លោក ហ៊ុន មាណែត កូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីខ្មែរ នៅសប្តាហ៍នេះ បានថ្លែងកោតសរសើរពីវីរភាពរបស់ឪពុកខ្លួន យុទ្ធជនកម្ពុជានិងគុណតម្លៃថ្ងៃ៧មករា ព្រមទាំងស្នាដៃអភិវឌ្ឍន៍នានានៅក្នុងប្រទេសកម្ពុជា។ មេបញ្ជាការវ័យក្មេងរូបនេះក៏បានអំពាវនាវឱ្យកងទ័ពខ្មែរនិងពលរដ្ឋកម្ពុជាថែរក្សានូវគុណតម្លៃ រួមទាំងសុខសន្តិភាពផងដែរ។
ការថ្លែងដូច្នេះរបស់លោក ហ៊ុន មាណែត ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីការតាំងពិព័រណ៍សព្វាវុធរបស់កងយោធពលខេមរភូមិន្ទ និងការចាប់ផ្តើមការប្រកួតកីឡាកងទ័ពក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍។
ឆ្លើយនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មានទាក់ទិននឹងវីដេអូឯកសារស្តីពីការរំដោះនៅថ្ងៃ៧មករា លោកហ៊ុន មាណែត ថ្លែងរំឭកពីស្នាដៃនិងវីរភាពរបស់កងទ័ពខ្មែរក្នុងការតស៊ូរំដោះពលរដ្ឋខ្មែរ ដែលដឹកនាំដោយឪពុករបស់លោក ហើយត្រូវបានបង្ហាញតាមខ្សែវីដេអូឯកសារស្តីពី «ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ» ដែលផលិតដោយរដ្ឋាភិបាលក្រុងភ្នំពេញ។
កូនប្រុសច្បងរបស់លោក ហ៊ុន សែន បានបន្ថែមថា៖
«ទីពីរ គឺឱ្យយើងយល់ថា តើសមិទ្ធផល ដែលយើងមានរាល់ថ្ងៃនេះ ដែលបងប្អូននៅទីនេះ ឈរនៅទីនេះ សារព័ត៌មានមានសិទ្ធិសេរីភាព នៅក្នុងការធ្វើសកម្មភាព តាមអាជីពរបស់ខ្លួន តាមជំនាញរបស់ខ្លួន។ យើងរួមគ្នានៅថ្ងៃនេះ គឺដោយសារការលះបង់ ហ្នឹងគឺដើម្បីសុខសន្តិភាព និងតម្លៃនៃសុខសន្តិភាព ហើយទំរាំបានដូចពេលនេះ តើវាលំបាកប៉ុណ្ណា? ត្រូវឆ្លងឆ្លងកាត់ការលះបង់ប៉ុណ្ណា។ អីចឹងដើម្បីឱ្យកងយុទ្ធពលខេរមភូមិន្ទរបស់យើងនាយទានហ៊ាននាយទាហានរង ជាពិសេសនាយនាយទានហាន នាយទាហានរងជំនាន់ថ្មីត្រូវចងចាំនិងការពារឱ្យបាននូវតម្លៃនៃសុខសន្តិភាព និងការពារឱ្យបាននូវសុខសន្តិភាពដែលទទួលបានដោយការលំបាកនឹងលះបង់ជាច្រើនដោយថ្នាក់ដឹកនាំយើង និងវីរជនរបស់យើង»។
ខ្សែវីដេអូរឯកសារស្តីពី «ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ» ដែលមានរយៈពេល៩០នាទីត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកដែលស្និទនិងរដ្ឋាភិបាល ព្រមទាំងតាមប្រព័ន្ធ Internet ផងដែរកាលពីដើមខែមករាកន្លងទៅគឺនៅមុនខួបនៃថ្ងៃរំដោះ៧មករា។ ខ្សែភាពយន្តឯកសារដែលបានផលិតដោយ ទីស្តីការគណៈរដ្ឋមន្ត្រី បាននិទានពីដំណើររឿងរបស់លោក ហ៊ុន សែន ចាប់តាំងពីការរត់ភៀសខ្លួននៅក្នុងឆ្នាំ១៩៧៨ សុំជំនួយពីប្រទេសវៀតណាម និងការតស៊ូនានាក្នុងការករសាងកម្លាំងទ័ព្ធ ដើម្បីវាយកម្ទេសក្រុមខ្មែរក្រហម។
ថ្ងៃ៧មករា ត្រូវបានប្រារព្វធ្វើជារៀងរាល់ឆ្នាំដោយបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ដោយរំឮកពីជ័យជំនះរបស់ក្រុមខ្លួនលើពួកអាវខ្មៅខ្មែរក្រហម។ ខណៈការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៨ ខិតជិតមកដល់ ទិវាជ័យជំនះ ៧មករាឆ្នាំត្រូវបានធ្វើឡើងធំជាងរាល់ឆ្នាំដោយមានការចូលរួមពីយុវជននិងអ្នកគាំទ្របក្សកាន់អំណាចជាច្រើនពាន់នាក់។
ទោះយ៉ាងណាក៏ដោយ លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងដែលនិរទ្ទេសខ្លួននៅក្រៅប្រទេសបានសរសេរក្នុងទំព័រហ្វេសប៊ុករបស់ខ្លូនកាលពីសប្តាហ៍មុនដោយចាត់ទុកថ្ងៃ៧មករានេះថា ជា «ឆាកលោ្ខន» ដែលវៀតណាមរៀបចំលេបយកទឹកដីកម្ពុជា។ លោក សម រង្ស៊ី បានកបស្រាយថាបើគ្មានការគាំទ្រពីបក្សកុម្មុយនីស្តវៀតណាមក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ នោះទេ ក៏គ្មានរបបខ្មែរក្រហមនោះដែរ។
លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេសគេចពីបណ្តឹងជាច្រើនរបស់រដ្ឋបាលក្រុងភ្នំពេញ បានសរសេរបន្ថែមក្នុងន័យដើមថា៖
«យើងត្រូវចងចាំជានិច្ចថា យួនបង្កប់បានញុះញង់ ឲ្យខ្មែរកាប់សម្លាប់ខ្មែរគ្នាឯង ក្រោមរបបខ្មែរក្រហម (១៩៧៥-១៩៧៩)។ មកដល់ពេលនេះទៀត (ឆ្នាំ ២០១៨) ពួកអ្នកបម្រើផលប្រយោជន៍បរទេសឈ្លានពាន ក៏នៅតែធ្វើបាបនិងរករឿងខ្មែរគ្នាឯង ឥតឈប់ឈរ (រហូតដល់លួចសម្លាប់ ឬតាមចាប់ដាក់គុកអ្នកស្នេហាជាតិ) ដើម្បីធ្វើឲ្យប្រទេសជាតិយើង បែកបាក់ ហើយកាន់តែទន់ខ្សោយ ក្នុងគោលបំណងរក្សាអាណានិគមនិយមប្រទេសវៀតណាម មកលើប្រទេសកម្ពុជា និងរក្សាអំណាចពួកជនក្បត់ជាតិ»។
ក៏ប៉ុន្តែ នៅក្នុងពិធីតាំងពិពណ៌សព្វាវុធរបស់កងទ័ព្ធខ្មែរនៅថ្ងៃព្រហសប្បតិ៍ លោក ហ៊ុន មាណែត ក៏បានថ្លែងការពាររដ្ឋាភិបាលរបសឪពុកខ្លួន ដោយបង្ហាញពីផលវិបាកនៃបដិវត្តន៍ពណ៌ដែលកើតឡើងក្នុងប្រទេសមួយចំនួននៅក្នុងមជ្ឈឹមបូពា៌ដែលរងគ្រោះដោយបញ្ហានេះ។ ស្រដៀងនិងលោក ហ៊ុន សែន និងថ្នាក់ដឹកនាំបក្សកាន់អំណាចធំៗ មួយចំនួន លោក ហ៊ុន មាណែត អះអាងថាកងទ័ពកម្ពុជានិងការពាររដ្ឋាភិបាលស្របច្បាប់កម្ពុជានិងមិនអនុញ្ញាតឱ្យមានបដិវត្តន៍កើតឡើងក្នុងប្រទេសកម្ពុជានោះទេ។
មេបញ្ជាការងនៃកងទ័ព្ធខ្មែររូបនេះបញ្ជាក់យ៉ាងដូច្នេះ៖
«បដិវត្តន៍ពណ៌គឺជាសកម្មភាពមួយក្នុងការប្រមូលផ្តុំញុះញង់ នៅក្នុងការប្រមូលបញ្ឆេះមហាជន នៅក្នុងការដណ្តើមនូវអំណាចដែលខុសពី គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យគឺការបោះឆ្នោត។ អីចឹងគឺការញុះញង់បែបនេះ ដែលប្រព្រឹត្តទៅតាមមធ្យោបាយខុសច្បាប់ ប្រឆាំងនឹងរដ្ឋធម្មនុញ្ញ និងខុសនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ កងយោធពលខេមរភូមិន្ទគឺប្តេជ្ញាមិនឱ្យកើតមាននៅក្នុងទឹកដីនៃប្រទេសកម្ពុជានោះទេ ព្រោះវាអាចឱ្យមាន គេថា ការបែកបាក់សាមគ្គីផ្ទៃក្នុងជាតិរបស់យើងការបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍដែលយើងមានរាល់ថ្ងៃហ្នឹង»។
ការលើកឡើងរបស់លោក ហ៊ុន មាណែត ធ្វើឡើងមិនបានប៉ុន្មានខែក្រោយការបង្ក្រាបដ៏ធ្ងន់ធរលើគណបក្សជំទាស់ លើអ្នករិះគន់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន និងលើសារព័ត៌មានមិនចំណុះឱ្យរដ្ឋាភិបាលកម្ពុជា។
តុលាការកំពូលនៃប្រទេសកម្ពុជា កាលពីខែវិច្ឆិកាកន្លងទៅ បានសម្រេចរំលាយគណបក្សជំទាស់ដ៏ធំនៅកម្ពុជាគឺគណបក្សសង្គ្រោះជាតិ និងបានហាមប្រាមមិនឲ្យសមាជិកគណបក្សនោះចំនួន១១៨នាក់ចូលរួមក្នុងសកម្មភាពនយោបាយចំនួនប្រាំឆ្នាំ ក្រោមបទចោទទាក់ទិននឹងអំពើក្បត់ជាតិ។ ការរំលាយគណបក្សជំទាស់ដែលគេមើលឃើញថា ជាដៃគូប្រជែងដ៏ធំរបស់លោក ហ៊ុន សែន ក្នុងការបោះឆ្នោតជាតិ២០១៨នោះ បានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មជ្ឈដ្ឋានជាតិនិងអន្តរជាតិ ដោយការនេះប្រាសចាកពីគោលការណ៍ប្រជាធិបតេយ្យ។
ភ្លាមៗក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជាង៤០ភាគរយ ក្នុងការបោះឆ្នោតកន្លងទៅ ប្រទេសម្ចាស់ជំនួយធំៗមួយចំនួនពីបស្ចឹមប្រទេសបានសម្រេចកាត់ជំនួយ និងដាក់វិធានការនានាលើមន្ត្រីគណបក្សកាន់អំណាច ហើយពួកគេដាក់ការសង្ស័យលើដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា៕