ខេត្តមណ្ឌលគីរី —
មន្ត្រីសង្គមស៊ីវិលនៅថ្ងៃពុធនេះបានជំរុញឱ្យតំណាងគណបក្សធំៗបង្ហាញពីគោលនយោបាយដោះស្រាយវិបត្តិដីធ្លីនិងបរិស្ថានក្នុងសហគមន៍របស់ជនជាតិដើមភាគតិច។
ថ្លែងក្នុងវេទិកាសាធារណៈស្តីពីទស្សនៈគណបក្សនយោបាយអំពីបរិស្ថាននិងដីធ្លីក្នុងទីរួមខេត្តមណ្ឌលគីរីលោកឈិត សំអាត នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា(Ngo Forum) បានលើកឡើងថា ពលរដ្ឋជនជាតិដើមភាគតិចជាភាគីដែលកំពុងតែរងគ្រោះផ្នែកដីធ្លីនិងផ្នែកបរិស្ថានខ្លាំងជាងគេ ព្រោះថាតំបន់ដែលពួកគេរស់នៅគឺជាតំបន់ស្នូលនៃការផ្តល់ដីសម្បទានសេដ្ឋកិច្ច ការកាប់បំផ្លាញព្រៃឈើ និងការសាងសង់ទំនប់។
លោកបន្ថែមថា មកដល់ពេលនេះទើបតែមានសហគមន៍ជនជាតិដើមភាគតិច៧សហគមន៍ប៉ុណ្ណោះ ដែលបានទទួលកម្មសិទ្ធិដីសមូហភាព ក្នុងទំហំដីតិចជាងមួយម៉ឺនហិចតា។
គាត់និយាយថា៖ «ខេត្តមណ្ឌលគីរី រតនគីរីក្រចេះ ស្ទឹងត្រែង និងព្រះវិហារជាតំបន់ដែលមានជាតិដើមភាគតិចរស់នៅច្រើនជាងគេ ហើយជាតំបន់ដែលមានសក្តានុពលខ្លាំងលើធនធានធម្មជាតិ រ៉ែ ការអភិវឌ្ឍទំនប់វារីអគ្គិសនី និងការផ្តល់ដីសម្បទានសេដ្ឋកិច្ច ដែលចូលរួមចំណែកអភិវឌ្ឍជាតិយ៉ាងខ្លាំងក្លា។ ទន្ទឹមនឹងនេះ បញ្ហាជាច្រើនបានកើតឡើងក្នុងតំបន់អភិវឌ្ឍ ដូចជាការបាត់បង់ព្រៃឈើ ជាពិសេសក្នុងតំបន់ព្រៃឡង់ ការផ្លាស់ប្តូរទីលំនៅ វិវាទដីធ្លីរវាងសហគមន៍ជនជាតិដើមភាគតិចនិងក្រុមហ៊ុន»។
មានប្រជាពលរដ្ឋជាង១០០នាក់បានចូលរួមក្នុងវេទិកានេះ។ ភាគច្រើននៃអ្នកចូលរួមគឺជាជនជាតិដើមភាគតិច ដូចជាជនជាតិព្នង គួយ ចារាយ និងគ្រឹងមកពីខេត្តមណ្ឌលគីរីរតនគីរីស្ទឹងត្រែង ក្រចេះ និងព្រះវិហារដែលភាគច្រើនគឺជាអ្នករងគ្រោះដោយសារបញ្ហាដីធ្លី។
អ្នកចូលរួមបានលើកឡើងពីបញ្ហាប្រឈមជាច្រើនរបស់ពួកគេប្រាប់អ្នកតំណាងគណបក្សនយោបាយ រួមមាន ការបាត់បង់កម្មសិទ្ធិដីធ្លីនិងមុខរបរ ដោយសារការផ្តល់សម្បទានដីសេដ្ឋកិច្ច និងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ជាដើម។
ពលរដ្ឋជនជាតិគួយម្នាក់ ដោយសុំមិនបញ្ចេញឈ្មោះមកពីខេត្តស្ទឹងត្រែងបានរៀបរាប់ពីការកាប់បំផ្លាញព្រៃឈើយ៉ាងអាណាធិបតេយ្យក្នុងសហគមន៍របស់ខ្លួនក្នុងវេទិកានេះ។
គាត់និយាយថា៖ «កន្លងមកមិនមានការទប់ស្កាត់បទល្មើសទេ មានតែបន្ធូរឱ្យបទល្មើសនឹងចូលរានដីព្រៃ។ សព្វថ្ងៃក្នុងតំបន់ព្រៃឡង់គឺធំធេងមែនទែន ដែលដឹកឈើទាំងយប់ទាំងថ្ងៃ ៤ទៅ៥កុងតឺណឺក្នុងមួយថ្ងៃ។ រីឯពលរដ្ឋ គាត់ដឹកឈើពីរបីដុំ សមត្ថកិច្ចនាំគ្នាមើល ចាប់គាត់។ ប៉ុន្តែគេដឹកទាំងឡានៗ អត់មានសមត្ថកិច្ចណាបើកភ្នែកមើលសោះ»។
មានតែតំណាងគណបក្សពីរទេដែលបានចូលរួមក្នុងវេទិកានេះគឺគណបក្សសង្គ្រោះជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ ដោយឡែកពុំមានអ្នកតំណាងមកពីគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច មកចូលរួមនោះទេ ដោយមន្ត្រីតំណាងម្នាក់បានប្រាប់ថា ជាប់រវល់។ ប៉ុន្តែមានតំណាងមកពីថ្នាក់ដឹកនាំខេត្តជំនួសវិញ។
លោកសុន ឆ័យ អ្នកតំណាងមកពីគណបក្សសង្គ្រោះជាតិ យល់ស្របពីការលើកឡើងរបស់ពលរដ្ឋក្នុងវេទិកានេះ។
លោកនិយាយថា៖ «ខ្ញុំមានការរីករាយណាស់ដែលបានស្តាប់ផ្ទាល់ពីអ្វីដែលពលរដ្ឋបានលើកឡើង ពីព្រោះលោកជួបប្រទះរឿងហ្នឹងរាល់ថ្ងៃជាក់ស្តែង ហើយមានការឈឺចាប់ណាស់ ព្រោះពួកគាត់ខំការពារព្រៃឈើយ៉ាងលំបាក ហើយអាជ្ញាធរមិនយកចិត្តទុកដាក់ មានតែការដោះសារ ហើយអ្នកដែលកាប់បំផ្លាញព្រៃឈើហ្នឹងហាក់ដូចជាមានអ្នកការពារពីក្រោយខ្នងថែមទៀត»។លោកសុន ឆ័យ បន្ថែមថាដើម្បីដោះស្រាយបញ្ហានេះ គណបក្សលោកមានគោល នយោបាយពង្រឹងការអនុវត្តច្បាប់ព្រៃឈើ ដំឡើងប្រាក់បៀរវត្សមន្ត្រីរាជការ និងសើរើគម្រោងដីសម្បទានសេដ្ឋកិច្ចឡើងវិញ។
លោកឈឹម សាខន អ្នកតំណាងគណបក្សហ៊្វុនស៊ិនប៉ិច ក៏បង្ហាញពីការគាំទ្រដល់ការលើកឡើងរបស់ប្រជាពលរដ្ឋផងដែរ ហើយប្រសិនបើឈ្នះឆ្នោត គណបក្សលោកនឹងផ្តោតលើការពង្រឹងប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ដើម្បីដោះស្រាយបញ្ហានេះ។
លោកស្វាយ សំអ៊ាង អភិបាលរងខេត្តមណ្ឌលគីរី ក៏បានទទួលស្គាល់ថា ពិតជាមានការកាប់ឈើខុសច្បាប់ ដូចពលរដ្ឋលើកឡើងមែន ប៉ុន្តែវាក៏ទាមទារឱ្យមានការចូលរួមពីពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
លោកនិយាយថា៖ «បើពលរដ្ឋមូលដ្ឋាននៅទីនោះ មិនរាយការណ៍មកដល់សមត្ថកិច្ច អាជ្ញាធរមូលដ្ឋានទេ ថាតើការទប់ស្កាត់ហ្នឹង វាគ្រប់ច្រកល្ហក ឬអត់ គឺវាអត់ទេ។ ទប់ស្កាត់ថ្ងៃ លួចកាប់យប់។ យើងទៅយប់ វាលួចកាប់ថ្ងៃ។ អញ្ចឹងត្រូវមានការចូលរួមទាំងអស់គ្នាពីប្រជាពលរដ្ឋ»។
ពលរដ្ឋថ្លែងថា ពួកគេបានរាយការណ៍ពីបទល្មើសទាំងនោះជូនដល់អាជ្ញាធរហើយ ប៉ុន្តែមិនមានប្រសិទ្ធិភាព ហើយពេលខ្លះមានការគំរាមពីក្រុមហ៊ុន និងអាជ្ញាធរទៀតផង។
សព្វថ្ងៃនេះមានជនជាតិដើមភាគតិចចំនួនប្រហែល២០ជនជាតិ ដូចជាព្នង ចារាយ គ្រឹង និងទំពួនជាដើម ដែលភាគច្រើនរស់នៅភាគឦសាន្ត ដូចជា ខេត្តមណ្ឌលគីរី រតនគីរី ក្រចេះ និងស្ទឹងត្រែង ហើយប្រកបរបរកសិកម្មបែបប្រពៃណីនិងអាស្រ័យអនុផលព្រៃឈើ។
វេទិកានេះធ្វើឡើងស្របពេលដែលការបោះឆ្នោតថ្នាក់ជាតិនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ដែលមានគណបក្សចំនួន៨ចូលរួមប្រកួតប្រជែង។
អ្នកចូលរួមដែលភាគច្រើនជាជនជាតិដើមភាគតិចបានបង្ហាញគោលជំហរដូចៗគ្នាថា ពួកគេនឹងបោះឆ្នោតឱ្យគណបក្សណាដែលមានឆន្ទៈក្នុងការដោះស្រាយបញ្ហាដីធ្លីនិងបរិស្ថានជូនពួកគេ៕