ប្រជាជនប្រមាណ២០នាក់បានធ្វើដំណើរតាមរថយន្តឈ្មួលពីខេត្តកំពង់ស្ពឺមកតវ៉ានៅរាជធានីភ្នំពេញ ដើម្បីឲ្យតុលាការដោះលែងអ្នកភូមិម្នាក់ដែលត្រូវបានឃុំខ្លួនកាលពីម្សិលមិញក្នុងរឿងទំនាស់ដីធ្លី។
អ្នកតវ៉ាបានលើកឡើងថា ពលរដ្ឋម្នាក់ឈ្មោះ អ៊ី សុវណ្ណត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺកាលពីថ្ងៃទី១០ខែមករា ពាក់ព័ន្ធនឹងការចោទប្រកាន់ថា កាន់កាប់ដីធ្លីដោយខុសច្បាប់ តែក្រោយការសាកសួរ តុលាការសម្រេចឃុំខ្លួនបុរសនោះ។ ពួកគេមកភ្នំពេញនៅថ្ងៃសុក្រនេះដើម្បីរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
លោក ម៉ុក ប្រុស អាយុ៣៩ឆ្នាំ មានប្រសាសន៍ថា តុលាការពិតជាអយុត្តិធម៌សម្រាប់អ្នកភូមិដែលមានជម្លោះដីធ្លី។ លោកបន្តថា តុលាការបានចុះទៅពិនិត្យមើលដីដែលមានជម្លោះ ហើយឃើញថា ប្រជាពលរដ្ឋបានសង់ផ្ទះ និងដាំដំណាំរួចទៅហើយ។
លោកមានប្រសាសន៍ថា៖
«ខ្ញុំយល់ថា តុលាការបែបជាមានភាពលម្អៀង ឬអយុត្តិធម៌ហើយ ដោយសារគាត់បានចុះទៅមើលដីប្រជាពលរដ្ឋ ហើយគាត់ឃើញផ្ទាល់ភ្នែកហើយ។ ហេតុអីបានជាគាត់មិនស៊ើបអង្កេតឲ្យច្បាស់លាស់? ឥឡូវមកចាប់ប្រជាពលរដ្ឋមកដាក់គុក លោក អ៊ី សុវណ្ណ»។
បើតាមដីកាកោះហៅ លោកអ៊ី សំណាងត្រូវបានតុលាការចោទប្រកាន់ពីបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងរំលោភកាន់កាប់លើអចលនទ្រព្យរបស់អ្នកដទៃ។
ភរិយារបស់លោក អ៊ី សំណាង គឺអ្នកស្រី ធី សុខា ក៏ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺនៅថ្ងៃទី២៤ខែមករាផងដែរ។ ប្រជាពលរដ្ឋដែលត្រូវបានតុលាការកោះហៅក្នុងបទចោទប្រកាន់ដូចគ្នាមានចំនួន៩នាក់។ ពួកគេបារម្ភថា នឹងមានការចាប់ខ្លួនជាបន្តបន្ទាប់។
ពលរដ្ឋម្នាក់ទៀតគឺលោក ម៉ក់ ចែម អាយុ៦៧ឆ្នាំ មានប្រសាសន៍ថា ដីធ្លីនេះមានជម្លោះតាំងពីឆ្នាំ២០០៥ ហើយកាលនោះលោកក៏បានរងរបួសជើង ដោយសាររត់គេចពីការបណ្តេញចេញមួយដែលមានការបាញ់កាំភ្លើង។ លោកត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺនៅថ្ងៃទី២៣ខែមករា។
លោកស្នើឲ្យលោកនាយករដ្ឋមន្រ្តីជួយដោះស្រាយបញ្ហានេះ និងជួយឲ្យមានការដោះលែងប្រជាពលរដ្ឋម្នាក់ដែលត្រូវបានតុលាការឃុំខ្លួន។
លោកមានប្រសាសន៍ថា៖
«សំណូមពរដល់អ្នកជាប់ឃុំខ្លួននេះ ក៏សូមឲ្យសម្តេចជួយដោះចេញ ក្នុងថ្ងៃហ្នឹង ឬថ្ងៃស្អែក ឲ្យរួចផុត កុំឲ្យមានការឃុំខ្លួនតទៅទៀត។ អ៊ីចឹង សុំឲ្យសម្តេចនាយករដ្ឋមន្ត្រីជួយឲ្យបានចេញឆាប់។ ទីពីរចង់ឲ្យដោះស្រាយដីធ្លីហ្នឹងឲ្យផុតចប់ហើយ មានប្លង់កម្មសិទ្ធិកាន់កាប់ឲ្យច្បាស់លាស់ កុំឲ្យមានការគាបសង្កត់បន្តទៀត»។
លោកចែមបានអះអាងថា ប្រជាពលរដ្ឋបានចាកចេញពីដីធ្លីជាច្រើនឆ្នាំ ហើយរហូតមកដល់ឆ្នាំ២០១២ ពួកគេបានសម្រេចចូលទៅនៅដីចាស់វិញ ក្រោយឃើញមានស្ថានភាពស្ងប់ស្ងាត់។ ប៉ុន្តែការរស់នៅប៉ុន្មានឆ្នាំ រហូតមកដល់ចុងឆ្នាំ២០១៨នេះ ស្រាប់តែមានដីកាកោះហៅរបស់តុលាការជាបន្តបន្ទាប់។
នៅថ្ងៃសុក្រនេះ ប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នានៅជិតវត្តបុទុម ហើយពួកគេបានធ្វើញត្តិដើម្បីដាក់ទៅនាយករដ្ឋមន្រ្តីនិងអាជ្ញាធរពាក់ព័ន្ធ។ ប្រជាពលរដ្ឋបានអះអាងថា អ្នកមានជម្លោះដីធ្លីមានចំនួន១៧គ្រួសារ ដីទំនាស់សរុបមានជាង៤០ហិកតា។ ពួកគេមានជម្លោះជាមួយបុគ្គលម្នាក់ឈ្មោះប៊ូ សុខគីម ដែលបច្ចុប្បន្នមានតំណែងជាអគ្គលេខាធិការរង អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ។
VOA មិនអាចសុំការឆ្លើយតបពីលោក ប៊ូ សុខគីម បាននៅឡើយទេ។
ប៉ុន្តែប្រជាពលរដ្ឋអះអាងថា បុគ្គលបីនាក់ផ្សេងទៀតបានចេញមុខប្តឹងពួកគេ ហើយពលរដ្ឋអះអាងថា មិនដែលស្គាល់ឈ្មោះនោះទេ។
VOA មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យរបស់តុលាការខេត្តកំពង់ស្ពឺ គឺលោក ស៊ន វីរៈបាននៅឡើយទេ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ប្រជាពលរដ្ឋទាំងនោះទៅកាន់កាប់ដីរបស់គេខុសច្បាប់។
លោកបានថ្លែងប្រាប់ VOA តាមទូរស័ព្ទថា៖
«ហ្នឹងហើយ គាត់ទៅយកដីគេដែលមានប្លង់កម្មសិទ្ធិហ្នឹងណា៎។ យើងធ្វើម៉េច? ក្រែងប្រទេសយើងទាមទារឲ្យមាននីតិរដ្ឋ? ក្រែងអនុវត្តច្បាប់ ឬពូឯងចង់ឲ្យប្រទេសយើងមានអានាធិបតេយ្យ? ត្រូវគេប្តឹងតែរហូតហ្នឹង តែយើងអត់ចេញ! ហើយប្រុងឲ្យខ្ញុំឲ្យអ្នកដែលកាន់កាប់ខុសច្បាប់ ឲ្យខ្ញុំបាញ់សម្លាប់ ឬយ៉ាងម៉េច? យើងត្រូវរត់រកប្រព័ន្ធច្បាប់»។
លោកអភិបាលខេត្តបន្តថា ដីនោះជាដីរបស់លោកប៊ូ សុខគីម តែលោកប្រហែលលក់ទៅឲ្យអ្នកផ្សេង ដែលបានប្តឹងប្រជាពលរដ្ឋ។
ពលរដ្ឋរងគ្រោះម្នាក់គឺលោកម៉ក់ ចែមបានច្រានចោលការលើកឡើងរបស់អភិបាលខេត្ត។ លោកបន្តថា ប្រជាពលរដ្ឋមិនទុកចិត្តអាជ្ញាធរខេត្តនោះទេ ដោយសារពួកគេយល់ថា អាជ្ញាធរមានទំនាក់ទំនងជាមួយបុគ្គលមានអំណាច៕