ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាមដាន​ទទូចឱ្យ​​​ឈប់​ការ​​ផ្សាយ​​គ្រឿង​ស្រវឹង​តាម​​ទី​សាធារណៈ


រូបឯកសារ៖ រូបភាពនៃផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹង នៅតាមមហាវិថីព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ (លាស់ លីបលីប/ វីអូអេ)
រូបឯកសារ៖ រូបភាពនៃផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹង នៅតាមមហាវិថីព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ (លាស់ លីបលីប/ វីអូអេ)

ស្រប​ពេលរដ្ឋាភិបាលបង្កើត​ក្រុម​ការងារ​គ្រប់គ្រង​ការផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល​គ្រឿង​ស្រវឹង ​អ្នក​តាមដាន​ស្នើ​ឱ្យ​បញ្ឈប់​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​តាម​ផ្ទាំង​ពាណិជ្ជកម្ម​ប៉ាណូតូច​ធំ​នៅ​តាម​ទីសាធារណៈ​ និង​តាមដងផ្លូវ​នានា ​ក៏ដូចជា​តាមកញ្ចក់​ទូរទស្សន៍​ ​ដើម្បី​កុំឱ្យ​រូបភាព​ផលិត​ផល​គ្រឿង​ស្រវឹង​ទាំង​នោះ ដិត​ដាម​ក្នុង​អារម្មណ៍​របស់​យុវជន​ និង​កុមារ​។

ក្រុម​ការងារ​គ្រប់គ្រង​ការផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង (ក.គ.ផ.ស) ​មាន​ភារកិច្ច​ ​ដឹកនាំ​ជា​យុទ្ធ​សាស្ត្រ​ តម្រង់​ទិសក្នុងការ​រៀបចំ​យន្តការ​អនុវត្ត​ ​និង​កំណត់​វិធាន​ការ​បច្ចេកទេស​សម្រាប់​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ក្នុង​ការ​ធានា​បានកិច្ច​ការពារ​អ្នក​ប្រើប្រាស់​ និង​ជំរុញ​ការ​ប្រកួត​ប្រជែង​ដោយ​សុចរិត​។ នេះ​បើតាម​សេចក្តី​សម្រេច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត​ ចុះថ្ងៃទី​១២ ខែ​មេសា​ឆ្នាំ​២០២៤​។ ​

បើ​តាម​សេចក្តី​សម្រេច​ដដែលនោះ ​ក្រុម​ការងារ​គ្រប់គ្រង​ការផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល​គ្រឿង​ស្រវឹង​ (ក.គ.ផ.ស) ក៏​មាន​ភារកិច្ច​ រៀបចំ​សណ្តាប់​ធ្នាប់​នៃការ​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​ផលិត​ផល​គ្រឿង​ស្រវឹង​ តាម​គ្រប់​មធ្យោ​បាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ការ​ដាក់​តាំង​បង្ហាញ​ជា​សាធា​រណៈ​នៅ​គ្រប់ទី​កន្លែង​ ដើម្បី​លើក​កម្ពស់​សោភ័ណ​ភាព​ និង​សុវត្ថិភាព​។

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​លោក ​យង់ គិមអេង​ យល់​ថា​ការ​បង្កើត​ក្រុម​ការងារ​ថ្មី​នេះ​ គឺ​ជា​ការវិវឌ្ឍ​មួយ​ផ្នែក​ នៅក្នុង​ការគ្រប់គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នេះ​។

លោក​ប្រាប់​វីអូអេ​ថា៖ ​«​ការផ្សាយ​ពាណិជ្ជកម្ម​តាមផ្ទាំង​ប៉ាណូនៅតាម​ទី​សាធារណៈ និង​តាម​កញ្ចក់​ទូរទស្សន៍​ផ្សេងៗ ខ្ញុំគិត​ថា គួរ​តែ​មាន​ការ​ហាម​ឃាត់​ មិន​គួរ​ឱ្យ​មាន​ទេ​ ព្រោះ​ការ​ផ្សាយ​តាម​ផ្ទាំង​ប៉ាណូ​នេះ​ វា​អាច​មាន​ផល​ប៉ះពាល់​ទៅ​ដល់​យុវជន​ ទៅដល់​យុវ​វ័យ​ កុមារ​ជា​ច្រើន​ ដែល​កំពុង​តែដើរ​ទៅ​រៀន ​ដែល​កំពុង​តែធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ផ្សេងៗ​ ធ្វើឱ្យ​គាត់​អាច​ហ្នឹង​ដិតដាម​អារម្មណ៍​យក​គំរូ​តាម​ទៅថ្ងៃ​អនាគត»​។

រូបឯកសារ៖ រូបភាពនៃផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹង នៅតាមមហាវិថីសហព័ន្ធរុស្សី ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ (លាស់ លីបលីប/ វីអូអេ)
រូបឯកសារ៖ រូបភាពនៃផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹង នៅតាមមហាវិថីសហព័ន្ធរុស្សី ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ (លាស់ លីបលីប/ វីអូអេ)

បើតាម​លោក ​យង់ គិមអេង ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​លើផ្ទាំង​ប៉ាណូ​នៅ​តាម​ដង​ផ្លូវ​ ផ្ដល់​ផល​ប៉ះ​ពាល់​ដល់​សង្គម ​ជាពិសេស​ក្នុង​ចំណោម​យុវជន ​ព្រោះ​រូបភាព​ទាំង​នោះ​ ជា​ការ​ជំរុញ​លើក​ទឹក​ចិត្តយុវជន​ឱ្យ​ប្រើ​ប្រាស់គ្រឿង​ស្រវឹង ​ដែលអាច​បង្ក​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍​ និង​ឧបទ្ទវ​ហេតុ​ផ្សេង​ៗទៀត​។ ​

លោកទទូច​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​តាក់តែងសេចក្តី​ព្រាង​ច្បាប់​ស្តីពី ​«ការ​ត្រួត​ពិនិត្យ​ផលិត​ផល​គ្រឿង​ស្រវឹង»​ ​ឱ្យ​ចេញ​ជា​រូប​រាង​ឱ្យបាន​បាន​ឆាប់​ ​និងគួរ​បង្កើន​ការ​យក​ពន្ធ​បន្ថែម​លើគ្រឿង​ស្រវឹង​ពី​១០​ទៅ​១៥% ដើម្បី​ទប់ស្កាត់​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ដែល​កំពុង​ក្លាយ​ជា​វិបត្តិមួយក្នុង​សង្គម​កម្ពុជា​។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា លោក អ៊ូច វុទ្ធី ​យល់​ថា​ការ​បង្កើត​ក្រុម​ការងារ​គ្រប់គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង ជា​កិច្ចខិតខំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​យក​ចិត្តទុក្ខ​ដាក់​លើ​សុខ​ភាព​ប្រជា​ពលរដ្ឋ​ និង​ការ​កាត់បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​ទូទាំង​ប្រទេស។

លោក​បន្ថែម​ថា៖ ​«ក្នុង​មួយ​ពេល​ត្រូវការ​ផឹក​ប៉ុន្មានដ​ង ផឹក​ប៉ុន្មាន​កែវ? អ៊ីចឹង​ត្រូវមាន​ការ​កំណត់​កន្លែង​ហ្នឹង​ទៀត។ ខ្ញុំ​ឃើញ​ថា​បងប្អូន​យើង ​អត់​យល់​ ឱ្យតែ​ស្រា​ឆ្ងាញ់ គាត់​លែង​១ដប​ម្នាក់​ឯងអី​ អាហ្នឹង​ហើយ​ងាប់​»។​

ក្រុម​ការងារ​គ្រប់គ្រង​ការផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង​ ដែល​ទើបតែ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​អាណត្តិទី៧នេះ​ មានរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​គឺ​លោក​ នេត្រ​ ភក្ត្រា ជាប្រធាន និងរដ្ឋមន្ត្រី៣​រូប​ផ្សេងទៀត​ជា​អនុប្រធាន ​ដូចជា ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល ​និង​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកទេស ​និង​នវានុវតន៍​។ ក្រុមការងារ​នេះ​ក៏មាន​សមាស​ភាពរដ្ឋ​លេខា​ធិការ​មក​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​ទៀត ​ជា​សមាជិក។

រូបឯកសារ៖ រូបភាពនៃផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹង នៅតាមមហាវិថីសហព័ន្ធរុស្សី ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ (លាស់ លីបលីប/ វីអូអេ)
រូបឯកសារ៖ រូបភាពនៃផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹង នៅតាមមហាវិថីសហព័ន្ធរុស្សី ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ (លាស់ លីបលីប/ វីអូអេ)

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក ទេព អស្នារិទ្ធ ប្រាប់​វីអូអេ​ថា កិច្ច​ការងារ​សំខាន់ៗ​របស់​ក្រុម​ការ​ងារ​គ្រប់​គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង​មាន​ច្រើន ដូចជា​ការ​ពិនិត្យ​មើល​លើ​វឌ្ឍន​ភាព​ការងារ​កន្លង​មក​ដែល​ពាក់ព័ន្ធ​នឹងការអនុវត្ត​សារាចរ​ណែនាំ​ និង​លិខិត​បទដ្ឋាន​គតិ​យុត្តិ​ផ្សេង​ៗទៀត​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ការផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង និងបន្តពង្រឹង​ការ​ផ្សព្វ​ផ្សាយ​អំពី​ការ​គ្រោះ​ថ្នាក់​ដែល​អាច​កើត​ចេញ​ពី​ការ​សេព​គ្រឿង​ស្រវឹង​ឱ្យ​បាន​ទូលំទូលាយ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​។

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​រូបនេះ​ក៏​អំពាវ​នាវ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ចូលរួម​សហការ​ ដើម្បី​ធ្វើ​ឱ្យ​ការ​អនុវត្ត​ការងារ​ពាក់​ព័ន្ធ​នឹង​ការ​គ្រប់​គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល​គ្រឿង​ស្រវឹងមាន​ប្រសិទ្ធ​ភាព​ផង​ដែរ។

លោក​ថ្លែង​ថា៖ «ក្រសួង​ព័ត៌មាន​សូម​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ឱ្យ​ចូលរួម​សហការ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ដើម្បី​ជំរុញ​ការ​អនុវត្ត​រាល់​សារាចរ​ ក៏ដូចជា​សេចក្តី​ណែនាំ​ផ្សេងៗ​ដែល​ក្រសួង​ព័ត៌មាន​ដាក់​ចេញ​នា​ពេល​កន្លង​ទៅ។ ហើយ​ធ្វើ​យ៉ាង​ណា​ចូលរួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​ផល​វិបាក​ដែល​អាច​កើត​មាន​ឡើង​ចេញ​ពី​ការ​សេព​គ្រឿង​ស្រវឹង​ និង​ភាព​ចាំបាច់​ក្នុង​ការ​ទប់ស្កាត់​ ក៏​ដូចជា​ការ​កាត់​បន្ថយ​ផល​វិបាក​ដែល​អាច​កើត​មាន​ឡើង​។ ហើយ​ត្រូវ​បង្កើន​កិច្ច​សហការ​នៅ​ក្នុង​ការ​គ្រប់គ្រង​សណ្តាប់​ធ្នាប់​ និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង​ឱ្យ​មាន​ប្រសិទ្ធភាព​តាម​រយៈ​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប»។

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក​ គី សេរីវឌ្ឍន៍ សាទរ​ចំពោះ​ការ​បង្កើត​ក្រុម​ការងារ​គ្រប់គ្រង​ការផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង ​ព្រោះ​ក្រុម​ការងារនេះនឹងរួម​ចំណែក​ដល់ការ​ត្រួត​ពិនិត្យឱ្យបាន​គ្រប់ជ្រុង​ជ្រោយ​លើ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្មអំពី​គ្រឿង​ស្រវឹង​ និង​ការ​កំណត់​ទីតាំង​ដែលអាច​ដាក់ផ្ទាំង​ប៉ាណូ​ដើម្បី​លើក​កម្ពស់​សោភ័ណ​ភាពទីក្រុង​ និង​តាម​បណ្តា​ខេត្ត​របស់​ប្រទេស​កម្ពុជា​។

លោកថ្លែង​ថា៖​ «ទីតាំង​ដែល​មាន​ទីប្រជុំជន​ច្រើន​ ហើយ​យើង​ឃើញ​មាន​ស្លាក​សញ្ញា​ច្រើន​ គឺវា​អាច​ហ្នឹង​បង្ហាញ​ថា​ប្រទេស​យើង​ពោរ​ពេញ​ទៅ​ដោយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ដូច្នេះ​ខ្ញុំជឿ​ថា​គណៈ​កម្មការ​នេះ ​នឹង​រួម​ចំណែកនៅក្នុង​សង្គម​យើង ក្នុង​ការ​កាត់​បន្ថយ​នូវ​ ឬក៏ឈាន​ទៅ​លុប​បំបាត់​ទាំង​ស្រុងនូវ​ការផ្សព្វ​ផ្សាយ​ដែល​មិនបាន​ល្អ»​។

វីអូអេ​បាន​ព្យាយាម​ទាក់​ទងសុំ​ការ​អត្ថាធិប្បាយ​ពី​តំណាង​ក្រុមហ៊ុន​ស្រាបៀរ​មួយ​ចំនួន​ដូចជា​ក្រុម​ហ៊ុន​ស្រាបៀរ ​Ganzberg ក្រុមហ៊ុន​ខ្មែរ ប៊ែវឺរីជីស (Khmer Beverages)​ ដែល​ផលិត​ស្រា​បៀរ​កម្ពុជា ​ក្រុមហ៊ុន​វឌ្ឍនៈ​ដែល​ផលិត​ស្រាបៀរ​វឌ្ឍនៈ​និង​គ្រុឌ​ និង​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ហនុមាន​ ប៉ុន្តែ​មិន​ទាន់​អាច​ទាក់​ទងបាន​នៅ​ឡើយ​ទេ។ ​អ្នកលើក​ទូរសព្ទ​ម្នាក់​នៅ​ក្រុមហ៊ុន​ស្រាបៀរ​Ganzberg​នៅ​កម្ពុជា​បដិសេធ​មិន​ផ្តល់​ការ​អត្ថា​ធិប្បាយ​ភ្លាមៗ​នៅថ្ងៃ​អង្គារនេះ។ ​

កាល​ពី​ចុង​ឆ្នាំ​២០២៣ មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្ដិភាព បាន​បង្ហាញ​ការស្រាវ​ជ្រាវ​របស់ខ្លួន​មួយ​ ដោយ​បញ្ជាក់​ថា ​ប្រជា​ពលរដ្ឋ​៩៨,៧% ​ដែល​ឆ្លើយ​ក្នុង​ការ​ស្ទង់​មតិ​មួយ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​តាម​ផ្ទាំង​ប៉ាណូ​លើ​ដង​ផ្លូវ ​និង​តាម​បណ្ដាញ​សង្គម​ និង​ស្នើ​ឱ្យ​មាន​ការ​លុប​បំបាត់​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG