ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​រងគ្រោះ​ដោយ​ការរំបំពាន​ដីធ្លី​ដោយ​ក្រុមហ៊ុន​ស្ករ​អំពៅ​នៅតែ​កំពុង​រង់ចាំ​ដំណោះ​ស្រាយ


ពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​បាន​បាត់បង់​ដីស្រែ​ចម្ការ​​របស់ខ្លួន​ បាត់បង់​ប្រាក់​ចំណូល​ បាត់​បង់​ក្តី​សង្ឃឹម​និង​រង​ផល​ប៉ះពាល់​ដល់​ជីវភាព​របស់​ខ្លួន​តាំងពី​ឆ្នាំ​២០១០​ ឬ​២០១១​មក។
ពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​បាន​បាត់បង់​ដីស្រែ​ចម្ការ​​របស់ខ្លួន​ បាត់បង់​ប្រាក់​ចំណូល​ បាត់​បង់​ក្តី​សង្ឃឹម​និង​រង​ផល​ប៉ះពាល់​ដល់​ជីវភាព​របស់​ខ្លួន​តាំងពី​ឆ្នាំ​២០១០​ ឬ​២០១១​មក។

ពលរដ្ឋ​រងគ្រោះ​ដោយសារ​ការរំលោភ​បំពាន​ដីធ្លី​ដោយ​ក្រុមហ៊ុន​ស្ករអំពៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ កំពុង​រង់ចាំ​ដំណោះ​ស្រាយ​សមស្រប​មួយពី​ក្រុមហ៊ុន​និង​អាជ្ញាធរ។​ ពលរដ្ឋ​ទាំង​នោះ​ចង់​បាន​ការ​ដោះស្រាយ​តាមបែប​សង​សំណង​និងផ្តល់​ដីឲ្យ​ពួក​គេ​វិញ។

ក្រុមតំណាង​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ក្នុង​ស្រុក​ចំនួនពីរ​នៃ​ខេត្ត​កំពង់ស្ពឺ​បាន​បង្ហាញ​ឲ្យឃើញ​មធ្យោបាយ​តស៊ូ​ផ្សេងៗ​ដើម្បី​តតាំង​នឹង​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គឺ ​និង​កំពង់ស្ពឺ​ស៊ូហ្គ័រ​របស់​លោក​ឧកញ៉ា​លី យ៉ុងផាត់ ​នៃ​គណបក្ស​គ្រប់គ្រង​ប្រទេស​និង​ធនាគារ​អេអេនស្ស៉ិត​ ក្រោយពី​ការ​រងគ្រោះ​និង​ប៉ះពាល់​ដល់​ជីវភាព​ជាច្រើន​ឆ្នាំ​ ដោយ​និយាយ​ថា​ បើ​គ្មាន​សំណង​និង​ការ​ផ្តល់ដី​ដល់​ពួក​គេ​វិញ​ទេ ពួក​គេ​មិន​អាច​បញ្ចប់​ក្តីក្តាំ​និង​ការ​តស៊ូ​នោះ​ទេ។​

ពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​បាន​បាត់បង់​ដីស្រែ​ចម្ការរបស់ខ្លួន​ បាត់បង់​ប្រាក់​ចំណូល​ បាត់​បង់​ក្តី​សង្ឃឹម​និង​រង​ផល​ប៉ះពាល់​ដល់​ជីវភាព​របស់​ខ្លួន​តាំងពី​ឆ្នាំ​២០១០​ ឬ​២០១១​មក​ នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​ទំហ៊ំ​ជាង​២៣០០០​ហិកតា​ដល់​ក្រុមហ៊ុន ​ដើម្បី​អភិវឌ្ឍ​ដាំ​ស្ករ​អំពៅ ​ហើយ​ប៉ះ​លើដី​ប្រជា​ពលរដ្ឋ​ក្នុង​ស្រុក​ចំនួនពីរ​គឺស្រុក​ថ្ពង​ និង​ស្រុក​ឱរ៉ាល់​នោះ។​

លោក​ចេង សុភាព ​តំណាង​សហគមន៍​ម្នាក់​នៅ​ឱរ៉ាល់​ បាន​អះអាង​ថា ​គ្មាន​ការ​ដោះស្រាយ​នៅ​ឡើយ​ទេ​ តែ​សហគមន៍​បានព្រម​ចូល​តុ​ចរចា​ជាមួយ​ក្រុមហ៊ុន​ដើម្បី​បង្កើត​បញ្ជី​ឈ្មោះ​ជាមុន​សិន​ តែ​លោក​និង​ពលរដ្ឋ​ដទៃ​មិន​អាច​យល់ព្រម​តាម​ការ​ដោះ​ស្រាយ​តាម​របៀប​សំណង​មិន​សមរម្យ​និង​ការ​មិន​ផ្តល់​ដី​ឲ្យ​ពលរដ្ឋ​រងគ្រោះ​វិញ​នោះ​ទេ។​

«ព្រោះ​អី​ក្រុមហ៊ុន​មក​រំលោភ​ដី​ខ្ញុំ។​ ខ្ញុំ​អត់ខ្លាច​ទេ។​ ខ្ញុំ​សុខ​ចិត្ត​ស្លាប់។​ ខ្ញុំ​កំពុង​តែ​ធ្វើ​រាល់​ថ្ងៃ។​ ខ្ញុំ​ធ្វើ​ស្រែ​ ហើយ​ប្រជា​ពលរដ្ឋ​ខ្លះ​ គាត់​ខ្លាច​អញ្ចឹង​ទៅ។ ​ គាត់​អត់​ហ៊ាន​ចូលមក​ធ្វើ។ ​ក្រុម​ហ៊ុន​ឈូស​អស់​រលីង​ ហើយ​គាត់​ចាប់​ផ្តើម​ដាំ​អំពៅ​ខ្ទេច​លើ​ដី​របស់​គាត់។ ​អញ្ចឹង​មាន​តែ​មួយ​ចំនួន​តូច​ទេ​ដែល​កំពុង​តែ​កាន់​កាប់​ កំពុង​តែ​ធ្វើ​ស្រែ​ចម្ការនៅ​ក្នុង​ក្រុម​ហ៊ុន​ហ្នឹង»។​

លោក​ចេង សុភាព​បាន​បន្ថែម​ថា ​ប្រជា​ពលរដ្ឋ​ចង់​បាន​ការ​អភិវឌ្ឍ​ តែ​ការ​អភិវឌ្ឍ​មិន​ត្រូវ​ប៉ះពាល់​ប្រជា​ពលរដ្ឋ​ទេ​ ហើយ​កុំ​បន្ទោស​ប្រជា​ពលរដ្ឋ​ ពេល​ពលរដ្ឋ​ធ្វើ​បាតុកម្ម ​និង​ការ​ធ្លាក់សំឡេងឆ្នោត​ក្នុង​ឆ្នាំ​២០១៣​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស។​

«ឃើញ​ទេ​ មួយ​រយៈ​កន្លង​មក​ ៩០​កៅអី​ធ្លាក់​មក​នៅ​ត្រឹម​ជាង​៦០ ដោយ​សារ​អ្នក​ណា​គេ​ ​គឺ​ដោយ​សារ​លោក​ទាំងអស់ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​អស់​ជំនឿ ​បាន​ជា​ប្រជា​ពលរដ្ឋ​លែង​បោះ​ឆ្នោត​ឲ្យ»។​

លោក​បាន​ស្តី​បន្ទោស​ថា​ ក្រុមហ៊ុន​មួយ​ចំនួន​កំពុង​តែ​បិទ​បាំង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ថា​ ដី​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បញ្ជា​ឲ្យ​ដោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ ​មិនត្រូវ​គេ​ដោះស្រាយ​ជូន​នោះ​ទេ។​

តំណាង​ពលរដ្ឋ​មកពី​ស្រុក​ថ្ពង​គឺ​លោក​ចាន់ សុខឿន​ អាយុ​៤៧ ​បាន​ថ្លែង​ថា ​ប្រជា​ពលរដ្ឋ​នឹង​បន្ត​តស៊ូ​ទៅមុខ​ទៀត​ ដោយ​មិនខ្លាច​ការ​គាប​សង្កត់​ពី​ក្រុម​ហ៊ុន​ ការ​សម្លុត​ពី​អាជ្ញាធរ​ការពារ​ក្រុមហ៊ុន ​ការ​បង្ខំ​ឲ្យ​ទទួល​យក​ដី​និង​សំណង​មិន​ត្រឹមត្រូវ​ទេ​ ដោយសារ​តែ​ជីវភាព​របស់​ពលរដ្ឋ​មាន​ការ​ដុនដាប​ខ្លាំង​ទៅ​ហើយ​រយៈពេល​ជាង​៤​ឆ្នាំ ​ដោយសារ​ការ​រំលោភ​បំពាន​ដីធ្លី​ ហើយ​គ្មាន​ដំណោះ​ស្រាយ​នេះ។​

«បើ​សិន​ជា​នៅ​ធ្វើ​របៀបនេះ​ទៀត​ គាត់​នឹង​វេទនា​កាន់តែ​ខ្លាំង ​ហើយ​ដល់​ពេល​គាត់​ធ្វើការ​លែង​កើត​គឺ​គាត់​ដេកចាំ​តែ​ថ្ងៃ​ស្លាប់​តែ​ម្តង។ ​អាហ្នឹង​ចំណុច​ដែល​យើង​មើល​ឃើញ​ជាក់​ស្តែង»។​

លោក​បាន​រិះគន់​លើល្បិច​ក្រុមហ៊ុន​ដែល​ឃោសនា​អំពី​ជីវភាព​ធូរស្រាល​ និង​ការ​បញ្ជូន​មនុស្ស​ខ្លះ​ដែល​សុខ​ចិត្ត​ទទួល​យក​សំណង​តាម​បែប​បង្ខំពី​ក្រុមហ៊ុន​ ដើម្បី​វាយ​ប្រហារ​លើ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​បំផុត ​ដែល​មិន​ស្រប​តាម​ការ​ផ្តល់​សំណង​របស់​ក្រុមហ៊ុន​ ដែល​គេ​ចោទ​ថា ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ជីវភាព​ពលរដ្ឋ​ផង​នោះ។​

វីអូអេ​បានព្យាយាម​ទាក់ទង​សុំការ​បំភ្លឺ​ពីលោក​លី​ យ៉ុងផាត់​ និង​បុគ្គលិក​ក្រុមហ៊ុន​ដទៃ​ទៀត​ តែ​មិនអាច​ទាក់ទង​តាម​ទូរស័ព្ទបាន​ទេ ​នៅ​សប្តាហ៍​នេះ។​

លោក​អៀង វុទ្ធី ​នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា​ បាន​ថ្លែង​ថា ​ទាំង​ក្រុមហ៊ុន​ រដ្ឋាភិបាល​និង​ជន​រងគ្រោះ ​ជា​ពល​រដ្ឋ​គួរ​បន្ត​ដោះស្រាយ​ឲ្យ​បាន​ចប់​ឆាប់ ​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​បន្តរង​ទុក្ខ​វេទនា​ទៀត ​ហើយ​លោក​ស្វាគមន៍​ការ​ជួប​ជុំ​តាម​វេទិកា​សាធារណៈ​ ដូចកាល​ពីឆ្នាំទៅ​ ដែល​មាន​ការ​ចូលរួម​ពី​ម្ចាស់​ក្រុមហ៊ុន​ គឺ​លោក​ឧកញ៉ា ​លីយ៉ុងផាត់​ និង​មន្ត្រី​រដ្ឋាភិបាល​ អាជ្ញាធរ​និង​ការ​ចូលរួម​ពីប្រជា​ពលរដ្ឋ​យ៉ាងច្រើន​ ដើម្បី​ជជែក​គ្នា​ដោយ​បើក​ចំហ​និង​រក​ដំណោះ​ស្រាយ។​

«តែ​អ្វី​ដែល​ធ្វើឲ្យ​យើង​មានការ​សោកស្តាយ​រហូត​មកដល់​ពេល​នេះ ​យើង​ឃើញ​ថា​ ដំណោះស្រាយ​ហ្នឹង​ហាក់បី​ដូចជា​មិន​ទាន់​មាន​នៅ​ឡើយ​ ទោះបី​ជា​យើង​បាន​ជួប​គ្នាតាំងពី​ខែ​២កន្លង​ទៅ។​ ជិត​មួយឆ្នាំ​ទៅ​ហើយ​ ប្រជា​ពលរដ្ឋ​នៅតែ​មិនទាន់​ទទួល​បាន ​ហើយ​បញ្ហា​ដែល​ប្រជា​ពលរដ្ឋ​បាន​លើក ឡើង​ក៏មិនទាន់​បាន​យក​មក​ដោះ​ស្រាយ​ឲ្យមាន​តម្លាភាព​ ត្រឹម​ត្រូវ​នៅ​ឡើយ។​ ហើយ​យើង​ចង់​ឃើញ​ឲ្យ​មាន​ការ​ជួប​ជុំ​បែប​នេះ​បន្ត​ទៀត ​ហើយ​អ្វី​ដែល​យើង​ចង់ឃើញ​គឺឲ្យ​មាន​ការ​ដោះស្រាយ​ដោយ​មាន​តម្លាភាព ​និង​ត្រឹមត្រូវ​ជូន​ប្រជា​ពលរដ្ឋ»។​

ក្រុម​ប្រជា​ពលរដ្ឋ​មិនត្រឹម​តែ​ទាមទារ​សំណង​ពីក្រុមហ៊ុន​ស្ករ​អំពៅ​ទេ​ តែ​ធនាគារ​អេអេនហ្ស៉ិត​ផង​ដែរ​ ដែល​ជា​អ្នក​ផ្តល់​លុយកាក់​ដល់​ក្រុម​ហ៊ុន​ដែល​រំលោភ​សិទ្ធិ​មនុស្ស​ ហើយ​តាម​ច្បាប់​របស់​ខ្លួន​ត្រូវតែ​ធានា​ខុស​ត្រូវ​ចំពោះ​ទុក្ខ​វេទនា​របស់​ប្រជា​ពលរដ្ឋ។​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​មួយ​ចំនួន​អះអាង​ថា ​ធនាគារ ​អេអេនហ្ស៉ិត​ត្រូវតែ​ទទួល​ខុស​ត្រូវ។​

លោក​អៀង វុទ្ធី​នៃ​អង្គការ​សមធម៌​ បាន​អះអាង​ថា ​ធនាគា ​អេអេនហ្ស៉ិត​មាន​កាតព្វ​កិច្ច​ដោះស្រាយ​សំណង​ជូន​ប្រជា​ពលរដ្ឋ​ ទោះបី​ជា​ខ្លួន​ថា​ មិន​ទាក់ទង​ក្តី ​ហើយ​ថា​ ក្រុមហ៊ុន​បាន​សង​លុយ​អស់​ហើយ​ក្តី។​

«ប៉ុន្តែ​អ្វី​ដែល​ប្រជា​ពលរដ្ឋ​មិនអាច​ទទួលយក​បាន​គឺ​គាត់​ព្យាយាម​គេច​វេស​ពី​កាតព្វ​កិច្ច​របស់​ពួក​គាត់ ​ព្រោះ​ថា ​នៅ​ក្នុង​គោល​ការណ៍​របស់​ធនាគារ​គឺ​តម្រូវ​ឲ្យមាន​ការ​ធ្វើការ​សិក្សា​ វាយ​តម្លៃ​ផល​ប៉ះពាល់​ ក៏ដូច​ជា​ហា​និភ័យ​ផ្សេងៗ​ដែល​អាច​នឹង​កើត​ឡើង​មុន​ពេល​ដែល​ធនាគារ​ផ្តល់​កម្ចី​ ឬ​ក៏​ដាក់​វិនិយោគ​ទៅ​លើ​ក្រុមហ៊ុន​ណាមួយ​ ហើយ​ជាក់​ស្តែង​ក្រុម​ហ៊ុន​នេះ​យើង​ឃើញ​ថា​ មាន​វិវាទ​ជាមួយ​ប្រជា​ពលរដ្ឋ»។​

លោក​បាន​អះអាង​ថា ​ក្រុមហ៊ុន ​ធនាគារ​មិន​គួរ​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​ទេ។​

«ចំណែក​ឯក្រុមហ៊ុន​ដែល​រកស៊ី ​ហើយ​បាន​ទទួល​ចំណូល ​ផល​ចំណេញ​ពី​បញ្ហា​ដែល​កើត​ឡើង​ ដោយសារ​ការ​រិបអូស​ដីធ្លី​ ក៏ដូច​ជា​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ហ្នឹង​ បែរ​ជា​ដោះ​ខ្លួន​ រួច​ហើយ​ព្យាយាម​គេច​វេស ​ហើយ​ខ្លួន​បាន​ទទួល​ប្រាក់​ចំណេញ​រាប់លាន។​ ចំណុច​នេះ​ហើយ​ដែល​យើង​ថា​ ធនាគារ​ អេអេនហ្ស៉ិត​នេះ​មាន​កាតព្វ​កិច្ច​ផ្លូវច្បាប់ ​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​ក្នុង​ការ​ដោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ​នូវ​សំណង​ ឬ​មួយ​ក៏​ជម្រើស​ដែល​ខ្លួន​ត្រូវ​តែ​ធ្វើ​ជូន​ប្រជា​ពលរដ្ឋ»។​

លោក​ចេង សុភាព​ តំណាង​ពលរដ្ឋ​នៅ​ឱរ៉ាល់​ បាន​អះអាង​ថា ​ធនាគារ​នេះ​ត្រូវ​សង​ដល់​ការ​ខូចខាត​របស់​ប្រជា​ពលរដ្ឋ។​

«បើ​សិន​ជា​គាត់​ចង់​លើក​ដំកើងកិត្តិយស​របស់​ធនាគារ​គាត់​ឲ្យ​មាន​ប្រជាប្រិយភាព​ គួរតែ​គាត់​ទទួល​ស្គាល់​ហើយ ព្រោះ​អី​លុយ​ចំណេញ​របស់​គាត់​បានមក​ពី​ការ​ចំណេញ​ពីញើស​ឈាម​របស់​ប្រជា​ពលរដ្ឋ​ទេ។​ ម៉េច​បាន​ខ្ញុំ​ហ៊ាន​ថា ​វាបាន​មក​ពី​ញើស​ឈាម​ប្រជា​ពលរដ្ឋ​ ព្រោះ​ក្រុមហ៊ុន​មក​រំលោភ​យក​ដី​ប្រជា​ពលរដ្ឋ។ ​សូម្បីតែដី​ស្រែ​ដីចម្ការ ក្រុមហ៊ុន​ជាអ្នក​មក​រំលោភ​យក ​ដាំ​អំពៅ​លើដី​ស្រែ​ដីចម្ការប្រជា​ពលរដ្ឋ។ ​ហ្នឹង​ហើយ​ជា​ប្រាក់​ញើស​ប្រាក់​ឈាម​របស់​ប្រជា​ពលរដ្ឋ​នោះ។​ គាត់​គួរ​តែ​ទទួល​ខុស​ត្រូវ។​

ក្រៅពី​បាតុកម្ម​តវ៉ា​ក្រុម​ ប្រជា​ពលរដ្ឋ​បាន​ស្នើ​សុំ​ឲ្យ​សភា​ដោះ​ស្រាយ​ជាមួយ​ធនាគារ​អេអេនហ្ស៉ិត​ផង​ដែរ ​តែ​មិនទាន់​ដឹង​ថា ​តើ​សភា​នឹង​ចាត់​វិធានការ​ហៅ​ក្រុមហ៊ុន​និង​ធនាគារ​មក​សាកសួរ​ពេល​ណា​នោះ​ទេ។​

បើ​តាម​លោក​អេង ឆៃអ៊ាង ​ប្រធាន​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​រដ្ឋសភា​បាន​ថ្លែង​ថា ​គណៈកម្មការ​លោក​បាន​ទទួល​ពាក្យ​បណ្តឹង​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ជាមួយ​នឹង​ធនាគារ​ អេអេនហ្ស៉ិត​ និង​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ខេត្ត​កំពង់ស្ពឺ ​ដែល​មាន​បញ្ហា​ទំនាស់​ជាមួយ​នឹង​ក្រុមហ៊ុន​ លោក​ឧកញ៉ា​លី យ៉ុងផាត់។​

«ប៉ុន្តែ​នៅ​ទាក់ទង​នឹង​វិវាទ​ដីធ្លី​គាត់​ហ្នឹង​គឺ​ថា​យូរ​ហើយ​នៅ​ថ្ពង ​អមលាំង​នោះ​ គឺ​មាន​វិវាទ​ដីធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន​ឧកញ៉ា​លី យ៉ុងផាត់​ហ្នឹង​យូរមក​ហើយ​ ហើយប្រជា​ពលរដ្ឋ​មួយ​ចំនួន​ហ្នឹង​ក៏លោក​មិន​ទាន់​បាន​ទទួល​យក​សំណង​អ្វី​ដែល​ក្រុមហ៊ុន​បាន​ប្រគល់​ឲ្យ​ទេ។​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ហ្នឹង​គឺខាង​រដ្ឋសភា​យើង​នឹង​ធ្វើការ​អង្កេត​រឿង​ហ្នឹង ​ហើយ​នឹង​ជំរុញឲ្យ​មាន​ដំណោះ​ស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ ​និង​យុត្តិធម៌​ជូន​ប្រជា​ពលរដ្ឋ»។​

លោក​ថ្លែងថា ​គណៈកម្មការ​លោក​នឹង​ចុះ​ស៊ើប​អង្កេត​បញ្ហា​ទំនាស់​ដីធ្លី​នៅ​កន្លែង​ផ្សេងៗ​ទៀត​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ហើយ​ដោះស្រាយ​ក្នុង​ពេល​តែមួយ។​ តែ​លោក​អះអាង​ថា​ ពេល​នេះ​គណៈ​កម្មការ​របស់​លោក​កំពុង​ជាប់​រវល់​នឹង​ការ​ស៊ើប​អង្កេត​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ក្រចេះ​ជាង​១០​ករណី​នោះ។​

ពលរដ្ឋ​បាន​អះអាង​ថា​ ដោយសារ​សម្ពាធ​ពី​ពលរដ្ឋ​ ធនាគារ​អេអេនហ្ស៉ិត​បាន​ទាម​ទារ​ឲ្យ​ក្រុមហ៊ុន​លោក​លី យ៉ុងផាត់​សង​សំណង​អស់​ហើយ ​ហើយធនាគារ​ត្រូវ​ពលរដ្ឋ​និង​មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា ​នឹង​មិន​ទទួល​ខុសត្រូវ​ចំពោះ​ការ​ទាមទារ​របស់​ពលរដ្ឋ​ទេ​ ដែល​រឿង​នេះ​កំពុង​ប្តឹង​ផ្តល់​ក្នុង​ប្រទេស​ អូស្ត្រាលី​ ដែល​ជា​ការិយាល័យ​កណ្តាល​របស់​ធនាគារ​អេអែនហ្ស៉ិត។​

​ការរំលោភ​ដីធ្លីរបស់​ពលរដ្ឋ​នោះ​ក៏មាន​សម្ពាធ​ពីក្រុមហ៊ុន​បរទេស​ជាច្រើន​ និង​សហភាព​អឺរ៉ុប ​ហើយនឹង​ប្រទេស​មួយ​ចំនួន​ទៀត​ផង​ដែរ។​ ក្រុមហ៊ុន​ខ្លះ​ដូចជា​ក្រុមហ៊ុន​កូកាកូឡា​ បាន​ប្រកាស​ផ្អាក​ការទិញ​ស្ករ​ពី​កម្ពុជា​ ដោយ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស។​ សំណុំ​រឿង​រំលោភ​បំពាន​ដីធ្លី ​ហើយការ​មិន​ដោះស្រាយ​នេះ​កំពុង​ស្ថិត​នៅក្រោម​ការ​ប្តឹង​ផ្តល់​ទៅដល់​ស្ថាប័ន​អន្តរជាតិ​និង​តុលាការ​បរទេស​ផង​ដែរ ​ដើម្បី​ឲ្យមាន​ដំណោះ​ស្រាយ​ជូន​ពលរដ្ឋ​និង​បញ្ឈប់​ការ​រំលោភ​បំពាន​ដីធ្លី​ និង​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន។​

សហ​ភាព​អឺរ៉ុប​ត្រូវគេ​ដឹង​ថា ​បាន​ជួល​ក្រុម​ឯករាជ្យ​មួយ​ដើម្បី​ស្រាវជ្រាវ​ដល់​ការ​រំលោភ​បំពាន​ដីធ្លី​របស់​ក្រុមហ៊ុន​ស្ករ​អំពៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​ខេត្ត​កោះកុង​ និង​នៅ​ខេត្ត​ឧត្តរ​មានជ័យ​ ដែល​មាន​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង​ដូចគ្នា​នោះ។​ ក្រុមហ៊ុន​ថៃ​នឹង​តំណាង​ពលរដ្ឋ​ខេត្តកោះកុង​ត្រូវ​គេ​ដឹង​ថា ​កំពុង​តែ​មាន​ការ​សម្រប​សម្រួល​គ្នា​ស្វែង​រក​ដំណោះ​ស្រាយ៕​

XS
SM
MD
LG