ក្រុមបះបោរហ៊ូធី (Houthi) ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេមែនបានវាយប្រហារដោយប្រើដ្រូននិងមីស៊ីលរយៈពេល ៥ ម៉ោងសំដៅលើនាវាចម្បាំងសហរដ្ឋអាមេរិកមួយគ្រឿងនិងនាវាពាណិជ្ជកម្មជាច្រើនទៀតនៅក្នុងសមុទ្រក្រហម ដោយមីស៊ីលយ៉ាងតិចមួយគ្រាប់បានបាញ់ចំនាវាដឹកទំនិញមួយគ្រឿងដែលមានដោតទង់ជាតិប្រទេសបាហាម៉ា។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ។
ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានលើកឡើងថា៖ «កងកម្លាំងហ៊ូធីបានវាយប្រហារលើនាវាពាណិជ្ជកម្មជាច្រើននៅក្នុងសមុទ្រក្រហមកាលពីព្រឹកមិញនេះ។ នាវាពិឃាដ USS Carney របស់សហរដ្ឋអាមេរិកបានជួយនៅក្នុងស្ថានការណ៍ខ្លះនិងបានបាញ់ទម្លាក់ដ្រូនរបស់ក្រុមហ៊ូធីដែលបាញ់សំដៅទិសដៅទូទៅរបស់ខ្លួន»។
ក្រសួងបានបន្ថែមថា នាវាពិឃាដ Carney ដែលបំពាក់ដោយមីស៊ីលប្រព័ន្ធបញ្ជាទិស បានបាញ់ទម្លាក់ដ្រូន ២ គ្រឿងនៅក្នុងស្ថានការណ៍ដែលអាចជាការវាយប្រហារតាមផ្លូវសមុទ្រកាន់តែខ្លាំងឡើងបន្ថែមទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ាដែលពាក់ព័ន្ធនឹងសង្គ្រាមជិត ២ ខែកន្លងមករវាងប្រទេសអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas)។ នាវាសហរដ្ឋអាមេរិកមិនបានរងការខូចខាតអ្វីទេនៅក្នុងឧប្បត្តិហេតុនេះ។
នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់ដ្រូនជាច្រើនគ្រឿងដែលបាញ់ចេញពីប្រទេសយេមែនឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល។ ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា នៅក្នុងការវាយប្រហារកាលពីថ្ងៃអាទិត្យ ខ្លួនបានឆ្លើយតបតាមការដង្ហោយរកជំនួយរបស់នាវា Unity Explorer ដែលបានបញ្ជាក់ថាកំពុងរងការវាយប្រហារពីការបាញ់មីស៊ីល។
អ្នកនាំពាក្យយោធាក្រុមហ៊ូធីលោកឧត្តមសេនីយ៍ត្រី Yahya Saree បានអះអាងថាក្រុមហ៊ូធីជាអ្នកវាយប្រហារ។ លោកបាននិយាយថា ក្រុមបះបោរនេះបានបាញ់មីស៊ីលមួយគ្រាប់ចំនាវាមួយគ្រឿងនិងដ្រូនមួយគ្រឿងចំនាវាមួយគ្រឿងទៀតនៅពេលដែលនាវាទាំងនោះស្ថិតនៅច្រកសមុទ្រ Bab el-Mandeb ដែលភ្ជាប់សមុទ្រក្រហមជាមួយនឹងឈូងសមុទ្រអាដេន (Gulf of Aden)។
លោក Saree ក៏បានបញ្ជាក់ផងដែរថា នាវាដំបូងដែលត្រូវបានបាញ់ចំគឺនាវា Unity Explorer ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចក្រភពអង់គ្លេសមួយដែលមានលោក Dan David Ungar ដែលរស់នៅក្នុងប្រទេសអ៊ីស្រាអែលជាបុគ្គលិកម្នាក់នៃក្រុមហ៊ុននេះ។ អ្នកនាំពាក្យក្រុមហ៊ូធីបាននិយាយថា នាវាទីពីរដែលត្រូវបានបាញ់ចំគឺនាវា Number 9 ដែលជានាវាដឹកកុងតឺន័រដែលមានដោតទង់ជាតិប្រទេសប៉ាណាម៉ាដែលជាប់ពាកព័ន្ធជាមួយនឹងក្រុមហ៊ុន Bernhard Schulte Shipmanagement។
ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលបានកំណត់អត្តសញ្ញាណលោក Ungar ថាជាកូនប្រុសរបស់មហាសេដ្ឋីអ៊ីស្រាអែលផ្នែកដឹកជញ្ជូនតាមកប៉ាល់លោក Abraham (Rami) Ungar៕