មន្ត្រីយោធាជាន់ខ្ពស់កម្ពុជាមួយរូបបានថ្លែងនៅថ្ងៃសុក្រនេះថា ការឡើងតំណែងរបស់លោកហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមិនបង្កស្ថានភាពរំជើបរំជួលក្នុងជួរកងទ័ពកម្ពុជានោះទេ ដោយសារតែការឡើងតំណែងនេះ ត្រូវបានធ្វើឡើង ដោយយោងទៅតាមស្នាដៃក្នុងការការពារប្រជាជន និងប្រទេសជាតិ។
ព្រះមហាក្សត្រព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានតែងតាំងឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត ជាមេបញ្ជាការកងទ័ពជើងគោកកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ជំនួសនាយឧត្តមសេនីយ៍ មាស សុភា ដែលត្រូវបានតែងតាំងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។ លោកហ៊ុន ម៉ាណែត ក៏ជាអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គភាពប្រឆាំងអំពើភេរវកម្ម។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់ VOA ថា ការដំឡើងឋានន្តរស័ក្តិរបស់លោកហ៊ុន ម៉ាណែត ជាមេបញ្ជាការកងទ័ពជើងគោកនេះ បានធ្វើឡើង ដោយផ្អែកលើបទពិសោធន៍ការងារ និងសមត្ថភាពក្នុងកិច្ចការពារប្រទេស ដូច្នេះ ការដំឡើងតំណែងរបស់លោក ហ៊ុន ម៉ាណែត នឹងមិនធ្វើឲ្យកងទ័ពអាក់អន់ស្រពន់ចិត្តនោះឡើយ។
លោកមានប្រសាសន៍បន្ថែមថា៖
«កងទ័ពមានលក្ខណៈពិសេស ក្នុងការចាត់តាំងរបស់គេ បានន័យថា កន្លងមកគឺថា ពិនិត្យលើលក្ខណៈសម្បត្តិ បទពិសោធន៍ការងារ សមត្ថភាពហ្នឹង រដ្ឋមន្ត្រី គាត់ស្នើចាត់តាំងឡើងឋានៈទៅ ទៅតាមឋានានុក្រម បានន័យថា រដ្ឋមន្ត្រីស្នើទៅ នាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីស្នើទៅព្រះមហាក្សត្រ ទៅតាមឋាននុក្រមអីចឹងការណ៍ដែលចាត់តាំង នាយទាហានណាមួយក្នុងកងទ័ព»។
លោក ហ៊ុន ម៉ាណែត ត្រូវបានមជ្ឈដ្ឋាននានាមើលឃើញថា កំពុងទទួលការបណ្តុះបណ្តាលដើម្បីនឹងបន្តតំណែងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សាពីសាលាបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៩ ហើយលោកបានទទួលសញ្ញាប័ត្របណ្ឌិតខាងសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេសក្នុងឆ្នាំ២០០៧។
ការណ៍នេះបង្ហាញលក្ខណៈខុសគ្នាពីឪពុកដែលកាន់តំណែងជាង៣០ឆ្នាំ ប៉ុន្តែទទួលបានការសិក្សាតិចតួច ហើយទទួលបានការគាំទ្រពីប្រទេសវៀតណាម មុនពេលលោកឡើងកាន់តំណែង។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍន៍សង្គម មានប្រសាសន៍ថា ការដំឡើងតំណែងលោក ហ៊ុន ម៉ាណែត នេះ គឺជាច្រកមួយ ដែលនឹងបើកផ្លូវឲ្យកូនប្រុសច្បងរបស់លោក ហ៊ុន សែន រូបនេះ អាចឈានទៅរកតំណែងខ្ពស់ជាងនេះនៅក្នុងជួរកងទ័ពកម្ពុជា។ លោកសុំមិនធ្វើអត្ថាធិប្បាយបន្ថែមទៀត ចំពោះស្ថានភាពរបស់កងទ័ព នៅពេលលោក ហ៊ុន ម៉ាណែត ត្រូវបានបន្ថែមតួនាទីថ្មីលើតួនាទីបច្ចុប្បន្ន ដោយហេតុតែវិស័យកងទ័ព ជាបញ្ហារសើបមួយរបស់កម្ពុជា។
«ការរុះរើនេះ វាជាផ្នែកមួយ ដែលមិនជាការភា្ញក់ផ្អើលអីសម្រាប់ខ្ញុំ ហើយដូចជាតំណែងរបស់ឯកឧត្តមហ៊ុន ម៉ាណែត អីហ្នឹង គ្រាន់តែឃើញថា វានឹងអាច រសៀទៅរកការកាន់តំណែងខ្ពស់ជាងហ្នឹងទៀតនៅក្នុងកងយោធា។ ក៏ប៉ុន្តែបើសមត្ថភាពរបស់ឯកឧត្តមហ៊ុន ម៉ាណែត គាត់ទៅកាន់តំណែងនោះ ក៏វាមិនមានបញ្ហាអីសម្រាប់នៅក្នុងសមត្ថភាពរបស់កងទ័ពប៉ុន្មានទេ»។
ព្រះមហាក្សត្រខ្មែរក៏បានតែងតាំងឧត្តមសេនីយ៍ឯក វង្ស ពិសេន ជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទផងដែរ ដើម្បីជំនួសនាយឧត្តមសេនីយ៍ ប៉ុល សារឿន ដែលបានជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ។ លោកវង្ស ពិសេនក៏ត្រូវបានដំឡើងឋានន្តរស័ក្តិ ជានាយឧត្តមសេនីយ៍ផងដែរ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ត្រូវបានតែងតាំងជានាយសេនាធិការចំរុះនៃកងយោធពលខេមរភូមិន្ទ ជំនួសនាយឧត្តមសេនីយ៍ គន់ គីម ដែលបានជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ។
នាយឧត្តមសេនីយ៍ឈុំ សុជាតិ ដែលទើបតែត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួងការពារជាតិផងនោះ មានប្រសាសន៍បន្ថែមថា ការតែងតាំងនាយឧត្តមសេនីយ៍វង្ស ពិសេន ក៏ត្រូវបានធ្វើឡើង ដោយផ្អែកលើបទពិសោធន៍ និងស្នាដៃការងាររបស់មន្ត្រីការពារជាតិកំពូលរូបនេះផងដែរ។
«ដូចខ្ញុំជម្រាបជូនហ្នឹង មា្នក់ៗសុទ្ធតែមានបទពិសោធន៍ក្នុងការងារប្រយុទ្ធដឹកនាំ បញ្ជា កងកម្លាំងប្រដាប់អាវុធកន្លងមក សុទ្ធមានដូចថា ការតស៊ូ យ៉ាងតិចណាស់ក៏៣០ប្លាយឆ្នាំដែរ ពី៧៩មកម្នាក់ៗ ហើយឯកឧត្តមវង្ស ពិសេន ហ្នឹង គាត់ក៏ជា មេបញ្ជាការ គ្រប់ជាន់ថ្នាក់។ កន្លងមក គាត់មានបទពិសោធន៍ច្រើនក្នុងការតស៊ូ តាំងពី៧៩មក អីចឹងម្នាក់ជិត៤០ឆ្នាំហើយ បទពិសោធន៍នៃការងារណ៎ា! »។
ការរុះរើក្បាលម៉ាស៊ីនកងទ័ពកម្ពុជាមួយផ្នែកធំនេះកើតមានឡើង ក្រោយការចេញរបាយការណ៍មួយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) មានចំណងជើងថា «ឧត្តមសេនីយ៍ទុច្ចរិត១២នាក់របស់កម្ពុជា»។ របាយការណ៍នេះ បានឲ្យដឹងថា មានមន្ត្រីយោធា និងនគរបាលសរុប១២រូប បានបង្កើតនូវអ្វីដែលហៅថា «បែបផែននៃកងអង្គរក្សស្ម័គ្រស្លាប់» ឬមានភក្តីភាពចំពោះ និងសម្រាប់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន»។
របាយការណ៍បានចោទប្រកាន់ថា ឧត្តមសេនីយ៍ទាំងនោះ បានកាន់តួនាទីនាំមុខនៅក្នុងរាល់ទម្រង់ធំៗនៃអំពើហិង្សាខាងនយោបាយ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជាថ្មីៗនេះ។ ក្នុងនោះ មានយុទ្ធនាការបោះឆ្នោតកាប់សម្លាប់ក្នុងឆ្នាំ១៩៩៣ ការវាយប្រហារដោយគ្រាប់បែកដៃនៅឆ្នាំ១៩៩៧ លើការប្រមូលផ្តុំរបស់ក្រុមជំទាស់ និងការវាយយកអំណាចយោធាយ៉ាងហិង្សារបស់លោក ហ៊ុន សែន នាពេលក្រោយមកទៀត នៅក្នុងឆ្នាំនោះ និងការសម្លាប់ខាងនយោបាយជាច្រើន ដែលបានកើតឡើង ជាបន្តបន្ទាប់មក។
ក្នុងចំណោមឧត្តមសេនីយ៍ទាំង១២រូបនោះ មាននាយឧត្តមសេនីយ៍ ប៉ុល សារឿន និងអតីតមន្ត្រីក្រោមបង្គាប់លោក ប៉ុល សារឿន គឺនាយឧត្តមសេនីយ៍ គន់ គីម ដែលអ្នកទាំងពីរបានលាលែងពីកងទ័ពដើម្បីឈរឈ្មោះបោះឆ្នោតសភាកាលពីខែកក្កដាកន្លងទៅ៕