សមត្ថកិច្ចកំពុងសួរនាំជនបរទេសជិត ៦០ នាក់ ភាគច្រើនជាជនជាតិប៉ាគីស្ថានដែលបានរត់ចេញពីអគារកាស៊ីណូមួយ ត្រង់ចំណុចច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ នេះបើតាមស្នងការរងខេត្តឧត្តរមានជ័យ។
លោក រៀម សរ ស្នងការរងខេត្តឧត្តរមានជ័យ ប្រាប់វីអូអេនៅថ្ងៃអង្គារថា កាលពីថ្ងៃទី៥ ខែមករា សមត្ថកិច្ចបានចុះសម្របសម្រួលជនបរទេសចំនួន ៥៧ នាក់នោះ ហើយបាននាំពួកគេទាំងអស់មកទីស្នាក់ការរបស់ស្នងការដើម្បីសាកសួរបន្ត។
លោកថ្លែងថា៖ «ព័ត៌មាន [គឺ] យើងមានជនជាតិហ្នឹងគាត់ចេញពីកាស៊ីណូ នៅហ្នឹងមាន។ ក៏ប៉ុន្តែយើងបានទៅសួរនាំគាត់ ផ្នែកកម្លាំងប្រតិបត្តិការយើងចុះទៅជួយសម្របសម្រួលពួកគាត់ កុំឲ្យគាត់មានបញ្ហាអី ដើម្បីសួរនាំគាត់ថា គាត់មានបញ្ហាអីយ៉ាងម៉េច សួរនាំគាត់។ ជំនាញដែលសួរនាំ គឺបងជួបខាងជំនាញជនបរទេសបានពិស្តារជាង»។
ចំណែកលោក ចំរើន ណេតធាវីសំរេច ស្នងការរងខេត្តឧត្តរមានជ័យម្នាក់ទៀត ប្រាប់វីអូអេនៅថ្ងៃអង្គារដែរថា សមត្ថកិច្ចកំពុងសួរនាំជនបរទេស ដែលភាគច្រើនជាជនជាតិប៉ាគីស្ថានទាំងនោះ អំពីមូលហេតុនៃការរត់ចេញពីអគារកាស៊ីណូនោះ។ លោកសុំមិនទាន់បញ្ជាក់ពីមូលហេតុ ដោយប្រាប់ឲ្យចាំការសួរនាំចប់។
លោកថ្លែងថា៖ «បាទ! ប៉ុន្តែឥឡូវកំពុងធ្វើការសួរនាំ និងធ្វើការសាកសួរ ប៉ុន្តែមិនទាន់អាចថា អ្នកណាអ្នកណីទេ សុំចាំមើលចប់នីតិវិធី ចាំបងទៅមើលការរាយការណ៍ក្នុង Page ទៅបង»។
លោក ចំរើន ណេតធាវីសំរេច បន្ថែមថា៖ «ជនជាតិប៉ាគីស្ថានបង [...] ឥឡូវសុំទោស ខ្ញុំមានការរវល់ប្រជុំបន្តិច ខ្ញុំអត់ទាន់រួច អ៊ីចឹងចាំពេលខ្ញុំទំនេរ ចាំធ្វើការទាក់ទងម្តងទៀត»។
អាជ្ញាធរខេត្តឧត្តរមានជ័យមិនបានបញ្ជាក់ថា ជនបរទេសទាំងនោះបានរត់ចេញពីកាស៊ីណូមួយណានៅឡើយទេ។
វីអូអេបានព្យាយាមសុំការអត្ថាធិប្បាយពីស្ថានទូតប៉ាគីស្ថានប្រចាំកម្ពុជា តែមិនមានការឆ្លើយតប គិតត្រឹមរសៀលថ្ងៃអង្គារ។
កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៥ សារព័ត៌មានក្នុងស្រុករាយការណ៍ថា ជនបរទេសចំនួន ៥៧ នាក់ បានសម្រុកចេញពីក្នុងអគារកាស៊ីណូមួយនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយរត់ប្រសេចប្រសាចតាមផ្លូវសាធារណ:។
ទាំងលើទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ និងលើទំព័រហ្វេសប៊ុករដ្ឋបាលខេត្តឧត្តរមានជ័យ មិនទាន់ឃើញមានការរាយការណ៍អំពីករណីនេះនៅឡើយ គិតត្រឹមរសៀលថ្ងៃអង្គារ។
អធិការក្រុងសំរោង លោក ហម ភារម្យ និងអភិបាលខេត្តឧត្តមានជ័យ លោក មាន ចាន់យ៉ាដា បដិសេធមិនផ្តល់ការអត្ថាធិប្បាយ ដោយអភិបាលខេត្តប្រាប់ឲ្យទៅសួរព័ត៌មានពីសមត្ថកិច្ចជំនាញ។
វីអូអេមិនទាន់សុំការអត្ថាធិប្បាយបន្ថែមពីស្នងការខេត្តឧត្តរមានជ័យលោក ខូវ លី និងលោក ជួន សួរ ស្នងការរងខេត្តឧត្តរមានជ័យ ដែលជាភ្នាក់ងារជំនាញពាក់ព័ន្ធនឹងជនបរទេសបាននៅឡើយទេ។
កន្លងមក សារព័ត៌មានអន្តរជាតិមួយចំនួនបានផ្សាយថា កម្ពុជាជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិត (Scam) ដោយប្រើប្រាស់កម្លាំងពលកម្មបរទេស ការបង្ខាំងទុកជនបរទេសមិនឲ្យមានសេរីភាព ការធ្វើទារុណកម្ម និងការជំរិតទារប្រាក់ជាដើម។ ឧក្រិដ្ឋជនដែលភាគច្រើនជាជនបរទេសបានជួលអគារ ឬទីតាំងពីអ្នកជំនួញដែលជាជនជាតិខ្មែរដើម្បីប្រព្រឹត្តអំពើទាំងនោះ។
កាលពីខែតុលា ឆ្នាំ ២០២៤ ស្ថានទូតឥណ្ឌា និងអាជ្ញាធរកម្ពុជាបានសង្គ្រោះជនជាតិឥណ្ឌាចំនួន ៦៧ នាក់ ពាក់ព័ន្ធនឹង «ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត» ចេញពីកាស៊ីណូមួយកន្លែងក្នុងក្រុងព្រះសីហនុ។ ជនជាតិឥណ្ឌាទាំងនោះត្រូវបានបញ្ជូនទៅប្រទេសឥណ្ឌាវិញដោយសុវត្ថិភាព។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។ ប៉ុន្តែអាជ្ញាធរកម្ពុជាបានអះអាងនាពេលនោះថា ជនជាតិឥណ្ឌាទាំងនោះមិនពេញចិត្តនឹងការងារ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ជំរុញឲ្យមានការស៊ើបអង្កេតលើករណីនេះ និងស្នើឲ្យរដ្ឋាភិបាលបង្កើនកិច្ចសហការជាមួយបណ្តាប្រទេសនានាដើម្បីឈានទៅបង្ក្រាបបទល្មើសនានាដែលកើតឡើងក្នុងប្រទេស ជាពិសេសការចាប់ជំរិតតាមអ៊ឺនធឺណិត ដើម្បីឲ្យបរទេសហ៊ានមកវិនិយោគនៅកម្ពុជា។
លោកបន្ថែមថា៖ «បើយើងមើលទៅឃើញសព្វថ្ងៃនេះ យើងធ្វើទៅបង្ក្រាបបានតែអាតូចៗ មានន័យថា បង្ក្រាបបានតែអាកាន់កំបិត អាកាប់ចាក់គ្នាតូចៗហ្នឹង ប៉ុន្តែអាធំៗហាក់ដូចជា សូម្បីតែបញ្ចេញមតិក៏មិនហ៊ានបញ្ចេញខ្លួនឯងដែរ ទោះបីមានការបង្ក្រាបបាន ឃើញមានជនបរទេស ៥០ [ឬ] ៦០នាក់នៅអូស្មាច់ អាហ្នឹងមិនហ៊ាននិយាយការពិត។ ចំណុចហ្នឹងហើយយើងគិតថា រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែនដីគួរតែហ៊ាននិយាយ ហ៊ានថា ហ៊ានធ្វើ អានេះទើបធ្វើឲ្យពលរដ្ឋជឿជាក់ និងបរទេសគេអាចមករកស៊ីជាមួយយើងបាន»។
កាលពីខែមិថុនា ឆ្នាំ ២០២៤ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍ស្តីពីការជួញដូរមនុស្ស ដោយបង្ហាញថា ប្រទេសកម្ពុជាបន្តស្ថិតនៅក្នុងចំណាត់ថ្នាក់ទាបបំផុត ពាក់ព័ន្ធនឹងការចាត់វិធានការលុបបំបាត់ ឬទប់ស្កាត់ការជួញដូរមនុស្ស។ ហើយប្រតិបត្តិការឆបោកអនឡាញស្ថិតក្នុងចំណុចស្នូល ស្របពេលដែលអំពើពុករលួយ និងការពាក់ព័ន្ធរបស់មន្ត្រីរដ្ឋាភិបាលក៏ត្រូវបានដាក់បញ្ចូលក្នុងការវាយតម្លៃមួយនេះ៕
វេទិកាបញ្ចេញមតិ