ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​លុប​ចោល​ឡូតិ៍​នេសាទ​នៅ​ខេត្ត​បួន​ទៀត


អ្នក​នេសាទ​ម្នាក់​បង់សំណាញ់​តាម​ដងទន្លេសាប​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ថ្ងៃទី១៥ សីហា ២០១១។
អ្នក​នេសាទ​ម្នាក់​បង់សំណាញ់​តាម​ដងទន្លេសាប​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ថ្ងៃទី១៥ សីហា ២០១១។

លោក​នាយក​រដ្ឋមន្ដ្រី ​ហ៊ុន ​សែន ​បាន​បង្គាប់​ឲ្យ​រំលាយ​ឡូតិ៍​នេសាទ​នៅ​ក្នុង​ខេត្ត​ចំនួន​បួន​ គឺ​ខេត្ត​កណ្ដាល ​តាកែវ ​ព្រៃវែង ​និង​ខេត្ត​កំពង់ចាម ​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ទន្លេ​មេគង្គ​ ហើយ​សេចក្ដី​សម្រេច​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១០​ ខែ​មេសា ​ខាង​មុខ។

នៅ​ក្នុង​អនុក្រិត្យ​ដែល​ចុះហត្ថលេខា​កាល​ពី​ថ្ងៃ​ច័ន្ទ​ ហើយ​ត្រូវ​បាន​គេ​ចែកចាយ​យ៉ាង​ទូលំទូលាយ​ដល់​បណ្ដាញ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ លោក ​ហ៊ុន ​សែន ​បាន​បញ្ជាក់​ថា ​ការលុប​បំបាត់​ឡូតិ៍​នេសាទ​ជា​លក្ខណៈ​អាជីវកម្ម​នេះ ​គឺ​ដើម្បី​ប្រគល់​លទ្ធភាព​ជូន​ប្រជា​ពលរដ្ឋ​កម្ពុជា​ ដែល​រស់នៅ​តាម​តំបន់​ក្នុង​ខេត្ត​ទាំង​នោះ​ក្នុង​ការ​ប្រកប​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ និង​សម្រាប់​ជា​ការ​អភិរក្ស​ធនធាន​ត្រី​ផង​ដែរ។
សេចក្ដី​សម្រេច​ជា​លាយលក្ខណ៍​អក្សរ​នេះ​ធ្វើ​ឡើង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ ​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ដ្រី ​ហ៊ុន ​សែន ​បាន​ដាក់​បញ្ជា​ដោយ​ផ្ទាល់មាត់​ឲ្យ​លុប​បំបាត់​ឡូតិ៍​នេសាទ​ចំនួន​ ៣៥ ​នៅ​ក្នុង​បឹង​ទន្លេសាប​ដែល​លោក​បាន​ហៅ​ថា ​ឡូតិ៍​នេសាទ​ទាំង​នោះ​បាន​បង្ក​ឲ្យ​មាន​ការ​រំលោភ​បំពាន​ដល់​សិទ្ធិ​សេរីភាព​របស់​ក្រុម​ប្រជាពលរដ្ឋ​ក្រីក្រ។

អនុក្រិត្យ​ដែល​ចែង​ជា​ប្រាំបី​មាត្រា ​បាន​ហាមប្រាម​មិន​ឲ្យ​មាន​ការ​លក់ដូរ ​ឬ​ជួល​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​ផ្ដាច់មុខ​លើ​ដែន​នេសាទ​ដែល​អនុគ្រោះ​ដល់​ប្រជា​ពលរដ្ឋ ​និង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើ​អំណាច​សម្រាប់​វាតទី​លើ​ដែនទឹក​ទាំង​នោះ​ទេ។​ ក៏ប៉ុន្ដែ​អនុក្រិត្យ​នឹង​មិន​គ្របដណ្ដប់​អនុភាព​លើ​ដាយត្រី ​ដាយបង្កង ​និង​ដាយត្រី​លេញ​ទេ។

លោក ​ណៅ ​ធួក ​ប្រធាន​រដ្ឋបាល​ជលផល​មិន​អាច​ធ្វើ​ទំនាក់​ទំនង​សម្រាប់​ការ​បំភ្លឺ​បន្ថែម​បាន​នោះ​ទេ​ ដោយសារ​តែ​លោក​អះអាង​ថា ​លោក​ជាប់​រវល់។ ​ដូច​គ្នា​នេះ​ដែរ​លោក ​ចាន់ ​សារុន ​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម​មិន​អាច​ទាក់ទង​បាន​ទេ​ ដោយសារ​តែ​ទូរស័ព្ទ​របស់​លោក​រោទ៍​ដោយ​គ្មាន​អ្នក​ទទួល។

យ៉ាងណា​ក៏ដោយ​លោក ​ចាន់ ​រដ្ឋា ​ប្រធាន​កម្មវិធី​របស់​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល ​បាន​សង្ឃឹម​ពី​ផលវិជ្ជមាន​ជា​ច្រើន​សម្រាប់​ប្រជា​ពលរដ្ឋ​ក្រីក្រ។

«មាន​ន័យ​ថា ​ទីមួយ​ធ្វើ​ឲ្យ​ផលត្រី​ធម្មជាតិ​កើន​ឡើង​ និង​ធ្វើ​ឲ្យ​ជីវភាព​ប្រជា​ពលរដ្ឋ​ល្អ​ប្រសើរ។ ​ទីពីរ​ជម្លោះ​ដែន​នេសាទ​រវាង​អ្នក​នេសាទ​ខ្នាត​តូច​ជាមួយ​នឹង​ម្ចាស់​ឡូតិ៍​ដែល​យើង​ធ្លាប់​ឮ​កើត​មាន​ក្នុង​តំបន់​ទន្លេសាប​ឬ​ទន្លេ​មេគង្គ​នឹង​ត្រូវ​បាន​ដោះស្រាយ។ ​ពោល​គឺ​បង្កើន​ផលត្រី​ធម្មជាតិ​នៅ​ក្នុង​បឹង​ទន្លេសាប​ផង​និង​នៅ​ក្នុង​ទន្លេ​មេគង្គ​ផង»។

លោក ​ចាន់ ​រដ្ឋា ​បញ្ជាក់​ថា ​អាច​មាន​ឡូតិ៍​នេសាទ​ចំនួន​បួន​កំពុង​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ ខេត្ត​កណ្ដាល ​តាកែវ ​និង​ព្រៃវែង​នេះ។

មាន​ការ​លើក​ឡើង​ជា​ច្រើន​ក្នុង​ពេល​កន្លងមក​ពី​ការ​ហិចហោច​ពូជត្រី​ទឹកសាប​របស់​ប្រទេស​កម្ពុជា​ដោយសារ​ការ​នេសាទ​ខុស​ច្បាប់ ​និង​ដោយសារ​កា​រខ្វះខាត​ក្នុង​ការ​ត្រួតពិនិត្យ​ដិតដល់​លើ​ការ​ប្រើប្រាស់​ឧបករណ៍​និង​ការ​ចម្រាញ់​យក​ផលត្រី​របស់​ម្ចាស់​ឡូតិ៍​នេសាទ។

កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​លោក​នាយក​រដ្ឋមន្ដ្រី ​ហ៊ុន ​សែន ​ចាត់​ទុក​ថា ​ចំណូល​ពី​ការ​យកពន្ធ​លើ​ឡូតិ៍​នេសាទ​គឺ​ជា​ផ្នែក​មួយ​ដ៏​តិចតួច​បំផុត​សម្រាប់​ចំណូល​ថវិកា​រដ្ឋ។

លោក ​សុន ​ឆ័យ ​តំណាងរាស្ដ្រ​គណបក្ស​សម ​រង្ស៊ី ​បាន​ហៅ​ការ​សម្រេច​ចិត្ត​លុប​ឡូតិ៍​នេសាទ​របស់​រដ្ឋាភិបាល​នោះ​ថា ​គឺ​ជា​ការ​ស្វែង​រក​ការ​ចាប់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ខែ​មិថុនា ​ឆ្នាំ​នេះ។

ទាំង​លោក ​សុន ​ឆ័យ ​ទាំង​លោក ​ចាន់​ រដ្ឋា​ នៅ​តែ​សង្ស័យ​នៅ​ឡើយ​ពី​ប្រសិទ្ធភាព​នៃ​ការ​សម្រេច​លុបបំបាត់​ឡូតិ៍​នេសាទ​ឯកជន​នេះ៕

XS
SM
MD
LG