ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​​ក្រុម Hezbollah មិន​​ចូល​រួម​​ក្នុង​​ជម្លោះ​នៅ​ហ្កាហ្សា​ទេ


ក្រុម​អ្នក​គាំទ្រ​​ក្រុម Hezbollah ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ លើក​ដៃ​ឡើង​ដើម្បី​បង្ហាញ​ការ​គាំទ្រ​​ចំពោះ​មេដឹកនាំ​របស់​ខ្លួនគឺ​លោក Hassan Nasrallah ដែល​បាន​បង្ហាញ​ខ្លួន​​នៅ​ក្នុង​វីដេអូ​មួយ​ក្នុង​អំឡុងពេល​ជួបជុំ​គ្នា​ក្នុង​ទីក្រុងបេរូត ប្រទេស​លីបង់ កាល​ពី​ថ្ងៃ​សុក្រ។
ក្រុម​អ្នក​គាំទ្រ​​ក្រុម Hezbollah ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ លើក​ដៃ​ឡើង​ដើម្បី​បង្ហាញ​ការ​គាំទ្រ​​ចំពោះ​មេដឹកនាំ​របស់​ខ្លួនគឺ​លោក Hassan Nasrallah ដែល​បាន​បង្ហាញ​ខ្លួន​​នៅ​ក្នុង​វីដេអូ​មួយ​ក្នុង​អំឡុងពេល​ជួបជុំ​គ្នា​ក្នុង​ទីក្រុងបេរូត ប្រទេស​លីបង់ កាល​ពី​ថ្ងៃ​សុក្រ។

កាលពី​ថ្ងៃសុក្រ មេដឹកនាំពួក​ Hezbollah លោក​ Hassan Nasrallah បាន​និយាយនៅក្នុង​សុន្ទរកថា​មួយ​ដោយ​បង្ហាញ​ថា​ក្រុមជ្រុលនិយម​របស់លោកជាអ្នកការពារ​ខ្លាំងក្លាដល់​ក្រុម​ជន​សកម្មប្រយុទ្ធ Hamas ដែលកំពុងប្រយុទ្ធ​នៅក្នុង​តំបន់​ហ្កាហ្សា​ដោយមិនទាញ​ប្រទេសលោកផ្ទាល់គឺ​ប្រទេស​លីបង់ឱ្យ​ចូល​ក្នុង​សង្គ្រាម​ពេញ​ទំហឹង​ជា​មួយ​អ៊ីស្រាអែល។

លោក​ Hassan ក៏​បានបដិសេធដែរ​អំពីការ​ទទួល​ខុស​ត្រូវណាមួយដល់​ការសម្លាប់​រង្គាលកាលពីថ្ងៃទី​៧ ខែតុលា នៃមនុស្ស១៤០០នាក់​ក្នុងប្រទេសអ៊ីស្រាអែល​ដោយបានពណ៌នាការណ៍​នេះ​ថា​ជា​សកម្មភាព«១០០ភាគរយ​របស់ប៉ាឡេស្ទីន»។ លោក​ក៏​បាននិយាយ​ដែរថាលោកឱ្យ​សហរដ្ឋអាមេរិកទទួល​ខុស​ត្រូវ​ដោយផ្ទាល់អំពីសង្គ្រាមដែល​បណ្តាលឱ្យ​ជនជាតិប៉ាឡេស្ទីនរាប់ពាន់​នាក់បាត់បង់ជីវិត។

លោក Nasrallah មិនបាន​ប្រកាស​អំពីបំណង​ចូលរួម​ក្នុង​សង្គ្រាម​នេះ​ ដូចមនុស្ស​ខ្លះ​បារម្ភ ដោយនិយាយ​បង្ហាញ​ហេតុផលថា ​តាម​រយៈការបាញ់​រ៉ុក្កែត​និងកាំភ្លើង​ធំ​តតាំង​ជា​មួយ​អ៊ីស្រាអែល​អស់រយៈ​ពេល​ជាច្រើន​សប្តាហ៍ ពួក​ Hezbollah ​បាន​ចូលរួមក្នុង​សង្គ្រាមនេះ​រួចទៅ​ហើយ។ លោក​បាន​ថ្លែងថាអាចមាន​កំណើនភាព​តានតឹងនៅតាម​ព្រំដែន​លីបង់ ប៉ុន្តែ​ពួក​អ្នកវិភាគ​បានកត់សម្គាល់ថា លោកមិនបាន​ពណ៌នាអំពី​វិធានការ​ជាក់លាក់ដែល​ក្រុម​ Hezbollah នឹង​ធ្វើទេ។

ទាំង​ពួក Hezbollah និងក្រុម Hamas ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់បានប្តេជ្ញា​ថា​នឹង​បំផ្លាញ​អ៊ីស្រាអែល។

សហរដ្ឋអាមេរិក​និងសហភាពអឺរ៉ុបបានចាត់ទុកក្រុម​ទាំង​ពីរនេះថា​ជាអង្គការភេរវកម្ម។

ក្រុម​អ្នកវិភាគ​បាន​និយាយប្រាប់វីអូអេថា លោក Nasrallah ហាក់ដូចជាបាន​សម្រួល​សុន្ទរកថា​របស់លោក​ដោយ​បានពិចារណា​ថា​ប្រទេសលីបង់​មិន​អាចទ្រាំទ្រ​នឹង​ការ​បំផ្លិច​បំផ្លាញដូច​ដែលកើត​មាន​នៅ​ហ្កាហ្សា​បានទេ​ ពីព្រោះ​ប្រទេសនេះកំពុង​ជួប​ប្រទះនឹង​វិបត្តិ​សេដ្ឋកិច្ច។

ពាក់ព័ន្ធ​នឹងជួរមុខលីបង់​នៅ​ជាប់ព្រំដែន​ខាង​ជើង​នៃ​ប្រទេសអ៊ីស្រាអែល លោក Nasrallah បាន​និយាយ​ថា៖ «យើងមាន​ជម្រើស​ជាច្រើន ហើយយើងសិក្សា​លើ​ជម្រើសទាំងអស់។ យើង​ត្រូវតែ​ត្រៀម​លក្ខណៈ​ឱ្យ​បាន​រួច​រាល់​សម្រាប់​ជម្រើស​ទាំងអស់​ដែលអាចកើត​មានក្នុងពេលខាងមុខ»៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG