កោះតៃវ៉ាន់អាចបង្វែភាពបរាជ័យនៃការស្វះស្វែងដើម្បីចូលរួមសម័យប្រជុំប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក WHO នៅឆ្នាំនេះដោយបង្កើតការគាំទ្រខាងសីលធម៌នៅក្នុងការតស៊ូរបស់ខ្លួនប្រឆាំងចិនដែលជាគូប្រកួតប្រជែងខាងនយោបាយ នេះបើតាមការបញ្ជាក់របស់ពួកអ្នកជំនាញ។
សម្ព័ន្ធមិត្តខាងការទូតរបស់កោះតៃវ៉ាន់បានសុំអង្គការរបស់អង្គការសហប្រជាជាតិនៅខែនេះអនុញ្ញាតឲ្យកោះតៃវ៉ាន់ចូលរួមកិច្ចប្រជុំសុខភាពពិភពលោកលើកទី៧១ជាអ្នកសង្កេតការបន្ទាប់ពីត្រូវបានបដិសេធមិនឲ្យចូលរួមកាលពីឆ្នាំទៅ។សមាជិកអង្គការសុខភាព WHO បានកំណត់គោលនយោបាយនិងអនុម័តថវិកានៅឯសម័យប្រជុំប្រចាំឆ្នាំ។
ក៏ប៉ុន្តែ កោះតៃវ៉ាន់ត្រូវគេរំពឹងជាទូទៅថានឹងខកខានមិនបានស្វះស្វែងរកការចូលរួមនៅឆ្នាំនេះសម្រាប់ពិធីដែលនឹងចាប់តាំងពីថ្ងៃទី២១ដល់ថ្ងៃទី២៦ ខែឧសភា ពីព្រោះតែសម្ព័ន្ធមិត្តខាងការទូតរបស់ចិនត្រួតត្រាអង្គការសុខភាពពិភពលោក WHO។ ចិនចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន មិនមែនជារដ្ឋមួយដែលមានសិទ្ធិចូលរួមក្នុងអង្គការអន្តរជាតិទេ។ កោះតៃវ៉ាន់បានចាកចេញពីអង្គការសហប្រជាជាតិនៅឆ្នាំ១៩៧១ នៅពេលដែលចិនចូលជាសមាជិក។
អ្នកសង្កេតការណ៍និយាយថា ការខំប្រឹងប្រែងមិនបានជោគជ័យដើម្បីធ្វើជាអ្នកសង្កេតការរបស់កិច្ចប្រជុំអង្គការសុខភាពពិភពលោកWHO នឹងផ្តល់ឲ្យកោះ តៃវ៉ាន់នូវការយកចិត្តទុកដាក់នៅឯនាយសមុទ្រចំពោះការទាក់ទាញការយកចិត្តទុកដាក់ខាងសប្បុរសធម៌ខាងវិស័យសុខាភិបាលដែលមានប្រាក់រាប់ពាន់លានដុល្លាររបស់ខ្លួន ជាទឡី្ហករណ៍មួយដែលរដ្ឋាភិបាលកោះតៃប៉ិប្រើដើម្បីជំរុញឲ្យការស្វះស្វែងធ្វើជាអ្នកសង្កេតការរបស់កិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសុខភាពនោះ។ ពួកអ្នកវិភាគទាំងនោះនិយាយទៀតថា ការស្វះស្វែងបរាជ័យក៏នឹងធ្វើឲ្យចិននិងអង្គការសុខភាពពិភពលោក WHO យកចិត្តទុកដាក់ខាងនយោបាយច្រើនជាងខាងសុខាភិបាល។
លោក Wang Bi-Sheng ជាអគ្គលេខាធិការនៃសមាគមពេទ្យរបស់កោះតៃវ៉ាន់នៅក្នុងទីក្រុងតៃប៉ិបាននិយាយថា៖ «អង្គការសុខភាពពិភពលោក WHO ជាអង្គការសាកលលោកមួយ អង្គការនេះជួនកាលមានសកម្មភាពខាងនយោបាយខ្លាំងពេក ហើយខ្ញុំគិតថា ទោះបីនៅក្នុងអឺរ៉ុបឬនៅក្នុងប្រទេសជប៉ុន ទោះបីរដ្ឋាភិបាលឬសមាជិកសភា ពួកគេនឹងចាត់ទុកថា អង្គការនេះមិនល្អទេ។ ផ្ទុយទៅវិញ ពួកគេនឹងយកចិត្តទុកដាក់លើយើងហើយនឹងឆ្ងល់ថា ហេតុអ្វីបានជាអង្គការសុខភាពពិភពលោក WHO មិនអនុញ្ញាតឲ្យយើងធ្វើជាអ្នកសង្កេតការ ដូច្នេះ ពួកគេមាន ឆន្ទៈនិយាយគាំទ្រយើង»។
ឧទាហរណ៍ ពួកសមាជិកសភាមកពីសហរដ្ឋអាមេរិក ពួកអ្នកការទូតអាល្លឺម៉ង់នៅទីក្រុងតៃប៉ិ និងពួកមន្រ្តីក្នុងប្រទេសតូចៗនៅទ្វីបអាហ្វ្រិកដូចជាប្រទេស Swaziland បានសម្តែងការគាំទ្ររួចហើយ។ លោក Coen Blaauw នាយកប្រតិបត្តិនៃក្រុមគាំទ្រកោះតៃវ៉ាន់នៃសមាគមសម្រាប់កិច្ចការសាធារណៈកោះ Formosan បាននិយាយថា សភាអាមេរិក បានគាំទ្រជាឯកឆន្ទៈដល់ការស្វះស្វែងរបស់កោះតៃវ៉ាន់ដើម្បីចូលជាសមាជិកអង្គការសុខភាពពិភពលោក។
ចិនអនុញ្ញាតឲ្យកោះតៃវ៉ាន់ធ្វើជាអ្នកសង្កេតការពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៦ នៅ ពេលដែលប្រធានាធិបតីរបស់កោះតៃវ៉ាន់នៅពេលនោះសុខចិត្តទទួលយកគំនិតរបស់រដ្ឋាភិបាលក្រុងប៉េកាំងថា ភាគីទាំងសងខាងជារបស់ចិនតែមួយ។ ប្រធានាធិបតីកោះតៃវ៉ាន់សព្វថ្ងៃនេះគឺលោកស្រី Tsai Ing-wen ច្រានចោលគំនិតនេះ។
កោះតៃវ៉ាន់ ជាធម្មតាអួតអះអាងអំពីសមិទ្ធិផលខាងសុខភាពនៅពេលដែលខ្លួនដាក់ពាក្យសុំចូលរួមកិច្ចប្រជុំ ដែលរំឭកប្រទេសផ្សេងៗទៀតពីប្រសិទ្ធិភាពនៃសមត្ថភាពរបស់ខ្លួនក្នុងការជួយ។ តៃវ៉ាន់បានផ្តល់ជំនួយខាងសុខាភិបាលដល់ប្រទេសហៃទី បន្ទាប់ពីការរំជួយផែនដីនៅឆ្នាំ២០១០ និងផ្តល់ជំនួយសុខាភិបាលដល់ប្រទេសនីហ្សេរីយ៉ានៅឆ្នាំ២០១៤ ដើម្បីប្រយុទ្ធប្រឆាំងជំងឺអ៊ីបូឡា។
សមាគមវេជ្ជសាស្រ្តតៃវ៉ាន់ប្រាប់ឲ្យដឹងកាលពីថ្ងៃទី១៨ ខែមេសាថា តៃវ៉ាន់បានចំណាយប្រាក់៦ពាន់លានដុល្លារលើសកម្មភាពនិងជំនួយសុខាភិបាលអន្តរជាតិដើម្បីជួយប្រជាពលរដ្ឋក្នុងប្រទេសចំនួន៨០។
លោក Raymond Wu នាយកចាត់ចែងអង្គការពិគ្រោះពីភាពគ្រោះថ្នាក់ខាងនយោបាយ e—telligence ដែលមានទីតាំងនៅក្រុងតៃប៉ិនិយាយថា សមិទ្ធិផលនៃកម្មវិធីសុខាភិបាលនេះជាមួយនឹងការស្វះស្វែងចូលរួមកិច្ចប្រជុំសុខភាពពិភព លោកបានទាក់ទាញការគាំទ្រពី«មនុស្សភាគច្រើននៅក្នុងរង្វង់គោលនយោបាយ»។ លោកនិយាយទៀតថា អ្នកតាក់តែងគោលនយោបាយជឿជាក់ថា ការជំទាស់ប្រឆាំងរបស់ចិនដល់កោះតៃវ៉ាន់អំពីលក្ខខណ្ឌនៃការសន្ទនាមិនត្រូវរារាំងដល់សិទ្ធិរបស់កោះតៃវ៉ាន់ដើម្បីចូលរួមកិច្ចប្រជុំនោះទេ។
លោក Wu និយាយទៀតថា នៅពេលជាមួយគ្នានោះដែរ ចិនហាក់ដូចជាមានភាពអាក្រក់នៅលើឆាកអន្តរជាតិចំពោះការរារាំងកោះតៃវ៉ាន់លើហេតុផលនយោបាយនោះ។
លោក Wu បានចោទសួរថា៖ «ប្រសិនបើយើងគិតថា ចិននិងកោះតៃវ៉ាន់ជាបងប្អូនគ្នា ដូច្នេះ តើពួកបងធំនៅក្នុងប្រទេសចិនត្រូវព្រួយបារម្ភអំពីបញ្ហាសុខភាពទាំងនេះនៅកោះតៃវ៉ាន់ដែឬ?»។
លោកស្រី Joanna Lei ប្រធានការិយាល័យប្រតិបត្តិអង្គការស្រាវជ្រាវ Chunghua សតវត្សរ៍ទី២១នៅកោះតៃវ៉ាន់និយាយថា តៃវ៉ាន់ត្រូវតែបន្តព្យាយាមចូលរួមកិច្ចប្រជុំសុខភាពពិភពលោកនិងទីភ្នាក់ងារផ្សេងៗទៀតរបស់អង្គការសហប្រជាជាតិដើម្បីសាកល្បងព្រំដែនរបស់អង្គការទាំងនោះ។
ទំនាក់ទំនងជាមួយចិនបានធ្លាក់ចុះពីភាពរាក់ទាក់មកដល់ការតានតឹងចាប់តាំងពីលោកស្រី Tsai បានចូលកាន់អំណាចមក ក៏ប៉ុន្តែ ពួកអ្នកសិក្សាស្រាវជ្រាវនិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងនៅតែសង្ឃឹមថា នឹងមានការសន្ទនាគ្នានៅទីបញ្ចប់។
លោក Wangនិយាយទៀតថា ពលរដ្ឋតៃវ៉ាន់ក៏យកចិត្តទុកដាក់ដល់ការខំប្រឹងប្រែងខាងសុខាភិបាលរបស់រដ្ឋាភិបាលខ្លួនដែរ និងជំហររបស់ខ្លួននៅលើឆាកអន្តរជាតិបន្ទាប់ពីការបរាជ័យនៃការខំប្រឹងប្រែងនៅកិច្ចប្រជុំសុខភាពសាកលលោកមក។ ពួកគេដឹងថា ចិននិងកោះតៃវ៉ាន់កំពុងខិតខំឲ្យបានចុះសម្រុងគ្នា។លោកនិយាយទៀតថា ក៏ប៉ុន្តែ ប្រសិនបើកោះតៃវ៉ាន់ចូលក្នុងកិច្ចប្រជុំសុខភាពសាកលលោក សាធារណជនប្រហែលយល់ថា វាជា«ការចូលរួមជាប្រចាំ»។
លោកបាននិយាយថា «ពីព្រោះតែយើងត្រូវគេធ្វើមិនឲ្យតមាត់បាន តើយើងធ្វើឲ្យមានការឆ្លាតវៃខាងសុខភាពយ៉ាងដូចម្តេច? មនុស្សកំពុងសួរសំណួរនេះ»។
រដ្ឋាភិបាលក្រុងប៉េកាំងទទូចថា នៅទីបញ្ចប់ ចិននិងកោះតៃវ៉ាន់នឹងបង្រួបបង្រួមគ្នា ក៏ប៉ុន្តែ ការស្ទង់មតិនៅកោះតៃវ៉ាន់រកឃើញថា ពលរដ្ឋភាគច្រើនប្រឆាំងនឹងការបង្រួបបង្រួមនេះ។
ពួកមេដឹកនាំតៃវ៉ាន់ជាធម្មតាធ្វើសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ដើម្បីគាំទ្រការស្វះស្វែងរបស់ខ្លួនដើម្បីចូលរួមកិច្ចប្រជុំរបស់ទីភ្នាក់ងារអន្តរជាតិ។ កាលពីឆ្នាំទៅ ក្រុមមួយដឹកនាំដោយរដ្ឋាភិបាលតៃវ៉ាន់ បានធ្វើពិធីនៅខាងក្រៅទីកន្លែងប្រជុំក្នុងទីក្រុងហ្សឺណែវ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលកោះតៃវ៉ាន់ បាននិយាយកាលពីខែមិនាថា រដ្ឋាភិបាលរបស់លោកនឹងតវ៉ាប្រឆាំងអង្គការដែលធ្វើសកម្មភាពគាបសង្កត់កោះតៃវ៉ាន់។
លោកស្រី Leiនិយាយថា នៅទីបំផុត ជនជាតិតៃវ៉ាន់ខ្លះ នឹងព្រួយបារម្ភអំពីការខ្ជះខ្ជាយពេលវេលានិងប្រាក់ ប្រសិនបើការស្វះស្វែងចូលរួមនោះបរាជ័យជាច្រើនដង។ លោកស្រីនិយាយទៀតថា ពួកគេអាចសួរថា តើរដ្ឋាភិបាលរបស់លោកស្រី Tsai គួរតែយល់ព្រមឲ្យបានច្រើនជាមួយចិន។
លោក Jason Hsu ជាសមាជិកសភាគណបក្សតូចនៅទីក្រុងតៃប៉ិបានហៅយុទ្ធនាការប្រចាំឆ្នាំថា «ឥតបានការ»។
លោក Hsuបាននិយាយថា៖ «យើងបានធ្វើការតវ៉ាប្រឆាំង យើងមានសម្ព័ន្ធមិត្តរបស់យើងនិយាយឲ្យយើងនៅក្នុងកិច្ចប្រជុំនោះ ក៏ប៉ុន្តែ ដើម្បីធ្វើឲ្យកិត្យានុភាពរបស់កោះតៃវ៉ាន់កាន់តែប្រសើរឡើង ខ្ញុំគិតថា នេះមិនមែនជាបណ្តាញតែមួយទេ។ បើលោក អ្នកនិយាយអំពីការរួមវិភាគទានខាងសុខាភិបាលរបស់យើងឬក្រុមស្ម័គ្រចិត្តខាងសុខាភិបាលរបស់យើងនៅជុំវិញពិភពលោកនោះ យើងអាចបំពេញកិច្ចការច្រើនថែមទៀត»៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន