ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ​ព្រមាន​ខ្លាំងៗ​ដល់​កោះ​តៃវ៉ាន់ ខណៈ​ពេល​លោក​ចាប់​ផ្តើម​អាណត្តិ​ទី២


លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​បិទ​សមាជ​ប្រជជាតិ​ចិន​ប្រចាំ​ឆ្នាំ​នៅ​វិមាន Great Hall of the People ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​បិទ​សមាជ​ប្រជជាតិ​ចិន​ប្រចាំ​ឆ្នាំ​នៅ​វិមាន Great Hall of the People ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨។

លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​ធ្វើ​ការ​ព្រមាន​ខ្លាំងៗ​ទៅ​កាន់​កោះ​តៃវ៉ាន់ ខណៈ​ដែល​លោក​ទើប​តែ​ចូល​កាន់​តំណែង​អាណត្តិ​ទី២​របស់​លោក។ ប្រទេស​ចិន​បាន​អះអាង​ថា កោះ​ដែល​មាន​ប្រជាជន​២៤លាន​នាក់​និង​មាន​ស្វ័យ​គ្រប់​គ្រង​មួយ​នេះ ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន​ ហើយ​លោក​ប្រធានាធិបតី​ ស៊ី ជីនពីង​ បាន​ថ្លែង​ថា ការ​ប៉ុនប៉ង​ណា​មួយ​ក្នុង​ការ​បំបែក​រដ្ឋ​នឹង​ប្រឈម​មុខ​នឹង​ «ការ​ដាក់​ទណ្ឌកម្ម​ប្រវត្តិសាស្ត្រ»។

ការ​ព្រមាន​របស់​លោក​ប្រធានាធិបតី​ ស៊ី ជីនពីង​ កាលពី​ថ្ងៃទី២០ ខែមីនា​ទៅ​លើ​កោះ​តៃវ៉ាន់​គឺ​ជា​ការ​ព្រមាន​ខ្លាំង​បំផុត​ក្នុង​ចំណោម​ការ​ព្រមាន​នា​ពេល​កន្លង​មក និង​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ការ​បិទ​សម័យ​ប្រជុំ​របស់​សមាជ​ប្រជាជន​ចិន​ដែល​ភាគ​ច្រើន​ជា​ការ​ប្រថាប់​ត្រា។

នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​គ្របដណ្តប់​លើ​ប្រធានបទ​ជាច្រើន​ រាប់​ចាប់​ពី​សេដ្ឋកិច្ច ដល់​ការ​កាន់​អំណាច​ផ្តាច់​មុខ​របស់​គណបក្ស​កុម្មុយនិស្ត នៅ​ក្នុង​ប្រទេស​ចិន លោក​ប្រធានាធិបតី ស៊ី បាន​ប្រាប់​ប្រតិភូ​ប្រមាណ​៣​ពាន់​នាក់​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ចាត់​វិធានការ​កាន់​តែ​ច្រើន​ដើម្បី​ធានាថា ពលរដ្ឋ​តៃវ៉ាន់​រីករាយ​ជាមួយ​នឹង​ឱកាស​នៃ​ការ​អភិវឌ្ឍ​របស់​ចិន និង​ជំរុញ​ឲ្យ​មាន​ «ការ​បង្រួបបង្រួម​មាតុភូមិ​ឡើង​វិញ​ប្រកប​ដោយ​សន្តិភាព»។​

ការ​ព្រមាន​ខ្លាំងៗ​របស់​លោក​ទទួល​បាន​ការ​ទះដៃ​នៅ​ក្នុង​អង្គប្រជុំ។

លោក​ប្រធានាធិបតី Xi Jinping បាន​ថ្លែង​ថា៖

«រាល់​សកម្មភាព​និង​ឧបាយកល​ណា​មួយ​ដើម្បី​បំបែក​បំបាក់​ប្រទេស​ចិន​នឹង​ត្រូវ​ទទួល​បរាជ័យ​ ហើយ​ត្រូវ​រង​ការ​ថ្កោលទោស​ពី​ប្រជាជន​និង​ការ​ដាក់ទណ្ឌកម្ម​ជា​ប្រវត្តិសាស្ត្រ។ ប្រជាជន​ចិន​មាន​ជំនឿ​ទូទៅ​រួម​មួយ​ដែល​ថា ការ​ធ្វើ​បែប​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ ហើយ​វា​ពិត​ជា​មិន​អាច​ទៅ​រួច​នោះ​ទេ​ក្នុង​ការ​បំបែក​ដែនដី​ណា​មួយ​ចេញ​ពី​ប្រទេស​ចិន»។

សម្រាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង តៃវ៉ាន់​គឺ​ជា​បញ្ហា​រសើប​និង​ជាបញ្ហា​យោធា​ដ៏​សំខាន់​មួយ។ លោក​ប្រធានាធិបតី​ ស៊ី បាន​បង្កើន​សម្ពាធ​លើ​កោះ​នេះ ចាប់​តាំង​ពី​ពេល​ដែល​លោកស្រី​ប្រធានាធិបតី Tsai Ing-wen របស់​តៃវ៉ាន់​បាន​ជាប់​ឆ្នោត​នៅ​ក្នុង​ឆ្នាំ២០១៦។ លោកស្រី Tsai ជា​សមាជិក​មួយ​នៃ​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​ដែល​គាំទ្រ​ឯករាជ្យ​ភាព​របស់​តៃវ៉ាន់​ ប៉ុន្តែ​លោក​ស្រី​និយាយ​ថា លោកស្រី​ចង់​រក្សា​នូវ​ឋានៈ​របស់​កោះ​តៃវ៉ាន់​នា​ពេល​បច្ចុប្បន្ន​នេះ។

លោកAndrew Lee អ្នក​នាំពាក្យ​របស់​ក្រសួង​ការបរទេស​តៃវ៉ាន់​បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​លោក​ប្រធានាធិបតី ស៊ី និង​បាន​ជំរុញ​ឲ្យ​ប្រទេស​ដទៃ​ទៀត​គាំទ្រ​តួនាទី​របស់​តៃវ៉ាន់​ ក្នុង​នាម​ជា​កោះ​ប្រជាធិបតេយ្យ​មួយ​នៅ​ក្នុង​តំបន់។

លោក Andrew Lee បាន​ថ្លែង​ថា៖

«ខ្ញុំ​គិត​ថា យើង​មិន​ខ្វល់​ពី​ការ​យល់​ឃើញ​របស់​ប្រទេស​ដទៃ​ទៅ​លើ​កិច្ចការ​ការបរទេស​របស់​យើង​នោះ​ទេ។ កិច្ចប្រឹងប្រែង​របស់​យើង​នឹង​មិន​ឈប់​ ឬ​អន់​ថយ​នោះ​ទេ។ យើង​សង្ឃឹម​ថា យើង​អាច​ដើរ​តួនាទី​សកម្ម​ជាង​នេះ​ក្នុង​ការ​លើក​កម្ពស់​សន្តិភាព ស្ថិរភាព និង​ភាពរុងរឿង​ក្នុង​តំបន់»។

កាលពី​ពាក់​កណ្តាល​ខែមីនា​ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ចុះ​ហត្ថលេខា​លើ ច្បាប់​ធ្វើ​ដំណើរ​តៃវ៉ាន់ (Taiwan Travel Act) ដែល​ជា​ច្បាប់​ជំរុញ​ឲ្យ​មន្ត្រី​អាមេរិកាំង​ធ្វើ​ដំណើរ​ទៅ​កោះ​នេះ និង​ជួប​ជាមួយ​នឹង​សមភាគី​របស់​ពួកគេ និង​ជំរុញ​ឲ្យ​មន្ត្រី​តៃវ៉ាន់​ធ្វើ​ដំណើរ​មក​សហរដ្ឋ​អាមេរិក​ដូច​គ្នា។ ចិន​បាន​ទាមទារ​ឲ្យ សហរដ្ឋ​អាមេរិក​បញ្ឈប់​ការ​ផ្លាស់ប្តូរ​ទស្សនកិច្ច​របស់​មន្ត្រី​ខ្លួន។

តៃវ៉ាន់​និង​ចិន​បាន​បែក​ចេញ​ពី​គ្នា​ក្នុង​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ឆ្នាំ១៩៤៩ ហើយ​ចាប់​តាំង​ពី​ទសវត្សរ៍​១៩៨០ ប្រព័ន្ធ​គ្រប់គ្រង​របស់​ពួកគេ​បាន​ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ផ្ទុយ​គ្នា។

ភាព​ផ្ទុយ​គ្នា​ស្រឡះ​នេះ​មាន​ភាព​កាន់​តែ​ច្បាស់​ទៅៗ ក្នុង​អំឡុង​កិច្ចប្រជុំ​អង្គ​នីតិបញ្ញត្តិ​នៅ​ក្នុង​ឆ្នាំ​នេះ ដែល​ក្រុម​ប្រតិភូ​បាន​បោះឆ្នោត​ឲ្យ​លោក​ប្រធានាធិបតី ស៊ី នូវ​សិទ្ធិ​ធ្វើ​ជា​ប្រធានាធិបតី​អស់​មួយ​ជីវិត ប្រសិន​បើ​លោក​ជ្រើស​រើស​ផ្លូវ​នេះ ហើយ​ចង់​បន្ត​ក្តោបក្តាប់គណបក្ស​លោក៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG