កងកម្លាំងអ៊ីស្រាអែលបានប្រយុទ្ធនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas) នៅថ្ងៃអង្គារនេះនៅក្នុងតំបន់ហ្កាហ្សា (Gaza) ដោយបង្កើនការផ្ដោតលើផ្នែកភាគខាងត្បូងនៃតំបន់នេះ ស្របពេលដែលអង្គការផ្ដល់ជំនួយអន្តរជាតិនានាបង្ហាញក្ដីបារម្ភថា ជនស៊ីវិលមិនអាចគេចចេញដោយសុវត្ថិភាពពីសង្គ្រាមនេះ។
អ៊ីស្រាអែលបានចល័តរថក្រោះនិងទាហានរបស់ខ្លួនចូលទៅជិតទីក្រុង Khan Younis ដែលជាទីក្រុងធំជាងគេបង្អស់ទីពីរនៃតំបន់ហ្កាហ្សាស្ថិតនៅភាគខាងត្បូង និងវាយប្រហារតាមអាកាសលើផ្នែកភាគខាងត្បូងនៃតំបន់នេះ។
យោធាអ៊ីស្រាអែលបានជូនដំណឹងព្រមានក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះឱ្យប្រជាជននៅក្នុងតំបន់រស់នៅជាច្រើនក្នុងទីក្រុង Khan Younis ភៀសខ្លួនចេញដើម្បីសុវត្ថិភាព ដោយបានបញ្ជាឱ្យពួកគេធ្វើដំណើរឆ្ពោះចុះទៅភាគខាងត្បូងកាន់តែឆ្ងាយ។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានបញ្ជាក់ថា មនុស្សប្រមាណ ១,៨ លាននាក់បានភៀសខ្លួននៅក្នុងរង្វង់តំបន់ហ្កាហ្សា ចំណែកឯទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនវិញថា មនុស្សជិតមួយលាននាក់កំពុងជ្រកកោនបណ្ដោះអាសន្ននៅតាមកន្លែងជ្រកកោនរបស់ខ្លួននៅភាគខាងត្បូងតំបន់ហ្កាហ្សា។
មនុស្សជាច្រើនបានភៀសខ្លួនចេញពីផ្នែកភាគខាងជើងតំបន់ហ្កាហ្សាទៅភាគខាងត្បូងនៅក្នុងដំណាក់កាលដំបូងៗនៃសង្គ្រាមនេះ នៅពេលដែលអ៊ីស្រាអែលផ្ដោតលើយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស់នៅតាមតំបន់នានាដូចជាទីក្រុងហ្កាហ្សាជាដើម។
អ្នកស្រី Lynn Hastings អ្នកសម្របសម្រួលផ្នែកមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សា បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា លំហសម្រាប់ធ្វើប្រតិបត្តិការមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា «កាន់តែរួមតូចទៅ» និងថាបរិមាណគ្រឿងផ្គត់ផ្គង់ដែលបានចូលដល់តំបន់ហ្កាហ្សាមាន «ការខ្វះខាតយ៉ាងខ្លាំង»។
អ៊ីស្រាអែលបានចាប់ផ្ដើមយុទ្ធនាការយោធារបស់ខ្លួនដើម្បីបញ្ចប់ការត្រួតត្រារបស់ក្រុមហាម៉ាស់លើតំបន់ហ្កាហ្សា បន្ទាប់ពីពួកយុទ្ធជននៃក្រុមនេះបានឆ្លងព្រំដែនវាយប្រហារលើខ្លួនកាលពីថ្ងៃទី ៧ ខែតុលា។
មនុស្សយ៉ាងតិច ១៥.៨៩០ នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សា ដោយ ៧០% នៃអ្នកទាំងនោះជាស្ត្រីនិងកុមារ។ នេះបើយោងតាមក្រសួងសុខាភិបាលដែលដឹកនាំដោយក្រុមហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សា។
អាមេរិកសម្លាប់ជនសកម្មប្រយុទ្ធនៅអ៊ីរ៉ាក់
នៅក្នុងការវិវត្តមួយទៀត កងកម្លាំងសហរដ្ឋអាមេរិកបានសម្លាប់ជនសកម្មប្រយុទ្ធ ៥ នាក់ដែលគាំទ្រដោយអ៊ីរ៉ង់នៅពេលដែលជនទាំងនោះត្រៀមវាយប្រហារដោយដ្រូននៅក្នុងប្រទេសអ៊ីរ៉ាក់។ ហេតុការណ៍នេះបានកើតឡើង ស្របពេលដែលការវាយប្រហារលើកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរីកើនដល់ ៧៦ ដងតាំងពីពាក់កណ្ដាលខែតុលាមក។
អ្នកនាំពាក្យរងក្រសួងការពារជាតិសហរដ្ឋអាមេរិកអ្នកស្រី Sabrina Singh បានប្រាប់អ្នកកាសែតកាលពីថ្ងៃចន្ទថា កងកម្លាំងសហរដ្ឋអាមេរិកបានឃើញជនសកម្មប្រយុទ្ធទាំងនោះកាលពីថ្ងៃអាទិត្យនៅពេលដែលជនទាំងនោះត្រៀមវាយប្រហារដោយប្រើដ្រូន ហើយបន្ទាប់មកកងកម្លាំងសហរដ្ឋអាមេរិកបានប្រើដ្រូនបាញ់តម្រង់គោលដៅដើម្បីកម្ទេចពួកគេ។
ក្រុមជនសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់នេះបានធ្វើការវាយប្រហារពីរដងដោយប្រើរ៉ុក្កែតជាច្រើនគ្រាប់លើកងកម្លាំងសហរដ្ឋអាមេរិកនៅភាគខាងកើតនៃប្រទេសស៊ីរីកាលពីចុងសប្ដាហ៍កន្លងទៅនេះ ដោយការវាយប្រហារមួយលើកសំដៅលើមូលដ្ឋានយោធា Rumalyn Landing Zone របស់សហរដ្ឋអាមេរិក ហើយការវាយប្រហារមួយលើកទៀតសំដៅលើកងកម្លាំងនៅក្នុងតំបន់ Shadaddi។ ការវាយប្រហារទាំងនេះមិនបានបណ្ដាលឱ្យមានមនុស្សស្លាប់ឬក៏រងរបួសឬក៏ធ្វើឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធណាមួយទេ។
ការវាយប្រហារថ្មីចុងក្រោយបង្អស់នៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីនេះបានកើតឡើងនៅចំពេលដែលក្រុមបះបោរហ៊ូធី (Houthi) ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេមែនបានប្រើមីស៊ីលវាយប្រហារលើនាវាពាណិជ្ជកម្ម ៣ គ្រឿងនៅសមុទ្រក្រហមកាលពីថ្ងៃអាទិត្យ។ ការវាយប្រហារនេះរបស់ក្រុមហ៊ូធីនេះអាចជាការរីករាលដាលបន្ថែមទៀតនូវការវាយប្រហារតាមផ្លូវសមុទ្រនៅតំបន់មជ្ឈិមបូព៌ាដែលពាក់ព័ន្ធទៅនឹងសង្គ្រាមជិត ២ ខែកន្លងមករវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas)៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។