ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្សម្នាក់ស្លាប់និង ២៤ នាក់រងរបួសនៅក្នុងការវាយប្រហារលើទីតាំងគាំទ្រអ៊ីរ៉ង់នៅអ៊ីរ៉ាក់


កង​សន្តិសុខ​ជាតិ​អ៊ីរ៉ាក់​យាម​ល្បាត​នៅ​ទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។
កង​សន្តិសុខ​ជាតិ​អ៊ីរ៉ាក់​យាម​ល្បាត​នៅ​ទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។

សមាជិក​ម្នាក់​នៃ​កងកម្លាំង​ដែល​គាំទ្រ​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​បាន​ស្លាប់​ ហើយ ២៤ នាក់​ទៀត​បាន​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​ខ្លួន​បាន​ធ្វើ​ការ​វាយ​ប្រហារ​សងសឹក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​យោង​លើ​ប្រភព​ផ្នែក​សន្តិសុខ។

មន្ត្រី​ក្រសួង​មហាផ្ទៃ​អ៊ីរ៉ាក់​ម្នាក់​បាន​និយាយ​ថា ការវាយ​ប្រហារ​នេះ​បាន​សំដៅ​លើ​ទីតាំង​របស់​ក្រុម​កង​កម្លាំង Hashed al-Shaabi នៅ​ក្នុង​ទីក្រុង Hilla ដែល​ជា​ទីតាំង​មួយ​នៃ​គោលដៅ​វាយ​ប្រហារ​ចំនួន​ពីរ​នៅ​ក្នុង​ខេត្ត Babylon នៃ​ប្រទេស​អ៊ីរ៉ាក់។

មនុស្ស​ម្នាក់​បាន​ស្លាប់​ ហើយ ២០ នាក់​បាន​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នេះ ចំណែក​ឯ​មនុស្ស ៤ នាក់​ផ្សេង​ទៀត​បាន​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​ទៀត​នៅ​ក្នុង​ខេត្ត Wassit នៅ​ភាគ​ខាង​ត្បូង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​រូប​នោះ។ ប្រភព​ផ្នែក​សន្តិសុខ​ពីរ​នៅ​ក្នុង​ខេត្ត Babylon នឹង​ខេត្ត Wassit បាន​ផ្ដល់​ព័ត៌មាន​ដូច​គ្នា​នេះ​ដែរ។

កាលពី​ប៉ុន្មាន​ម៉ោង​មុន​នោះ សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​ ទាហាន​របស់​ខ្លួន​បាន​ធ្វើ​ការ​តបត​ទៅ​នឹង​ការ​វាយ​ប្រហារ​ជា​ច្រើន​លើក​ច្រើន​សារ​លើ​ទាហាន​សហរដ្ឋ​អាមេរិក​ក្នុង​ពេល​កន្លង​មក​ដោយ​វាយ​ប្រហារ​លើ​ទីតាំង ៣ កន្លែង​ដែល​ក្រុម​គាំទ្រ​អ៊ីរ៉ង់​បាន​ប្រើ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

កងកម្លាំង​សហរដ្ឋ​អាមេរិក​បាន​វាយ​ប្រហារ​ម្ដង​ហើយ​ម្ដង​ទៀត​លើ​ទីតាំង​ដែល​អ៊ីរ៉ង់​និង​កង​កម្លាំង​តំណាង​អ៊ីរ៉ង់​បាន​ប្រើ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​វាយ​ប្រហារ​រាប់​សិប​ដង​លើ​ទាហាន​អាមេរិកាំង​និង​ទាហាន​សម្ព័ន្ធមិត្ត​នៅ​ក្នុង​តំបន់​តាំងពី​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ (Hamas) បាន​ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា​មក។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បានបញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «កងកម្លាំង​យោធា​សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​វាយ​ប្រហារ​ដែល​ចាំបាច់​និង​មាន​សមាមាត្រ​លើ​ទីតាំង ៣ កន្លែង​ដែល​ក្រុម Kataeb Hezbollah និង​ក្រុម​ពាក់ព័ន្ធ​ផ្សេង​ទៀត​បាន​ប្រើ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG