ការកាន់ដំណែងគ្មានកំណត់ពេលសម្រាប់ប្រធានាធិបតីចិន លោកស៊ី ជីងពីងនឹងផ្តល់ឲ្យប្រទេសចិននូវពេលវេលាកាន់តែច្រើនឡើងដើម្បីព្យាយាមស្វះស្វែងរកមធ្យោបាយថ្មីបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងដែលនៅទីនោះមនុស្សជាច្រើនចូលចិត្តស្វ័យភាពជាង នេះតាមការបញ្ជាក់របស់ពួកអ្នកជំនាញ។
សាខានីតិប្រតិបត្តិរបស់ចិនដែលហៅថា សមាជជាតិរបស់ប្រជាជនបានបញ្ជាក់កាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា ប្រធានាធិបតីអាចកាន់អំណាចដែលមានអាណត្តិរយៈពេល៥ឆ្នាំគ្មានពេលកំណត់ដែលខុសកាលពីពេលមុនមានតែ២អាណត្តិតែប៉ុណ្ណោះ។ លទ្ធផលនេះមានន័យថា លោក ស៊ី ដែលឥឡូវនេះមានអាយុ៦៤ឆ្នាំ អាចរក្សាការងារកំពូលស្របច្បាប់អស់មួយជីវិត។
អ្នកវិភាគនិយាយថា មេដឹកនាំរូបនេះដែលបានបន្តសន្យាកាលពីខែតុលាថាស្វះស្វែងរកបង្រួបបង្រួមជាមួយកោះតៃវ៉ាន់នឹងមានពេលវេលាកាន់តែច្រើនឡើងដើម្បីធ្វើការពិសោធន៍មធ្យាបាយខាងយោធានិងការទូតដើម្បីធ្វើឲ្យសម្រេចគោលដៅរបស់លោក។ប្រធានាធិបតីស៊ីបាននិយាយថា បញ្ហាការបង្រួបបង្រួមកោះតៃវ៉ាន់នៅថ្ងៃអនាគតជាមួយចិនដីគោក មិនអាចបន្តទៅឲ្យពួកមេដឹកនាំគណបក្សកុម្មុយនិស្តជំនាន់ក្រោយនៅក្នុងទីក្រុងប៉េកាំងទេ។
លោក Huang Kwei-bo ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យកិច្ចការអន្តរជាតិនៅឯសាកលវិទ្យាល័យជាតិ Chengchi ក្នុងទីក្រុងតៃប៉ឹបាននិយាយថា៖ «ប្រធានាធិបតីស៊ីអាចនឹងមិនជំរុញកោះតៃវ៉ាន់ឲ្យចូលតុចរចាទេ ពីព្រោះលោកមានពេលវេលាកាន់តែច្រើនដើម្បីដោះស្រាយបញ្ហាកោះតៃវ៉ាន់ ប្រសិនបើ លោកមិនជួបប្រទះឥទ្ធិពលពីខាងក្រៅទេនោះ»។
កោះតៃវ៉ាន់និងចិនបានគ្រប់គ្រងដាច់ដោយឡែកពីគ្នាចាប់តាំងពីសង្គ្រាមស៊ីវិលក្នុងទសវត្សរ៍១៩៤០ នៅពេលដែលពួកជាតិនិយមរបស់លោកជាង កៃជៀក បានចាញ់សង្គ្រាមពួកកុម្មុយនិស្តហើយបានបោះទីតាំងថ្មីនៅលើកោះក្បែរតៃវ៉ាន់នោះ។ កោះតៃវ៉ាន់មានលទ្ធិប្រជាធិបតេយ្យក្នុងទសវត្សរ៍១៩៨០ ហើយការស្ទង់មតិ រដ្ឋាភិបាលចាប់តាំងពីឆ្នាំ២០១៥ មកបានប្រាប់ឲ្យដឹងថា ពលរដ្ឋភាគច្រើនបានជំទាស់ប្រឆាំងការបង្រួបបង្រួមជាមួយចិនដីគោកដែលកាន់អំណាចផ្តាច់ការនៅពេលសព្វថ្ងៃនេះ។
ចិនបានទាមទារអធិបតេយ្យភាពលើកោះតៃវ៉ាន់ហើយបានសន្យាបង្រួបបង្រួមជាមួយកោះនេះ ដោយប្រើកម្លាំង ប្រសិនបើចាំបាច់។ ប្រធានាធិបតីស៊ីបាននិយាយកាលពីខែតុលាថា លោកនឹងបន្តស្វែងរកការបង្រួបបង្រួមដោយសន្តិវិធីជាមួយកោះតៃវ៉ាន់តាមគំរូប្រទេសមួយ ប្រព័ន្ធ២ដែលរដ្ឋាភិបាលក្រុងប៉េកាំងបានអនុវត្តចំពោះទីក្រុងហុងកុងចាប់តាំងពីចក្រភពអង់គ្លេសបានប្រគល់ទៅឲ្យចិននៅឆ្នាំ១៩៩៧មក។
លោក Lee Chun-yi សមាជិកសភាខាងគណបក្សកាន់អំណាចនិយាយថា បើ ប្រធានាធិបតីស៊ីកាន់កាប់ការងារកំពូលរយៈពេលយូរ វិធីដោះស្រាយកោះតៃវ៉ាន់របស់លោក ប្រហែលនឹងពង្រីកកាន់តែធំឡើង ក៏ប៉ុន្តែមិនមានការផ្លាស់ប្តូរដុំកំភួនទេ។
លោក Lee និយាយទៀតថា ក្នុងករណីនេះ ការដាក់គំនាបខាងយោធានិងការទូតត្រូវគេរំពឹងកាន់តែខ្លាំងឡើងប្រឆាំងនឹងមេដឹកនាំរបស់កោះតៃវ៉ាន់រួមជាមួយវិធានការទន់ភ្លន់ដើម្បីទាក់ទាញសាធារណជន។ នៅដើមខែនេះ ចិនបានប្រកាសវិធានការចំនួន៣១ដែលធ្វើឲ្យមានភាពងាយស្រួលកាន់តែខ្លាំងឡើងសម្រាប់ជនជាតិតៃវ៉ាន់ធ្វើការងារ សិក្សានិងវិនិយោគទុនក្នុងប្រទេសចិន។
លោកបាននិយាយថា៖ «ខ្ញុំប្រាកដជាគិតថា យើងនឹងមិនឃើញការផ្លាស់ប្តូរច្រើនទេ។ គោលនយោបាយចាស់ជាវិធីមួយនៅដដែល ហើយវិធានការទន់ភ្លន់កាន់តែទន់ឡើង ហើយវិធានការរឹងនឹងកាន់តែរឹងខ្លាំងឡើង»។
មេដឹកនាំចិនមុនៗរួមមានលោកហ៊ូ ជីនតាវ ប្រធានាធិបតីកាន់ដំណែងមុនលោកស៊ី ក៏បានធ្វើការគំរាមកំហែងខាងយោធាដែរហើយបានល្បួងចិត្តពួកអ្នកវិនិ យោគជាតិតៃវ៉ាន់ឲ្យបានទទួលចំណែកការរីកលូតលាស់ដ៏ឆាប់រហ័សនៃសេដ្ឋកិច្ចរបស់ចិនដែលឥឡូវនេះមានតម្លៃ១២លានលានដុល្លារ។
លោកស្រី Joanna Leiប្រធានការិយាល័យប្រតិបត្តិនៃអង្គការស្រាវជ្រាវ Chunghua សតវត្សរ៍ទី២១កោះតៃវ៉ាន់និយាយថា មនុស្សខ្លះនៅកោះតៃវ៉ាន់បានហៅការបញ្ចប់នៃការកម្រិតការកាន់អំណាចរបស់ចិនជាការដើរថយក្រោយនៅពេលដែលការផ្ទេរអំណាចនឹងអនុញ្ញាតិឲ្យមនុស្សថ្មីនិងមតិថ្មីលេចចេញឡើងនៅក្រុងប៉េកាំង។
លោកស្រីបាននិយាយទៀតថា ក៏ប៉ុន្តែ ការកាន់អំណាចរយ:ពេលយូរសម្រាប់ប្រធានាធិបតីស៊ី អាចអនុញ្ញាតិឲ្យរដ្ឋាភិបាលរបស់លោកពន្យឺតជំហាននៃការដាក់គំនាបលើកោះតៃវ៉ាន់។
លោកស្រី Lei និយាយថា៖ «ប្រសិនបើប្រធានាធិបតីស៊ី ត្រូវចុះចេញពីដំណែងនៅឆ្នាំ២០២៣ ដូច្នេះ លោកប្រាកដជាមិនមានពេលវេលានៅសល់ច្រើនទេ ហើយនឹងមានការដាក់គំនាប កាន់តែខ្លាំងឡើងទៅលើបញ្ហាកោះតៃវ៉ាន់ហើយនឹងដំណោះស្រាយរបស់កោះនោះ។ ប្រសិនបើ លោកមិនចាំបាច់ចុះចេញពីដំណែងនៅឆ្នាំ២០២៣ទេ លោកនៅមានពេលវេលាច្រើនទៀត ដូច្នេះ ការណ៍នេះប្រហែលប្រាប់ឲ្យដឹងថា មានការបន្ធូបន្ថយការដាក់គំនាបដោយផ្ទាល់លើការបង្រួបបង្រួមកោះតៃវ៉ាន់តាមរយៈមធ្យោបាយកាន់តែគគ្លើនឡើងឬតាមកម្លាំងយោធា»។
ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen ដែលគាំទ្រដោយគណបក្សដែលគាំទ្រភាពមិនជិតស្និទ្ធគ្នាកាន់តែខ្លាំងរវាងភាគីទាំង២ បានជំទាស់ប្រឆាំងទស្សនៈរបស់រដ្ឋាភិបាលក្រុងប៉េកាំងថា ភាគីទាំង២ជារបស់ចិនតែមួយ។ ភាគីទាំង២មិនបាននិយាយគ្នាជាផ្លូវការចាប់តាំងពីលោកស្រីបានចូលកាន់ដំណែងនៅឆ្នាំ២០១៦មក។
ជាការតបតវិញ ចិនបានកាត់បន្ថយចំនួនទេសចរណ៍ទៅកាន់កោះតៃវ៉ាន់ បញ្ជូនយន្តហោះយោធាចូលក្នុងដែនអាកាសនៅក្បែនោះ ហើយបានរារាំងកោះតៃវ៉ាន់មិនឲ្យចូលរួមក្នុងអង្គការសហប្រជាជាតិ។
លោក Shan Lee ជាអ្នកវិទ្យាសាស្រ្តនយោបាយនៅឯសាកលវិទ្យាល័យ Chang Jung Christian University នៅកោះតៃវ៉ាន់បាននិយាយថា ប្រធានាធិបតីស៊ី ប្រហែលងាកទៅរកដំណោះស្រាយខាងការទូតអំពីបញ្ហាកោះតៃវ៉ាន់ បើលោកមានពេលវេលាច្រើនឡើង។
លោកបាននិយាយទៀតថា៖ «ការណ៍នេះមិនល្អសម្រាប់កោះតៃវ៉ាន់ទេ ពីព្រោះ វាប្រាកដនឹងទាក់ទាញមនុស្សយ៉ាងច្រើនពីកោះតៃវ៉ាន់ ធនធានមនុស្សនិងប្រភពហិរញ្ញវត្ថុ។ មនុស្សជាច្រើននឹងរើទៅកាន់ប្រទេសចិន»។
លោក Bonnie Glaser នាយកគម្រោងឋាមពលចិននៅឯអង្គការស្រាវជ្រាវសម្រាប់មជ្ឈមណ្ឌលការសិក្សាអន្តរជាតិនិងយុទ្ធសាស្រ្តដែលមានទីតាំងក្នុងរដ្ឋធានីវ៉ាស៊ីនតោននិយាយថា រយៈពេលជាង៣-៤ឆ្នាំខាងមុខ រដ្ឋាភិបាលក្រុងប៉េកាំងប្រហែលនឹងបន្តដាក់គំនាបខាងនយោបាយនិងយោធាលើកោះតៃវ៉ាន់។ លោក Glaser បាននិយាយទៀតថា រដ្ឋាភិបាលក្រុងប៉េកាំង ក៏នឹងស្នើផ្តល់ការលើកទឹក ចិត្តដើម្បីជ្រើសរើសក្រុមជនជាតិតៃវ៉ាន់នានាដូចជាពលរដ្ឋក្មេងៗនិងមេដឹកនាំពាណិជ្ជកម្ម ក៏ប៉ុន្តែ នឹងអនុវត្តវិធីដោះស្រាយកាន់តែតឹងតែងឡើង ប្រសិនបើ ការលើកទឹកចិត្តនេះបរាជ័យ។
អ្នកវិភាគជឿថា រដ្ឋាភិបាលនិងពលរដ្ឋកោះតៃវ៉ាន់នឹងរកមធ្យោបាយដោះស្រាយដើម្បីសម្រួលការកាន់អំណាចដ៏យូររបស់ប្រធានាធិបតីស៊ី ជីងពីង។ លោក Shan Lee បាននិយាយទៀតថា៖ «មិនមែនតែរដ្ឋាភិបាលរបស់លោកស្រី Tsai Ing-wen ទេ ក៏ប៉ុន្តែ មនុស្សគ្រប់គ្នាដែលខ្ញុំស្គាល់ មិនដឹងថាតើត្រូវដោះស្រាយបញ្ហានេះយ៉ាងដូចម្តេចទេ»។
ក្រុមប្រឹក្សាកិច្ចការចិនដីគោករបស់រដ្ឋាភិបាលកោះតៃវ៉ាន់បាននិយាយកាលពីថ្ងៃអាទិត្យនៅក្នុងការឆ្លើយតបទៅនឹងការលុបចោលអាណត្តិកាន់អំណាចនៅក្នុងប្រទេសចិននោះថា ខ្លួននឹងឃ្លាំមើលចំណាត់បន្ទាប់ទៀតរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
ក្រុមប្រឹក្សាកិច្ចការចិនដីគោករបស់កោះតៃវ៉ាន់នោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលសំដៅដល់ទំនាក់ទំនងរវាងចិនដីគោកនិងកោះតៃវ៉ាន់ថា «ចំណងទាក់ទងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ត្រូវការការសង្កេតរយៈពេលយូរអង្វែងនិងទូលំទូលាយ។រដ្ឋាភិ បាលនឹងបន្តយកចិត្តទុកដាក់យ៉ាងជិតដិតបំផុតដល់ការអភិវឌ្ឍនៃការផ្លាស់ប្តូរដែលកើតមានឡើងបន្ទាប់របស់ភាគីម្ខាងទៀតហើយនឹងធ្វើការវាយតម្លៃនិងឆ្លើយតបប្រកបដោយការប្រុងប្រយ័ត្ន»។
សមាជិកសភាកោះតៃវ៉ាន់ Lee Chun-yi បាននិយាយទៀតថា ការបញ្ចប់ការកម្រិតអាណត្តិនៃការកាន់ដំណែងរបស់ប្រធានាធិបតីក្នុងប្រទេសចិន ក៏នឹងធ្វើឲ្យពលរដ្ឋតៃវ៉ាន់ដែលមានការមន្ទិលសង្ស័យរួចហើយនឹកឃើញពីគម្លាតរវាងប្រព័ន្ធនយោបាយនេះ។
កោះតៃវ៉ាន់បានក្លាយជាប្រទេសមានលទ្ធិប្រជាធិបតេយ្យក្នុងទសវត្សរ៍១៩៨០ ហើយពលរដ្ឋបានបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់ដែលអាចកាន់អំណាចត្រឹមតែ៨ឆ្នាំ៕
ប្រែសម្រួលដោយជឹង ប៉ូជីន