ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​កម្ពុជា​សង្ឃឹម​ថា ​សហរដ្ឋ​អាមេរិក​​នឹង​​បន្ត​​​ផ្តល់​ជំនួយ​បោស​សម្អាត​មីន​នៅ​កម្ពុជា


រូបឯកសារ៖ អ្នកដោះមីន​ម្នាក់កំពុង​ប្រតិបត្តិការ​នៅ​មណ្ឌល​ដោះមីន​ក្នុង​ខេត្ត​កំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១១។
រូបឯកសារ៖ អ្នកដោះមីន​ម្នាក់កំពុង​ប្រតិបត្តិការ​នៅ​មណ្ឌល​ដោះមីន​ក្នុង​ខេត្ត​កំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១១។

មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​ដែល​ទទួល​បន្ទុក​ផ្នែក​ដោះ​គ្រាប់​មីននិង​គ្រាប់​មិន​ទាន់​ផ្ទុះ​បាន​អំពាវនាវ​ឲ្យ​សហរដ្ឋ​អាមេរិក​ផ្តល់​ថវិកា​ នៅ​ក្នុង​ការ​ជួយដល់​បេសកកម្មដោះ​មីន​នៅ​កម្ពុជា ​ដែល​កម្ពុជា​បាន​ដាក់​គោល​ដៅ​ដោះ​ឲ្យ​អស់​នៅ​ត្រឹម​ឆ្នាំ ​២០៣០។

លោក លី ធុជ អនុប្រធាន​ទី ​១​ ​នៃ​អាជ្ញាធរ​មីន ​(C​MA​A) ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ​លោក​មាន​ការ​សោកស្តាយ​ចំពោះ​ការ​បង្កក​ជំនួយរបស់​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល ៩០ ​ថ្ងៃ ដោយ​សារ​សកម្មភាព​ដែល​គាំទ្រ​ដោយ​ជំនួយអាមេរិកនិង​ប្រតិបត្តិករ​ដោះ​មីនត្រូវ​បាន​ផ្អាក​ទាំង​ស្រុង ក្រោយសហរដ្ឋអាមេរិកបាន​សម្រេច​បែបនេះ។ ក្នុង​មួយឆ្នាំៗ សហរដ្ឋអាមេរិក​ផ្តល់ជំនួយ​ជា​ទឹកប្រាក់​ជាង​ ១០​ លាន​ដុល្លារ​អាមេរិកដល់​កម្ពុជា​សម្រាប់​បេសកកម្ម​ដោះមីន។

ទោះ​ជាយ៉ាងណាក្តី ​លោក លី ធុជ នៅតែបង្ហាញ​ក្តី​សង្ឃឹម​ថា ​ជំនួយ​នេះ​នឹង​ត្រូវ​ផ្តល់​ឡើង​វិញ ក្រោយរដ្ឋាភិបាលអាមេរិក​បញ្ចប់​ដំណើរ​ត្រួត​ពិនិត្យ​លើ​ជំនួយ​បរទេស​របស់​ខ្លួន​ក្នុង​រយៈ​ពេល​ ៩០ ​ថ្ងៃ។

លោក​ថ្លែងថា៖ «យ៉ាងណា​មិញ យើង​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​រដ្ឋាភិបាលថ្មី​របស់​លោក​ប្រធានា​ធិបតី ​ដូណាល់ ត្រាំ លោក​នឹង​ពិចារណា​បន្ត​នូវ​ការ​គាំទ្រ​នេះ បន្ទាប់​ពី ៩០ ​ថ្ងៃ។ ៩០ ​ថ្ងៃ​នេះ នឹង​បន្ត​នូវ​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​ថែម​ទៀត។ យើង​ខ្ញុំ​កាន់​តែ​ស្វាគមន៍»។

បើ​តាម​លោក លី ធុជ កម្ពុជា​នៅ​មាន​តំបន់​ជា​ច្រើន ជា​ពិសេស​តំបន់​ដាច់ស្រយាល ក្នុងបណ្តាខេត្ត​ជាប់​ព្រំដែន​ថៃនិង​ជាប់​ព្រំដែន​វៀតណាម ដែល​មាន​គ្រាប់​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ឡើយ។

លោក លី ធុជ បញ្ជាក់​ថា ​កម្ពុជា​បាន​ចាត់​ទុក​សហរដ្ឋ​អាមេរិក​ជា​ដៃគូ​សំខាន់នៅក្នុង​បេសកកម្មដោះ​មីន ដែល​សហរដ្ឋ​អាមេរិក​បាន​ចូល​រួម​តាំង​ពី​ទសវត្សរ៍​ ៩០ ហើយបានចំណាយ​ប្រាក់​ជាង​ ១០០​ លាន​ដុល្លារ​អាមេរិក​រហូត​មក​ដល់​ពេល​នេះ ដើម្បី​គាំទ្រ​កិច្ច​ប្រឹងប្រែង​ដោះមីន​នៅកម្ពុជា។

ការ​បង្កក​ជំនួយ​របស់​អាមេរិក​ក្រោម​រដ្ឋបាល​ថ្មី​របស់​លោក ដូណាល់ ត្រាំ ​នេះ​ក៏​រង​ការ​រិះគន់​ពី​ប្រទេស​មួយ​ចំនួន ក្នុង​នោះ​រួម​មាន​ប្រទេស​ជិតខាង​កម្ពុជា គឺ​ប្រទេស​ឡាវនិង​វៀតណាម ដែល​កំពុង​ប្រឈម​នឹង​គ្រាប់​មីននិង​គ្រាប់​មិន​ទាន់​ផ្ទុះ​ដូច​កម្ពុជាដែរ។ នៅ​កម្ពុជា សហរដ្ឋ​អាមេរិក​រង​ការ​រិះគន់​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ខុសត្រូវរបស់​អាមេរិក​លើការ​ទម្លាក់​គ្រាប់​បែក​នៅប្រទេស​កម្ពុជាក្នុង​អំឡុង​សម័យ​សង្រ្គាមវៀតណាម។

ដោយឡែក​កាល​ពី​ថ្ងៃ​ទី​ ១៦ ខែ​មករាកន្លងទៅ មាន​ករណី​ផ្ទុះ​មីន​តោន​ក្នុង​ពេល​កំពុង​ប្រតិបត្តិការមួយ​នៅ​ភូមិត្រពាំង​ប្រិយ៍ ឃុំបាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរ​មាន​ជ័យ ដែល​បាន​បណ្តាល​ឲ្យ​មន្ត្រី​ជំនាញ​អង្គភាពកំចាត់មីនកម្ពុជា CMAC​ ពីរ​នាក់បានស្លាប់បាត់បង់​ជីវិត។

លោក អ៊ុត អ៊ូត អាយុ ​៥២ ឆ្នាំ ដែល​ជា​ឪពុក​របស់​មន្ត្រីមួយរូបដែលបានស្លាប់​ដោយ​សារ​ករណី​ផ្ទុះ​គ្រាប់​មីន​កាល​ពី​ពេល​ថ្មីៗ​នោះ បាន​អំពាវនាវ​ឲ្យ​សហរដ្ឋ​អាមេរិក​បន្ត​ផ្តល់​ជំនួយ​ដល់​កម្ពុជា ដើម្បី​ពន្លឿន​ដំណើរការ​ដោះ​មីន​ក្នុង​ប្រទេស។ លោក​បន្ថែម​ថា​កូន​ប្រុស​របស់​លោក​បាន​ពលី​ជីវិត​ក្នុង​ការ​ដោះ​មីននិង​មិន​គ្រាប់​មិន​ទាន់​ផ្ទុះអស់រយៈ​ ពេល​ជាង​ ៤ ​ឆ្នាំ​មក​ហើយ។

លោកថ្លែងថា៖ «មិន​ល្អ​ដែរ សោក​ស្តាយ​ដែរ បើ​សិន​មាន​ការ​បង្កក​ជំនួយ​អ៊ីចឹងមែន ព្រោះ​អី​គ្រាប់​មីន​នៅ​សល់​ពេញ​ទីកន្លែង​មិន​ទាន់​អស់​នៅ​ឡើយ»។

លោក​ អ៊ុត អ៊ូត ក៏​អំពាវនាវ​ឲ្យ​មាន​ការ​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ក្នុង​ការ​ពន្លឿន​ការ​ដោះ​មីន​ក្នុង​ប្រទេស​ឲ្យ​អស់ដើម្បី​ឲ្យ​ដី​មាន​សុវត្ថិភាព ​១០០%​ សម្រាប់​ប្រជាជន។
វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​នៅ​ឡើយ​ទេ។

រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​គោល​ដៅ​ឆ្ពោះ​ទៅ​រក​ការ​សម្រេច ​«កម្ពុជា​គ្មាន​មីន​ឆ្នាំ​ ២០៣០» ដោយ​បាន​ប្តូរ​ពី​ឆ្នាំ​ ២០២៥ ដោយ​សារ​កម្ពុជា​ត្រូវ​ការ​ពេល​វេលានិង​ថវិកា​បន្ថែម​ទៀត​ក្នុង​ការ​បោះ​សម្អាត​មីន។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០២៤ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា ​កម្ពុជា​នៅ​មាន​ផ្ទៃដី​មាន​គ្រាប់​មីន​ជាង ​១.៦០០ ​គីឡូម៉ែត្រក្រឡា ដែល​បង្ក​ផល​ប៉ះ​ពាល់​ដល់​ការរស់​នៅ​របស់​ប្រជាជន​ប្រមាណ១​លាន​នាក់។

គិត​ចាប់​ពី​ឆ្នាំ​ ១៩៧៩ ដល់​ឆ្នាំ​ ២០២៤ ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ដោយ​សារ​គ្រាប់​មីននិង​គ្រាប់​មិន​ទាន់​ផ្ទុះ​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួនប្រមាណ ​២០.០០០​ ​នាក់ និងអ្នករបួស​មាន​ចំនួន​ជាង ​៤៥.០០០ នាក់។ កាល​ពី​ឆ្នាំ ​២០២៤ ជន​រង​គ្រោះ​ដោយសារ​គ្រាប់​មីន មាន​ចំនួន​ ៤៩ ​នាក់ដោយ​ក្នុង​នោះ​ស្លាប់​ ១២ ​នាក់៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG