សមយុទ្ធរបស់កងទ័ពអាកាសចិនលើសមុទ្រចិនខាងត្បូងដែលមានជម្លោះ ឆ្លុះបញ្ចាំងពីការប្រឆាំងនឹងការធ្វើនាវាចរណ៍របស់នាវាដឹកយន្តហោះចម្បាំងរបស់អាមេរិកនៅក្នុងតំបន់នាពេលថ្មីៗនេះ និងកំណើនការប្រុងប្រយ័ត្នចំពោះតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយខ្លួនឯង ប៉ុន្តែប្រទេសចិនប្រកាសថាកោះនេះជាដែនដីរបស់ខ្លួន។ នេះបើតាមការលើកឡើងរបស់ក្រុមបញ្ញវន្តក្នុងទ្វីបអាស៊ី។
ក្រុមអ្នកសិក្សាស្រាវជ្រាវក្នុងទ្វីបអាស៊ីព្រមានពីកំណើននៃការធ្វើសមយុទ្ធយោធាកាន់តែច្រើនឡើង ដោយរដ្ឋាភិបាលក្រុងប៉េកាំង។
កងទ័ពអាកាសចិន បានឲ្យដឹងតាមរយៈគេហទំព័ររបស់ខ្លួនថា កាលពីថ្ងៃទី២៥ ខែមីនា ខ្លួនបានធ្វើសមយុទ្ធយោធានៅលើសមុទ្រចិនខាងត្បូង និងនៅផ្នែកមួយនៃសមុទ្រចិនខាងកើត ក្បែរប្រជុំកោះដាច់ស្រយ៉ាលរបស់ជប៉ុន។ ប្រទេសចិនក៏បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនិងយន្តហោះចម្បាំងក្នុងសមយុទ្ធយោធានោះដែរ។ ក្រសួងការពារជាតិកោះតៃវ៉ាន់បានឲ្យដឹងថា ក្រុមនាវាដឹកយន្តហោះចម្បាំងបានបើកកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលស្ថិតនៅភាគខាងលិចកោះតៃវ៉ាន់ កាលពីចុងខែមីនា។
លោក Collin Koh ជាអ្នកស្រាវជ្រាវអំពីសន្តិសុខផ្លូវសមុទ្រនៃសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ក្នុងប្រទេសសិង្ហបុរីបានឲ្យដឹងថា ប្រទេសចិនកំពុងប្រើប្រាស់ការធ្វើសមយុទ្ធដើម្បីព្រមានរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលប្រឆាំងនឹងការទាមទារអធិបតេយ្យភាពរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងទាំងមូលនិងកោះតៃវ៉ាន់ផងដែរ។
លោក Andrew Yang អគ្គលេខាធិការនៃក្រុមប្រឹក្សាសិក្សាគោលនយោបាយជាន់ខ្ពស់របស់ចិន ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវផ្តោតទៅលើកិច្ចការយោធាមានមូលដ្ឋាននៅកោះតៃវ៉ាន់បានឲ្យដឹងថា ប្រទេសចិនទទូចឲ្យមានការរួបរួមចុងក្រោយជាមួយកោះតៃវ៉ាន់ បើទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងចំពោះគោលបំណងរបស់ចិន ទៅលើកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះក៏ដោយ។ ការធ្វើសមយុទ្ធនេះគឺជាការបញ្ជូនសារព្រមានទៅកាន់កោះតៃវ៉ាន់ផងដែរ។
លោក Koh បានថ្លែងប្រាប់ VOA ថា លោកប្រធានាធិបតីចិន Xi Jingping មាន «ទំនុកចិត្តកាន់តែខ្លាំង» ទៅលើប្រតិបត្តិការយោធារបស់ខ្លួននៅលើដែនសមុទ្រ ដែលហួសពីដែនសមុទ្រនាពេលបច្ចុប្បន្នរបស់ខ្លួន។
លោក Koh និយាយថា៖
«វាគឺជាចំណុចប្រសព្វនៃព្រឹត្តិការណ៍ដែលកំពុងកើតមានជុំវិញតំបន់នេះ។ យើងក៏មិនអាចបដិសេធបានដែរថា រាល់សកម្មភាពសមយុទ្ធយោធាទាំងឡាយ រួមទាំងសកម្មភាពរបស់ប្រទេសដទៃទៀតក្តី អាចនឹងក្លាយជាហេតុផលសម្រាប់លោក Xi និងគណបក្សរបស់លោក បង្ហាញពីតម្រូវការក្នុងការបង្កើនសកម្មភាពក្រុមកងទ័ពរំដោះប្រជាជនឲ្យកាន់តែខ្លាំងឡើងៗ»។
ជម្លោះជាមួយអាមេរិកនិងតៃវ៉ាន់
សារព័ត៌មានផ្លូវការរបស់រដ្ឋ China Daily បានរាយការណ៍នៅលើប្រព័ន្ធអ៊ីនធើណិតថា មន្ត្រីចិនបានហៅការធ្វើសមយុទ្ធដែលប្រៀបដូចជាការពិតទាំងនេះគឺជា«ទម្លាប់»មួយនៃការហ្វឹកហ្វឺនប្រចាំឆ្នាំរបស់កងទ័ពជើងទឹក។
ប៉ុន្តែក្រុមអ្នកវិភាគបានភ្ជាប់សមយុទ្ធរបស់ចិននៅពេលនោះជាមួយនឹងការធ្វើនាវាចរកងនាវាជើងទឹកអាមេរិកកាលពីខែមករានៅក្បែរផ្ទៃទឹកជម្លោះរវាងចិននិងហ្វីលីពីន។ រដ្ឋាភិបាលក្រុងប៉េកាំងបានឲ្យដឹងថា នាវាកងទ័ពជើងទឹកស.រ.អា. បានធ្វើការឈ្លានពានដែនដី ប៉ុន្តែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានថ្លែងថា ផ្ទៃសមុទ្រទំហំ ៣,៥ លានគីឡូម៉ែត្រការ៉េ គួរតែបើកចំហសម្រាប់គ្រប់គ្នា។ នាវាដឹកយន្តហោះចម្បាំង USS Carl Vinson របស់អាមេរិក បានចូលចតនៅកំពង់ផែក្នុងប្រទេសវៀតណាមកាលពីដើមខែមីនាកន្លងទៅនេះ បន្ទាប់ពីធ្វើដំណើរឆ្លងកាត់សមុទ្រនេះ ដែលធ្វើឲ្យចិនបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត។
រដ្ឋាភិបាលសហរដ្ឋអាមេរិក មិនបានទាមទារផ្ទៃសមុទ្រដែលលាតសន្ធឹងពីហុងកុង ដល់ប្រជុំកោះ Burneo នោះទេ។ ប៉ុន្តែប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម សុទ្ធតែបានទាមទារចំណែករបស់ខ្លួននៅលើផ្ទៃទឹកដែលជាន់គ្នាជាមួយនឹងចិន ដែលចិនបានទាមទារដែនសមុទ្រ៩០ភាគរយនៃដែនសមុទ្រទាំងមូល។ ប្រទេសទាំងអស់នេះឲ្យតម្លៃទៅលើធនធានមច្ឆជាតិ ប្រេងនិងឧស្ម័នធម្មជាតិដែលស្ថិតនៅក្រោមបាតសមុទ្រនោះ។
កាលពីខែវិច្ឆិកា នាវារបស់សហរដ្ឋអាមេរិកនិងជប៉ុនបានធ្វើសមយុទ្ធនៅក្បែរកោះ Okinawa ដែលស្ថិតនៅជិតភាគខាងជើងនៃទីតាំងសមយុទ្ធកងទ័ពអាកាសរបស់រដ្ឋាភិបាលក្រុងប៉េកាំង។ ប្រទេសជប៉ុនបានធ្វើសមយុទ្ធនៅតំបន់ក្បែរសមុទ្រជាមួយប្រទេសចិន ដែលជាប្រភពបង្កភាពតានតឹងចាប់តាំងពីឆ្នាំ ២០១៣មក។
ក្រុមអ្នកវិភាគបានឲ្យដឹងថា លើសពីនេះទៅទៀត ច្បាប់សិទ្ធិធ្វើដំណើររបស់តៃវ៉ាន់បង្កើតឡើងដោយរដ្ឋាភិបាលអាមេរិក រំខានរដ្ឋាភិបាលក្រុងប៉េកាំង។ ច្បាប់នេះត្រូវបានចុះហត្ថលេខាកាលពីពាក់កណ្តាលខែមីនា ដែលបានលើកទឹកចិត្តឲ្យមានការធ្វើទស្សនកិច្ចជាន់ខ្ពស់បន្ថែមទៀតរវាងរដ្ឋាភិបាលក្រុងតៃប៉ិនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ ប្រទេសចិនជំទាស់នឹងទស្សនកិច្ចទាំងនោះ ដោយចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន មិនមែនជាប្រទេសមួយនោះទេ។
លោក Yang បានថ្លែងថា ចិននឹងព្យាយាមធ្វើឲ្យរដ្ឋាភិបាលកោះតៃវ៉ាន់ «ឯកោ» ហើយបង្កើន «វិធីសាស្ត្រតឹងរ៉ឹង» របស់ខ្លួន ដើម្បីព្រមានប្រឆាំងនឹងតៃវ៉ាន់ ដែលបានប្រកាសថាខ្លួនជារដ្ឋឯករាជ្យ។
ប្រតិកម្មនានាដូចជាមានភាពស្ងប់ស្ងាត់
