រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា កាលពីថ្ងៃចន្ទ បានណែនាំដល់រដ្ឋបាលរាជធានីខេត្តទាំងអស់ ឱ្យ «សើរើកិច្ចព្រមព្រៀងផ្សាយគ្រឿងស្រវឹង» ដើម្បីកាត់បន្ថយការផ្សព្វផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
បើតាមសារដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស សុខា បានផ្ដល់គោលការណ៍ឱ្យរដ្ឋបាលខេត្តទាំងអស់ ពិនិត្យសើរើឡើងវិញរាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ ដើម្បីឈានទៅបញ្ចប់រាល់ការព្រមព្រៀងផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ។
ក្នុងសារដែលស្រង់សម្តីរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដដែលនោះបញ្ជាក់ថា៖ «គោលដៅធំបំផុត គឺដើម្បីកាត់បន្ថយទំនោរទទួលទានគ្រឿងស្រវឹងជ្រុលហួសហេតុរបស់ប្រជាជនដែលកំពុងតែប្រឈមទាំងគ្រោះថ្នាក់សុខភាព និងគ្រោះថ្នាក់សង្គម។ ពិសេសគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងស្ថិតក្នុងដំណាក់កាលដ៏គួរឱ្យព្រួយបារម្ភ ខណៈការផ្សព្វផ្សាយដ៏ព្រោងព្រាតគ្រប់ច្រកល្ហក ក៏នាំឱ្យមានផលប៉ះពាល់ដល់កុមារផងដែរ»។
ក្នុងសារដដែលនោះក៏បានបន្ថែមថា សម្រាប់ទីតាំងឯកជនដែលមានការលក់ដូរគ្រឿងស្រវឹង រួមទាំងអាហារដ្ឋាន និងភោជនីយដ្ឋានជាដើម មិនមែនជាគោលដៅត្រូវហាមឃាត់ការផ្សព្វផ្សាយនោះទេ។
សារលើទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃដដែលបន្ថែមថា៖ «ការអនុញ្ញាតឱ្យផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ ដូចជាផ្ទាំងប៉ាណូតាមដងផ្លូវ និងកាត់ពីលើដងផ្លូវជាដើម ពិតជាបានចំណូលមួយផ្នែកប្រាកដមែន ប៉ុន្តែចំណូលនោះមិនអាចទូទាត់នឹងផលវិបាកនានា ដែលកើតចេញពីការផ្សព្វផ្សាយយ៉ាងច្រើនហួសហេតុដូចបច្ចុប្បន្ននេះបានឡើយ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការណែនាំរបស់រដ្ឋមន្រ្តី គឺជាមូលដ្ឋានមួយបន្ថែមទៀត ដើម្បីឱ្យរដ្ឋបាលរាជធានីខេត្តទាំងអស់ធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាក្រុមហ៊ុនស្រាបៀរតាមលំដាប់លំដោយ ស្របតាមកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នា និងសង្គមផង ទាក់ទងនឹងការលើកស្លាកប៉ាណូផ្សាយពាណិជ្ជកម្មតាមទីសាធារណៈ។
លោកថ្លែងថា៖ «បើសិនជាដល់កាលបរិច្ឆេទនៃកិច្ចសន្យា អាហ្នឹងគឺយើងបញ្ឈប់ Automatic [ដោយស្វ័យប្រវត្តិ] ប៉ុន្តែបើមិនទាន់ដល់ទេ យើងអាចជជែកគ្នាក្នុងកម្រិតណាមួយនៃការលើកស្លាកប៉ាណូហ្នឹង រក្សាស្លាកប៉ាណូហ្នឹង ឬក៏ទម្លាក់ស្លាកប៉ាណូហ្នឹងក្នុងកម្រិតណាមួយជាដើម ឬក៏រក្សាដោយកាត់បន្ថយរាល់រូបភាព ឬក៏ខ្លឹមសារដើម្បីទាក់ទាញដល់មហាជន ជាពិសេសយុវជនជាដើម […] ដើម្បីសម្រួលលើកិច្ចការងារទាំងអស់នេះ កុំឱ្យឃើញសុទ្ធតែផ្លាកផ្សាយពាណិជ្ជកម្មស្រាបៀរ ឬក៏គ្រឿងស្រវឹងច្រើនពេក»។
វីអូអេមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការណែនាំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានទេ។
លោក កើត ឆែ អភិបាលរង ប្រាប់វីអូអេជាសារអក្សរថា៖ «សាលារាជធានីភ្នំពេញនឹងអនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃដោយម៉ត់ចត់»។
អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានប្រាប់វីអូអេថា លោកបានទទួលបានព័ត៌មានពីថ្នាក់លើរួចហើយពីការសើរើលើកិច្ចព្រមព្រៀងផ្សាយគ្រឿងស្រវឹងនេះ។
លោកថ្លែងថា៖ «នឹងមានវិធានការកន្លងមកហើយយើងបានឱ្យរុះរើអីបន្តបន្ទាប់ ប៉ុន្តែអ្វីដែលវាមិនទាន់មានលិខិតបទដ្ឋានគតិយុត្តណាមួយដូចថាត្រូវតែរុះរើ ឬក៏ត្រូវតែមិនឱ្យមាន។ អាហ្នឹងវាពាក់ព័ន្ធនឹងកាតព្វកិច្ចបង់អីផ្សេងៗដែរ»។
លោកបន្ថែមថា ការផ្សព្វផ្សាយគ្រឿងស្រវឹងនៅខេត្តរបស់លោកផ្ទាល់ គឺមានតិចតួចប៉ុណ្ណោះ។ ដោយសារមានការប្រុងប្រយ័ត្ន នឹងក្រមសីលធម៌ បង្ការការប្រើប្រាស់ដល់យុវជនជំនាន់ក្រោយជាដើម។
អភិបាលខេត្តកំពង់ឆ្នាំងលោក ស៊ុន សុវណ្ណារិទ្ឋ បានប្រាប់វីអូអេថា លោកមានពីរជំហាន ដើម្បីសើររើពាក់ព័ន្ធនឹងគ្រឿងស្រវឹងទាំងនេះ។
លោកថ្លែងថា៖ «ជំហានទី ១ នេះ ខ្ញុំនឹងអនុវត្តបន្ទាន់ អ្វីដែលដាក់តាមផ្លូវដោយគ្មានការអនុញ្ញាត។ ស្អែកនេះខ្ញុំកោះប្រជុំបន្ទាន់ហើយចាត់វិធានការដោយសហការជាមួយក្រុមហ៊ុន ចំណុចទី ១។ ចំណុចទី ២ មានការអនុញ្ញាតលើកប៉ាណូតាមដងផ្លូវដែលមានការអនុញ្ញាតពីលើ អាហ្នឹងយើងរងចាំការណែនាំបន្តទៀត»។
នៅកម្ពុជា គ្រឿងស្រវឹងត្រូវបានផ្សព្វផ្សាយយ៉ាងព្រោងព្រាតតាមកញ្ចក់ទូរទស្សន៍ កាសែត ទស្សនាវដ្តី ផ្ទាំងផ្សាយពាណិជ្ជកម្មធំៗតាមដងផ្លូវ និងតាមទីកន្លែងសាធារណៈនានា នៅទូទាំងប្រទេស។
ក្រុមសង្គមស៊ីវិលតែងធ្វើយុទ្ធនាការទាមទារឱ្យរដ្ឋាភិបាលតម្លើងពន្ធផលិតផលគ្រឿងស្រវឹង និងពន្លឿនឱ្យមានការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព គាំទ្រចំពោះការណែនាំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស សុខា។ លោកថា ដើម្បីឱ្យការណែនាំនេះទទួលបានប្រសិទ្ធភាព ក្រសួងគួរតែតាមដានមើលលើការអនុវត្តរបស់រដ្ឋបាលរាជធានី ខេត្តទាំងអស់នោះផងដែរ។
លោកប្រាប់វីអូអេថា៖ «ក្រសួងមហាផ្ទៃត្រូវតែមានការតាមដានត្រួតពិនិត្យទៅលើការអនុវត្តសេចក្តីណែនាំរបស់អាជ្ញាធរខេត្ត ថាតើបានអនុវត្តទៅតាមសេចក្តីណែនាំនោះ ឬក៏យ៉ាងណាបាទ ដើម្បីកុំឱ្យសេចក្តីណែនាំហ្នឹងពុំមានប្រសិទ្ធិភាព។ សង្ឃឹមថា តាមរយៈសេចក្តីណែនាំនេះ ស្លាកផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនឹងលែងមាននៅតាមដងផ្លូវតទៅទៀត ក៏មិនគួរឱ្យឧស្សាហកម្មគ្រឿងស្រវឹងដើរដាក់ស្លាក ដាក់យីហោគ្រឿងស្រវឹងឱ្យតាមអ្នកលក់ដូរតាមផ្ទះតាមអីទេបាទ!»។
លោកបន្ថែមថា បើគ្មានវិធានការដោះស្រាយបញ្ហាដែលជាប់ពាក់ព័ន្ធនឹងគ្រឿងស្រវឹង ក៏ដូចជាទប់ស្កាត់ការផ្សាយគ្រឿងស្រវឹងឱ្យបានទេ នោះគោលនយោបាយភូមិឃុំមានសុវត្ថិភាពក៏មិនមានប្រសិទ្ធភាពដូចគ្នា។
ការប្រើប្រាស់គ្រឿងស្រវឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមកម្ពុជា និងបណ្តាលឲ្យមានជំងឺធំៗជាង ៦០ ប្រភេទ ក្នុងនោះរួមមានជំងឺសរសៃឈាមបេះដូង ក្រិនថ្លើម ថ្លើម មហារីក និងជំងឺកាមរោគ រួមទាំងមេរោគអេដស៍ ជំងឺអេដស៍ និងការស្លាប់ និងរបួសដោយអចេតនាជាច្រើនករណីជាពិសេសពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍។ នេះបើយោងតាមរបាយការណ៍មួយរបស់មូលនិធិអាស៊ី ស្តីពី«ឧស្សាហកម្មគ្រឿងស្រវឹងកម្ពុជា» ចេញផ្សាយកាលពីខែមិថុនា ឆ្នាំ ២០១៦៕
វេទិកាបញ្ចេញមតិ