល​ពី​ថ្ងៃ​សុក្រ។

ក្រុម​អ្នក​យក​ពត៌មាន​របស់ VOA បាន​សន្ទនា​ជាមួយ​ទាំង​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ ក្រុម​អ្នក​សាធារណរដ្ឋ​ អ្នក​ឯករាជ្យ​ និង​ជនអន្តោប្រវេសន៍​ នៅ​ទូទាំង​សហរដ្ឋអាមេរិក​ អំពី​ក្តី​សង្ឃឹម​ និង​ការភ័យ​ខ្លាច​របស់​ពួកគេ​ក្នុង​អំឡុង​អាណត្តិ​ជា​ប្រធានាធិបតី​របស់​លោក ត្រាំ។

ទីក្រុង Jacumba ក្នុង​រដ្ឋ​កាលីហ្វញ៉ា​ ស្ថិត​នៅ​ចម្ងាយ​រាប់ពាន់​គីឡូម៉ែត្រ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ ប៉ុន្តែ​ជា​ទី​កន្លែង​ដែល​អាច​នឹង​ទទួល​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ពី​ការសន្យា​របស់​លោក ត្រាំ​ ទាក់​ទិន​នឹង​ការ​សង់​ជញ្ជាំង​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិកស៊ិក។

លោក​ Jairo Carcamo​ បាន​ទៅ​បោះ​ឆ្នោត​លើក​ដំបូង​ ដោយ​លោក​បាន​ថ្លែង​ថា៖ «បើ​យើង​ក្រឡេក​មើល​ទៅ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ វា​ពិត​ជា​ធ្វើ​ឲ្យ​ខូចខាត​ដល់​សេដ្ឋកិច្ច។ អ្នក​ដឹង​ទេ​ថា​ មាន​ការងារ​ជា​ច្រើន​ត្រូវ​បាន​បញ្ចូន​ទៅ​ឲ្យ​ប្រទេស​ម៉ិកស៊ិក​ ចិន​ និង​ប្រទេស​ផ្សេងៗ​ទៀត​ ហើយ​បើ​នៅ​ទី​នេះ​វិញ​ មាន​អ្នក​អត់​ការងារ​ធ្វើ​ច្រើន​ណាស់»។

ក៏​ប៉ុន្តែ​អ្នក​បោះឆ្នោត​ នៅ​មាន​មន្ទិល​សង្ស័យ​ថា​ តើ​លោក ដូណាល់ ត្រាំ​ អាច​សម្រេច​ការងារ​ដ៏​លំបាក​ទាំង​នេះ​បាន​ដែរ​ឬ​ទេ។

អ្នកស្រី​ Patti Myers Wiseman អ្នក​គាំទ្រ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និយាយ​ថា៖ «លោក​បាន​សន្យា​ថា​ ក្នុង​រយៈពេល​ ២ឬ ៣ខែ​ទៀត​ គឺ​ចំនួន​១២០​ថ្ងៃ​ទៀត​នេះ​ លោក​នឹង​លុប​ចោល​ច្បាប់​ថែ​ទាំ​សុខភាព​ ឬ ​Obamacare​ លោក​ថា​ លោក​នឹង​ធ្វើ​នេះ​ ធ្វើ​នោះ​ និង​ធ្វើ​អ្វី​ផ្សេងៗ​ទៀត​ ហើយ​ខ្ញុំ​គិត​ថា​ នៅ​ទីបញ្ចប់​លោក​នឹង​ត្រូវ​សភា​កាត់​ទោស​ដក​ហូត​តំណែង​ប្រធានាធិបតី»។

លោក​ PATRICK ជា​អ្នកបោះឆ្នោត​ឯករាជ្យ​ម្នាក់​និយាយ​ថា៖ ​«ខ្ញុំ​ចង់​ឲ្យ​លោក​ទទួល​ខុសត្រូវ​រាល់​អ្វី​ដែល​លោក​បាន​និយាយ​នៅពេល​ធ្វើ​យុទ្ធនាការ។ រាល់​អ្វី​ដែល​លោក​បាន​សន្យា​ ខ្ញុំ​ចង់​មាន​ន័យ​ថា​ វា​ពិបាក​សម្រាប់​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ ហើយ​វា​ពិត​ជា​ពិបាក​ដើម្បី​សម្រេច​ការងារ​ទាំងនេះ‍»។

នៅ​ឯ​ទឹក​ដី​កំណើត​របស់​លោក Barack Obamaក្នុង​រដ្ឋIllinois គឺ​ជា​កន្លែង​ដែល​ពួកគេ​គិត​ថា​ លោក ត្រាំ អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ។

លោក ​Monty Whipple ជា​អ្នកចំការ​ម្នាក់​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា លោក​និយាយ​ច្រើន​ជាមួយ​ប្រទេស​ទាំងឡាយ​ មិន​ថា​ជា​បញ្ហា​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​ ឬISSI ប្រទេស​រុស្ស៊ី​ ឬ​ប្រទេស​ចិន​នោះ​ទេ។ លោក​នឹង​ចាត់​វិធានការណ៍​ខ្លាំងៗ»។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ ក៏​នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ ដែល​ត្រូវ​ដឹង​ពី​លោក ត្រាំ។

«យើង​មិន​ទាន់​ដឹង​ច្រើន​អំពី​លោក​ទេ។គេ​ស្គាល់​លោក​យ៉ាង​ច្បាស់​នៅ​ក្នុង​វិស័យ​ជំនួញ​ ប៉ុន្តែ​តើ​គាត់​នឹង​ធ្វើ​អ្វី​ខ្លះ​នៅ​ក្នុង​វិស័យ​នយោបាយ?»។

ការ​មិន​ស្គាល់​ពី​លោក ត្រាំ គឺ​ជា​ក្តី​បារម្ភ​សម្រាប់​អ្នក​បោះឆ្នោត​ដូច​ជា​លោក​ Robert Hasty។ «ការងារ​ក្នុង​វិស័យ​រោងចក្រ​នឹង​មិន​ត្រឡប់​មក​វិញ​ទេ​ ហើយ​ការ​សន្យា​របស់​លោក​ដែល​នឹង​នាំ​យក​ការងារ​ត្រឡប់​មក​វិញ​នោះ​ គឺ​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច។ បញ្ហា​ដែល​លោក​និយាយ​មើល​ងាយ​លើ​ស្រ្តី​ជា​ក្តី​បារម្ភ​ធំ​របស់​ខ្ញុំ។ ដូច្នេះ​នៅ​ទីបញ្ចប់​ខ្ញុំ​មិន​គិត​ថា​ លោក​នឹង​អាច​ក្លាយ​ជា​ប្រធិបតី​ជោគជ័យ​ម្នាក់​នោះ​ទេ»។

ហើយ​នៅ​ក្នុង​រដ្ឋPennsylvania ដែល​ជា​រដ្ឋ​មួយ​ធ្វើ​ឲ្យ​លោក Trump ឈ្នះ​ការបោះឆ្នោត​ ក្រុម​អ្នក​ប្រជាធិបតេយ្យ​នៅ​ក្នុង​រដ្ឋ​នេះ​ ចង់​បាន​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ប្រទេស​ បើ​ទោះ​បី​ជា​បេក្ខជន​របស់​គេ​មិន​ទទួល​បាន​ជ័យជំនះ​ក៏​ដោយ។

លោក Louis Rivera អ្នក​បោះឆ្នោត​ឲ្យ​គណបក្ស​និយាយ​ថា៖​«ឥឡូវ​នេះ​ខ្ញុំ​កំពុង​តែ​រំពឹង​ថា​នឹង​ទទួល​បាន​អ្វី​ដែល​អាក្រក់​បំផុត​ ដោយ​សារ​តែ​អ្វី​ដែល​លោក​បាន​និយាយ​ ប៉ុន្តែ​យើង​កំពុង​តែ​ផ្តល់​ឱកាស​ឲ្យ​លោក​ផ្លាស់ប្តូរ​សម្តី​ដែល​លោក​បាន​និយាយ​ និង​សំដែង​ចេញ​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ»។​

ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​ គឺ​ជា​ពេល​ដែល​គណបក្ស​សាធារណរដ្ឋ​រង់ចាំ​អស់​រយៈពេល​ជា​យូរ​មក​ហើយ។

លោក Alex Shorb អ្នក​បោះឆ្នោត​ឲ្យ​គណបក្ស​សាធារណរដ្ឋ​និយាយ​ថា៖ «ខ្ញុំ​មាន​ក្តី​រំពឹង​ដ៏​ធំធេង​ទៅ​លើ​លោក​ អ្នក​ផេ្សង​ក៏​ដូច​ខ្ញុំ​ដែរ។ មាន​ការ​សម្រេច​ជា​ច្រើន​ក្នុង​ការងារ​នយោបាយ​កាល​ពី ៨ ១២ ១៦ឆ្នាំ​មុន​ ដែល​បាន​ពង្រីក​តួនាទី​របស់​រដ្ឋាភិបាល​ ហើយ​ខ្ញុំ​គិត​ថា​ ពលរដ្ឋ​កំពុង​តែ​ចង់​ឲ្យ​បន្ថយ​តួនាទី​ទាំងអស់​នោះ​វិញ​ និង​ដាក់​ការ​ផ្តោត​សំខាន់​ទៅ​លើ​អាជីវកម្ម​ និង​ម្ចាស់​អាជីវកម្ម​ទាំង​នោះ»។

សម្រាប់​ជនន្តោប្រវេសន៍ Yani Pripasថា​ អ្នក​ជំនួញ​ដែល​ប្រែ​ក្លាយ​ជា​ប្រធានាធិបតី​ទី៤៥ រូប​នេះ​ អាច​ធ្វើ​ឲ្យ​អាមេរិក​ក្លាយ​ជា​ប្រទេស​អស្ចារ្យ​ម្តង​ទៀត។

«លោក​ដឹង​ពី​យុទ្ធសាស្រ្ត​ច្រើន។ លោក​ជា​មនុស្ស​ឆ្លាត​ លោក​ជា​អ្នក​ជំនួញ។ ហើយ​ប្រសិន​បើ​យើង​ចង់​ធ្វើ​អ្វី​អស្ចារ្យ​សម្រាប់​ប្រទេស​នេះ​ លោក​នឹង​ធ្វើ​វា»៕

ប្រែសម្រួល​ដោយ​ ស៊ូ ពេជ្រចិន្តា!​

អត្ថបទ​ទាក់ទង

XS
SM
MD
LG