ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពាណិជ្ជកម្ម​កំពុង​រីកលូតលាស់​នៅ​ក្នុង​ប្រទេស​វៀត​ណាម


រូបឯកសារ៖ អគារខ្ពស់ៗនៅក្រុងហូជីមិញ ស្របពេលដែលវៀតណាម​ទទួលបាន​កំណើនសេដ្ឋកិច្ចខ្ពស់ជាងគេមួយ​នៅ​លើ​ពិភពលោក។
រូបឯកសារ៖ អគារខ្ពស់ៗនៅក្រុងហូជីមិញ ស្របពេលដែលវៀតណាម​ទទួលបាន​កំណើនសេដ្ឋកិច្ចខ្ពស់ជាងគេមួយ​នៅ​លើ​ពិភពលោក។

ផលិត​ផល​សរុប​ក្នុង​​ស្រុក​​របស់​វៀតណាម​បាន​ត្រូវ​គេ​ព្យាករណ៍​ថា ​មាន​ការ​រីក​លូតលាស់​៧​ភាគ​រយ​​នៅ​ឆ្នាំ​នេះ។ រូបិយប័ណ្ណ​ និង​អតិផរណា​មាន​ស្ថិរភាព។​

ក្រុមហ៊ុន​វិនិយោគទុន​ធំៗ​នៅ​ក្នុង​ពិភព​លោក​កំពុង​ធ្វើការ​វិនិយោគ​ទុន​យ៉ាង​ខ្លាំងនៅ​ក្នុង​ប្រទេស​វៀតណាម។ ការណ៍​នេះ​មួយ​ផ្នែក​ធំ​ មក​ពី​ស្ថិរភាព​ខា​ង​នយោបាយ​ និង​អតិផរណា។ ការ​រីកលូតលាស់​ត្រូវ​គេ​រំពឹង​ក្នុង​ការ​នាំ​ចេញទំនិញ ​ការ​ផលិត ​ការ​វិនិយោគ​បរទេស​ផ្ទាល់ ​និងសូចនាករ​ផ្សេងទៀត ដែល​បង្ហាញ​ថា ​វៀតណាម​លឿន​ជាង​គូ​ប្រកួត​ប្រជែងផ្សេង​ទៀត​ក្នុង​សមា​គម​ប្រ​ជា​ជាតិ​អាស៊ី​អាគ្នេយ៍​ដែល​មាន​ប្រទេស​១០​ជា​សមា​ជិក។​

ក្រុម​ហ៊ុន​បរទេសបាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ប្រទេស​វៀត​ណាម​។ នៅ​ដើម​ឆ្នាំ​នេះ ​ក្រុម​ហ៊ុន​វិនិយោគ​ទុន​ឯកជន​ដ៏​ធំបង្អស់​មួយ​របស់​ពិភពលោកគឺ​ក្រុម​ហ៊ុន Warburg Pincus ​បាន​បន្ថែម​ផ្នែក​ធនាគារ​ និងភស្តុភាងនៅ​ក្នុង​ប្រទេស​ ​វៀតណាម​ដោយ​ជំរុញ​ការ​វិនិយោគ​ទុន​សរុប​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​នោះ​ឡើង​ដល់​ជាង​១ពាន់​លាន​ដុល្លារ។

ក្រុមហ៊ុន​ផលិត​រថយន្ត​ដូចជា​ ក្រុមហ៊ុន​ចិន JAC Motors ​និង​ក្រុមហ៊ុន Kamaz ​ដែល​ជា​ក្រុមហ៊ុន​ធ្វើ​រថយន្ត Truck ដ៏​ធំ​បង្អស់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​ងាក​ទៅ​វិនិយោគទុន​នៅ​វៀត​ណាម។ ប្រទេស​នៅតំបន់​អាស៊ី​អា​គ្នេយ៍​មួយ​នេះ​កំពុង​មើល​ឃើញ​ប្រាក់​ហូរ​ចូល​មក​ពី​គ្រប់​ទី​កន្លែង​ទាំង​អស់​ក្នុងសាកល​លោក មិនថា​ ក្រុម​ហ៊ុន Gojek ​របស់​ឥណ្ឌូនេស៊ី​ ដែល​ជា​ក្រុម​ហ៊ុន​តាក់​ស៊ី​ហៅ​តាម​ទូរសព្ទ​ដៃ ឬ​ក្រុម​ហ៊ុន​ទូរគមនាគមន៍Ooredoo ​របស់​ប្រទេស​កាតា។

​សង្គ្រាម​ពាណិជ្ជកម្ម​កំពុង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​នៅ​ទូទាំង​តំបន់​ម​ហា​សមុទ្រ​ប៉ាស៊ី ហ្វិក និងការ​ភ័យ​ខ្លាច​ពី​ផល​ប៉ះពាល់​នៃ​អត្រា​ការ​ប្រាក់​ក្នុង​ទីផ្សារ​របស់​ប្រទេស​ ដែល​មានសេដ្ឋ​កិច្ចងើប​ឡើង ​នាំ​ឲ្យ​ផ្នែក​ភាគ​ច្រើន​នៃ​តំបន់​អាស៊ី​ដូចជា មាន​ភាព​អាប់អួរ។​ដូច្នេះ តើហេតុ​អ្វី​បាន​ជា​សេដ្ឋ​កិច្ច​ក្នុង​ប្រទេស​កុម្មុយនិស្ត​វៀតណាម​មាន​ការ​រីក​លូត​លាស់?

ផលិត​ផល​សរុប​ក្នុងស្រុកបាន​ត្រូវ​គេ​ព្យាករណ៍​ថា ​មាន​ការ​រីក​លូតលាស់​៧​ភាគ​រយនៅ​ឆ្នាំ​នេះ។ រូបិយប័ណ្ណ​ និង​អតិផរណា​មាន​ស្ថិរភាព។​ ការ​រីកលូតលាស់​ត្រូវ​គេ​រំពឹង​ក្នុង​ការ​នាំ​ចេញ​ទំនិញ ​ការ​ផលិត ​ការ​វិនិយោគ​បរទេស​ផ្ទាល់ ​និងសូចនាករ​ផ្សេង​ទៀតដែល​បង្ហាញ​ថា ​វៀតណាម​លឿន​ជាង​គូ​ប្រកួត​ប្រជែងផ្សេង​ទៀត​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ​ដែល​មាន​ប្រទេស​១០​ជាសមា​ជិក។

​លោក Chidu Narayanan ​ជា​សេដ្ឋ​វិទូ​នៅ​ឯ​ធនាគារStandard Chartered ​នៅ​តំបន់​អាស៊ី​បាន​និយាយ​ថា «វៀត​ណាម​ទំនង​ជា​នឹង​មាន​សេដ្ឋ​កិច្ច​រីក​លូតលាស់​ជាង​គេ​បង្អស់​នៅក្នុង​សមា​គម​អាស៊ាន​នៅ​ឆ្នាំ​២០១៨ ​និង​២០១៩ ​ដូចកាល​ពី​ឆ្នាំ​២០១៧​ដែរ។​យើង​នៅ​តែ​មាន​ភាព​វិជ្ជមាន​លើការ​រីក​ចម្រើន​រយៈ​ពេល​មធ្យម​នៅ​វៀត​ណាមលើ​សកម្មភាព​ផលិត ​នៅពេល​ដែលការ​ហូរចូល​នៃ​ការវិនិយោគ​បរទេស​ដោយ​ផ្ទាល់ខាង​គ្រឿ​ង​អេឡិច​ត្រូនិក​នៅតែ​ខ្លាំង»។

ធនាគារ​ ព្យាករណ៍​ថា អតិរេក​គណនីចរន្តនៃ​ផលិតផល​សរុប​ក្នុង​ស្រុក(GDP)របស់​វៀត​ណាម​សម្រាប់​ឆ្នាំ​២០១៨គឺ ៣.៧ ភាគរយ​ដែល​មាន​ន័យថា ការ​នាំ​ប្រាក់​ចូលក្នុង​ប្រទេស​តាមរយៈ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​មាន​ចំនួន​ច្រើន​ជាង​ខ្លួន​បញ្ជូន​ទៅ​កាន់​បរទេស។​ ការណ៍​នេះ​រួម​ទាំង​ការ​បង្កើន​ប្រាក់​ចំណូល​មក​ពី​សេវាកម្ម​នានា​ដូចជា ក្រុម​ហ៊ុនIT។

​ដើម្បី​ពន្យល់​ថា​តើ​ហេតុ​អ្វី​បាន​ជា​ប្រទេស​មួយ​ ដែលមនុស្ស​១រយលាននាក់ធ្វើ​កិច្ច​ការដ៏ល្អជាង​ប្រទេស​ជិតខាង​របស់​ខ្លួន​នោះ ​គេ​ត្រូវ​ពិនិត្យមើលកត្តា​ជា​ច្រើនដូចជា​ពាណិជ្ជកម្ម ​ការ​ចំណាយ​របស់​អ្នក​ប្រើ​ប្រាស់​ទំនិញ​ និង​នយោបាយ។

ប្រព័ន្ធ​កុម្មុយនិស្ត​របស់​វៀត​ណាម​ហាក់​ដូចជា មិនទាក់​ទាញ​អ្នក​វិនិយោគទុន​ទេ។​ក៏ប៉ុន្តែ​មនុស្ស​ជា​ច្រើន​បាន​លើក​យក​ស្ថិរភាព​នយោបាយ តាមរយៈ​ប្រព័ន្ធគ្រប់គ្រង​ដោយ​គណបក្ស​តែមួយ ​ជា​ហេតុផល ដែល​នាំឲ្យ​ក្រុម​ហ៊ុន​បរទេស​នាំ​គ្នា​មក​ប្រទេស​វៀតណាម។ ហើយ ​ការ​ពិត​ពាណិជ្ជកម្ម​ភាគ​ច្រើនប្រតិបត្តិការ​តាម​បែប​ទីផ្សារ​សេរី ​ដោយ​មាន​ការត្រួតត្រា​ពី​រដ្ឋ​ខ្លះ។

ស្ថិរភាពនយោបាយ​បាន​រួម​វិភាគ​ទាន​ដល់​ស្ថិរភាព​សេដ្ឋ​កិច្ច ​ហើយ​ការណ៍នេះ​បាន​ជួយ​វៀតណាម​ពុះ​ពារអន្តរកាល​នៃ​ការ​ផ្ទេរ​មេដឹកនាំដែល​ក្នុង​ប្រទេស​ផ្សេង​ៗ​ទៀត ​អាចមាន​បញ្ហា។ផ្សារ​ភាគហ៊ុនមិនបានរង្គោះ​រង្គើ​ ​នៅ​ពេល​ដែល​ប្រធានា​ធិបតី Tran Dai Quang ​បាន​ទទួល​មរណៈ​ភាព​ភ្លាម​ៗ​ដោយ​សារ​ជំងឺ​កាល​ពី​ខែ​មុន​ ខណៈ​នៅកាន់​អំណាច។លោក Nguyen Phu Trong ​ប្រធាន​គណបក្ស​កុម្មុយ​និស្ត​ជា​មនុស្ស​ម្នាក់​ដែល​គេស្គាល់​ថា ​រក្សា​ឋានៈ​ភាព​ឲ្យ​នៅ​ដដែលនឹង​ឡើង​កាន់​តំណែង​ប្រធានា​ធិបតី​ជំនួស។

​លោកCarl Thayer ​ជា​សាស្រ្តា​ចារ្យ​ខាង​នយោបាយ​នៅ​សាកល​វិទ្យាល័យ New South Wales នៅឯ​បណ្ឌិត​សភា​ការពារ​ប្រទេសអូស្រ្តាលី​បាន​និយាយថា​«មិន​មាន​ការ​ផ្លាស់​ប្តូរដុំកំភួន​នៅ​ក្នុង​យុត្តិសាស្រ្ត​សេដ្ឋ​កិច្ច​របស់​វៀត​ណាម​ឬ​ប្រ​ព័ន្ធនយោបាយ ​ដោយ​សារការ​ផ្ទេរ​អំណាច​របស់​ប្រធានា​ធិបតី Tran Dai Quang ​នោះ​ទេ»។

​យុទ្ធសាស្រ្ត​សេដ្ឋ​កិច្ច​នេះ​បាន​ត្រូវ​គេចាត់​ទុក​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មជា​មួយ​ប្រ​ទេស​ជា​ច្រើន​ទៅតាម​លទ្ធ​ភាព​ដែល​អាច​ធ្វើ​បាន។ តាម​រយៈ​សមាគម​អាស៊ាន ​វៀត​ណាម​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អូស្រ្តាលី ​ញូវ៉ែល​ហ្សេឡង់ ចិន ​ឥណ្ឌា ​ជប៉ុន​និង​ប្រទេស​កូរ៉េខាង​ត្បូង។ ​វៀត​ណាម​ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូពាណិជ្ជកម្មឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ​និង​កិច្ច​ព្រម​ព្រៀង​ដាច់​ដោយ​ឡែក​ពី​គ្នា​ជាមួយ​ប្រទេស​រុស្ស៊ី​និង​សហ​ភាព​អឺរ៉ុប។​

តាមការ​សិក្សា​របស់​សភាព​ពាណិជ្ជកម្ម​អឺរ៉ុប​ក្នុង​ប្រទេស​វៀត​ណាម​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី៣ ​ខែតុលា ​ប្រាប់​ឲ្យ​ដឹងថា ការណ៍​នេះ​អាចជា​ផ្នែក​មួយ​នៃ​មូលហេតុ​ដែលសុទិដ្ឋិនិយម​របស់​ពួកអ្នក​វិនិ​យោគ​ទុនបាន​ហក់​ឡើង៦​ភាគ​រយ​ពិន្ទុ​នៅ​រវាង​ត្រី​មាស​ទី​១​និង​ទី២​នៃ​ឆ្នាំ​២០១៨​នេះ។

លោកNicolas Audierសហ​ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុបបាន​និយាយ​ថា «លទ្ធផល​ទាំង​នោះ បង្ហាញ​ថា ជា​ថ្មី​ម្តង​ថា ក្រុម​ហ៊ុន​និង​អ្នក​វិនិយោគ​ទុន​អឺរ៉ុប ​នៅ​តែ​មាន​ទំនុក​ចិត្តលើវៀត​ណាម។​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហភាព​អឺរ៉ុប​និង​វៀត​ណាម​នេះ​ ​នឹងធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវពាណិជ្ជកម្ម​និងការ​វិនិយោគ​ទុនរបស់​ភាគី​ទាំង​២។យើង​សង្ឃឹម​ថា សារ​វិជ្ជមាន​នេះ​មក​ពី​សភាពាណិជ្ជកម្ម​អឺរ៉ុប​ហើយ​នឹង​សមាជិក​របស់​ខ្លួន ​នឹង​លើក​ទឹក​ចិត្ត​រដ្ឋាភិបាល​ឲ្យ​បន្ត​បើក​ទីផ្សារ​របស់​ខ្លួន​ដល់​ការ​វិនិយោគ​ទុន​បរទេស»។

លោក Nielsen ​អ្នក​ស្រាវជ្រាវ​ខាង​ទីផ្សារ​បាន​រាយការណ៍​កាល​ពីខែ​មិនា​ថា ទាក់​ទាញ​ក្នុង​ពាណិជ្ជកម្ម​នោះ​ដែរ​គឺ ពួក​អ្នក​ទិញទំនិញ​វៀតណាម។ ទំនុក​ចិត្ត​ពួក​អ្នក​ប្រើ​ប្រាស់​ទំនិញ​មាន​កម្រិត​កាន់​តែ​ខ្ពស់​ឡើង​នៅ​ក្នុង​ប្រទេស​វៀតណាម​ជាង​ក្នុង​ប្រទេស​ថៃ ​ម៉ាឡេស៊ី ​និង​សិង្ហបុរី។​ នៅ​ពេល​ដែល​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​កើន​ឡើង ការ​ចំណាយ​របស់​ពួកគេ​បាន​ទាក់​ទាញ​ផលិតផល ​ដែល​មាន​ម៉ាក​ទំនើប​ៗ។

ក្រុម​ហ៊ុន​សម្លៀកបំពាក់​ម៉ាក​ល្បី​របស់​អេស្ប៉ាញ​ឈ្មោះ Zara បាន​បើក​ហាងនៅ​វៀតណាម​ ខណៈ​ដែល​ក្រុម​ហ៊ុនApple ​កាល​ពី​ខែ​កញ្ញា​បាន​ជ្រើសរើស​ក្រុម​ហ៊ុន​EDigi ​ឲ្យ​មានសិទ្ធិចែក​ចាយ​បន្តជា​លើកដំបូង ​អនុញ្ញាត​ឲ្យ​ជួស​ជុល​ទូរស័ព្ទ iPhone ​និង​កុំព្យូទ័រ​ម៉ាក Macs។

ក្រុម​ហ៊ុនVingroup បាន​ត្រូវ​បង្កើត​ឡើង​ដោយ​បុរស​អ្នក​មាន​បំផុត​របស់​វៀត​ណាម ​បាន​ចាប់​ផ្តើម​លក់​រថ​យន្ត​តាម​ប្រព័ន្ធ Online ​នៅ​ខែ​នេះ​ ដោយ​មានការ​ផ្សាយ​ពាណិជ្ជ កម្ម​ទឹក​ផ្លែឈើ​ពី​តារា​បាល់​ទាត់​ឈ្មោះ David Beckham។

ជា​ការ​ពិត សេដ្ឋកិច្ច​នោះ​មិនមែន​ជោគជ័យ​ទាំង​អស់នោះ​ទេ។សេដ្ឋវិទូ​បាន​និយាយ​ថា ​វៀតណាម​ត្រូវការ​ពិនិត្យ​ការ​ខ្ចី​ប្រាក់ ព្រោះ​ពួកអ្នក​ប្រើប្រាស់ទំ​និញ ​កំពុង​ប្រើ​ប័ណ្ណ​ឥណទាន (Credit Cards) ​កាន់​តែ​ច្រើន​ឡើង។ រដ្ឋាភិបាលខ្ចី​ប្រាក់​ជិត​ដល់​កម្រិត​ហើយ ហើយធនាគារ​មាន​ប្រាក់​កម្ចី ដែល​មិន​ទាន់​សង​រួច​កាន់​តែ​ច្រើន​ឡើង។ ផ្នែក​អចលនទ្រព្យ​ក៏លែង​ឡើង​ថ្លៃ​ដូច​មុន​ហើយៗ​ ប្រទេស​នេះ​ចង់​ជៀស​វៀង​បញ្ហា​ណា​មួយ​ ដែល​ចេញ​មក​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហ​រដ្ឋ​អាមេរិក​ និង​ចិន​។

សង្គ្រាម​ពាណិជ្ជកម្ម​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគទុន​មាន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុងប្រ ទេស ​ដែល​មាន​សេដ្ឋ​កិច្ច​ដ៏​ធំ​បង្អស់​នៅ​អាស៊ី។ ​នៅ​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់ ​ឥណ្ឌូនេស៊ី​កំពុង​ប្រយុទ្ធ​ ដើម្បី​រក្សា​តម្លៃ​រូបិយប័ណ្ណ​របស់​ខ្លួន ​នៅ​ពេល​ដែល​ក្រុម​អ្នក​វិនិយោគទុន​រត់គេច​ ដើម្បី​ឆ្លៀត​កេង​ប្រយោជន៍​ពី​អត្រា​ការ​ប្រាក់​កាន់​តែ​ខ្ពស់​ឡើង​របស់​សហរដ្ឋ​អាមេរិក​នោះ។

អតិផរណា​របស់​ហ្វីលីពីន​កំពុង​កើន​ជិតដល់៧​ភាគរយ ​ដែល​ជា​ចំនួន​ខ្ពស់​បំផុត​នៅ​ក្នុង​ជិត​មួយ​ទសវត្សរ៍​នេះ។​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា សក្តានុពល​ខាង​សេដ្ឋ​កិច្ច​ដែល​កាលពី​ពេល​មុន​ហាក់​ដូចជា ​ឡើង​កប់​ពពក ឥឡូវនេះ​កំពុង​ធ្លាក់​ចុះ​នៅ​ពេល​ដែលរដ្ឋ​អនុញ្ញាត​ឲ្យ​មាន​អំពើ​ហិង្សា​ខាង​ជន​ជាតិ​ភាគ​តិច​ និង​ចាប់​អ្នក​កាសែត​ដាក់​ពន្ធនាគារ។

វៀតណាម​មិន​ខុស​ផ្លែក​ពី​ប្រទេស​ទាំង​នោះ​ទេ ​ក៏ប៉ុន្តែ​បាន​ត្រូវ​រួច​ខ្លួន​ពី​បញ្ហា​ទាំង​នោះ​នៅ​ពេលឥឡូវនេះ៕

ប្រែសម្រួល​ដោយ​ជឹង ​ប៉ូជីន

XS
SM
MD
LG