កោះតៃវ៉ាន់និងប្រទេសជប៉ុន បានបញ្ជូនយន្តហោះយោធា ដើម្បីតាមដានយន្តហោះចម្បាំងរបស់ចិន ប៉ុន្តែរដ្ឋាភិបាលផ្សេងទៀតដែលប្រជែងជាមួយនឹងចិនដើម្បីទាមទារអធិបតេយ្យភាពដែនសមុទ្រ បានបញ្ចេញមតិជាសាធារណៈតិចតួចគិតត្រឹមចុងខែមីនា។
លោកស្រី Maria Ela Atienza សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យហ្វីលីពីន Diliman បានថ្លែងថា រដ្ឋាភិបាលហ្វីលីពីននិងចិន កំពុងទុកបញ្ហាអធិបតេយ្យភាពឲ្យនៅមួយឡែកសិន ហើយបង្វែរចំណាប់អារម្មណ៍ទៅលើការពិភាក្សាអំពីការរុករកប្រេងនិងឧស្ម័នធម្មជាតិរួមគ្នានៅក្នុងសមុទ្រចិនខាងត្បូងវិញ។ ប៉ុន្តែពលរដ្ឋហ្វីលីពីនមួយចំនួនក៏ចាប់អារម្មណ៍លើសមយុទ្ធយោធាចិនផងដែរ។
លោកស្រី Atienza បានថ្លែងថា៖
«ការណ៍ដែលគួរឲ្យបារម្ភនោះគឺការផ្តល់សេរីភាពដល់ចិនច្រើនពេក នៅក្នុងតំបន់ដែលគួរតែជារបស់ហ្វីលីពីន ឬយ៉ាងហោចណាស់កំពុងត្រូវបានទាមទារដោយហ្វីលីពីន។ ដូច្នេះមានការកត់សម្គាល់កាន់តែច្រើនឡើង អំពីកង្វះជំហររឹងមាំ នៅពេលដែលប្រឈមជាមួយនឹងចិន»។
លោក Koh បានថ្លែងថា ការសាងសង់កោះរបស់ចិន ចាប់តាំងពីឆ្នាំ២០១០ បានធ្វើឲ្យប្រទេសនៅក្នុងអាស៊ីអាគ្នេយ៍ដែលទាមទារដែនទឹកនេះផងដែរ មិនពេញចិត្តនឹងសកម្មភាពរបស់ចិន ហើយធ្វើឲ្យតុលាការអន្តរជាតិកាត់ក្ដីជំទាស់នឹងរដ្ឋាភិបាលក្រុងប៉េកាំង ក្នុងឆ្នាំ២០១៦។ ចាប់តាំងពីការកាត់ក្តីនោះមក ប្រទេសចិនបានពង្រឹងទំនាក់ទំនង ដោយផ្ដល់ជំនួយសេដ្ឋកិច្ចនិងការវិនិយោគ។ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ដែលទាមទារដែនសមុទ្រនោះ «មានបំណងជៀសវាងសេចក្ដីថ្លែងការណ៍ជាសាធារណៈ» ស្ដីពីសកម្មភាពយោធារបស់ចិន។
នឹងមានសមយុទ្ធយោធាបន្ថែមទៀត?
ស្រមោលនៃវត្តមានសហរដ្ឋអាមេរិកនៅក្នុងសមុទ្រចិនខាងត្បូង គាំទ្រដោយជប៉ុននិងប្រហែលជាអូស្ត្រាលីផងដែរនាពេលអនាគតនោះ ត្រូវបានគេរំពឹងថានឹងបង្កើនឲ្យមានសមយុទ្ធយោធារបស់ចិនកាន់តែញឹកញាប់ផងដែរ។ លោក Yang បានថ្លែងថា ចិននឹង«បង្កឲ្យកើតមានជាប្រចាំ» នូវការឈរជើងរបស់យោធាទាំងនៅលើសមុទ្រនិងអាកាស។
នៅក្នុងអំឡុងសមាជបក្សកុម្មុយនិស្តចិន ដែលជាការកិច្ចប្រជុំអង្គនីតិបញ្ញត្តិរបស់ចិន ធ្វើឡើងកាលពីដើមខែមីនាកន្លងទៅនោះ រដ្ឋាភិបាលដឹកនាំដោយលោក Xi Jinping បានប្រកាសបង្កើនថវិកាលើវិស័យយោធា ៨,១ % ហើយបានអំពាវនាវឲ្យមានការបញ្ចូលគ្នារវាងមន្ត្រីស៊ីវិលនិងមន្ត្រីយោធាកាន់តែច្រើនឡើង ដើម្បីពង្រឹងកងកម្លាំងប្រដាប់អាវុធ។
លោក បន្ថែមថា៖
«លោក Xi Jinping បានថ្លែងយ៉ាងម៉ឺងម៉ាត់និងតឹងរ៉ឹង នៅក្នុងការធ្វើសមាជបក្ស ដូច្នេះខ្ញុំគិតថា ពួកគេត្រូវតែបង្ហាញពីភាពមុតមាំរបស់ពួកគេ។ ច្បាស់ណាស់ពួកគេបានបង្កើនសន្ទុះនៃការធ្វើសមយុទ្ធយោធានៅក្នុងតំបន់»៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា