ពលរដ្ឋអាហ្គានីស្ថានរាប់រយនាក់ដែលបានរត់គេចខ្លួនពីសង្គ្រាមនៅក្នុងប្រទេសរបស់ខ្លួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពេលនេះកំពុងជាប់នៅក្នុងប្រទេសអ៊ុយក្រែនហើយពួកគេភាគច្រើនកំពុងព្យាយាមរត់គេចចេញពីប្រទេសនេះដោយសារភ្លើងសង្គ្រាម។
អ្នកស្រី Rana Alwat ព្រមទាំងស្វាមី និងកូនរបស់អ្នកស្រី បានចាកចេញពីទីក្រុងOdessa នៃប្រទេសអ៊ុយក្រែនហើយបានជិះរទេះភ្លើងដើម្បីចាកចេញពីប្រទេសនេះ។ បន្ទាប់ពីជិះរថយន្តក្រុង និងឈររង់ចាំក្នុងជួរដ៏វែងនៅតាមព្រំដែនប្រទេសប៉ូឡូញនោះ គ្រួសារមួយនេះនៅទីបញ្ចប់បានមកដល់ប្រទេសប៉ូឡូញកាលពីថ្ងៃចន្ទ។
អ្នកស្រីបានប្រាប់វីអូអេថា៖ «កូនប្រុសខ្ញុំដែលមានវ័យ៣ឆ្នាំមានការភ័យខ្លាចយ៉ាងខ្លាំងអំពីសំឡេងផ្ទុះគ្រាប់បែក។ ខ្ញុំបានប្រាប់កូនថា វាគ្រាន់តែជាសំឡេងប៉ោងប៉ោងផ្ទុះតែប៉ុណ្ណោះ»។
កាលពី៦ឆ្នាំមុន អ្នកស្រី Rana អាយុ២៦ឆ្នាំ បានធ្វើចំណាកស្រុកពីអាហ្វហ្គានីស្ថានមកដល់ទីក្រុងOdessa ប្រទេសអ៊ុយក្រែននៅក្នុងការស្វែងរកអនាគតប្រសើរមួយហើយបានធ្វើការជាគ្រូបង្រៀននៅក្នុងសាលារៀនជនភៀសខ្លួនអាហ្វហ្គានីស្ថានក្នុងទីក្រុង Odessa នេះ។
អ្នកស្រីនិយាយទៀតថា៖ «ខ្ញុំមានអារម្មណ៍មិនល្អទេ។ ខ្ញុំមកប្រទេសអ៊ុយក្រែនមានសុបិន្តនិងក្តីបំណងដើម្បីសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា។ ពេលនេះខ្ញុំកំពុងប្រឈមនឹងសំណាងអាក្រក់ដដែល។ ខ្ញុំមានការបារម្ភភ័យខ្លាចចំពោះគ្រួសារខ្ញុំហើយពេលនេះ ខ្ញុំត្រូវតែស្វែងរកការតាំងលំនៅថ្មីម្តងទៀត។
ទិន្នន័យជនចំណាកស្រុករបស់អ៊ុយក្រែនបានបង្ហាញកាលពីចុងឆ្នាំ២០២០ថា មានពលរដ្ឋអាហ្វហ្គានីស្ថានប្រមាណ១.៤៤៩នាក់មានសិទ្ធិរស់នៅស្របច្បាប់នៅក្នុងប្រទេសអ៊ុយក្រែន ហើយ២០០នាក់ផ្សេងទៀតមានទិដ្ឋាការបណ្តោះអាសន្ន។ ក៏ប៉ុន្តែ ពលរដ្ឋអាហ្វហ្គានីស្ថានជាច្រើននាក់ផ្សេងទៀត ដូចជាលោកSanaullah Tasmim បានមកដល់អ៊ុយក្រែន ក្រោយពីការ ចូលកាន់កាន់របស់ក្រុមតាលីបង់នៅក្នុងរដ្ឋធានីកាប៊ុលកាលពីខែសីហា ឆ្នាំមុន។
យុវជនអាយុ២០ឆ្នាំរូបនេះ បានចាកចេញពីប្រទេសអាហ្វហ្គានីស្ថានកាលពី៦ខែមុនដើម្បីបញ្ចប់ការសិក្សាផ្នែកពេទ្យរបស់គាត់នៅក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។ ទោះជាយ៉ាងនេះក្តី ពីព្រោះតែរដ្ឋាភិបាលអាហ្វហ្គានីស្ថានមុនបានដួលរលំហើយអាហារូបករណ៍របស់គាត់ក៏លែងមានសុពលភាពទៀតនោះ យុវជនរូបនេះមិនអាចបន្តការសិក្សាបន្តទៅទៀតបាននៅក្នុងប្រទេសរុស្ស៊ី ហើយបានបង្ខំចិត្តចាកចេញទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីរកការងារធ្វើនិងរកប្រាក់ដើម្បីបញ្ចប់ការសិក្សាដោយខ្លួនឯង។
យុវជនរូបនេះ បានប្រាប់វីអូអេថា៖ «ខ្ញុំបានចាកចេញពីសង្គ្រាមហើយធ្វើដំណើររហូតមកដល់ទីនេះដើម្បីសិក្សានិងកសាងអនាគតដ៏ប្រសើរមួយ ប៉ុន្តែពេលនេះខ្ញុំត្រូវជាប់ផុងនៅក្នុងសង្គ្រាមមួយទៀត»។
យុវជនTasmim និយាយថា ខ្លួនបានមកដល់ប្រទេសប៉ូឡូញកាលពីថ្ងៃចន្ទម្សិលមិញ។
យុវជនរូបនេះបានថ្លែងថា៖ «ខ្ញុំបានបាត់បង់របស់របរដូចជាទូរសព្ទ ប្រាក់និងវ៉ាលីរបស់ខ្ញុំអស់ហើយនៅក្នុងការធ្វើដំណើរមកកាន់ទីនេះ។ ក៏ប៉ុន្តែ ខ្ញុំសប្បាយចិត្តដោយបានមកដល់កន្លែងមានសុវត្ថិភាពមួយនៅពេលនេះ»៕