ឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃអាទិត្យថា ប្រទេសជប៉ុននឹងបន្តជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា និងបានផ្ដល់ការគាំទ្រដល់ដំណើរការរៀបចំការបោះឆ្នោតសភានៅកម្ពុជានាខែកក្កដាខាងមុខ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់បណ្ដាញព័ត៌មានក្នុងស្រុកដែលស្និទ្ធនឹងរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន ម៉ាណែត មេបញ្ជាការនៃអង្គភាពប្រឆាំងអំពើភេរវកម្ម និងជាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ បានបញ្ចប់ទស្សនកិច្ចរយៈពេលប្រាំថ្ងៃនៅប្រទេសជប៉ុន តបតាមការអញ្ជើញរបស់រដ្ឋាភិបាលប្រទេសជប៉ុន តាមកម្មវិធីផ្លាស់ប្ដូរយុទ្ធសាស្ត្រកម្រិតអ្នកអនុវត្តន៍ (Program for Strategic Exchanges on Practical Level-STEP)។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់អង្គភាព Freshnews ដែលបានផ្សាយជាវីដេអូកាលពីថ្ងៃអាទិត្យ។
នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក ហ៊ុន ម៉ាណែត ត្រូវគេឃើញថ្លែងក្នុងឃ្លីបវីដេអូខ្លីមួយថា នៅឆ្នាំនេះ ជាឆ្នាំខួបទី៦៥នៃការសហការរវាងប្រទេសជប៉ុន និងកម្ពុជានៅក្នុងកិច្ចអភិវឌ្ឍប្រទេសកម្ពុជា និងការបោះទុនវិនិយោគរបស់ជប៉ុននៅកម្ពុជា។
លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ជប៉ុនបានប្ដេជ្ញាចិត្តផ្ដល់ការគាំទ្រដល់ដំណើរការអភិវឌ្ឍនានាបន្ថែមនៅកម្ពុជា។
«ជប៉ុន ក៏បានប្ដេជ្ញាចិត្តនឹងបន្តជួយកម្ពុជានៅក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាពិសេសផ្ដោតទៅលើវិស័យមួយចំនួន ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ កសាងធនធានមនុស្ស ទៅលើស្ថាប័នការពង្រឹងស្ថាប័ន ក៏ដូចជាជួយជំរុញវិនិយោគជប៉ុន ឲ្យមកវិនិយោគកម្ពុជា កាន់តែច្រើន»។
លោក ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា ប្រទេសជប៉ុនបានរួមចំណែកដល់ដំណើរការបោះឆ្នោតមួយដែលមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងលទ្ធផលឆ្លុះបញ្ចាំងឆន្ទៈរបស់ប្រជាពលរដ្ឋ។
«បន្ថែមទាំងនោះទៀត ជប៉ុននឹងបន្តជួយកម្ពុជា នៅក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន តាមរយៈការគាំទ្រទៅដល់ដំណើរការនៃការបោះឆ្នោតនៅកម្ពុជា ដែលកន្លងមកជប៉ុនបានធ្វើហើយ»។
លោកបានអះអាងថា ជប៉ុនបានផ្ដល់ហិបឆ្នោតជាង ១ម៉ឺនហិបឆ្នោតដល់កម្ពុជាសម្រាប់ដំណើរការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
ដំណើរទស្សនកិច្ចរបស់កូនប្រុសច្បងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុន គឺធ្វើឡើង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ លោក សម រង្ស៊ី ដើម្បីស្វះស្វែងឱ្យមានការគាំទ្រពីប្រទេសជប៉ុន ក្នុងការរកដំណោះស្រាយនយោបាយក្នុងប្រទេសកម្ពុជា។
យ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានច្បាស់ការណ៍ ណាមួយបញ្ជាក់ពីការឯកភាព ឬដំណោះស្រាយនយោបាយនៅកម្ពុជាណាមួយនៅឡើយនោះទេ ក្រោយពីដំណើរទស្សនកិច្ចដ៏កម្ររបស់ថ្នាក់ដឹកនាំបក្សជំទាស់និងកូនប្រុសច្បងរបស់ លោក ហ៊ុន សែន។
សេចក្ដីរាយការណ៍របស់អង្គភាព Freshnews ដែលស្និទ្ធនឹងរដ្ឋាភិបាល បានឲ្យដឹងថា ក្នុងរយៈពេលប្រាំថ្ងៃនៃដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសជប៉ុន លោក ហ៊ុន ម៉ាណែត បានជួបជាមួយប្រជាពលរដ្ឋខ្មែរជាច្រើនរយនាក់ ក្រុមមន្ត្រីរដ្ឋាភិបាល និងសភាជប៉ុន។
លោកក៏បានជួបពិភាក្សា យ៉ាស៊ូស៊ី អាកាស៊ី (Yasushi Akashi) អតីតតំណាងពិសេសអគ្គលេខាធិការ អង្គការសហប្រជាជាតិទទួលបន្ទុកជាប្រធានបេសកកម្មអង្គការសហប្រជាជាតិនៅកម្ពុជា។
គ្រាដែលលោក ហ៊ុន ម៉ាណែត អះអាងពីការផ្ដល់ការគាំទ្ររបស់ជប៉ុនដល់កម្ពុជា ដោយលោកមិនបានលើកឡើងពីវិបត្តិនយោបាយកម្ពុជាបច្ចុប្បន្ននោះ លោក សុន ឆ័យ អ្នកនយោបាយខាងគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយតាមបណ្តឹងរដ្ឋាភិបាលថ្លែងប្រាប់ VOA កាលពីថ្ងៃអាទិត្យថា ប្រទេសជប៉ុនចង់ឃើញការជជែកគ្នារវាងអ្នកនយោបាយខ្មែរ ក្នុងពេលដែលការចុះបញ្ជីឈ្មោះគណបក្សនយោបាយបានចាប់ផ្ដើម តែក្រុមមន្ត្រីបក្សប្រឆាំងចំនួន១១៨ នាក់ នៅបន្តស្ថិតក្រោមបម្រាម មិនឲ្យធ្វើនយោបាយនៅឡើយ។
លោកមានប្រសាសន៍ថា៖
«យើងតែងតែរង់ចាំនែ៎! រង់ចាំឲ្យមានការជជែកគ្នា តំណាងរបស់យើងនៅក្នុងប្រទេសនេះ ក៏អាចជជែកគ្នាបានដែរ ប្រទេសជាមិត្ត ដូចជាប្រទេសជប៉ុនអីជាដើមហ្នឹង ចេះតែចង់ឃើញឲ្យយើងជជែកគ្នាទៅ ហើយរកដំណោះស្រាយឲ្យបានឆាប់ តែឥឡូវនេះ វាកាន់តែខើចពេលវេលាហើយ គួរតែមានការជជែក ឬក៏ការបង្ហាញឆន្ទៈ ពីខាងគណបក្សកាន់អំណាចហ្នឹង ក្នុងការធានាឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិហ្នឹង ទាំង១១៨ហ្នឹងបានបំពេញការងារនយោបាយគេវិញនែ៎! នៅប៉ុន្មានថ្ងៃនេះ។ បើពុំនោះទេ យើងមិនសង្ឃឹមថា គណបក្សសង្គ្រោះជាតិ អាចនឹងមានលទ្ធភាព ចូលរួមឲ្យប្រជាពលរដ្ឋលោក ជ្រើសរើសនោះបានទេបាទ»។
ដោយមិនបានភ្ជាប់ពីស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ននេះ លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ ថ្លែងថាការចេញទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេសរបស់លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា លោកអាចស្ថិតក្នុងចំណោមអ្នកដែលត្រូវបន្តវេនពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ប៉ុន្តែការសម្រេចមិនអាចស្ថិតនៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែឯកឯងនោះឡើយ។
«បាទខ្ញុំគិតថា រឿងក្រុមគ្រួសារដូចជាមិនអីទេ ប៉ុន្តែនៅក្នុងគោលការណ៍នៃការស្នង វាពាក់ពន្ធនឹងការបោះឆ្នោតទៅលើគណៈកម្មាធិការកណ្ដាល របស់សមាជិកគណបក្សកាន់អំណាច។ ហើយនៅក្នុងគោលការណ៍ ហ្នឹង យើងឃើញថា សមាសភាពដែលគាំទ្រដោយ ដែលខ្លះចូលថ្មីៗច្រើនហ្នឹង យើងគិតថាវាគាំទ្រ គេមានការគាំទ្រច្រើនទៅលើគណបក្សកាន់អំណាចហ្នឹង ទៅលើបេក្ខជន នាយករដ្ឋមន្ត្រីហ្នឹងច្រើន អីចឹងគាត់អាចមានឱកាសដែរ។ ប៉ុន្តែមិនថាទាំងស្រុងពីព្រោះនៅក្នុងក៏មានអ្នកគាំទ្រខាងឧបនាយករដ្ឋមន្ត្រី ឬក៏សកម្មជនចាស់ៗដែរ ហើយគាត់នៅ គេហៅថាភាពក្មេងវ័យនៅក្នុងនយោបាយ វាមិនទាន់ចាប់បេះដូងចាស់ៗបានទេបាទ»។
លោកសាស្ត្រាចារ្យបានបន្ថែមថា បើមើលទៅលើសមត្ថភាពលោក ហ៊ុន ម៉ាណែត លោកអាចដឹកនាំប្រទេសកម្ពុជាបាន។ យ៉ាងណាក្ដី លោកថា លោក ហ៊ុន ម៉ាណែត មិនអាចឈរជាបេក្ខជននាយករដ្ឋមន្ត្រី នាពេលអនាគតដ៏ខ្លីនោះបាននោះទេ ព្រោះមានមន្ត្រីបក្សប្រជាជនកម្ពុជាជាច្រើននាក់ រួមទាំងឧបនាយករដ្ឋមន្ត្រីផងនោះ នឹងប្រជែងយកតំណែងនេះ។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយដឹកនាំប្រទេសសម្រាប់អាណត្តិទី៦រយៈពេល៥ឆ្នាំទៅមុខទៀត។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជារាស្ត្រខ្មែរមួយចំនួនបានប្រាប់ VOA កាលពីកន្លងមកថា ពួកគាត់គ្មានជំនឿក្នុងការបោះឆ្នោតនាពេលខាងមុខនោះឡើយ បើសិនមិនមានវត្តមានរបស់គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយទៅតាមបណ្ដឹងរបស់រដ្ឋាភិបាលកាលពីឆ្នាំ២០១៧។
សម្រាប់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលគ្រប់គ្រងប្រទេសជាង៤០ឆ្នាំមកនោះ បានប្រកាសជាញឹកញាប់នាពេលកន្លងមកថា ការបោះឆ្នោតនឹងនៅតែប្រព្រឹត្តទៅជាធម្មតាតាមការគ្រោងទុក បើទោះមិនមានអ្នកអង្កេតការណ៍ ឬគណបក្សប្រឆាំងចូលរួម ឬក៏គ្មានការទទួលស្គាល់ពីប្រទេសនៅបស្ចិមលោកក៏ដោយ៕