ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​នេសាទ៖​ បទល្មើស​នេសាទ​មិន​អាច​បង្ក្រាប​បាន​ដោយសារ​ការ​ឃុបឃិត​គ្នា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សហគមន៍នេសាទ៖​បទល្មើស​នេសាទ​មិនអាច​បង្ក្រាប​បាន​ដោយសារ​ការឃុបឃិត​គ្នា

សហគមន៍​នេសាទ​មួយ​នៅក្នុង​ខេត្ត​បាត់ដំបង​និយាយ​ថា ​បទល្មើស​នេសាទ​កាន់​តែ​កើនឡើង​ និង​ទំនង​ជា​មិន​អាច​បំបាត់​បាន​ទេ ​ដោយសារ​មាន​ការ​ឃុបឃិត​គ្នា​រវាង​ជនល្មើស​និង​អាជ្ញាធរ​ពាក់ព័ន្ធ។

អ្នក​នេសាទ​ជាច្រើន​នៅ​ក្នុង​ភូមិ​អណ្តែត​ទឹកមួយនៅលើ​ដៃ​បឹង​ទន្លេ​សាប​នេះ ​និយាយ​ថា ពួកគេ​រក​ត្រី​មិន​បាន​ទេ​នៅ​ឆ្នាំ​នេះ។​

លោក​ឡន រឹម​គឺ​ជា​អ្នក​នេសាទ​ម្នាក់​ដែល​ប្រើប្រាស់​លប​ដើម្បី​ចាប់​ត្រី ​នៅ​ក្នុង​ភូមិ​កន្ត្រៃ​ ឃុំ​ព្រៃចាស់​ ស្រុក​ឯក​ភ្នំ​ ខេត្ត​បាត់​ដំបង។​

លោក​ថ្លែង​ថា៖ «មិន​ដឹង​មក​ពី​មូលហេតុ​មក​ពី​អី​ ឆ្នាំ​នេះ​បាត់​ត្រី។​ បើ​ឆ្នាំ​ទៅ​មិញ​មាន​ត្រី​ឡើង​មក​ តែ​ឆ្នាំ​នេះ មិន​ឃើញ​មាន​ត្រី​ឡើង​មក​សោះ»។​

ទោះ​បី​ជា​អ្នក​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ ដូច​ជា​លោក​ឡន រឹម ​មិន​ដឹង​ថា​ ​ហេតុអ្វី​បាន​ជា​ពេលនេះ​មិន​សូវ​សម្បូរ​ត្រី​ក៏​ដោយ ​ក៏​ប្រជាជន​ដូច​ជា​លោក​រឹម រំដួល ​ដែល​មក​ពី​សហគមន៍​នេសាទ​ឃុំ​ព្រែក​ហ្លួង​នៅ​ខ្សែ​ទឹក​ខាង​លើ​ និយាយ​ថា ​ពួក​គេ​ដឹង​ពី​មូលហេតុ​នេះ។​

លោក​រឹម រំដួល​រួម​ជា​មួយ​អ្នក​ភូមិ​ជាច្រើន​នាក់​ទៀត ​បាន​បង្កើត​ក្រុម​ល្បាត​ជា​ប្រចាំ​ ដើម្បី​ឃ្លាំមើល​បទ​ល្មើស​នេសាទ​នៅ​ក្នុង​តំបន់​នេះ។​

លោក​និយាយ​ថា ​គ្រួសារ​ដែល​មាន​លុយ​កាក់ច្រើន​មួយ​ចំនួន​នៅ​ក្នុង​សហគមន៍​ខ្សែ​ទឹក​ខាង​ក្រោម​ បាន​នឹង​កំពុង​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់ ​ដូចជា​ស្បៃមង​ក្រឡា​ល្អិត​ដែល​គេ​តែង​ហៅ​ថា ​ណរ៉ាវ​ ជាដើម ​ដែល​បាន​រាំង​ខ្ទប់​ត្រី​មិន​ឲ្យ​ផ្លាស់​ទីឡើងទៅតាម​ខ្សែ​ទឹក​ខាង​លើ​បាន។​

ដើម្បី​បង្ហាញ​ថា​ ការ​អះអាង​របស់​លោក​គឺ​ជា​ការណ៍​ពិត​នោះ ​ក្រុម​របស់​លោក​បាន​ចែវទូក​បន្ត​ ចុះ​ទៅ​តំបន់​ព្រៃ​លិចទឹក​មួយ​ដែល​នៅមិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភូមិ​របស់​លោក​ឡន រឹម។​

នៅ​ទី​នេះ ​ក្រុម​រប​ស់​លោក​រកឃើញ​ស្បៃ​មង​ក្រឡាល្អិត​ ឬ​ណរ៉ាវ ​ត្រូវគេ​ដាក់​ពង្រាយ​ជាជួរ​ប្រវែង​រាប់​រយ​ម៉ែត្រ។​

«អាដៃ​នេះ ​ពេល​ដែល​ត្រី​ឡើង​ពី​ទន្លេសាប​ ប៉ះ​អានេះ ​វា​មិន​អាច​ទៅ​ណា​បាន​ទេ​ វា​រសៀរៗ​ចូល​ទៅក្នុង​ឡុក។ ​កាល​ណា​ដៃ​បាំង​ច្រើន​យ៉ាង​ដូច្នេះ​ធ្វើ​ឲ្យ​ត្រី​មិន​អាច​ឡើង​ដល់​លើ​បាន​ទេ​ ដូច្នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​នេសាទ​ដែល​រក​ជា​លក្ខណៈ​គ្រួសារ​ ដូចជា​លប មង​ជាដើម។​ អញ្ចឹង​បញ្ហា​ធនធាន​ថយ​ចុះ​គឺ​ដោយ​សារ​ណរ៉ាវ​នេះ»។​

លោក​រឹម រំដួល​បន្ត​ថា ​ការ​ដាក់​ពង្រាយ​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ដែល​មិន​ងាយ​ចល័ត​បាន​បែប​នេះ ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ​បើគ្មាន​ការ​ឃុបឃិត​ណាមួយ​ជាមួយ​អាជ្ញាធរ​ពាក់​ព័ន្ធនោះ។​

«អានេះ ​ប្រហែល​ជា​ទ្រទ្រង់​តូច​ផង ​មិន​ដល់​មធ្យម​ទេ។ ​ បើ​ទ្រង់ទ្រាយ​ធំ ​អាច​ដល់​២​ទៅ​៣​គីឡូម៉ែត្រ ​ហើយ​ត្រូវ​ចំណាយ​លុយ​ច្រើន​ដល់​រាប់​ម៉ឺន​ដុល្លារ​ឯណោះ។​ អញ្ចឹង​ខ្ញុំ​គិត​ថា​ បើសិន​ជា​គ្មាន​ការ​ត្រូវ​រ៉ូវ​គ្នា​ទេ​ វា​មិន​ហ៊ាន​យក​លុយ​រាប់​ម៉ឺន​ដុល្លារ​ទៅ​ចោល​ក្នុង​ព្រៃ​ទេ។​ សំខាន់ណរ៉ាវ​នេះ​អាច​ប្រព្រឹត្ត​ទៅ​បាន ​លុះ​ត្រា​តែ​មាន​ការ​ចរចា​ត្រូវ​រ៉ូវ​គ្នា​ជាមួយអ្នក​ពាក់​ព័ន្ធ​ អាជ្ញាធរ​មួយ​ចំនួន​ហ្នឹង»។

ការ​អះអាង​របស់​លោក​រឹម រំដូល​ហាក់​ដូចជា​មាន​អំណះ​អំណាង​គាំទ្រ។​

អ្នក​ស្រី ​និន សុខា ​ដែល​ជា​ម្ចាស់​ណរ៉ាវ​នេះ ​បាន​ទទួល​ស្គាល់​ទាំង​ទឹក​ភ្នែក​រលីងរលោង​ថា​ អ្នក​ស្រី​ពិត​ជា​ធ្លាប់​បាន​ផ្តល់​ប្រាក់​សំណូក​ដល់​មន្ត្រី​ខ្លះ​មែន ​ដើម្បី​កុំ​ឲ្យ​គេ​បំផ្លាញ​ ឬ​រឹបអូស​យក​ឧបករណ៍​នេសាទ​ខុស​ច្បាប់​របស់​អ្នកស្រី​នេះ។​

«ឆ្នាំ​ទៅ​ម៉ិញ​ ខ្ញុំ​មិន​ស្គាល់​គេ​ទេ។​ គេ​មក​យក​លុយ​ ក៏​ឲ្យ​គេ​ទៅ។ ​គេ​មក​រក​កាប់​ចោល​ដែរ​ហ្នឹង​ តែ​ខ្ញុំ​ចេះ​តែ​លើក​ដៃ​សុំ​គេ​ទៅ។ ​ខ្ញុំ​ឲ្យ​លុយ​គេ​បួន​ ដប់​ម៉ឺន។​ ខ្ញុំ​មិន​សូវ​ស្គាល់​ថា​ គេ​ធ្វើ​អី ​ឬ​នៅ​ខាង​អី​ទេ ​ទាល់​តែ​ប្តី​ខ្ញុំ​បាន​ស្គាល់ ​ព្រោះ​គាត់​ធ្វើ​ជា​ទាហ៊ាន»។​

លោក​រំដួល​និយាយ​ថា​ ក្រុម​របស់​លោក​គ្មាន​សិទ្ធិ​អំណាច​ក្នុង​ការ​ចាប់ខ្លួន​ជនល្មើស​ឬ​រឹបអូស​ឬ​ក៏​បំផ្លាញ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ណាមួយ​ ដោយ​គ្មាន​វត្តមាន​ ឬ​ការ​ផ្តល់​សិទ្ធិ​ឲ្យ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ជលផល​ខេត្ត​ឡើយ។​ ដូច្នេះ​ក្រុម​របស់លោក​អាច​ត្រឹម​តែ​រាយ​កាណ៍​អំពី​ករណី​បទល្មើស​នេសាទ​នេះទៅ​ដល់​ពួក​គេ​តែ​ប៉ុណ្ណោះ។

មន្ត្រី​រដ្ឋបាល​ជលផល​ខេត្ត​បាត់​ដំបង​បាន​បដិសេធ​ថា ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ស៊ី​សំណូក​ណា​មួយ​ទេ ហើយ​និយាយ​ថា ​ពួក​គេ​កំពុង​ជាប់​មមាញឹក​ក្នុង​ការ​ចុះ​បង្រ្កាប​បទល្មើស​នេសាទ​ដែល​កើន​ឡើង​នៅ​ទូទាំង​ខេត្ត។​

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ​លោក​រឹម រំដួល​និយាយ​ថា ​ដើម្បីលុប​បំបាត់​បទល្មើស​នេសាទ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​បាន ​អាជ្ញាធរ​ពាក់ព័ន្ធ​ រួម​ទាំង​សហគមន៍​នេសាទ​ខ្លួន​ឯង​ផ្ទាល់ ​មិនត្រូវ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ​និង​ស៊ី​សំណូក​សូកប៉ាន់​នោះ​ទេ។​

«កាលណា​យើង​ស្រឡាញ់​លុយ​គេ​ហើយ ​អាហ្នឹង​ទៅ​ហើយ!​ ទោះ​បី​ជា​សម្តេច​ខំ​ស្រែក​ម៉ោ​យ៉ាង​ម៉ិច​ក៏​អត់​ទៅ​រួច​ដែរ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG