ក្រុមពលរដ្ឋនិងតំណាងអង្គការបានដាក់ពាក្យប្តឹងទៅអង្គការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច (OECD) ដែលមានសមាជិកមកពីប្រទេសចម្រុះជាតិសាសន៍ដើម្បីធ្វើអន្តរា គមន៍ឲ្យធនាគារអេអេនហ្ស៉ិត(ANZ) បង់ប្រាក់សំណងដល់គ្រួសារជនរងគ្រោះក្នុងខេត្តកំពង់ស្ពឺដែលរងផលប៉ះពាល់ដោយសារធនាគារនេះ បានផ្តល់លុយកម្ចីដល់ក្រុមហ៊ុនភ្នំពេញ ស៊ូហ្គ័ររបស់សមាជិកព្រឹទ្ធសភាម្នាក់មកពីគណបក្សគ្រប់គ្រងប្រទេសដែលត្រូវគេចោទប្រកាន់ថា បានរំលោភយកដីធ្លីប្រជាពលរដ្ឋដើម្បីដាំអំពៅផលិតស្ករ។
ធនាគារអេអេនហ្ស៉ិតបដិសេធជាហូរហែរ មិនព្រមផ្តល់សំណងនឹងមិនទទួលខុសត្រូវ ចំពោះការទាមទាររបស់ពលរដ្ឋទេ ដោយសារខ្លួនបានទាមទារឲ្យក្រុមហ៊ុនសងប្រាក់ដែលខ្ចីទៅវិនិយោគស្ករអំពៅនោះអស់ហើយ ហើយក៏គ្មានការទាក់ទងនឹងក្រុមហ៊ុនដែរពេលនេះ។ ការបដិសេធដូច្នេះបានធ្វើឲ្យមានបណ្តឹងអន្តរជាតិ រួមទាំងបណ្តឹងទៅកាន់អង្គការដើម្បីការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) ក្នុងប្រទេសអូស្ត្រាលីផងដែរ។
លោក David Pred នាយកអង្គការ Inclusive Development International (IDI) បានថ្លែងថា ធនាគារនៅតែត្រូវសងប្រាក់ចំណេញដែលបានពីការឲ្យក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រខ្ចីនោះដដែល ដោយសារប្រាក់ចំណេញទាំងនោះរកបានពីការលួចរិបអូសដីសហគមន៍និងធនធានធម្មជាតិ។
«ការិយាល័យទំនាក់ទំនងជាតិនៃអង្គការ OECD ក្នុងប្រទេសអូស្ត្រាលីកំពុងពិចារណាលើពាក្យបណ្តឹង ហើយយើងកំពុងរង់ចាំលទ្ធផលនៃការវាយតម្លៃបឋមរបស់អង្គការនេះ»។
លោក David Pred បានបន្ថែមទៀតថា ការដែលក្រុមហ៊ុនស៊ូហ្គ័រ បានសងលុយធនាគារ អេអេនហ្ស៉ិត មិនមែនជាការបញ្ចប់រឿង ដែលធនាគារ អេអេនហ្ស៉ិត បានចម្រាញ់យកផល ប្រយោជន៍យ៉ាងអយុត្តិធម៌ដោយផ្ទាល់ក្នុងអំឡុងពេល៣ឆ្នាំកន្លះ ដែលខ្លួនបានធ្វើជំនួញ ជាមួយក្រុមហ៊ុនស្ករជាប់ទាក់ទងនឹងការរំលោភដីធ្លីនិងកាប់ឈើខុសច្បាប់ដ៏ទូលំទូលាយ នោះទេ។ លោកបានពន្យល់អំពីការដាក់ពាក្យប្តឹងរបស់លោកនឹងពលរដ្ឋបន្ថែមទៀតថា៖
«យើងដាក់ពាក្យប្តឹងទៅកាន់អង្គការ OECD នេះ ដោយសារធនាគារ អេអេនស្ស៉ិត បានអះអាងជាសាធារណៈឲ្យដឹងថា ខ្លួនគោរពតាមគោលការណ៍របស់អង្គការ OECD ស្តីអំពីដំណើរការក្រុមហ៊ុនចម្រុះជាតិសាសន៍ ក៏ប៉ុន្តែធនាគារបានរំលោភដោយចេតនាទៅលើគោលនយោបាយទាំងនោះទាក់ទងនឹងការរកស៊ីរបស់ខ្លួនជាមួយនឹងក្រុមហ៊ុនស្ករអំពៅភ្នំពេញស៊ូហ្គ័រ។ គោលការណ៍ OECD បានទទូចឲ្យក្រុមហ៊ុនរកស៊ីដូចជាអេអេនហ្ស៉ិតធ្វើការសម្របសម្រួល ផ្នែកការរំលោភបំពានសិទ្ធិមនុស្ស ដែលគេបានបង្ក ឬបានធ្វើឲ្យកើតឡើង។ ហើយពាក្យ បណ្តឹងនេះបានបញ្ជាក់យ៉ាងច្បាស់ថា ពីមូលហេតុដែលធនាគារអេអេនហ្ស៉ិតមានការទទួលខុសត្រូវក្រោមគោលការណ៍ទាំងនោះ ដើម្បីផ្តល់ការសម្របសម្រួលឡើងវិញ ចំពោះការរំលោភសិទ្ធិមនុស្សដែលធនាគារបានជួយដល់ក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រប្រព្រឹត្តនោះ»។
ពលរដ្ឋកម្ពុជាក្នុងខេត្តកំពង់ស្ពឺក្នុងស្រុកថ្ពង និងស្រុកឱរ៉ាល់ជាច្រើនពាន់គ្រួសារ បានត្អូញត្អែរពីទុក្ខលំបាកក្រោយពីមានការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋទៅដល់ក្រុមហ៊ុនភ្នំពេញ ស៊ូហ្គ័ររបស់លោកឧកញ៉ាលី យ៉ុងផាត់ សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជាដើម្បីដាំអំពៅធ្វើស្ករ នាំទៅលក់នៅបរទេស តែប៉ះពាល់ដល់ដីរបស់ពលរដ្ឋជាច្រើនភូមិ។ ការតវ៉ាក្នុងប្រទេសជាច្រើនឆ្នាំគ្មានដំណោះស្រាយទេ។ ក្រុមហ៊ុនដែលផ្តល់លុយកម្ចីគឺធនាគារ អេអេនហ្ស៊ិតក៏មិនបានដោះស្រាយដល់ការប៉ះទង្គិចជីវភាព បរិស្ថានរបស់ពលរដ្ឋដែរ នៅពេលក្រុមហ៊ុននេះត្រូវគេដឹងថា មានការរំលោភសិទ្ធិមនុស្ស ដីធ្លី និងផ្ទះសម្បែងរបស់ពលរដ្ឋទៅហើយនោះ។
លោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជា ដែលបានដាក់ពាក្យបណ្តឹងដែរនោះ បានថ្លែងថា ការដាក់ពាក្យបណ្តឹងនោះគឺដើម្បីធ្វើឲ្យភាគីទាំងអស់ ទាំងជនរងគ្រោះ ទាំងភាគី ក្រុមហ៊ុន និងភាគីពាក់ព័ន្ធដទៃទៀតបានចូលរួមដោះស្រាយ។
«អញ្ចឹងនៅពេលបណ្តឹងនេះដាក់ទៅខាង OECD ជាយន្តការមួយដែលបង្កើតឡើងដោយ ប្រទេសអូស្ត្រាលី គេនឹងចាប់ផ្តើមធ្វើការឲ្យមានការស៊ើបអង្កេត។ បន្ទាប់មកគេនឹងហៅភាគីដែលពាក់ព័ន្ធដើម្បីចូលរួមពិភាក្សានឹងស្វែងរកដំណោះស្រាយ។ ហើយយើងសង្ឃឹមថា តាមយន្តការនេះ ភាគីនឹងធ្វើការដោយស្មោះត្រង់ជាមួយគ្នា ហើយដោយផ្អែកទៅលើគោល នយោបាយនិងច្បាប់ដែលមានកំណត់មក»។
លោកថ្លែងថា គេមិនដឹងថា លទ្ធផលនឹងទៅជាយ៉ាងណាទេ តែយ៉ាងហោចណាស់ ក៏ឲ្យភាគីទាំងអស់យកបញ្ហាមកដាក់លើតុចរចាគ្នា។
«ដោយសារថា យន្តការនេះជាយន្តការឯករាជ្យ ហើយគេបានជូនដំណឹងហើយថា គេបាន ទទួលយកទៅចាត់ការហើយ ហើយការស៊ើបអង្កេតជាយន្តការឯករាជ្យ យើងមិនដឹងថា គេធ្វើយ៉ាងម៉េចទេ តែសំខាន់យន្តការនេះចាប់ដំណើរការហើយ។ នៅពេលដែលគេបញ្ចប់ការស៊ើបអង្កេត គេនឹងកោះហៅភាគីពាក់ព័ន្ធធ្វើការចរចា ធ្វើការដោះស្រាយ»។
ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជាច្រើន រួមទាំងស.រ.អា. អូស្ត្រាលី អង់គ្លេស បានបង្កើត ការិយាល័យទំនាក់ទំនងប្រចាំប្រទេសគេ (NCP)ដើម្បីដោះស្រាយបញ្ហានៅពេលដែលធនាគារឬក្រុមហ៊ុនរបស់ប្រទេសសាម៉ីមានបញ្ហាធ្វើឲ្យមានការរំលោភសិទ្ធិមនុស្សហ្នឹងគឺប្រជាពលរដ្ឋដើមបណ្តឹង ឬក៏តំណាងហ្នឹងគឺអាចដាក់ពាក្យប្តឹងទៅការិយាល័យទំនាក់ទំនង ហើយ ប្រទេសអូស្ត្រាលីគឺជាសមាជិកមួយរបស់ OECD ដែលជាអង្គការមានឥទ្ធិពលមួយលើ ក្រុមហ៊ុន សហគ្រាសដែលរកស៊ីខុសពីគោលការណ៍របស់អង្គការនេះ។
«គឺមានឥទ្ធិពលដោយសារក្រុមហ៊ុនធំទាំងឡាយបានចុះហត្ថលេខា ហើយទទួលស្គាល់ថា ខ្លួនមានការគោរពទៅដល់សិទ្ធិមនុស្ស និងច្បាប់របស់ប្រទេសអូស្ត្រាលីខ្លួនឯង។ អញ្ចឹងក្នុង ករណីដែលថា ខាងការិយាល័យទំនាក់ទំនងប្រចាំប្រទេសរកឃើញថា ក្រុមហ៊ុនហ្នឹងមានការ រំលោភសិទ្ធិមនុស្ស អញ្ចឹងគេអាចនឹងមានវិធានការ។ ជំហានទី១គឺយើងធ្វើការសម្រប សម្រួល។ ក្នុងករណីដែលមិនមានការដោះស្រាយ អញ្ចឹងដើមបណ្តឹងគឺអាចដាក់ពាក្យទៅ តុលាការ។ ហើយក្នុងពេលដាក់ពាក្យទៅតុលាការយើងដឹងហើយថា តុលាការគឺធ្វើការសម្រេចទៅតាមច្បាប់ ហើយនឹងចាប់បង្ខំ។ អញ្ចឹងយើងសង្ឃឹមថា ឥឡូវនេះយើងមានជាយន្តការសម្របសម្រួល ហើយយើងសង្ឃឹមថា ភាគីនានានឹងធ្វើការដោះស្រាយជាមួយគ្នាដោយសន្តិវិធី ជៀសវាងការប្រើប្រាស់បណ្តឹងទៅតុលាការ»។
លោកចាន់ សុខឿន តំណាងពលរដ្ឋរងគ្រោះនៅខេត្តកំពង់ស្ពឺ បានអំពាវនាវឲ្យមានគណៈកម្មការឯករាជ្យស៊ើបអង្កេត ត្រូវមានដាក់បញ្ចូលតំណាងសហគមន៍ផងដែរ ដើម្បីបំភ្លឺការណ៍ពិត បើពុំដូច្នោះទេ មិនអាចរកការណ៍ពិតឃើញទេ។
«អញ្ចឹងបើសហការជាមួយសហគមន៍នឹងឃើញលទ្ធផលថា អ្នកណាអ្នករងគ្រោះ អ្នកណា ដែលបាត់បង់ដីធ្លីពិតប្រាកដ។ បើសិនជាសហការតែអាជ្ញាធរគឺគាត់ដាក់តែគ្នាគាត់ហ្នឹង»។
លោកថា គេអាចដាក់ឈ្មោះអ្នកដែលជាបងប្អូនរបស់គេ រួចបំភ្លេចពលរដ្ឋ ដែលរងគ្រោះពិត ប្រាកដចេញពីបញ្ជី ដូចជានៅខាងឱរ៉ាល់ជាដើម។ កន្លងមកចេះតែធ្វើថា គ្មានប៉ះពាល់ទេ ដោះស្រាយរួចហើយ តែពលរដ្ឋនៅតែរងគ្រោះគ្មានយុត្តិធម៌ដដែល។
«កន្លងមកគាត់មកមិនធ្វើដូច្នេះទេ។ គាត់ធ្វើតែគ្នាគាត់ ហើយគាត់វាយតម្លៃទៅថា រួចរាល់ហើយ អត់មានប៉ះពាល់ទេ ដោះស្រាយរួចហើយ។ នេះតាមអាជ្ញាធរខេត្តគាត់ចុះមកធ្វើ វេទិកាគឺគាត់និយាយរបៀបហ្នឹង។ អញ្ចឹងបើចង់ឲ្យឯករាជ្យ ទាល់តែសហការជាមួយនឹងសហគមន៍ ប្រជាពលរដ្ឋរងគ្រោះហើយនឹងអាជ្ញាធរ ក្រុមហ៊ុន។ ទាំងអស់គ្នា បើកបង្ហាញទៅ អាហ្នឹងឃើញលទ្ធផលហើយ»។
លោកថា ប្រជាពលរដ្ឋអាចទទួលយកបានក្នុងលក្ខខណ្ឌដែលក្រុមហ៊ុនផ្តល់ឲ្យសមហេតុផល។
«ឲ្យតែក្រុមហ៊ុនហ្នឹងខ្វៀលដីក្នុងចម្ការអំពៅហ្នឹង ចំណុចណាដែលអាចធ្វើស្រែចម្ការបាន ធ្វើស្រែប្រកបមុខរបរបាន មិនបាច់ថា ដីចាស់ឬដីអីទេ។ ឲ្យតែកាត់ដីក្នុងចម្ការអំពៅ ហើយជិតផ្ទះ គាត់បំផុត នោះប្រជាពលរដ្ឋទទួលយកបានទី១។ ទី២ឲ្យគាត់សងលុយការខូចខាតប៉ះប៉ូវ។ រយៈពេលបួនឆ្នាំជាង គាត់ធ្វើស្រែបានប៉ុន្មាន? ១ហិចតាបានប៉ុន្មាន? គិតតាមហ្នឹង។ អាហ្នឹងគាត់យកបានហើយ។ ទី២ទៀតឲ្យមានការសងការខូចខាតជំងឺចិត្តគាត់វិញ បាត់មុខរបររយៈពេលកន្លងមកហ្នឹង នោះគាត់ទទួលយកបានហើយ»។
តែលោកថា ក្រុមហ៊ុនឲ្យតម្លៃតែ២.០០០ដុល្លារ ហើយសម្លុតថា បើមិនយក ឲ្យយកខ្យល់។ ហើយឲ្យអាជ្ញាធរសម្លុត គំរាមកំហែងពលរដ្ឋ បង្ខំពលរដ្ឋ។
តំណាងពលរដ្ឋក្នុងស្រុកឱរ៉ាល់បាននិយាយថា ធនាគារអេអេនហ្ស៉ិតត្រូវទទួលខុសត្រូវ មិនមែនមានតែក្រុមហ៊ុនដែលជាអ្នករំលោភបំពានដីធ្លីដោយផ្ទាល់ទេដែលជាអ្នកទទួលខុសត្រូវនោះ។
«សូម្បីតែដីស្រែចម្ការរបស់ប្រជាពលរដ្ឋ ក្រុមហ៊ុនមករំលោភយក ដាំអំពៅលើដីស្រែ ដីចម្ការ របស់ប្រជាពលរដ្ឋ។ នេះហើយដែលជាប្រាក់ញើស ប្រាក់ឈាមរបស់ប្រជាពលរដ្ឋ ហើយគាត់ គួរតែទទួលខុសត្រូវ ព្រោះអីគាត់ផ្តល់លុយទៅឲ្យអតិថិជនរបស់គាត់ ហើយគាត់អត់បាន ពិចារណាច្បាស់លាស់។ ហើយក្នុងនោះ យើងបានដឹងព័ត៌មានអញ្ចេះមួយទៀតដែរថា កាលពី ឆ្នាំ២០១០ គាត់ធ្លាប់បានទៅធ្វើសវនកម្មជាមួយក្រុមហ៊ុនហ្នឹងម្តងហើយ ហើយគាត់ក៏បានទទួលស្គាល់ទៀត។ ខ្ញុំឃើញឯកសាររបស់គាត់។ គាត់បានទទួលស្គាល់ថា ធនាគារនេះពិតជារំលោភសិទ្ធិមនុស្សមែនទែន។ គាត់នៅតែបន្តផ្តល់លុយ។ រឿងហ្នឹងហើយដែលប្រជាពលរដ្ឋអត់សុខចិត្ត»។
ក្រុមមន្ត្រីនៃការិយាល័យទំនាក់ទំនងក្នុងប្រទេសអូស្ត្រាលីនៃអង្គការ OECD បានអះអាង ប្រាប់វីអូអេតាមសារអេឡិចត្រូនិតថា ខ្លួនមិនអាចធ្វើអត្ថាធិប្បាយបានទេចំពោះករណីជាក់លាក់នេះ ដោយសាររឿងនេះជារឿងសម្ងាត់របស់ភាគីប្តឹងផ្តល់។ តែបានបញ្ជាក់ថា ការិយាល័យទំនាក់ទំនងជាតិប្រទេសអូស្ត្រាលីជាអ្នកទទួលខុសត្រូវក្នុងការពិចារណាអំពីពាក្យបណ្តឹងដែលបានប្តឹងតាមគោលការណ៍ប្រឆាំងនឹងក្រុមហ៊ុនអូស្ត្រាលីឬក្រុមហ៊ុនដែលរកស៊ីក្នុងប្រទេសអូស្ត្រាលី។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីម៉ារី លូ ឌុយពុង (Mari-Lou Dupont) អ្នកជំនាញការច្បាប់ និងជានាយិកាផ្នែកកិច្ចការក្រុមហ៊ុននិងថវិកានៃអង្គការ OECD ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានថ្លែងប្រាប់វីអូអេតាមសារអេឡិកត្រូនិកថា៖
«គោលការណ៍ណែនាំរបស់អង្គការ OECD សម្រាប់ក្រុមហ៊ុនចម្រុះជាតិសាសន៍គឺផ្តល់វេទិកា ដល់អន្តររដ្ឋាភិបាលដើម្បីធានាថា ការទទួលខុសត្រូវគឺជាអាទិភាពសំខាន់នៃប្រតិបត្តិការ ពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនសារជីវកម្មចម្រុះជាតិសាសន៍ដែលប្រតិបត្តិការក្នុងប្រទេសដែល មានជាប់ទាក់ទងទាំង៤៦ប្រទេស។ ប្រទេសទាំងនោះបង្កើតរបៀបជាក់លាក់បំផុតសម្រាប់ទទួលយកអនុសាសន៍ដែលគាំទ្រដោយរដ្ឋាភិបាលអំពីការទទួលខុសត្រូវនៃការធ្វើមុខជំនួញ។ ប្រទេសនីមួយៗបានបង្កើតការិយាល័យទំនាក់ទំនងជាតិមួយដើម្បីបន្តធ្វើទៅតាមគោលការណ៍ដ៏មានប្រសិទ្ធភាពនានា»។
លោកស្រីបានបន្ថែមអំពីកាតព្វកិច្ចរបស់អង្គការ NCP ដែលជាការិយាល័យតំណាងឲ្យអង្គការ OECD ទៀតថា៖
«ការិយាល័យ NCPs មានកាតព្វកិច្ចក្នុងការផ្សព្វផ្សាយគោលនយោបាយនិងផ្តល់ការសម្របសម្រួលនិងវេទិកាផ្សះផ្សាសម្រាប់ដោះស្រាយបញ្ហាជាក់លាក់ដែលអាចកើតចេញពីការចោទប្រកាន់ថា ក្រុមហ៊ុននីមួយៗមិនធ្វើតាមគោលការណ៍នេះ»។
លោក Richard Rogers មេធាវីអន្តរជាតិម្នាក់ បាននិយាយថា លោកគិតថា ការនាំពាក្យបណ្តឹងនេះជារឿងរីកចម្រើនមួយ។ ជាក់ស្តែងណាស់ក្រុមជនរងគ្រោះនឹងមិនទទួលបានយុត្តិធម៌ក្នុងតុលាការកម្ពុជាទេ ព្រោះតុលាការលម្អៀងទៅរកអ្នកមានអំណាច។
«ដូច្នេះក្រុមជនរងគ្រោះត្រូវតែប្រើមធ្យោបាយទាំងឡាយណាដែលគេអាចរកឃើញយុត្តិធម៌បាន។ ការនាំយកសំណុំរឿងប្រឆាំងនឹងក្រុមហ៊ុនអន្តរជាតិគឺជារឿងមួយ។ ខ្ញុំគិតថា វាជារឿងស្មុគស្មាញ តែជារឿងចាំបាច់ត្រូវសាកល្បង។ តែការនាំយកសំណុំរឿងមួយទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC គឺជាវិធីមួយផ្សេងទៀត។ ដូច្នេះក្រុមជនរងគ្រោះពិតជាចាំបាច់ត្រូវការផ្នែកខុសៗគ្នាជាច្រើន»។
លោកថា គោលការណ៍ដែលហៅថា គោលការណ៍ Ruggie guidelines ត្រូវបង្កើតឡើងកាលពីឆ្នាំ២០១១។ ក្រុមហ៊ុននានាមានការទទួលខុសត្រូវក្នុងការត្រួតពិនិត្យ វាយតម្លៃឲ្យប្រាកដ ប្រជាថា សកម្មភាពវិនិយោគរបស់ខ្លួនមិនប៉ះពាល់ដល់សហគមន៍មូលដ្ឋាន។
«គោលការណ៍ទាំងនោះមិនមានកម្លាំងតាមផ្លូវច្បាប់ទេ តែគោលការណ៍ទាំងនោះត្រូវគេ ប្រើប្រាស់ច្រើនឡើងៗក្នុងតុលាការនៅលើពិភពលោក ដើម្បីកំណត់ ថាតើក្រុមហ៊ុនមួយមានការធ្វើធ្វេសប្រហែសឬមិនមាននោះ»។
ពលរដ្ឋខ្មែរជាង៧៧ម៉ឺននាក់ដែលត្រូវគេដឹងថា កំពុងរងគ្រោះដោយសារការរំលោភបំពានដីធ្លីពីអ្នកមានអំណាចក្នុងប្រទេសកម្ពុជា ហើយដោយសារតែបញ្ហានេះមិនត្រូវបានដោះស្រាយឲ្យពលរដ្ឋម្ចាស់ឆ្នោតអស់ចិត្តតាំងពីដើមមកនោះ បាននាំឲ្យក្រុមអ្នកវិភាគខ្លះបារម្ភខ្លាចកើតមានបដិវត្តន៍ដីធ្លីមួយ ដូចប្រវត្តិសាស្ត្រកម្ពុជាបានបញ្ជាក់ស្រាប់៕