បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំដល់រដ្ឋបាលរាជធានីខេត្តទាំងអស់ឱ្យ«សើរើកិច្ចព្រមព្រៀងផ្សាយគ្រឿងស្រវឹង» រដ្ឋបាលខេត្តយ៉ាងតិច ៥ បានចាប់ផ្តើមរុះរើផ្លាកសញ្ញាផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមភូមិសាស្រ្តរបស់ខ្លួន ប៉ុន្តែមិនមែនទូទាំងខេត្តឡើយ។
ខេត្តទាំងនោះមានដូចជាខេត្តតាកែវ ស្ទឹងត្រែង កណ្តាល កំពង់ចាម និងក្រចេះ។ រដ្ឋបាលខេត្តទាំងនោះបានចេញសេចក្តីជូនដំណឹងស្តីពីការរុះរើរបារកាត់ទទឹងផ្លូវ ផ្ទាំងប៉ាណូ និងស្លាកផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររៀងៗខ្លួន។
បើតាមសារបង្ហោះនៅលើហ្វេសប៊ុករបស់រដ្ឋបាលខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែកក្កដា ក្រុមការងារបានសហការជាមួយបណ្តាក្រុមហ៊ុនស្រាបៀរនានា ដោយចុះរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។
រដ្ឋបាលខេត្តបញ្ជាក់ថា៖«ទាក់ទងទៅនឹងការចុះរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មស្រាបៀរតាមកំណាត់ផ្លូវជាតិលេខ១នេះដែរ ក្រៅពីការបង្កើនសោភ័ណភាពតាមដងផ្លូវ ក៏ជាការចូលរួមរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងក៏ជាការចូលរួមកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងដោយការដាក់តាំងមិនរៀបរយរបស់ផ្ទាំងផ្សាយពាណិជ្ជកម្មមួយចំនួនផងដែរ»។
ចំណែករដ្ឋបាលខេត្តកំពង់ចាមបានចេញលិខិតមួយចុះថ្ងៃទី១៨ ខែកក្កដា ដោយលើកឡើងថាការផ្សព្វផ្សាយគ្រឿងស្រវឹងតាមដងផ្លូវ ទីតាំងលក់ភេសជ្ជៈនិងតាមទីតាំងសាធារណៈនានាបានជះឥទ្ធិពលអវិជ្ជមានដល់សង្គម ពិសេសជាការអូសទាញដល់យុវជនឱ្យសេពគ្រឿងស្រវឹង។ រដ្ឋបាលខេត្តបានណែនាំម្ចាស់អាជីវកម្ម ម្ចាស់ផ្លាកយីហោឱ្យជូនដំណឹងដល់ក្រុមហ៊ុនដែលផ្សព្វផ្សាយពាណិជ្ជកម្ម មករុះរើប៉ាណូ ឬផ្លាកពាណិជ្ជកម្ម ដែលមានរូបភាពស្រាបៀរ ឬគ្រឿងស្រវឹងចេញ ដោយទុករយៈពេល ១សប្ដាហ៍ មុននឹងអាជ្ញាធរចុះអនុវត្តវិធានការរុះរើ។
ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល និងជាអ្នកនាំពាក្យខេត្ត លោក ចាប វន្នី ប្រាប់វីអូអេថា ការរុះរើស្លាកផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមដងផ្លូវជាតិលេខ១ គឺជាជំហានដំបូងសម្រាប់ភូមិសាស្រ្តខេត្តរបស់លោក។
សម្រាប់ការរុះរើទាំងភូមិ ឃុំ ស្រុក ឬទាំងខេត្តគឺជាជំហានបន្ទាប់ដោយសារតែបច្ចុប្បន្នលោកមិនទាន់ទទួលបានគោលការណ៍ណែនាំឱ្យរុះរើទាំងអស់ឡើយ។
លោកថ្លែងថា៖ «យើងរុះរើតែផ្លាកដែលអត់ច្បាប់ទេ។ ផ្លាកមានច្បាប់គឺយើងអត់រុះរើទេ សូមបញ្ជាក់ជូនអញ្ចឹងណា។ ហើយការដាក់តាំងផ្សាយ វាអាចបង្កហានិភ័យខ្ពស់ដល់គ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។ ទាល់តែវាមានស្ថានភាពប៉ះពាល់ដល់សណ្តាប់ធ្នាប់ធ្ងន់ធ្ងរ យើងត្រូវតែឱ្យគាត់ជួយសម្រួលក្នុងការរុះរើចេញបាទ»។
លោក ចាប វន្នី មិនអាចបញ្ជាក់ពាក់ព័ន្ធនឹងចំណូលបានពីការដាក់ស្លាកផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឡើយ។
មិនមានទិន្នន័យផ្លូវការដែលបង្ហាញពីចំណូលសរុបដែលរដ្ឋាភិបាលកម្ពុជាទទួលបានពីការផ្សព្វផ្សាយគ្រឿងស្រវឹងនៅទូទាំងប្រទេសឡើយ។ ប៉ុន្តែមន្រ្តីរដ្ឋបាលមួយចំនួនឱ្យដឹងថា ចំណូលពីផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងត្រូវបានប្រើប្រាស់ ដើម្បីចូលរួមអភិវឌ្ឍខេត្ត រួមមានសាងសង់ផ្លូវ ប្រឡាយទឹក ប្រព័ន្ធលូបង្ហូរទឹកជាដើមនៅតាមបណ្ដាខេត្តពួកគេ។
លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ប្រាប់វីអូអេថា ចំណូលដែលបានមកពីការដាក់ផ្លាកពាណិជ្ជកម្មស្រាបៀរជាចំណូលពន្ធដារខេត្ត ហើយត្រូវបានយកមកអភិវឌ្ឍដូចជាផ្លូវ លូ ប្រឡាយជាដើម។
កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានផ្តល់គោលការណ៍ដល់រដ្ឋបាលខេត្តទាំងអស់ពិនិត្យឡើងវិញរាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ ដើម្បីឈានទៅបញ្ចប់រាល់កិច្ចព្រមព្រៀងផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីក្រុមហ៊ុនស្រាបៀរមួយចំនួន ដូចជាក្រុមហ៊ុន Ganzberg ស្រាបៀរកម្ពុជា និងស្រាបៀរវឌ្ឍនៈបាននៅឡើយទេ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញថារដ្ឋាភិបាលគួរដាក់ចេញជាគោលនយោបាយ ជាងការចង្អុលបង្ហាញ ឬការណែនាំ ដើម្បីធានាថាមិនមានការផ្សព្វផ្សាយស្រាបៀរនៅតាមដងផ្លូវ។
លោកថ្លែងថា៖ «យើងឃើញនៅផ្លូវជាតិលេខ២ ហើយនិងផ្លូវជាតិលេខ៣នៅក្នុងទឹកដីខេត្តតាកែវ យើងឃើញថាមានភាពស្អាត អត់មានឃើញស្លាកសញ្ញាគ្រឿងស្រវឹងនៅលើដងវិថីនៅអែបហ្នឹងទេ។ អញ្ចឹងវាជាចំណុចវិជ្ជមានប្រសើរ។ ហើយយើងក៏ឃើញខេត្តមួយចំនួនផ្សេងទៀតខំប្រឹងប្រែងដែរ ប៉ុន្តែធ្វើវាមិនពេញដៃ។ ហើយដោយសារតែវាអាចជាប់ជំពាក់ជាមួយនឹងបញ្ហាអំពើពុករលួយ ឬផលប្រយោជន៍ណាមួយដែលធ្វើឱ្យពួកគាត់អនុវត្តដោយចំពោះកន្លែងណាត្រូវហ៊ាន កន្លែងណាមិនហ៊ាន»។
លោកបន្ថែមថាយន្តការដែលមានប្រសិទ្ធភាពគឺការដាក់ចេញនូវអនុក្រឹត្យកំណត់ច្បាប់ឱ្យបានច្បាស់លាស់ និងត្រូវមានតម្លាភាព និងគណនេយ្យភាពលើចំណូលបានមកពីការផ្សព្វផ្សាយស្រាបៀរនេះ។
ប្រធានមជ្ឈមណ្ឌលពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា ការណែនាំឱ្យពិនិត្យ និងការរុះរើស្លាកផ្សព្វផ្សាយគ្រឿងស្រវឹងគឺជាជំហានរីកចម្រើនមួយក្នុងការគិតគូរពីសុខភាពសាធារណៈ និងសន្តិសុខសហគមន៍។ លោកបន្ថែមថា គ្រឿងស្រវឹងជាបញ្ហាប្រឈមខ្លាំងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែការផ្សព្វផ្សាយមានភាពគគ្រឹកគគ្រេង និងហាក់ចាត់ទុកគ្រឿងស្រវឹងជា«និមិត្តរូប»នៃប្រទេសកម្ពុជា។
លោកថ្លែងថា៖ «ពួកគាត់មានសមត្ថកិច្ចក្នុងការរៀបចំសង្គមមួយសម្រាប់យុវជន។ ប៉ុន្តែបើពួកគាត់តម្រង់ទិសយុវជនទៅរករឿងគ្រឿងស្រវឹង ដល់ពេលយុវជនប្រើប្រាស់គ្រឿងស្រវឹងបង្កបញ្ហាបងតូចបងធំ គាត់ទៅបន្ទោសយុជន អត់ទទួលខុសត្រូវហ្នឹងម៉េចកើត បាទ!»។
លោក យប់ គិមអេង ស្នើឱ្យរដ្ឋាភិបាលហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ត្រូវដំឡើងពន្ធគ្រឿងស្រវឹងឱ្យបានថ្លៃ និងត្រូវតែពន្លឿនការអនុម័តច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងស្រវឹងឱ្យបានឆាប់៕
វេទិកាបញ្ចេញមតិ