កម្ពុជាគ្រោងនឹងមានការផ្លាស់ប្ដូរ និងផ្ទេរភារកិច្ចថ្នាក់ដឹកនាំកំពូលនៃកងយោធពលខេមរភូមិន្ទ ដែលនឹងបើកផ្លូវឱ្យមនុស្សជំនិតនិងកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ឈានទៅគ្រប់គ្រងកងទ័ពជាតិ នៅអំឡុងការបោះឆ្នោតនាពេលខាងមុខ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា។
លោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោកមេបញ្ជាការកងទ័ពជើងគោក មាស សុភា និងលោក គន់ គីម នាយសេនាធិការចម្រុះរបស់កងយោធពលខេមរភូមិន្ទនឹងត្រូវឈរឈ្មោះជាតំណាងរាស្ត្រ ឈរឈ្មោះលើគេក្នុងបញ្ជីបេក្ខជនគណបក្សប្រជាជនកម្ពុជារៀងៗខ្លួននៅមណ្ឌលខេត្តព្រះសីហនុមណ្ឌលខេត្តព្រះវិហារ និងមណ្ឌលខេត្តឧត្ដរមានជ័យ ដែលការណ៍នេះតម្រូវឱ្យឧត្ដមសេនីយ៍ទាំងបីរូបលាលែង ឬផ្ទេរភារកិច្ចរបស់ខ្លួន។ នេះបើយោងតាមច្បាប់ស្តីពីការបោះឆ្នោតនៅកម្ពុជា។
សារព័ត៌មានដើមអំពិលបានចេញផ្សាយអត្ថបទមួយកាលពីល្ងាចថ្ងៃអង្គារ ដោយបានស្រង់សម្ដីប្រភពពីក្នុងក្រសួងការពារជាតិថា លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងទៅទទួលតំណែងលោក ប៉ុល សារឿន ជាអគ្គមេបញ្ជាការស្ដីទី ហើយលោក ហ៊ុន ម៉ាណែត កូនប្រុសលោក ហ៊ុន សែន នឹងទទួលតំណែងស្ដីទីលើតួនាទីរបស់លោក គន់ គីម និងលោក មាស សុភា នៅនាយសេនាធិការដ្ឋានចម្រុះ និងបញ្ជាការដ្ឋានកងទ័ពជើងគោក។
ថ្លែងប្រាប់ VOA តាមទូរស័ព្ទកាលពីល្ងាចថ្ងៃពុធ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្ដីបន្ទោសចំពោះការចេញផ្សាយព័ត៌មាននាពេលកន្លងមកអំពីការចាត់តាំង ដែលគេឃើញមានហត្ថលេខារបស់លោក។ យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីរូបនេះមិនបានបដិសេធថា ការចាត់តាំងខាងលើមានភាពជាក់ស្ដែងឬយ៉ាងណា។
នៅពេលត្រូវបានសួរបញ្ជាក់ថាលោក សៅ សុខា និងលោក ហ៊ុន ម៉ាណែត ត្រូវទៅកាន់តួនាទីកំពូលកងទ័ពជាបណ្ដោះអាសន្នឬយ៉ាងណា លោក ទៀ បាញ់ បាននិយាយថា ការសម្រេចចិត្តនឹងត្រូវបានប្រកាសឱ្យដឹងនៅថ្ងៃទី៣០ ខែមិថុនាខាងមុខ។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានប្រាប់ VOA យ៉ាងដូច្នេះថា៖
«គេសុំច្បាប់ពិសេស ឬដែលគេអាចទៅធ្វើជាតំណាងរាស្ត្រ ឬជាស្អី អាហ្នឹងវាជារឿងធម្មតាទេ ពីព្រោះគេសុំច្បាប់ពិសេស។ អ៊ីចឹងទេអាច្បាប់ពិសេសហ្នឹងវាចូលជាផ្លូវការនៅថ្ងៃ[ទី]៣០[ខែមិថុនា]នោះម្ល៉េះ តែចូលជាធរមានហើយ គឺវាច្បាស់ណាស់ គឺត្រូវតែមានការប្រគល់ភារកិច្ចឱ្យអ្នកណាទទួលស្អីជំនួស ក្នុងរយៈពេលដែលបងៗមួយចំនួន ទៅធ្វើទទួលច្បាប់ពិសេស។ អ៊ីចឹងទេរឿងហ្នឹងជារឿងធម្មតាមួយ គ្មានស្អីដែលវាចម្លែកទេ។ កន្លែងខ្លះវាហាក់ដូចជាផ្អើលឈូឆរឯណាឯណី។ ធម្មតាអាហ្នឹង អ្នកដែលវាកន្លែងហ្នឹង មានអ្នកស្អីគឺត្រូវតែមានអ្នកទទួលភារកិច្ច»។
ច្បាប់ចម្លងប្រកាសរបស់ក្រសួងការពារជាតិមានហត្ថលេខាលោក ទៀ បាញ់ តែមិនទាន់ចុះថ្ងៃខែ និងដែលចេញផ្សាយជាបន្តបន្ទាប់ដោយសារព័ត៌មានដើមអំពិល បានបង្ហាញថា រដ្ឋមន្ត្រីក្រសួងការពារជាតិបានចាត់តាំងលោក សៅ សុខា ជាអគ្គមេបញ្ជាការស្ដីទីនៃកងយុទ្ធពលខេមរភូមិន្ទ។
លោក សៅ សុខា មានតួនាទីសំខាន់ក្នុងការគ្រប់គ្រងកងកម្លាំងកងរាជអាវុធហត្ថ ជាពិសេសចាប់តាំងពីព្រឹត្តិការណ៍ប៉ះទង្គិចគ្នាកណ្ដាលក្រុងភ្នំពេញក្នុងឆ្នាំ១៩៩៧មក ដែលឈានទៅដល់ការផាត់ចេញពីតំណែងនាយករដ្ឋមន្ត្រីទីមួយ របស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងអ្នកស្មោះត្រង់នឹងទ្រង់។
ការថ្លែងម្ដងក្នុងឆ្នាំ២០១៥ ថា លោកបានរៀនសូត្រពីតាក់ទិចនៃការគ្រប់គ្រងកងកម្លាំង ពីមេដឹកនាំណាស៊ីអាឡឺម៉ង់ បាននាំឱ្យប្រតិកម្មយ៉ាងខ្លាំងដល់លោក សៅ សុខា នាគ្រានោះពីសំណាក់បណ្តាអ្នកការទូតលោកខាងលិច និងរហូតដល់អង្គការសិទ្ធិមនុស្សមួយទាមទារឱ្យមានការដកតំណែងលោកទៀតផង។
លោក សៅ សុខា កាលពីពេលថ្មីៗនេះ ក៏ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនចាត់តាំងឱ្យបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយនៅទូទាំងប្រទេសផងដែរ។
ដោយឡែក លោក ហ៊ុន ម៉ាណែត ដែលធ្លាប់បានបញ្ចប់ការសិក្សាពីសាលាវិជ្ជាជីវៈយោធាអាមេរិក West Point ក៏បានបង្ហាញនូវតួនាទីកាន់តែធំឡើងរបស់លោក ទាំងក្នុងឆាកនយោបាយ និងទាំងក្នុងជួរយោធា។ ថ្មីៗនេះលោកបានធ្វើជាតំណាងឱ្យឪពុករបស់លោក ធ្វើដំណើរទៅជួបថ្នាក់ដឹកនាំនយោបាយជប៉ុន រួមទាំងនាយករដ្ឋមន្ត្រី Shinzu Abe ផងដែរ ទីដែលលោកទទួលបានការធានាពីការបន្តផ្ដល់ជំនួយរបស់ជប៉ុនដល់ការបោះឆ្នោតខែកក្កដា។
VOA បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីលោក សៅ សុខា តែលោកបាននិយាយថា លោកជាប់ប្រជុំ ដោយឡែកការហៅទូរស័ព្ទទៅកាន់លោក ហ៊ុន ម៉ាណែត បានរោទិ៍តែពុំមានអ្នកទទួល។
គណបក្សប្រជាជនកម្ពុជាកំពុងសម្លឹងរកជ័យជម្នះក្នុងការបោះឆ្នោតខែកក្កដាខាងមុខ ខណៈដែលគូប្រជែងចម្បងរបស់ខ្លួននាពេលកន្លងមក គឺគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយកាលពីខែវិច្ឆិកាឆ្នាំ២០១៧កន្លងទៅ ដែលនាំឱ្យបណ្ដាប្រទេសបស្ចិមលោកមួយចំនួន ចោទសួរអំពីគុណភាព និងភាពស្របច្បាប់នៃការបោះឆ្នោតលើកនេះ។
លោក ហ៊ុន ម៉ាណែត ទើបបានបិទបញ្ចប់ទស្សនកិច្ចកម្រិតខ្ពស់មួយទៅកាន់ប្រទេសសិង្ហបុរី ទីដែលលោកបានជួបពិភាក្សាការងារជាមួយនឹងលោកនាយករដ្ឋមន្ត្រី Lee Hsien Loong អតីតនាយករដ្ឋមន្ត្រី Goh Chok Tong និងរដ្ឋមន្ត្រីការពារជាតិ NG Eng Hen។
លោក អៀ សុផល អ្នកវិទ្យាសាស្ត្រនយោបាយនៅមហាវិទ្យាល័យ Occidental នៅសហរដ្ឋអាមេរិកបានលើកឡើងថា លោកមិនសូវមានការភ្ញាក់ផ្អើលនោះទេចំពោះការរុះរើក្បាលម៉ាស៊ីនកងទ័ពលើកនេះ។
លោកបានប្រាប់ VOA តាមសារអាឡិចត្រូនិកជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលក្នុងន័យដើមយ៉ាងដូច្នេះថា៖
«វាគឺជាការរាំឆ្លាស់ប្ដូរកៅអី។ ពួកគាត់គឺជាអ្នកដែលបានកាន់តំណែងនេះជាយូរលង់ណាស់មកហើយ ហើយពួកគាត់គ្រាន់តែដោះឯកសណ្ឋានយោធាចេញហើយពាក់សម្លៀកបំពាក់រដ្ឋសភាតែប៉ុណ្ណោះ»។
លោក Paul Chambers សាស្ត្រាចារ្យសាកលវិទ្យាល័យនរេសូរ ប្រទេសថៃ ដែលសិក្សាអំពីសេដ្ឋកិច្ចនយោបាយនៃស្ថាប័នយោធាក្នុងតំបន់អាស៊ីអគ្នេយ៍ បាននិយាយកាលពីថ្ងៃពុធថា លោកមើលឃើញការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំនៃកងទ័ពកម្ពុជាអំឡុងការបោះឆ្នោតនេះជាការពង្រឹងការគ្រប់គ្រងលើជួរយោធាពីសំណាក់លោកនាយករដ្ឋមន្ត្រី តទល់នឹងការជំទាស់ប្រឆាំងនានាទាំងក្នុងនិងក្រៅគណបក្សកាន់អំណាច។
អ្នកស្រាវជ្រាវរូបនេះបានប្រាប់ VOA តាមសារអាឡិចត្រូនិកជាភាសាអង់គ្លេសក្នុងន័យដើមយ៉ាងដូច្នេះថា៖
«យើងអាចឃើញការរុះរើនេះថាជាការតម្លើងនូវក្បាលម៉ាស៊ីនដឹកនាំដែលប្រកបដោយយុវភាពទៅលើជួរយោធា ហើយក៏ជាជំហានមួយក្នុងការពង្រីកការគ្រប់គ្រងផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើស្ថាប័នមួយនេះ នៅចំពោះមុខការកើនឡើងនូវសំឡេងជំទាស់នឹងលោក»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាននិយាយថា ការណ៍ដែលគណបក្សកាន់អំណាចដាក់ឧត្ដមសេនីយ៍ជាថ្នាក់ដឹកនាំកងទ័ពជាបេក្ខជនតំណាងរាស្ត្រ ដោយសារការមើលឃើញអំពីស្នាដៃ និងភាពសកម្មរបស់ពួកគាត់ក្នុងការចេញទៅប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅតាមមូលដ្ឋាន ហើយលោកថាលេខរៀងដំបូងនៅមណ្ឌលទាំងបីដែលឧត្ដមសេនីយ៍ទាំងបីឈរឈ្មោះ មុខជានឹងធ្វើឱ្យពួកលោកជាប់ឆ្នោតមិនខាន។
សមាជិកព្រឹទ្ធសភារូបនេះបានប្រាប់ VOA យ៉ាងដូច្នេះថា៖
«អាហ្នឹងវាជារឿងធម្មតាទេ។ ប្អូនត្រូវយល់ថា ការបោះឆ្នោតយកគណបក្សជាតួឯកក៏ពិតមែន ប៉ុន្តែវាក៏បានផ្សាភ្ជាប់ទៅនឹងបេក្ខជនម្នាក់ៗដែលមានស្នាដៃនៅតាមមូលដ្ឋាន»។
លោក សុខ ឥសាន ក៏បានបន្ថែមដែរថា នឹងមានការពិចារណាជាបន្តទៀត បើសិនជាលោកឧត្ដមសេនីយ៍ទាំងបីរូបជាប់ឆ្នោតជាសមាជិករដ្ឋសភាអំពីការរៀបចំតំណែងថា ពួកគាត់ត្រូវអង្គុយក្នុងរដ្ឋសភា ឬត្រឡប់ទៅអង្គភាពដើមវិញ៕