ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧបសគ្គ​ក្នុង​ប្រទេស​ចិន​ធ្វើ​ឲ្យ​វៀតណាម​មាន​សង្ឃឹម​ទាក់ទាញ​វិនិយោគ


ហាង​វៀតណាម​ជាច្រើន​ដាក់​អក្សរ​ចិន ទោះណា​វៀតណាម និង​ចិន​បោះជំហាន​ផ្សេង​គ្នា​នៅ​ក្នុង​សេដ្ឋកិច្ច​សម័យ​ទំនើប។
ហាង​វៀតណាម​ជាច្រើន​ដាក់​អក្សរ​ចិន ទោះណា​វៀតណាម និង​ចិន​បោះជំហាន​ផ្សេង​គ្នា​នៅ​ក្នុង​សេដ្ឋកិច្ច​សម័យ​ទំនើប។

ពេល​ខ្លះ គេ​និយាយ​ថា វៀតណាម​មិន​ពេញ​ចិត្ត​នៅ​ពេល​ដែល​គេ​និយាយ​ថា វៀតណាម​ដូច​ចិន ឬ​ក៏​ដូច​ប្អូន​ប្រុស​របស់​ចិន។ ប៉ុន្តែ តើ​នឹង​មាន​អ្វី​កើត​ឡើង ប្រសិនបើ​គេ​និយាយ​ថា ចិន​ដូច​វៀតណាម​វិញ?

ដោយសារ​មាន​ជម្លោះ​ផ្នែក​ពាណិជ្ជកម្ម និង​នយោបាយ ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​ជាមួយ​នឹង​ប្រទេស​ផ្សេងៗ គេ​ពិបាក​នឹង​រិះគន់​លើ​មន្ត្រី​ការបរទេស​នៃ​ប្រទេស​នានា ដែល​ចង់​ឲ្យ​មាន​ភាព​ងាយស្រួល​ជាង​មុន​នៅ​ក្នុង​ការ​ធ្វើការ​ជាមួយ​នឹង​មន្ត្រី​ការបរទេស​ចិន គឺ​ឲ្យ​ងាយស្រួល​ដូច​ធ្វើ​ការ​ជាមួយ​នឹង​រដ្ឋាភិបាល​វៀតណាម​ដែល​នៅ​ជិតខាង​ប្រទេស​ចិន​ដូច្នេះ។

ប្រទេស​ចិន និង​ប្រទេស​វៀតណាម​មាន​លក្ខណៈ​ស្រដៀង​គ្នា​ជាក់​ច្បាស់​មួយ​ចំនួន ដូចជា​ការ​ដឹកនាំ​ដោយ​គណបក្ស​កុម្មុយនិស្ត​បែប​ឯក​បក្ស ការ​ដាក់​កំហិត​លើ​អ៊ីនធឺណិត និង​ក្រុមហ៊ុន​អ៊ីនធឺណិត និង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ខ្ពស់​ដែល​នាំ​មុខ​ដោយ​ការ​នាំ​ចេញ បន្ទាប់ពី​បាន​ចាប់ផ្ដើម​ធ្វើ​ឯកជនូបនីយកម្ម​នៅ​ក្នុង​ទសវត្សរ៍ ១៩៨០ ជា​ដើម។

ប៉ុន្តែ ចំណុច​ខុស​គ្នា​សំខាន់​រវាង​ប្រទេស​ទាំង​ពីរ​គឺ​ថា នៅ​ក្នុង​ប្រទេស​វៀតណាម ជា​ទូទៅ​គេ​ឃើញ​ដៃគូ​បរទេស​នានា​អាច​សម្រេច​បាន​នូវ​កិច្ច​ប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​ដោះស្រាយ​ភាព​ខ្វែង​គំនិត​គ្នាបែប​ទ្វេភាគី។

ការ​ប្រៀបធៀប​រវាង​ប្រទេស​ចិន និង​ប្រទេស​វៀតណាម​គឺ​មិន​គ្រាន់តែ​ជា​ការ​ប្រៀបធៀប​បែប​ទ្រឹស្ដី ឬ​ក៏​បែប​សិក្សា​អប់រំ​នោះ​ទេ ប៉ុន្តែ​ជា​ការ​ប្រៀបធៀប​មួយ​ដែល​ប៉ះពាល់​ដល់​សេចក្ដី​សម្រេច​ចិត្ត​ជាក់​ស្ដែង​របស់​ក្រុមហ៊ុន​នានា​ជា​រៀងរាល់​ថ្ងៃ និង​ប៉ះពាល់​ដល់​សេចក្ដី​សម្រេច​ចិត្ត​អំពី​ទីកន្លែង​ដែល​ត្រូវ​ធ្វើ​អាជីវកម្ម ដែល​អាច​ជា​ពាណិជ្ជកម្ម​ក្នុង​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​អាមេរិក​ជា​ដើម។

អ្វី​ដែល​ធ្វើ​ឲ្យ​ប្រទេស​វៀតណាម​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ គឺ​ឆន្ទៈ​របស់​ប្រទេស​នេះ​នៅ​ក្នុង​ការ​ធ្វើ​ការ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ស្តង់ដារ​អន្តរជាតិ​មួយ ទោះបីជា​នៅ​ពេល​ដែល​ជម្រើស​នោះ​មាន​ការ​លំបាក​ក្នុង​ការ​សម្រេច​បាន​ក៏​ដោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Barbara Weisel ដែល​ជា​អ្នក​ប្រឹក្សា​ផ្នែក​ពាណិជ្ជកម្ម។

អ្នកស្រី​បាន​និយាយ​នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​មួយ​នៅ​ក្នុង​ទីក្រុង​ហូជីមិញ​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៨ ថា៖ «គោល​នយោបាយ​ទាំង​នោះ​គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​សម្រេច​ឲ្យ​បាន ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ជាង​នេះ​ទៅ​ទៀត។ ហើយ​នេះ​គឺ​ជា​ការ​ផ្លាស់ប្ដូរ​ដ៏​សំខាន់​បំផុត ដែល​ប្រទេស​វៀតណាម​បាន​ធ្វើ​ផ្ទុយ​ពី​បណ្ដា​ប្រទេស​ភាគ​ច្រើន​នៅ​ក្នុង​តំបន់‍»។

អ្នកស្រី Barbara Weisel ស្ថិត​ក្នុង​ចំណោម​មនុស្ស​ភាគ​ច្រើន​ដែល​និយាយ​ថា ប្រទេស​វៀតណាម​ជា​អ្នក​ទទួល​បាន​ផល​ប្រយោជន៍ នៅ​ពេល​ដែល​ប្រទេស​ចិន​បាត់បង់​វិនិយោគិន។ ក្រុមហ៊ុន​នានា​បាន​ប្ដូរ​ចេញ​ពី​ប្រទេស​ចិន​ទៅ​ប្រទេស​វៀតណាម ដោយសារតែ​ជម្លោះ​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ធ្វើ​ឲ្យ​ទំនិញ​របស់​វៀតណាម​មាន​តម្លៃ​ថោក​ជាង​ទំនិញ​ចិន។

មួយ​វិញ​ទៀត «ទីតាំង​របស់​ប្រទេស​វៀតណាម​នៅ​ជិត​នឹង​ប្រទេស​ចិន​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយជា​ជម្រើស​ដ៏​មាន​តម្លៃ​សម្រាប់​រោងចក្រ​ផលិតកម្ម​នានា ដែល​ស្វែង​រក​ទីតាំង​ផ្សេង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយសារតែ​ថ្លៃ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ចិន​បាន​កើន​ឡើង​ជា​បន្តបន្ទាប់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ‍»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​អចលនទ្រព្យ JLL នៅ​ក្នុង​ការ​វិភាគ​អំពី​ទីផ្សារ។

ក្រៅ​ពី​ជម្លោះ​ពាណិជ្ជកម្ម ប្រទេស​ចិន​មាន​ជម្លោះ​ជាមួយ​នឹង​បណ្ដា​ប្រទេស​នានា​លើ​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​ឆ្នាំ ២០១៨។ ប្រទេស​ចិន​បាន​ឃុំ​ខ្លួន​ពលរដ្ឋ​កាណាដា​ពីរ​នាក់ បន្ទាប់ពី​រដ្ឋាភិបាល​កាណាដា​បាន​ចាប់​ខ្លួន​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​ទូរគមនាគមន៍ Huawei របស់​ចិន​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៨។ ប្រទេស​ចិន​បាន​បង្ខំ​ប្រទេស​ស្រីលង្កា​ឲ្យ​ប្រគល់​កំពង់ផែ​មួយ​ឲ្យ​ខ្លួន​គ្រប់គ្រង បន្ទាប់ពី​ស្រីលង្កា​គ្មាន​លទ្ធភាព​សង​បំណុល​ខ្លួន ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​ខ្លួន។

ចំណុច​មួយ​ទៀត ប្រទេស​ចិន​បាន​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ស្រងាក​ចិត្ត ដោយសារតែ​ខ្លួន​នៅតែ​បន្ត​ធ្វើ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ទោះបីជា​មាន​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ក៏​ដោយ។

នៅ​ពេល​ដែល​គេ​មើល​តាម​ជ្រុង​ទាំង​នេះ គេ​ឃើញ​ថា ប្រទេស​វៀតណាម​ធ្វើ​ឲ្យ​ប្រទេស​ផ្សេងៗ​ចាប់​អារម្មណ៍​ថា​ជា​ប្រទេស​មួយ​ដែល​មាន​លក្ខណៈ​បើក​ចំហ និង​បត់បែន​ទៅ​តាម​ការ​ពិភាក្សា​ទ្វេភាគី។ ចំណុច​នេះ​គឺ​មាន​តាំង​ពី​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ​សម្រាប់​ការ​ជំរុញ​របស់​សហរដ្ឋ​អាមេរិក​ឲ្យ​មាន​ការ​លុប​បំបាត់​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ រហូត​ដល់​ការ​ចុះ​ហត្ថលេខា​របស់​រដ្ឋាភិបាល​វៀតណាម​លើ​កិច្ច​ព្រមព្រៀង​អន្តរជាតិ​អស់​ពី​មួយ​ទៅ​មួយ។

ការ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​ណា​មួយ​នៅ​ក្នុង​ប្រទេស​វៀតណាម​ហាក់​ដូចជា​មិន​សូវ​ពិបាក​ប៉ុន្មាន​ទេ។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​រារាំង​ក្រុមហ៊ុន Facebook និង​ក្រុមហ៊ុន Google ចំណែក​ឯ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ភាគ​ច្រើន​មិន​បាន​រារាំង​ដូច​នេះ​ទេ។

រដ្ឋាភិបាល​ចិន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បរទេស​នានា​ចែក​រំលែក​បច្ចេកវិទ្យា​ជាមួយ​នឹង​ក្រុមហ៊ុន​ក្នុង​ប្រទេស​ចិន រី​ឯ​រដ្ឋាភិបាល​វៀតណាម​វិញ បាន​ដក​បម្រាម​វិនិយោគ​បរទេស​ចំនួន ៤៩ ភាគរយ​ចេញ​ពី​ក្រុមហ៊ុន​នានា​នៅ​ក្នុង​បញ្ជី​របស់​ខ្លួន។

ការ​ប្រៀបធៀប​នេះ​មាន​សារៈសំខាន់ ដោយសារតែ​ប្រទេស​ទាំង​ពីរ​មាន​ភាព​ផ្ទុយ​គ្នា​នៅ​ពេល​បច្ចុប្បន្ន​នេះ ទោះបីជា​ប្រទេស​ទាំង​ពីរ​មាន​លក្ខណៈ​ដូច​គ្នា​ច្រើន​អស់​រយៈពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើយ​ក៏​ដោយ។

ប្រទេស​ចិន​បាន​គ្រប់គ្រង​ប្រទេស​វៀតណាម​អស់​រយៈពេល​ជិត​មួយ​សហស្សវត្សរ៍។ ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ថា ប្រទេស​ទាំង​ពីរ​មាន​ភាព​ស្រដៀង​គ្នា​ជា​ច្រើន​ដូចជា​ភាសា ម្ហូប​អាហារ ព្រះ​ពុទ្ធ​សាសនា​មហាយាន ក្រុម​គ្រួសារ​បែប​លទ្ធិ​ខុងជឺ ថ្ងៃ​ឈប់​សម្រាក និង​រឿង​ព្រេង​បុរាណ​ជា​ដើម។

សេដ្ឋកិច្ច​បែប​កុម្មុយនិស្ត​របស់​ប្រទេស​ទាំង​ពីរ​បាន​ក្លាយជា​សេដ្ឋកិច្ច​បែប​មូលធន​និយម​នៅ​ក្នុង​អំឡុង​ពេល​ប្រហាក់ប្រហែល​គ្នា គឺ​នៅ​ក្នុង​ទសវត្សរ៍ ១៩៨០។ ជាង​នេះ​ទៀត ប្រទេស​ចិន​បាន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ឆ្នាំ ២០០១ ចំណែក​ឯ​វៀតណាម​វិញ​នៅ​ឆ្នាំ ២០០៧។

ដោយសារតែ​មាគ៌ា​បច្ចុប្បន្ន​របស់​ប្រទេស​ទាំង​ពីរ​មាន​លក្ខណៈ​ផ្ទុយ​គ្នា ប្រទេស​វៀតណាម​ដែល​ជា​ប្រទេស​តូច​ជាង​មាន​ឥទ្ធិពល​តិច​ជាង​ប្រទេស​ចិន​នៅ​លើ​វេទិកា​ពិភពលោក និង​ពឹងផ្អែក​ច្រើន​លើ​កិច្ច​សហប្រតិបត្តិការ​សាកលលោក។

ចំណុច​នេះ​អាច​ជា​មូលហេតុ​ដែល​មន្ត្រី​រដ្ឋាភិបាល​វៀតណាម​មាន​ឆន្ទៈ​ចូល​តុ​ចរចា ទោះបីជា​ពេល​ខ្លះ​មាន​ន័យ​ថា ពួកគេ​ត្រូវ​លះបង់​ការ​ត្រួតត្រា​បន្តិចបន្តួច​ក៏​ដោយ។ ឧទាហរណ៍​ដូចជា​ករណី​ដែល​វៀតណាម​សម្រេច​អនុញ្ញាត​ឲ្យ​មាន​សហជីព​កម្មករ​ច្រើន​បន្ថែម​ក្រៅ​ពី​សហជីព​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល ឬ​ក៏​អនុញ្ញាត​ឲ្យ​សហគ្រាស​ឯកជន​មាន​ការ​ប្រកួត​ប្រជែង​ជាមួយ​សហគ្រាស​រដ្ឋ​ជា​ដើម។

នៅ​ក្នុង​គោល​នយោបាយ​ប្រទាំង​ប្រទើស​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ប្រទេស​វៀតណាម​មាន​គម្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​គ្រប់គ្រង​អ៊ីនធឺណិត ដោយ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​នានា​ផ្ទុក​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​វៀតណាម និង​លុប​ចោល​នូវ​អត្ថបទ​ណា​ដែល​រដ្ឋាភិបាល​វៀតណាម​មិន​ចង់​ឲ្យ​មាន​បង្ហោះ​នៅ​លើ​អ៊ីនធឺណិត។

អនុ​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម​លោក Pham Quang Vinh បាន​ថ្លែង​នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​មួយ​ក្នុង​ទីក្រុង​ហូជីមិញ កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៨ ថា៖ «រដ្ឋាភិបាល​វៀតណាម​កំពុង​ធ្វើ​ការ​ជាមួយ​នឹង​សហគមន៍​អាជីវកម្ម។ ទោះបីជា​មាន​ច្បាប់​ក៏​ដោយ ក៏​នៅ​មាន​ដំណើរការ​ប្រឹក្សា​យោបល់​បន្ត​ទៅ​មុខ​ផង​ដែរ​រវាង​រដ្ឋាភិបាល​វៀតណាម និង​សហគមន៍​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​វៀតណាម‍»។

ករណី​នេះ​មាន​ន័យ​ថា ប្រទេស​វៀតណាម​មាន​គម្រោង​ផ្ទាល់​ខ្លួន ប៉ុន្តែ​ប្រទេស​នេះ​ក៏​ស្ដាប់​យោបល់​របស់​អ្នក​ប្រឆាំង​នឹង​ខ្លួន​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG