កាលពីសប្ដាហ៍មុននៅភោជនីយដ្ឋានថ្មីមួយក្នុងប្រទេសវៀតណាម ភ្ញៀវម្នាក់សុំបង់លុយដោយប្រើបណ្ណឥណទានប្រភេទកាតក្រឌីត ដូច្នេះអ្នកបម្រើបានយកម៉ាស៊ីនដកលុយពីបណ្ណឥណទានដែលនាងមិនធ្លាប់ប្រើពីមុនមក។ មួយនាទីក្រោយមកនាងឆ្ងល់ថា ហេតុអ្វីបានជាម៉ាស៊ីនមិនបានទារលេខសម្ងាត់ PIN number។ ក្រោយមកនាងដឹងថាបណ្ណឥណទានប្រភេទការក្រឌីត មិនទារលេខសម្ងាត់ដូចបណ្ណឥណទានប្រភេទ ដាក់ប្រាក់ (debit cards នោះទេ។
អាជីវកម្មខ្នាតតូចដូចជាហាងលក់ម្ហូបអាហារនៅកំពុងរៀនប្រើប្រព័ន្ធនេះនៅឡើយ ព្រោះការបង់លុយដោយប្រើបណ្ណឥណទានប្រភេទកាតក្រឌីត ជានិន្នាការថ្មីនៅប្រទេសវៀតណាម។ ប៉ុន្តែវាបង្ហាញថា សូម្បីតែសហគ្រាសខ្នាតតូចប្រភេទនេះក៏កំពុងតែទទួលយកប្រព័ន្ធបង់លុយដោយប្រើម៉ាស៊ីនដែរដែលជាសញ្ញាបង្ហាញថា ការបង់ប្រាក់តាមប្រព័ន្ធឥណទាន ប្រភេទកាតក្រេឌីត និងការផ្ទេរលុយតាមធនាគារកំពុងតែកើនឡើងនៅគ្រប់កម្រិតពាណិជ្ជកម្មទាំងធំ ទាំងតូចនៅក្នុងប្រទេសវៀតណាម។
និន្នាការនេះប្រៀបបាននឹងកាំបិទមុខពីរ។ ការជំរុញបច្ចេកវិទ្យាដូចជាការបង់ប្រាក់តាមអេឡិចត្រូនិចអាចរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រទេសនេះដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលូតលាស់ឆាប់រហ័សបំផុតនៅក្នុងពិភពលោកជាស្រេចទៅហើយនោះ។ ប៉ុន្តែនៅពេលជាមួយគ្នានេះ កំណើនសេដ្ឋកិច្ចដែលពឹងផ្អែកលើការប្រើឥណទានប្រភេទកាតក្រេឌីតដើម្បីជំរុញការប្រើប្រាស់ ដូចសេដ្ឋកិច្ចអាមេរិកដែលជំរុញដោយការប្រើប្រាស់និងចំណាយនោះ ក៏អាចបង្កើនហានិភ័យដែលវៀតណាមអាចនឹងមានប្រាក់កម្ចីច្រើនជាងអ្វីដែលប្រទេសនេះអាចទ្រាំទ្របាន ឬរស់ហួសពីសមត្ថភាពរបស់ខ្លួន។
និន្នាការឥណទានមានផលវិជ្ជមាននិងអវិជ្ជមាន
ក្តីបារម្ភនេះមិនមែនកើតមានឡើងសម្រាប់តែប្រទេសវៀតណាមនោះទេ។ បញ្ហានេះកើតមាននៅពេលដែលមានក្តីបារម្ភកើនឡើងនៅជុំវិញពិភពលោកដែលថា បំណុលច្រើនពេកអាចបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចសកលលោកនាពេលខាងមុខដែលពាក់ព័ន្ធតាំងពីមូលបត្របំណុលរបស់រដ្ឋាភិបាលដែលកាន់កាប់ដោយធនាគារអ៊ីតាលីរហូតដល់ការខ្ចីប្រាក់ពីរដ្ឋាភិបាលមូលដ្ឋានរបស់ចិននិងរហូតដល់អត្រាការប្រាក់ស.រ.អា.ដែលកើនឡើងដែលបង្កការលំបាកខ្លាំងឡើងៗសម្រាប់ប្រទេសកំពុងអភិវឌ្ឍក្នុងការសងប្រាក់កម្ចីជាប្រាក់ដុល្លារ។
នៅប្រទេសវៀតណាម ទិន្នន័យបានពីក្រុមហ៊ុនទូទាត់ចំណាយតាមបណ្ណឥណទានVisa កាលពីខែកញ្ញាបង្ហាញថា ការទូទាត់ចំណាយតាមធនាគារបានកើនឡើង៤៥% រវាងពីខែមិថុនាឆ្នាំ២០១៧ដល់ខែមិថុនាឆ្នាំ២០១៨។
តួលេខនេះមិនមានការបែងចែករវាងបណ្ណឥណទានប្រភេទកាតក្រេឌីត និងបណ្ណឥណ្ណទានប្រភេទ debit card ទេ ប៉ុន្តែវាបង្ហាញថាជនជាតិវៀតណាមប្រើប្រាស់កាតឥណទានប្រភេទកាតក្រេឌីតកាន់តែច្រើន។
ជាទូទៅ និន្នាការការនេះល្អសម្រាប់ប្រទេសវៀតណាម ព្រោះវាងាយស្រួលក្នុងការតាមដានសកម្មភាពអាជីវកម្មស្របច្បាប់ឬមិនស្របច្បាប់។ នេះបើយោងតាមអ្នកស្រី Truong Minh Ha ដែលជាប្រធានគ្រប់គ្រងទំនាក់ទំនងអតិថិជនខាងផ្នែកឥណទាន Visaនៅប្រទេសវៀតណាមនិងឡាវ។
អ្នកស្រីបាននិយាយថា៖ «មិនមែនមុខរបរមិនចេញមុខទាំងអស់សុទ្ធតែខុសច្បាប់នោះទេ ប៉ុន្តែភាគច្រើនមិនស្របច្បាប់ ដូចជាគេចពន្ធ និងលាងលុយទុច្ចរិត។ មុខរបរនេះគ្មានការតាមដានឬគ្មានប្រព័ន្ធគ្រប់គ្រង ដូច្នេះរដ្ឋាភិបាលបាត់បង់ប្រាក់ចំណូលពន្ធហើយអាជីវកម្មមិនអាចមានការប្រកួតប្រជែងទេ»។
ឥឡូវនេះវៀតណាមចូលចិត្តប្រើបណ្ណឥណទានប្រភេទកាតក្រេឌីត
បណ្ណឥណទានប្រភេទកាតក្រេឌីត គឺជាផ្នែកមួយនៃការនិន្នាការទូលំទូលាយឡើងៗនៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍មួយនេះដែលជាទូទៅគេចំណាយប្រាក់សុទ្ធសម្រាប់ការទិញដែលអស់លុយច្រើន ដូចជាទិញផ្ទះឬទិញម៉ូតូនិងសម្រាប់ទំនិញតូចតាចដូចជាផលិតផលពាណិជ្ជកម្មអេឡិចត្រូនិចជាដើម។ ប៉ុន្តែបច្ចុប្បន្ននេះ ប្រជាជនវៀតណាមកាន់តែច្រើនឡើងៗខ្ចីលុយទិញទំនិញទាំងនោះ។
ការផ្តល់ប្រាក់កម្ចីកើនឡើង៣៩%នៅឆ្នាំ២០១៧ តាមបណ្ណឥណទាន FE Credit។ នេះបើយោងតាមក្រុមហ៊ុនផ្តល់ចំណាត់ថ្នាក់ឥណទាន Moody's ។ ក្រុមហ៊ុន Moody's និយាយថា បណ្ណឥណទាន FE Credit មានចំណែកទីផ្សារប្រហែលពាក់កណ្តាលនៃចរន្តហិរញ្ញវត្ថុរបស់អតិថិជនវៀតណាម។
ក្រុមហ៊ុន Moody's បានឱ្យដឹងកាលពីខែកញ្ញាថា៖ «កម្លាំងទីផ្សារទាំងនេះមួយផ្នែកគឺដោយសារក្រុមហ៊ុនហ៊ានប្រថុយខ្លាំងក្នុងផ្នែកឥណទានកាតក្រេឌីតនៅក្នុងទីផ្សារហិរញ្ញវត្ថុអតិថិជនដែលកើនឡើងយ៉ាងលឿននៅក្នុងប្រទេសវៀតណាម»។
ប៉ុន្តែក្រុមហ៊ុន Moody's បាននិយាយថា កំណើនកម្ចីរបស់ឥណទាន FE Credit នេះមានគុណភាពខ្សោយនិងមានបែបបទបទដ្ឋានធូររលុង ដែលមានន័យថា ស្ថានភាពអ្នកខ្ចីលុយមិនមានសេដ្ឋកិច្ចរឹងមាំដែលនាំឲ្យឱកាសមិនអាចសងវិញមានហានិភ័យខ្ពស់។
ការផ្លាស់ប្តូរក៏កំពុងកើតមានក្នុងផ្នែកប្រាក់ខ្ចីបន្តិចបន្តួច។ ឥឡូវនេះកម្មកររោងចក្រមិនចាំបាច់រង់ចាំរហូតដល់ពេលមានលុយគ្រប់ទើបអាចទិញទូរស័ព្ទដៃ ឬម៉ាស៊ីនបោកខោអាវទេ គឺគេមានជម្រើសទិញជឿផលិតផលដោយបង់រំលោះដែលកាត់ពីប្រាក់ខែរបស់គេ។ ដូចជាកូនបំណុលនៅស.រ.អា.ដែរ កូនបំណុលនៅវៀតណាមអនុញ្ញាតឲ្យម្ចាស់បំណុលកាត់ប្រាក់ខែមួយផ្នែកដោយកំណត់ជាមុន។
ការប្រើបណ្ណឥណទានច្រើនពេកអាចមានហានិភ័យ
ការប្រើកម្មវិធីក្នុងទូរស័ព្ទ ដើម្បីខ្ចីលុយបន្តិចបន្តួចគឺជាបច្ចេកវិទ្យាមួយនៃបច្ចេកវិទ្យាជាច្រើនដែលកំពុងមាននិន្នាការប្រើប្រាស់ច្រើនឡើងនៅក្នុងប្រទេសវៀតណាម។ ប៉ុន្តែការផ្លាស់ប្តូរនេះអាចបង្កើតភាពមិនស៊ីគ្នារវាងបច្ចេកវិទ្យា fintech និងការត្រួតពិនិត្យហិរញ្ញវត្ថុដោយរដ្ឋ។
លោក Nguyen Manh Tuong អនុប្រធាននាយកប្រតិបត្តិនិងជាប្រធានក្រុមហ៊ុន MoMo e-wallet បានមានប្រសាសន៍ថា៖ «រឿងជាច្រើនដែលរដ្ឋាភិបាលធ្វើគឺត្រឹមត្រូវ ដូចជារបៀបការពារអតិថិជន។ បច្ចេកវិទ្យាមានការផ្លាស់ប្តូរលឿនពេកដែលធ្វើឲ្យបញ្ញត្តិច្បាប់ទាំងអស់ប្រឈមបញ្ហាដ៏ធំធេងដោយសារការតាក់តែងច្បាប់ធ្វើមិនទាន់ការជឿនលឿនខាងបច្ចេកវិទ្យា។ ខ្ញុំគិតថា យើងអាចរៀនពីរប្រទេសចិនដែលមានបច្ចេកវិជ្ជា fintech ទំនើបទាន់សម័យនិងយន្តការសន្តិសុខតាមកុំព្យូទ័រគឺ sandboxes ល្អជាង»។
លោក Nguyen Manh Tuong និយាយសំដៅទៅលើយន្តការសន្តិសុខតាមកុំព្យូទ័រគឺ sandboxes ដែលអនុញ្ញាតឱ្យក្រុមហ៊ុនថ្មីៗសាកល្បងគំនិតថ្មីដែលមានការទទួលខុសត្រូវខាងច្បាប់តិចតួច។
ប្រទេសនានាត្រូវមានទំនាក់ទំនងនឹងគ្នា
លោកស្រី Nguyen Huynh Phuong Thao ដែលជាគណនេយ្យករដែលមានអាជ្ញាបណ្ណត្រឹមត្រូវពីសមាគមមេធាវីក្រុងហូជីមិញបានឲ្យដឹងថា បញ្ហាប្រឈមនៅប្រទេសវៀតណាមមិនមែនដោះស្រាយបានតែក្នុងប្រទេសនោះទេ គឺត្រូវមានកិច្ចសហការដោះស្រាយជាអន្តរជាតិ។ លោកស្រីបាននិយាយថា ដល់ពេលតម្រូវឲ្យមានកិច្ចសហប្រតិបត្តិការសកលដើម្បីគ្រប់គ្រងវិធីថ្មីទាំងអស់ដែលមនុស្សកំពុងប្រើប្រាស់និងកំពុងចំណាយប្រាក់។
អ្នកស្រីបានថ្លែងថា៖ «នៅពេលមានការផ្ទេរប្រាក់តាមបច្ចេកវិទ្យា ប្រាក់នេះអាចឆ្លងព្រំដែនប្រទេស ដូច្នេះការពិភាក្សាក្នុងចំណោមប្រទេសនានាត្រូវតែមាន។ ប្រទេសនានាត្រូវគិតរកវិធីមួយដើម្បីធ្វើការជាមួយគ្នាបង្កើតឱ្យមានបទបញ្ញត្តិស្របគ្នា»៕
ប្រែសម្រួលដោយពិន ស៊ីសុវណ្ណ