លោក Donald Trump ដែលត្រូវសន្មតថានឹងទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋបានប្រកាសថា លោក Mike Pence អភិបាលរដ្ឋ Indiana ជាឥស្សរជនដែលលោកជ្រើសរើសឱ្យធ្វើជាបេក្ខជនអនុប្រធានាធិបតីរបស់លោក។ ការប្រកាសនេះ បញ្ចប់ការនិយាយស្មានៗច្រើនសប្តាហ៍មកហើយនោះ។
លោក Trump បានប្រកាសអំពីការជ្រើសរើសរបស់លោកនៅក្នុងសារមួយតាម Twitter កាលពីព្រឹកថ្ងៃសុក្រ។ Tweet របស់លោក Trump បាននិយាយថា «ខ្ញុំរីករាយដោយប្រកាសថា ខ្ញុំជ្រើសរើសលោកអភិបាលរដ្ឋ Mike Pence ជាបេក្ខជនអនុប្រធានាធិបតីរបស់ខ្ញុំ» ដោយលោកបាននិយាយបន្ថែមថា «ខ្ញុំនឹងធ្វើសន្និសីទកាសែតមួយនៅព្រឹកថ្ងៃសៅរ៍ដើម្បីប្រកាសការជ្រើសរើសនេះជាផ្លូវការ»។
មានការយល់ឃើញថា លោក Pence ជាដៃគូល្អម្នាក់ខាងយុទ្ធសាស្ត្រសម្រាប់លោក Trump។ អភិបាលរដ្ឋអភិរក្សនិយមរូបនេះមានប្រជាប្រិយភាពជាមួយពួកអភិរក្សនិយមខាងសង្គមដែលជាក្រុមអ្នកបោះឆ្នោតសំខាន់មួយសម្រាប់លោក Trump។ លក្ខណៈសម្បត្តិមិនចង់ចេញមុខមាត់របស់លោកក៏មានភាពផ្ទុយស្រឡះពីលក្ខណៈសម្បត្តិរបស់លោក Trump ដែលប្តូរចិត្តឆាប់រហ័សហើយ ជួនកាលមានភាពឆេវឆាវផងដែរ។
លោក Pence ដែលមានអាយុ៥៧ឆ្នាំ បានឈ្នះបេក្ខជនផ្តាច់ព្រ័ត្រពីរនាក់ទៀតគឺលោក Chris Christie អភិបាលរដ្ឋ New Jersey និងលោក Newt Gingrich អតីតប្រធានសភាតំណាងរាស្ត្រអាមេរិកាំង។ សេចក្តីប្រកាសនេះបានបញ្ចប់ការនិយាយស្មានៗដោយបណ្តាញផ្សាយព័ត៌មានជាច្រើនអាទិត្យមកហើយនោះ៕