ពីរថ្ងៃបន្ទាប់ពីកាត់ផ្តាច់ចំណងទាក់ទងជាមួយកោះតៃវ៉ាន់ ប្រទេសបួគីណាហ្វាសូ (Burkina Faso) បានបង្កើតទំនាក់ទំនងខាងការទូតឡើងវិញជាមួយប្រទេសចិននៅឯពិធីចុះហត្ថលេខាមួយក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃសៅរ៍។
ការសម្រេចរបស់ប្រទេសនេះដើម្បីផ្តាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់បានធ្វើកោះនៅតំបន់អាស៊ីមួយនេះមានចំណងទាក់ទងខាងការទូតជាមួយប្រទេសតែមួយគត់នៅទ្វីបអាហ្វ្រិក។កោះតៃវ៉ាន់កំពុងបាត់បង់ការគាំទ្ររបស់ខ្លួននៅទ្វីបអាហ្វ្រិក។
លោក Guive Khan-Mohammmad ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅឯសាកលវិទ្យាល័យហ្សឺណែវក្នុងប្រទេសស្វីសបានប្រាប់ VOA តាមទូរស័ព្ទថា «ប្រទេសបួគីណាហ្វាសូ មានការទាក់ទិនខាងពាណិជ្ជកម្មយ៉ាងខ្លាំងជាមួយប្រទេសចិន មិនមែនកោះតៃវ៉ាន់ទេ»។
លោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា «យើងស្វាគមន៍ការវិលត្រឡប់របស់ប្រទេសបួគីណាហ្វាសូ មកកាន់ក្រុមគ្រួសារដ៏ធំនៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិននិងអាហ្វ្រិកដែលផ្អែកលើគោលការណ៍ប្រទេសចិនតែមួយ»។
ក្រសួងការបរទេសកោះតៃវ៉ាន់បានហៅការសម្រេចនេះថាជាស្ថានភាពស្រងូតស្រងាត់មួយដែលឆ្លុះបញ្ចាំពីចិនចង់កំចាត់កោះតៃវ៉ាន់ចេញពីសហគមន៍សាកលលោក។
នៅជុំវិញពិភពលោក នៅពេលឥឡូវនេះ មិនមានប្រទេសដល់២០ទេដែលទទួលស្គាល់ឯករាជ្យភាពរបស់កោះតៃវ៉ាន់។ កាលពីប៉ុន្មានសប្តាហ៍មុន ប្រទេសសាធារណរដ្ឋដូមីនីក (Dominican)ក៏បានងាកទៅស្មោះស្មគ្រជាមួយប្រទេសចិនដីគោកដែរ។ លោកKhan –Mohammad និយាយថា «ដូច្នេះ ការណ៍នេះប្រាកដជាឥទ្ធិពលសាកលលោក ហើយកោះតៃវ៉ាន់កំពុងចាញ់នៅពេលនេះ»៕