មិនដល់១០ថ្ងៃមុននឹងឈានដល់មហាសន្និបាតគណបក្សសាធារណរដ្ឋ ដែលលោក Donald Trump ត្រូវបានគេរំពឹងថា នឹងក្លាយជាបេក្ខជនតំណាងឲ្យគណបក្សសាធារណរដ្ឋជាផ្លូវការនោះ លោកបានជួបជាមួយនឹងសមាជិកសភានិងសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ដើម្បីស្វែងរកសាមគ្គីភាពពីគណបក្សនេះ។
ក្រុមបាតុករបានអំពាវនាវឲ្យសមាជិកសភាគណបក្សសាធារណរដ្ឋដែលកំពុងធ្វើដំណើរឆ្ពោះទៅរកការប្រជុំបិទទ្វារមួយ កុំឲ្យលះបង់គោលការណ៍របស់ខ្លួនដើម្បីសាមគ្គីភាពរបស់គណបក្ស។
ប៉ុន្តែវាជាការលំបាកមួយ ក្នុងខណៈពេលដែលគណបក្សសាធារណរដ្ឋកំពុងឆ្ពោះទៅកាន់មហាសន្និបាតដែលពួកគេត្រូវបង្ហាញអំពីគណបក្សរបស់ពួកគេ។
សម្រាប់សមាជិកគណបក្សសាធារណរដ្ឋមួយចំនួន ដែលភាគច្រើនបាននិយាយទៅកាន់លោក Trump ជាលើកដំបូងនៅក្នុងកិច្ចប្រជុំនោះ បានឲ្យដឹងថា កិច្ចប្រជុំនេះគឺទទួលបានជោគជ័យ។
លោក Steve Russel សមាជិកសភាមួយរូបបានថ្លែងថា៖ «ខ្ញុំពិតជាមានការភ្ញាក់ផ្អើល។ ខ្ញុំមិនបានដឹងថា ត្រូវរំពឹងអ្វីនោះទេ ប៉ុន្តែវាជាសារវិជ្ជមានមួយ។ កិច្ចប្រជុំនេះបានជំរុញទឹកចិត្តរបស់ខ្ញុំ»។
លោកសមាជិកសភា David Phil Roe បានថ្លែងថា៖ «លោក Trump ពិតជាសកម្មពិតមែន ហើយនេះគឺជាក្រុមមនុស្សដែលមិនងាយស្រួលចរចាជាមួយនោះទេ។ ខ្ញុំចង់និយាយថា ពួកយើងគឺជាអ្នកនយោបាយដែលពោរពេញទៅដោយបទពិសោធន៍ ដែលកាន់តួនាទីនេះជាអាជីពប្រចាំថ្ងៃ។ លោក Trump បានបង្ហាញចំណាប់អារម្មណ៍ដ៏ល្អ»។
លោក Trump បានបើកកិច្ចប្រជុំដោយការឱបស្វាគមន៍ និងនិយាយកំប្លែងលេងជាមួយលោក Paul Ryan ប្រធានសភា ដែលត្រូវប្រឈមមុខជាមួយសំណួរជាច្រើនអំពីបេក្ខជនតំណាងឲ្យគណបក្សសាធារណរដ្ឋ ចាប់តាំងពីលោកប្រកាសគាំទ្រលោក Trump កាលពីខែឧសភាកន្លងទៅនេះ។
លោក Paul Ryan ដែលជាប្រធានសភាបានថ្លែងថា៖ «ពួកយើងបានផ្លាស់ប្តូរគោលនយោបាយ និងគំនិតជាច្រើនជាមួយគ្នាបានយ៉ាងល្អ»។
លោក Trump ប្រឈមមុខនឹងការរិះគន់សារជាថ្មីទៀតពាក់ព័ន្ធនឹងការបញ្ចេញមតិដ៏ចម្រូងចម្រាសរបស់លោក ហើយសម្រាប់សមាជិកសភាភាគច្រើន ការជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់នៅតែមិនទាន់គ្រប់គ្រាន់ក្នុងការបំបាត់ចម្ងល់របស់ពួកគេនោះទេ។
លោក Charlie Dent សមាជិកសភាបានថ្លែងថា៖ «ពួកយើងបាននិងកំពុងបង្ហាញក្តីបារម្ភរបស់យើងអំពីមតិអុជអាលជាច្រើនរបស់លោក Trump ដែលខ្វះគោល ការណ៍។ គោលការណ៍មួយចំនួនរបស់លោកដែលពួកយើងបានស្តាប់ឮជាញឹកញាប់ តែងមានភាពផ្ទុយស្រឡះ និងមានភាពចម្រូងចម្រាស។ ដូច្នេះ ទាំងនោះហើយគឺជាក្តីបារម្ភរបស់ខ្ញុំពេលដើរចូលទៅក្នុងកិច្ចប្រជុំនោះ ហើយវានៅតែជាក្តីបារម្ភរបស់ខ្ញុំនៅក្នុងពេលឥឡូវនេះផងដែរ»។
លោក Mark Sanford សមាជិកសភាមួយរូបទៀតបានថ្លែងឲ្យដឹងថា៖ «សមាជិកខ្លះនៅតែមានសំណួរ ហើយខ្ញុំគឺស្ថិតក្នុងចំណោមអ្នកទាំងនោះ បើនិយាយអំពីការនិយាយស្តីនោះ»។
កាលពីមុន លោក Peter King ដែលជាសមាជិកសភាមួយរូបបានបង្ហាញចម្ងល់របស់លោកចំពោះលោក Trump ប៉ុន្តែលោកបានថ្លែងថា កិច្ចប្រជុំថ្ងៃព្រហស្បតិ៍កន្លងទៅនេះបានបង្ហាញផលវិជ្ជមានចំពោះលោក Trump៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា