លោកញ៉ូង ឈុំ និងកូនស្រីរបស់លោកបច្ចុប្បន្ននេះកំពុងតែធ្វើការនៅរោងចក្រដាំដំឡូងមួយ ដែលលោកនិយាយថា លោកមានជម្លោះដីធ្លីជាមួយជិត១០ឆ្នាំមកហើយ។ លោកបានចោទរោងចក្រដាំដំណាំកសិកម្មមួយឈ្មោះថា HLH Agriculture Cambodia ដែលត្រូវបានផ្តល់ដីសម្បទានសេដ្ឋកិច្ចដោយរដ្ឋាភិបាលថា បានយកដីរបស់លោកជិត១ហិកតា។
នៅក្នុងបទសម្ភាសន៍ជាមួយ VOA កាលពីសប្តាហ៍មុន លោកញ៉ូង ឈុំអាយុ៤៥ឆ្នាំ ដែលជាជនជាតិដើមភាគតិចសួយ កំពុងឈរនៅក្បែរដីចាស់របស់លោកក្នុងភូមិចំបក់ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន ដីរបស់លោកមានដើមដំឡូងមីរបស់ក្រុមហ៊ុន។ ដោយចង្អុលទៅដំណាំដំឡូងមីដែលដាំដោយក្រុមហ៊ុន លោកមានប្រសាសន៍ថា៖
«នេះដីចាស់របស់ខ្ញុំ»។
បច្ចុប្បន្ននេះ លោកឈុំ រស់នៅក្នុងភូមិមួយដែលមានចម្ងាយប្រមាណ១០គីឡូម៉ែត្រពីដីចាស់ ហើយត្រូវធ្វើដំណើរតាមផ្លូវខូច ដក់ទឹកជាច្រើនកន្លែង។ ដោយសារមានជីវភាពលំបាក លោកឈុំបានសម្រេចចិត្តធ្វើការនៅក្រុមហ៊ុនដំឡូងមីដើម្បីរកចំណូលប្រមាណ៣ម៉ឺនរៀលក្នុងមួយថ្ងៃសម្រាប់ការងារស៊ីឈ្នួលដំាដំឡូង។
លោកបានថ្លែងប្រាប់ VOA ថា៖
«បើអត់ស៊ីឈ្នួលមានអីចិញ្ចឹមជីវភាពខ្លួនឯង បើវេទនា។ ដីប៉ះពាល់ដល់ក្រុមហ៊ុនអស់ហើយ។ អីចឹងបានខ្ញុំដូរកូនខ្ញុំ រៀនផងទៅធ្វើការក្រុមហ៊ុនផង ទៅកាត់ដេរផង»។
លោកឈុំមានកូន៦នាក់ ប្រុស៣នាក់ ស្រី៣នាក់។ កូនរបស់លោក៣នាក់កំពុងធ្វើការរោងចក្រកាត់ដេរនៅក្នុងខេត្តកំពង់ស្ពឺ ម្នាក់ធ្វើការនៅរោងចក្រដាំដំឡូង និង២នាក់ទៀតនៅរៀន។ កាលពីជិត១០ឆ្នាំមុន លោកបានបាត់បង់ដីចំនួន៩០អា ស្មើនឹង៩ពាន់ម៉ែត្រការ៉េ ដែលលោកបានកាប់ឆ្ការព្រៃរួចហើយ និងត្រៀមដាំដំណាំដើម្បីចិញ្ចឹមជីវភាពរបស់លោកនិងគ្រួសារ។
កាលពីឆ្នាំមុន លោកឈុំក៏បានធ្វើចំណាកស្រុកទៅធ្វើការនៅរោងចក្រដាំបន្លែនៅប្រទេសថៃផងដែរ តែលោកបានត្រឡប់មកវិញនៅឆ្នាំនេះ ដោយសារមិនសូវជារកលុយបាន បែកពីគ្រួសារ និងត្រូវតស៊ូមតិដើម្បីទាមទារដីរបស់លោកមកវិញ។
លក់គោ ក្របីតវ៉ាទាមទារដីធ្លី
ការកាន់កាប់ដីសម្រាប់ដាំដំណាំជាពិសេសស្រូវ មានសារៈសំខាន់បំផុតសម្រាប់ប្រជាជនកម្ពុជាដែលភាគច្រើនជាកសិករ។ ប្រហែល៨៥ភាគរយនៃប្រជាជនកម្ពុជាប្រមាណ១៦លាននាក់ពឹងផ្អែកលើកសិកម្មសម្រាប់ជីវភាពរបស់ពួកគេ។
នៅក្នុងភូមិចំបក់នេះ អ្នកមានជម្លោះដីធ្លីម្នាក់ទៀត ដែលជាអ្នកជិតខាងរបស់លោកឈុំគឺលោកទួន សឿន។ បច្ចុប្បន្ន លោកជាតំណាងប្រជាពលរដ្ឋដែលហ៊ានចេញមុខតវ៉ារឿងដីធ្លី។ លោកបានបាត់បង់ដីធ្លីប្រមាណ២០ហិកតា ទៅឲ្យក្រុមហ៊ុនHLH នេះដែរ។ លោកមានប្រសាសន៍ថា លោកបានតវ៉ាជាច្រើនឆ្នាំមកហើយ ដោយបានលក់ដី គោក្របីដើម្បីយកលុយធ្វើដំណើរទៅតវ៉ានៅភ្នំពេញ។
លោកបានថ្លែងប្រាប់ VOAថា៖
«លក់គោ លក់ក្របី ដើរតវ៉ាដីធ្លីឲ្យប្រជាពលរដ្ឋ។ លក់ក្របី៥ គោ៥ ដី២ប្លង់។ ហើយលុយកូនៗទៀត សល់ពីធ្វើការកម្មកររោងចក្រហ្នឹង យកលុយកូនៗដើរតវ៉ា»។
លោក សឿន អាយុ៥៥ឆ្នាំ បច្ចុប្បន្ននេះរស់នៅក្នុងផ្ទះតូចមួយប្រក់ស្បូវ ស្ថិតនៅក្នុងភូមិចំបក់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ លោកបានចំណាយពេលរាប់ឆ្នាំ តវ៉ាទាមទារដំណោះស្រាយដីធ្លីទាំងនៅក្នុងខេត្ត និងនៅភ្នំពេញ។
ខេត្តកំពង់ស្ពឺមានកូនប្រុសរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន គឺលោកហ៊ុន ម៉ានីជាតំណាងរាស្រ្ត។ នៅក្នុងការបោះឆ្នោតកាលពីខែកក្កដា ដែលមិនមានវត្តមានគណបក្សប្រឆាំងដ៏ធំ គឺគណបក្សសង្រ្គោះជាតិនោះ លោកហ៊ុន ម៉ានីក៏ជាប់ឆ្នោតធ្វើជាតំណាងរាស្រ្តសម្រាប់ខេត្តមួយនេះ។ គណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈរដ្ឋសភាទាំង១២៥ ដែលនាំឲ្យមានការរិះគន់ថា កម្ពុជាជា«រដ្ឋឯកបក្សក្នុងការដឹកនាំ»។
ប៉ុន្តែខេត្តកំពង់ស្ពឺ ដែលសម្បូរទៅដោយភ្នំ ក៏ត្រូវបានញាំញីដោយបញ្ហាដីធ្លីរាប់ឆ្នាំមកហើយ រហូតដល់មានករណីខ្លះ ប្រជាពលរដ្ឋត្រូវបានចាប់ចង និងដាក់ពន្ធនាគារផងដែរ។
នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីជម្លោះដីធ្លីធំៗចំនួន២គឺជម្លោះដីធ្លីជាមួយក្រុមហ៊ុនដំឡូង HLH Agriculture Cambodia ដែលប្រជាពលរដ្ឋស្គាល់ថា ជាក្រុមហ៊ុនចិន និងក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ាលី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា។
ក្រុមហ៊ុនស្ករអំពៅមួយនេះបានទទួលដីសម្បទានសេដ្ឋកិច្ចជិត១ម៉ឺនហិកតា រយៈពេល៧០ឆ្នាំ សម្រាប់ដាំដំឡូងនៅក្នុងស្រុកឱរ៉ាល់ ក៏ដូចជាវិនិយោគសាងសង់រោងចក្រច្នៃដំឡូងមីផងដែរ។ នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុន HLH។
VOA មិនអាចសុំការឆ្លើយតបពីក្រុមហ៊ុន HLH Agriculture បាននៅឡើយទេ។
សន្លឹកឆ្នោតប្តូរនឹងដំណោះស្រាយដីធ្លី
ជម្លោះដីធ្លី គឺជារឿងស្មុគស្មាញមួយ និងជាបញ្ហាចាក់ស្រែះនៅក្នុងប្រទេសកម្ពុជាជាង២០ឆ្នាំមកហើយ។ បញ្ហាដីធ្លីនេះក៏បានធ្វើឲ្យប៉ះពាល់ដល់ការគាំទ្រគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនផងដែរ ដោយសារនយោបាយផ្តល់ដីសម្បទានទៅក្រុមហ៊ុន ដែលជាអ្នកមានទ្រព្យសម្បត្តិ និងមានទំនាក់ទំនងជិតស្និទ្ធិនឹងលោកហ៊ុន សែន។
នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៣ គណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយចោលកាលពីខែវិច្ឆិកាឆ្នាំមុន បានកើនសំឡេងច្រើនរហូតដល់ជិតឈ្នះគណបក្សកាន់អំណាច។ គណបក្សប្រឆាំងមួយនេះទទួលបានសំឡេងគាំទ្រគាំទ្រច្រើននៅតាមមូលដ្ឋាន ហើយកត្តាមួយដែលធ្វើឲ្យគណបក្សកាន់អំណាចធ្លាក់សំឡេងបោះឆ្នោតគឺដោយសារបញ្ហាដីធ្លី។
រដ្ឋាភិបាលរបស់លោកហ៊ុន សែនបានព្យាយាមដោះស្រាយបញ្ហាដីធ្លីដើម្បីស្តារប្រជាប្រិយភាពពីប្រជាជនឡើងវិញ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា បញ្ហាដីធ្លីរាប់ម៉ឺនករណីត្រូវបានដោះស្រាយរួចហើយគឺនៅសល់តែតិចតួចប៉ុណ្ណោះ។
នៅមុនការបោះឆ្នោតដែលគណបក្សកាន់អំណាចឈ្នះអាសនៈសភាទាំងអស់ អ្នកភូមិមានជម្លោះដីធ្លីនិយាយថា អាជ្ញាធរបានប្រជុំជាមួយពួកគេ ហើយបានសន្យាថា នឹងដោះស្រាយបញ្ហាដីធ្លីឲ្យ ប្រសិនបើពួកគេបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ប្រជាពលរដ្ឋដែលជាតំណាងអ្នកមានជម្លោះដីធ្លីគឺលោកទួន សឿនមានប្រសាសន៍ថា អាជ្ញាធរស្រុករបស់គណបក្សប្រជាជនកម្ពុជាបានណែនាំឲ្យប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាថ្នូរនឹងការដោះស្រាយបញ្ហាដីធ្លី។
លោកមានប្រសាសន៍ថា៖
«គេសន្យាថា បោះឆ្នោតហើយបានគាត់ដោះស្រាយដីហ្នឹង។ តែឥឡូវគាត់កំពុងរៀបចំរដ្ឋាភិបាលនៅឡើយ»។
លោកបន្តថា លោកបានទៅជួបអាជ្ញាធរនៅថ្ងៃទី៤ ខែសីហា ក្រោយការបោះឆ្នោត តែពួកគេថា នឹងដោះស្រាយបន្ទាប់ពីការរៀបចំរដ្ឋាភិបាលហើយនៅខែក្រោយ។
លោកព្រមានថា ប្រសិនបើមិនមានដំណោះស្រាយដូចតាមការសន្យាទេ លោកនឹងចេញមុខតវ៉ានៅភ្នំពេញទៀតហើយ។ លោកបញ្ជាក់ថា៖
«ខ្ញុំមិនទាន់ជំរុញទេ ទាល់រៀបចំរដ្ឋាភិបាលហើយ ខ្ញុំឡើងទៅទៀតហើយ។ បើអត់ដោះស្រាយ ខ្ញុំឡើងទៅទៀតហើយ»។
នៅក្នុងការឆ្លើយឆ្លងរបស់អភិបាលខេត្តកំពង់ស្ពឺជាមួយលោកសឿនតាមប្រព័ន្ធ WhatsApp ដែល VOA ទទួលបាននោះ លោកវ៉ី សំណាង អភិបាលខេត្ត មានប្រសាសន៍ថា អាជ្ញាធរខេត្តនឹងព្យាយាមទ្វេដងដើម្បីដោះស្រាយបញ្ហាដីធ្លីដោយសារតែប្រជាពលរដ្ឋបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។
លោកមានប្រសាសន៍ថា៖
«ហើយកុំភ័យ ពួកខ្ញុំដឹងតែធ្វើជូនបងឯងទ្វេដងហើយ ព្រោះប្រជាពលរដ្ឋទាំងអស់បោះឆ្នោតគាំទ្រគណបក្សប្រជាជនអស់ហើយហ្នឹង។ អីចឹងអាហ្នឹង ខ្ញុំត្រូវបម្រើក្រុមបងឯងលើសមុនទៀត»។
នៅក្នុងឃុំត្រពាំងជោរនេះដែរ លោកព្រហ្ម សុធី អាយុ៥៣ឆ្នាំ ដែលធ្លាប់បម្រើការនៅកងអង្គរក្សការពារលោកនាយករដ្ឋមន្រ្តីហ៊ុន សែនក៏បានបាត់បង់ដីជិត១០ហិកតាទៅក្រុមហ៊ុនស្ករអំពៅផងដែរ។ លោកសុធី ដែលជាតំណាងអ្នកតវ៉ាដីធ្លី ក៏ត្រូវបានសន្យាដោយអាជ្ញាធរដែរថា ពួកគេនឹងដោះស្រាយដីធ្លីឲ្យអ្នកភូមិ ប្រសិនបើឈ្នះការបោះឆ្នោត។
លោកមានប្រសាសន៍ថា៖
«ឃុំអី ស្រុកអី គេចេះតែមកប្រមូលប្រជាពលរដ្ឋប្រជុំថា បោះឆ្នោតឲ្យគណបក្សប្រជាជនមក គេដោះស្រាយដីធ្លី អីចឹងមកណា៎។ លួងៗ ភរៗរហូតអីចឹងមក»។
គណបក្សប្រជាជនកម្ពុជាបានព្យាយាមធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតច្រើន ខណៈអវត្តមានគណបក្សសង្រ្គោះជាតិកាលពីការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា។ ប្រជាជនចេញទៅបោះឆ្នោតមានទៅដល់៨២ភាគរយ ខណៈគណបក្សកាន់អំណាចទទួលបានសំឡេង៧៧ភាគរយគឺ ស្មើនឹងឈ្នះអាសនៈសភាទាំងអស់។
លោកសុធីមានប្រសាសន៍ថា ប្រជាពលរដ្ឋ ដែលមានជម្លោះដីធ្លីខ្លះបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដោយសង្ឃឹមថា នឹងមានដំណោះស្រាយដីធ្លីជូនពួកគេ។ លោកបញ្ជាក់ថា៖
«ខ្ញុំសំឡឹងមើលអាណត្តិនេះ បើសិនជាមានសង្រ្គោះជាតិ ក៏អត់បោះឲ្យគណបក្សប្រជាជនដែរ។ គេមកសន្យាហើយ សន្យាទៀតអីចឹងទៅ។ អត់មានបក្សណាជាសម្អាង។ ចេះតែគូសទៅ!»។
ពលរដ្ឋដែលមានជម្លោះដីធ្លីរូបនោះបានឲ្យដឹងទៀតថា ប្រសិនបើលោកនៅសល់ដីដែលបាត់បង់នោះ ជីវភាពរបស់លោកនឹងមានភាពល្អប្រសើរជាងបច្ចុប្បន្ននេះ។
លោកមានប្រសាសន៍ថា៖
«បើសិនជាដីខ្ញុំហ្នឹងនៅសល់ គេកុំយក ខ្ញុំមិនបាច់លក់ដី។ ខ្ញុំលក់តែផ្លែឈើខ្ញុំ ក៏មានឡានស៊េរីខ្ពស់ជិះហ្នឹងគេដែរ»។
លោកបញ្ជាក់ថា មុនដីរបស់លោកត្រូវបានឈូសឆាយដោយក្រុមហ៊ុន លោកបានដាំដើមធូរ៉េន ស្វាយ និងក្រូចឆ្មាររាប់សិបដើម។
VOA មិនអាចសុំការឆ្លើយតបពីក្រុមហ៊ុនស្ករអំពៅបាននៅឡើយទេ។ ក្រុមហ៊ុនស្ករអំពៅបានវិនិយោគលើដីចំនួន៩ពាន់ហិកតា ដើម្បីដាំអំពៅ និងបានជួយឃុំឲ្យមានផ្លូវ ប្រព័ន្ធភ្លើង និងទឹកស្អាតជាដើម។ នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុន។
បើយោងតាមលោកសុធី ប្រជាពលរដ្ឋប្រមាណ៣ពាន់គ្រួសារនៅក្នុងឃុំត្រពាំងជោរមិនទាន់ទទួលបានសំណងនៅឡើយទេ ដោយសារជម្លោះដីធ្លីជាមួយក្រុមហ៊ុនដំឡូងមី និងស្ករអំពៅ។
លោកវ៉ន ឡាង អតីតជំទប់ទី២ មកពីគណបក្សសង្រ្គោះជាតិ មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលរងគ្រោះដីធ្លី បានបោះឆ្នោតជូនគណបក្សសង្រ្គោះជាតិ កាលពីការបោះឆ្នោតខែមិថុនា ឆ្នាំ២០១៧។
លោកទូច ណែម មេឃុំត្រពាំងជោរមកពីគណបក្សប្រជាជនកម្ពុជា ទទួលស្គាល់ថា បញ្ហាដីធ្លីបានធ្វើឲ្យប៉ះពាល់ដល់ការគាំទ្រគណបក្សប្រជាជនកម្ពុជានៅមូលដ្ឋាន។ លោកបន្ថែមថា សន្លឹកឆ្នោតបោះឲ្យគណបក្សប្រជាជនកម្ពុជានៅក្នុងឃុំរបស់លោកគឺតិចជាងឃុំដទៃទៀតសម្រាប់ការបោះឆ្នោតកាលពីខែកក្កដា។
លោកមានប្រសាសន៍ថា៖
«ឃុំខ្ញុំចាញ់គេ បានតែ៦៥ភាគរយដែលគាត់មកបោះឆ្នោត។ ឃុំគេដទៃ គេបាន៧០ភាគរយអី។ ខ្ញុំអត់មានបានលេខនឹងគេទេ ឆ្នាំនេះ»។
ការសោកស្តាយធំបំផុតរបស់លោក ហ៊ុន សែន គឺជម្លោះដីធ្លី
នៅក្នុងកិច្ចសម្ភាសន៍ជាវីដេអូមួយកាលពីខែកញ្ញាឆ្នាំ២០១៥ជាមួយផលិតករភាពយន្តអាមេរិកម្នាក់ឈ្មោះ Robert H. Lieberman លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានមានប្រសាសន៍ដោយស្មោះត្រង់ថា បញ្ហាដីធ្លីគឺជាការសោកស្តាយធំបំផុតរបស់លោក។
លោកហ៊ុន សែនបានថ្លែងថា៖
«ការសោកស្តាយធំជាងគេរបស់ខ្ញុំ គឺកំណែទម្រង់ដីធ្លីយឺតយ៉ាវ និងកំណែទម្រង់ដីធ្លីនិងការដោះស្រាយដីធ្លី ដោយធ្វើឲ្យមានជម្លោះកើតឡើង គឺកំណែទម្រង់ដីធ្លីនៅក្នុងទសវត្សរ៍៨០។ ពេលនោះគួរណាស់តែយើងផ្តល់កម្មសិទ្ធិដីធ្លីឲ្យប្រជាពលរដ្ឋបានលឿនជាងនេះ។ ប៉ុន្តែយើងបែរជាពន្យារពេលរហូតទៅដល់១០ឆ្នាំ»។
លោកហ៊ុន សែនបានលើកឡើងបែបនេះ នៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានធ្វើឡើងនៅទីក្រុងញូវយ៉ក នៅពេលលោកធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ។
របបខ្មែរក្រហមកាប់សម្លាប់បានបញ្ចប់ការកាន់កាប់ដីឯកជននៅក្នុងប្រទេសចាប់ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ នៅពេលរបបមួយនេះដួលរលំក្នុងឆ្នាំ១៩៧៩ ប្រជាជនភាគច្រើនបានទៅរស់នៅជនបទ ហើយភ្លាមៗ ពួកគេមិនបារម្ភអំពីការកាន់កាប់ដី ដោយមានប្លង់កម្មសិទ្ធិអ្វីនោះទេ។ ប៉ុន្តែយូរៗទៅ តម្រូវការនៃប្រព័ន្ធកាន់កាប់ដីស្របច្បាប់កើតមានឡើង។
ដោយសារការផ្តល់ដីសម្បទានរបស់រដ្ឋាភិបាល ដែលត្រូវបានធ្វើឡើងកាន់តែច្រើនចាប់ពីឆ្នាំ២០០០ លោកហ៊ុន សែនបានលើកឡើងថា កម្សោយនៃការអនុវត្តរបស់មន្រ្តីថ្នាក់ក្រោមបានធ្វើឲ្យមានបញ្ហាជម្លោះដីធ្លីកើតឡើង។ រដ្ឋាភិបាលបានអនុញ្ញាតឲ្យមានការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅអ្នកវិនិយោគ រហូតដល់ជិត១ម៉ឺនហិកតា សម្រាប់ក្រុមហ៊ុនមួយ ដែលពួកគេអាចគ្រប់គ្រងបានរយៈពេល៩៩ឆ្នាំ។ រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះទៅឲ្យក្រុមហ៊ុនសរុបប្រមាណ២៧០ក្រុមហ៊ុន ហើយដីប្រមាណ២លានហិកតាបានរងផលប៉ះពាល់។
លោកហ៊ុន សែនចាត់ទុកការផ្តល់ដីសម្បទានសេដ្ឋកិច្ចដែលនាំឲ្យមានជម្លោះដីធ្លីនេះគឺជាការសោកស្តាយរបស់លោកមួយ។ លោកមានប្រសាសន៍ថា៖
«ចំណុចទីពីរគឺជាចំណុចដែលយើងសោកស្តាយគឺនៅពេលដែលយើងបានចាប់ផ្តើមផ្តល់នូវសម្បទានដីធ្លីគេហៅថា សម្បទានដីសេដ្ឋកិច្ចក៏បានធ្វើឲ្យមានជម្លោះកើតឡើង ដោយសារយើងត្រួតត្រាសភាពការណ៍នេះមិនបានដិតដល់ ជាមួយនឹងមន្រ្តីថ្នាក់ក្រោមរបស់យើង»។
បើទោះជាមានការសោកស្តាយទៅលើជម្លោះដីធ្លីក៏ដោយ លោកហ៊ុន សែន បានលើកឡើងថា ប្រជាជនមួយចំនួនដែលតវ៉ារឿងដីធ្លី បានដើរតួធ្វើជាជនរងគ្រោះ។
លោកហ៊ុន សែនបានថ្លែងថា៖
«រឿងនេះមានចំណុចខ្លះ ក្រុមហ៊ុនបានធ្វើបំពាន។ ប៉ុន្តែមានចំណុចខ្លះ នៅកម្ពុជា មានចំណុចអញ្ចេះ។ ឈ្នះបានដី ចាញ់បានលុយ។ នៅពេលជួនកាល មួយយប់ គេអាចកសាងផ្ទះបាន២០០ផ្ទះ។ អីចឹងតើលោកជឿបានថា មួយយប់គេអាចកសាងផ្ទះបាន២០០ផ្ទះទេ? នេះហើយជាយុទ្ធវិធីរបស់ក្រុមមនុស្សខិលខូចមួយក្រុម ដើម្បីគេអាចបានដី។ បើសិនជាឈ្នះ គេបានដី បើចាញ់ បានលុយ»។
ក្រុមសិទ្ធិមនុស្សបានលើកឡើងថា ប្រជាជនរាប់ពាន់គ្រួសារត្រូវបានបណ្តេញចេញ ដោយសារការផ្តល់ដីសម្បទាន ហើយរដ្ឋាភិបាលមិនបានផ្តល់សំណងសមរម្យនោះទេ។ ប៉ុន្តែលោកហ៊ុន សែនបានច្រានចោលការលើកឡើងនេះ ដោយអះអាងថា រដ្ឋាភិបាលរបស់លោកបានផ្តល់សំណងសមរម្យទៅឲ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ប៉ុន្តែពួកគេនៅតែចង់បានប្រាក់បន្ថែមទៀត ដោយសារដីចេះតែឡើងថ្លៃ។
លោកមានប្រសាសន៍ថា៖
«បើសិនជាយើងគិតឲ្យបានដិតដល់ ដីឡើងថ្លៃរហូត។ ខ្ញុំសូមជម្រាបអញ្ចេះ នៅពេលដែលយើងចាប់ផ្តើមដោះស្រាយគោលនយោបាយឲ្យគេ គេទទួលយកនៅពេលនោះ។ ក៏ប៉ុន្តែនៅពេលដែលដីវាឡើងថ្លៃ គេក៏ចាប់ផ្តើមមកទារលុយបន្ថែម។ តើរឿងនេះ បើសិនជាលោកវិញ លោកដោះស្រាយយ៉ាងម៉េចដែរ? បើសិនជាលោកជាខ្ញុំ? នៅពេលឆ្នាំ២០០០តម្លៃដីធ្លី គេដោះស្រាយប៉ុណ្ណឹង។ ដល់ទៅពេលឆ្នាំ២០១៥ តម្លៃដីធ្លី កន្លែងហ្នឹង វាឡើង។ អីចឹងគេមកទារលុយថែម។ បើអីចឹងគ្រប់ទីកន្លែងយើងដើរ តើចំនួនបែបនេះ លោកអាចទទួលយកទៅកើតទេ»។
លោកហ៊ុន សែនបានបន្ថែមថា៖
«ខ្ញុំមិនមែនកាន់ជើងអ្នកមាន ហើយក៏មិនមែនកាន់ជើងអ្នកក្រដែរ។ ក៏ប៉ុន្តែកន្លែងខ្លះ វាលំបាក»។
«គណបក្សប្រជាជនកម្ពុជាជាម៉ែឪយើង»
លោកហៃ ហ៊ុំ អាយុ៤១ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិចំបក់ បានបាត់បង់ដីជិត១ហិកតា ទៅក្រុមហ៊ុនដាំដំឡូង HLH Agriculture។ លោកត្រូវបានចុះឈ្មោះក្នុងសៀវភៅគ្រួសារបក្សប្រជាជនកម្ពុជា ដែលលោកត្រូវបានផ្តល់ថវិកាចំនួន៣ម៉ឺនរៀលចំនួន៣ដងនៅមុនការបោះឆ្នោតកាលពីខែកក្កដា។
លោកមានប្រសាសន៍ថា លោកបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាតាំងពីដើមមក បើទោះលោកមិនទាន់ទទួលបានដំណោះស្រាយរឿងដីធ្លីពីរដ្ឋាភិបាលដឹកនាំដោយលោកហ៊ុន សែនអស់រយៈពេលជាច្រើនឆ្នាំមកហើយក៏ដោយ។
លោកបានថ្លែងប្រាប់ VOAថា៖
«បោះឲ្យសម្តេចហ៊ុន សែន។ និយាយរួម តាំងពី៩៣(ឆ្នាំ១៩៩៣) មិនដែលចោលគាត់ទេ។ នៅគាំទ្រគណបក្សប្រជាជនដដែល។ ឲ្យដូរទៅណា! ម៉ែឪយើងហើយ!»។
ទោះជាយ៉ាងណា លោកសង្ឃឹមថា រដ្ឋាភិបាលនឹងដោះស្រាយបញ្ហាដីធ្លីឲ្យរូបលោកនៅក្នុងឆ្នាំនេះ។
លោកមានប្រសាសន៍ថា៖
«ខ្ញុំចង់ឲ្យរាជរដ្ឋាភិបាលជួយដោះស្រាយឆាប់ៗ។ ដីខ្ញុំ៩០អា(៩ពាន់ម៉ែត្រការ៉េ) ខ្ញុំចង់បានដីខ្ញុំមកវិញ»។
គណបក្សប្រជាជនកម្ពុជាត្រូវបានចាត់ទុកថា ជា«គណបក្សផ្តល់ជីវិតថ្មី»ដល់ប្រជាជនកម្ពុជា ដោយសារគណបក្សមួយនេះបានរំដោះកម្ពុជាចេញពីរបបកាប់សម្លាប់ប៉ុល ពត។
លោកទូច ណែម មេឃុំត្រពាំងជោរ មកពីគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា លោកបានចេញឯកសារបញ្ជាក់ដីធ្លីរបស់ប្រជាពលរដ្ឋរួចហើយ រង់ចាំតែការដោះស្រាយពីថ្នាក់លើនោះទេ។ លោកមានប្រសាសន៍ថា៖
«អត់ដឹងទេ អានេះទាល់តែសួរក្រសួង[ក្រសួងដែនដី]។ ប៉ុនខ្ញុំម៉េចដឹង? តែខ្ញុំបានស៊ីញ៉េសាលាកប័ត្រដែលគាត់បានទៅធ្វើជាមួយក្រសួងដែនដី ខ្ញុំបានស៊ីញ៉េជូនពួកគាត់អស់ហើយ។ តែថា អារឿងដោះថ្ងៃណា ថ្ងៃណាអី អារឿងសំខាន់គឺលើគាត់»។
បើទោះប្រជាពលរដ្ឋរងគ្រោះដោយសារបញ្ហាដីធ្លីក៏ដោយ មេឃុំរូបនោះមានប្រសាសន៍ថា ប្រជាពលរដ្ឋរបស់លោកក៏អាចរកចំណូលបានពីការធ្វើការស៊ីឈ្នួលឲ្យក្រុមហ៊ុនដំឡូង និងស្ករអំពៅផងដែរ។ បើតាមមេឃុំ នៅក្នុងឃុំរបស់លោកមានប្រជាពលរដ្ឋជាង៣ពាន់គ្រួសារ ត្រូវនឹងជាង១ម៉ឺននាក់។
អ្នករងគ្រោះដីធ្លីបានលើកឡើងថា ពួកគេនឹងបន្តតវ៉ារហូតដល់មានដំណោះស្រាយ។ ពលរដ្ឋរងគ្រោះដីធ្លីគឺលោកឈុំដែលបានស៊ីឈ្នួលដាំដំឡូងឲ្យក្រុមហ៊ុនដែលលោកមានជម្លោះដីធ្លីជាមួយ មានប្រសាសន៍ថា លោកនឹងចូលរួមជាមួយតំណាងសហគមន៍គឺលោកសឿន នៅថ្ងៃខាងមុខទៀត ដើម្បីតវ៉ាសុំដំណោះស្រាយដីធ្លីឲ្យបាននៅក្នុងឆ្នាំនេះ។
លោកមានប្រសាសន៍ថា៖
«អារម្មណ៍ម៉េច អារម្មណ៍ថា តស៊ូ ដីខ្ញុំអត់បាត់បង់ទេ។ ខ្ញុំអត់មានទាន់បានទទួលលុយគេទេ។ ខ្ញុំដឹងតែតស៊ូយក»៕