ជនភៀសខ្លួនប្រមាណមួយលាននាក់ បានរត់ភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនក្នុងពេលមួយសប្តាហ៍កន្លងទៅនេះចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ីមក។ នេះបើតាមការឲ្យដឹងរបស់អង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍នេះ។
អង្គការសហប្រជាជាតិ បានព្រមានថា ប្រសិនបើជម្លោះនេះមិនត្រូវបានបញ្ចប់ឲ្យឆាប់ៗនោះទេ នោះជនភៀសខ្លួនរាប់លាននាក់ទៀត ទំនងនឹងរត់គេចខ្លួន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ប្រធានទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិលោក Filippo Grandi បានបង្ហោះសារតាម Twitter ថា៖ «គ្រាន់តែរយៈពេល៧ ថ្ងៃប៉ុណ្ណោះ យើងបានឃើញផ្ទាល់នឹងភ្នែកនូវចំនួនជនភៀសខ្លួន ១ លាននាក់ មកពីប្រទេសអ៊ុយក្រែនរត់ទៅកាន់បណ្តាប្រទេសជិតខាង» របស់ខ្លួន។
លោក Grandi បានព្រមានថា៖ « ប្រសិនបើមិនមានការបញ្ចប់ជម្លោះជាបន្ទាន់នោះទេ មនុស្សរាប់លាននាក់ទៀតទំនងជាត្រូវបង្ខំចិត្តដើម្បីរត់គេចចេញពីប្រទេសអ៊ុយក្រែន»។
តាមទិន្នន័យថ្មីៗនេះរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួន (UNHCR) បានប្រាប់ឲ្យដឹងថាមកទល់ពេលណេះ ជនភៀសខ្លួន ១.០០២.៨៦០ នាក់ បានរត់គេចខ្លួនពីប្រទេសអ៊ុយក្រែនចាប់តាំងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចាប់ផ្តើមវាយប្រហារទ្រង់ទ្រាយធំទៅលើប្រទេសអ៊ុយក្រែនចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈមក។
លោក Grandi បាននិយាយទៀតថា ចំនួនជនភៀសខ្លួននោះ បានកើនឡើងក្នុងសន្ទុះមិនគួរឲ្យជឿ។
លោក Grandi បានមានប្រសាសន៍ទៀតថា៖ «ខ្ញុំបានធ្វើការក្នុងស្ថានភាពគ្រាអាសន្នរបស់ជនភៀសខ្លួនអស់រយៈពេលជិត ៤០ ឆ្នាំ ហើយខ្ញុំកម្របានឃើញជនភៀសខ្លួនកើនឡើងយ៉ាងឆាប់រហ័សដូចនេះណាស់»។
ជាងពាក់កណ្តាលនៃជនភៀសខ្លួនទាំងនោះដែលបានរត់គេចខ្លួនចេញពីប្រទេសអ៊ុយក្រែន បានឆ្លងព្រំដែនចូលក្នុងប្រទេសប៉ូឡូញដែលជាប្រទេសជិតខាង។ ប្រទេសហុងហ្គារី ម៉ុលដាវីនិងស្លូវ៉ាគី ក៏បានស្វាគមន៍ជនភៀសខ្លួនដ៏ច្រើនផងដែរ។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួន (UNHCR) បាននិយាយថា មនុស្សជាង ៥០៥.៥០០ នាក់ បានចាកចេញពីប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសប៉ូឡូញក្នុងមួយសប្តាហ៍កន្លងមកនេះ។ ឆ្មាំការពារព្រំដែនរបស់ប៉ូឡូញ បានកំណត់តួលេខនោះជាង ៥៧៥.០០០ នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយមនុស្សជាង ៩៥.០០០ នាក់បានឆ្លងព្រំដែនកាលពីថ្ងៃពុធម្សិលមិញ។
មនុស្សរាប់មិនអស់ផ្សេងទៀត កំពុងគ្មានទីជម្រកនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។
លោក Grandi និយាយទៀតថា បុគ្គលិករបស់ UNHCR និងអង្គការមនុស្សធម៌ផ្សេងទៀតកំពុងធ្វើការនៅទីកន្លែងដែលពួកគេអាចធ្វើបានដែលស្ថិតនៅក្នុងស្ថានភាពគួរឲ្យភ័យខ្លាចមួយនៅក្នុងប្រទេសអ៊ុយក្រែន៕