ក្រុមអ្នកវិនិយោគចិនកំពុងតែទិញអចលនទ្រព្យក្នុងទីក្រុងពាណិជ្ជកម្ម ហូជីមិញ ហើយចាប់ពីឆ្នាំក្រោយទៅប្រហែលជាអាចមានឱកាស ដើម្បីជួលដីដល់ទៅរយៈពេល៩៩ឆ្នាំ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស៣ កន្លែង ។ សភាវៀតណាម នឹងពិនិត្យមើលសេចក្តីព្រៀងច្បាប់មួយដើម្បីបើកតំបន់សេដ្ឋកិច្ចពិសេសទាំងនោះ នៅដើមឆ្នាំ២០១៩ បន្ទាប់ពីត្រូវ បានពន្យារពេលអស់២លើក នៅឆ្នាំនេះដោយសារមានការតវ៉ាពីសំណាក់សាធារណជនវៀតណាម។
ការដាក់សម្ពាធលើក្រុមហ៊ុនចិនដោយសារការតំឡើងពន្ធគយរបស់សរអា កំពុងរុញច្រានឲ្យក្រុមហ៊ុនខ្លះ ចូលទៅប្រទេសវៀតណាម ដែលមិនត្រូវបានរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចាត់ទុកថាជាគូប្រជែងពាណិជ្ជកម្មទេនោះ។ លើសពីនេះទៅទៀត នៅមានកម្មវិធីផ្លូវក្រវ៉ាត់ចិន ដែលផ្តល់ជំនួយហិរញ្ញវត្ថុ និងជំនួយឯទៀត សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅជំវិញតំបន់អាស៊ីអឺរ៉ុប។
ទោះជាជនជាតិវៀតណាមជាច្រើន មានការប្រុងប្រយ័ត្នចំពោះប្រទេសចិន ខាងវិស័យនយោបាយក៏ដោយ ក៏ពួកគេនឹងសុខចិត្តទទួល យកការវិនិយោគរបស់ចិនដែរ បើសិនជារឿងនេះ ជួយដល់សេដ្ឋកិច្ចក្នុងស្រុករបស់វៀតណាម នេះបើតាមការរំពឹងរបស់ក្រុមអ្នកវិភាគនៅក្នុងទីក្រុងហូជីមិញ ។ លោក Trung Nguyen ជាព្រឹទ្ធបុរស ដេប៉ាតឺម៉ង់ ទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម នៃទីក្រុងហូជីមិញ។
«យើងត្រូវពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយ។ ជនជាតិវៀតណាម ប្រហែលជាស្វាគមន៍ចំពោះការវិនិយោគរបស់ចិនជាពិសេសនៅក្នុងវិស័យ អចលនទ្រព្យ ពីព្រោះវិស័យនេះអាចជួយបង្កើតការងារ ក្នុងវិស័យផ្សេងទៀតជាច្រើន។ ក៏ប៉ុន្តែផ្ទុយទៅវិញ ការវិនិយោគទាំងនេះក៏អាចធ្វើឲ្យ ក្រុមហ៊ុនតូចៗជាច្រើន ដួលរលំផងដែរ»។
ការអាក់អន់ចិត្តរបស់ពលរដ្ឋវៀតណាម ជាមួយប្រទេសចិន ស្តីពីជម្លោះដែនដី កើតឡើងក្នុងអតីតកាល ជាច្រើនសតវត្សរ៍កន្លងមកហើយ ដែលមានរួមទាំងសង្គ្រាមនៅទល់ដែនមួយ កាលពីអំឡុងទសវត្សរ៍១៩៧០ និង ជម្លោះដែនសមុទ្រក្នុងសមុទ្រចិនខាងត្បូង ដែលពោរពេញទៅដោយធនធានធម្មជាតិផងដែរ។ កាលពីឆ្នាំ២០១៤ ពលរដ្ឋវៀតណាមរាប់ម៉ឺននាក់ បានធ្វើការបះបោរប្រឆាំងនិងក្រុមហ៊ុនជំនួញរបស់ចិន ក្រោយពីមានការផ្ទុះជម្លោះក្នុងដែលសមុទ្រមួយ។
ក៏ប៉ុន្តែវៀតណាមពឹងផ្អែកលើប្រទេសចិន លើវត្ថុធាតុដើមសម្រាប់ផលិតទំនិញនាំចេញ ដែលជួយឲ្យសេដ្ឋកិច្ចវៀតណាម កើនឡើងរវាង៦ទៅ៧ ភាគរយក្នុងមួយឆ្នាំ។
ឥឡូវនេះក្រុមមន្ត្រីចិន ចង់ជួយផ្តល់មូលនិធិ ឲ្យប្រទេសវៀតណាម សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ដែលជាផ្នែកមួយនៃគម្រោងផ្លូវក្រវ៉ាត់របស់ចិន ដែលមានទឹកប្រាក់១ពាន់លានលានដុល្លារ។ គម្រោងនេះផ្តោតទៅលើការបើកផ្លូវពាណិជ្ជកម្មជុំវិញតំបន់អឺរ៉ុបអាស៊ី។
ទោះជាវៀតណាមមិនស្វាគមន៍ចិន ដូចប្រទេសជិតខាងរបស់ខ្លួន គឺកម្ពុជា និងប្រទេសលាវ ក៏ដោយ ក៏វៀតណាម ទទួលជំនួយអភិវឌ្ឍន៍របស់ចិន និងកុងត្រាសំណង់មួយ សម្រាប់សង់ផ្លូវអាកាសសម្រាប់រទេះភ្លើងដឹកអ្នកដំណើរមួយខ្សែដែលបានបើកឲ្យប្រើប្រាស់ក្នុងរដ្ឋធានីហាណូយនៅឆ្នាំនេះ។
ក្រៅពីនេះ បណ្តាក្រុមហ៊ុនចិនក៏កំពុងតែស្វែងរកមូលដ្ឋានផលិតទំនិញ នៅខាងក្រៅប្រទេសចិន ដើម្បីឲ្យពួកគេអាចដឹកទំនិញនាំចេញទៅកាន់សរអាដោយមិនចាំបាច់បង់ពន្ធគយ ដែលបានកើនឡើងនៅឆ្នាំនេះ ដោយសារជម្លោះពាណិជ្ជកម្មរវាងចិននិងសរអា។
ក្រុមហ៊ុនចិនដូចជាក្រុមហ៊ុនផលិតកាស់ទូរស័ព្ទគ្មានខ្សែ ឈ្មោះក្រុមហ៊ុន GoerTek ជាដើម បានសម្តែងនូវការចង់ផ្លាស់ប្តូរទីតាំងទៅកាន់ប្រទេស វៀតណាមដែលមានតម្លៃថោកជាងនិងក្បែរប្រទេសចិនខណៈដែលរដ្ឋបាល លោកត្រាំ តំឡើងពន្ធគយលើទំនិញមកពីប្រទេសចិនដែលមានទឹកប្រាក់២៥០ពាន់លានដុល្លារ។
តាំងពីឆ្នាំទៅមក ការវិនិយោគរបស់ចិន លើផ្ទះសម្បែងដែលមានតម្លៃថ្លៃៗ ក្នុងទីក្រុង ហូជីមិញ បានកើនពី២ភាគរយ ទៅដល់ ៣១ភាគរយ នេះបើតាមការឲ្យដឹងរបស់ក្រុមហ៊ុនសេវាអចលនទ្រព្យពាណិជ្ជកម្ម ឈ្មោះ CBRE។ ក្នុងវិស័យសេដ្ឋកិច្ចមួយទៀត គឺវិស័យទេសចរ ចំនួនទេសចរចិន បានកើនឡើង៤៩ភាគរយ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧។
រដ្ឋាភិបាលវៀតណាមស្វាគមន៍វិនិយោគរបស់ចិន ប៉ុន្តែដោយសារជនជាតិវៀតណាម មានការមន្ទិលសង្ស័យលើគោលបំណងរបស់ចិនជាទូទៅ វៀតណាម នឹងមិនបង្ហាញនូវការរីករាយ ដែលខ្លួនបង្ហាញចំពោះប្រទេស ឯទៀតនោះទេ នេះបើតាមជំនឿរបស់ក្រុមអ្នកជំនាញ។
ប្រទេសវៀតណាម ស្វាគមន៍វិនិយោគទុនរបស់ចិន ប៉ុន្តែមានការប្រុងប្រយ័ត្នអំពីហានិភ័យ ដូចជាការបំពុលបរិស្ថាន និង ការនាំពលករចិនចូលមកប្រទេសវៀតណាម នេះបើតាមគេហទំព័រ VietNamNews។ គេហទំព័រនេះកត់សម្គាល់អំពីការហូរចូលយ៉ាងច្រើន នូវគម្រោងខ្នាតធំ ដូចជាគម្រោងរោងចក្រថាមពលមួយដែលមានទឹកប្រាក់ចំនួន ២ពាន់លានដុល្លារ ហើយនិង រោងចក្រផលិតផ្លាស្ទីកមួយ ដែលមានទឹកប្រាក់ចំនួន ១៥០លានដុល្លារជាដើម។
លោក Maxfield Brown នៃក្រុមហ៊ុនប្រឹក្សា Dezan Shira & Associates ក្នុងទីក្រុងហូជីមិញ ថ្លែងថា វិនិយោគរបស់ចិនក្នុងប្រទេសវៀតណាម នឹងកើនឡើងយ៉ាងច្រើន ក្នុងរយៈពេល២ឆ្នាំខាងមុខ ខណៈដែលមានការចាប់អារម្មណ៍ច្រើនឡើងថែមទៀត ទៅលើអឺរ៉ុបនិង តំបន់ប៉ាស៊ីហ្វិក។
«រដ្ឋាភិបាលវៀតណាម នឹងមិនចេញមុខ ថ្កោលទោសការធ្វើវិនិយោគទុនរបស់ចិនក្នុងប្រទេសវៀតណាមទេ។ នរណាក៏ដឹងថាប្រទេសទាំងពីរនេះមានភាពតានតឹងជាមួយគ្នា ក្នុងប្រវត្តិសាស្ត្រនោះ។ ប៉ុន្តែរដ្ឋាភិបាលវៀតណាម បានជ្រើសរើសយកការចាត់ទុកប្រទេសទាំងអស់ជាមិត្តរបស់ខ្លួន។
ប្រទេសវៀតណាម បានបង្កើនការចាប់អារម្មណ៍ក្នុងទ្វិបអឺរ៉ុប និងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក តាមរយៈការស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
ក្រុមមន្ត្រីវៀតណាមអាចបញ្ជៀសការស្តីបន្ទោស អំពីការហូរចូលនូវលុយរបស់ចិន ថែមទៀត ដោយធានារ៉ាប់រងថា លុយទាំងនោះ នឹងជួយ ច្រើនជាង ការធ្វើឲ្យការខូចខាត នេះបើតាមសម្តីរបស់អ្នកស្រី Phuong Hong នាយិការផ្នែកទូរគមនាគមន៍ នៃក្រុមសណ្ឋាគារនិងភោជនីយដ្ឋានមួយ នៅក្នុងទីក្រុងហូជីមិញ។
«យើងមិនអាចបញ្ឈប់វិនិយោគទុនមកពីប្រទេសចិន និងពីជនជាតិចិន បានទេ។ ពួកគេវិនិយោគក្នុងតំបន់ឧស្សាហកម្ម ក្នុងវិស័យជំនួញ ក្នុងវិស័យអចលនទ្រព្យ និងសូម្បីតែក្នុងវិស័យវេជ្ជសាស្ត្រ ក៏មានដែរ ដូចដែលយើងឃើញមានគ្លីនិកចិនស្រាប់ហើយ។ រដ្ឋាភិបាលត្រូវគិតគូរអំពីវិធីគ្រប់គ្រងគុណភាពនៃវិនិយោគរបស់ចិន»។
ប្រែសម្រួលដោយ ប៉ូច រាសី