ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបង្កក​ជំនួយ​អាមេរិក​ប៉ះពាល់​ដល់​អ្នកពាក់ព័ន្ធ​នៅ​កម្ពុជា


រូបឯកសារ៖ លោក​ប្រធានាធិបតី Donald Trump ចុះហត្ថលេខា​លើ​បទបញ្ជា​មួយចំនួន​នៅ​ក្នុង​ការិយាល័យ​ប្រធានាធិបតី​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
រូបឯកសារ៖ លោក​ប្រធានាធិបតី Donald Trump ចុះហត្ថលេខា​លើ​បទបញ្ជា​មួយចំនួន​នៅ​ក្នុង​ការិយាល័យ​ប្រធានាធិបតី​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

លោក វ៉ា សុភានុត បម្រុង​ចូល​ធ្វើការ​នៅ​អង្គការ​មួយ​ដែល​ទើប​បង្កើត​ថ្មីឈ្មោះអង្គការ​លើក​កម្ពស់​ប្រព័ន្ធ​ផ្សព្វផ្សាយនិង​សារ​គមនាគមន៍ ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន​ពេញ​ម៉ោងនា​សប្តាហ៍​ក្រោយ។ ប៉ុន្តែ​លោក​ត្រូវ​បានជូន​ដំណឹង​អំពី​ការ​មិន​មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ជួល​រូប​លោក ដោយសារ​ការ​បង្កក​ជំនួយ​របស់​អាមេរិក ក្រោម​រដ្ឋបាល​ថ្មី​របស់​លោក ដូណាល់ ត្រាំ (Donald Trump) កាល​ពី​ពេលថ្មីៗ​នេះ។

ខណៈ​ពេល​ដែល​លោក​កំពុង​ប្រឈម​មុខ​នឹងលទ្ធភាពមិន​មាន​កន្លែង​ធ្វើ​ការ​ជា​អ្នកសារព័ត៌មាន​ពេញម៉ោង លោក វ៉ា សុភានុត អាយុ​ ២៩ ​ឆ្នាំ ប្រាប់វីអូអេ​ថា​ ការ​បង្កក​ថវិកា​នេះ​ប៉ះពាល់​ដល់​ក្តី​សង្ឃឹម​របស់​លោក​ដែល​រង់ចាំជាយូរ​មក​ហើយ ដើម្បីក្លាយ​ជា​អ្នក​សារ​ព័ត៌មាន​ពេញ​ម៉ោង​ម្នាក់ និង​អាច​រាយការណ៍​ព័ត៌មាន​ពិត​ប្រាកដ​ជូន​ប្រជាពលរដ្ឋ។

លោក​ថ្លែងថា៖ «ហើយ​ឥឡូវ​ យើង​បន្ត​រង​ផល​ប៉ះពាល់​ថែម​ទៀត អត់​ដឹង​ថា​ត្រូវ​ធ្វើ​ម៉េច។ យើង​មាន​តែ​រង់​ចាំ​មើល សង្ឃឹម​ថា​ សហរដ្ឋ​អាមេរិក​នឹង​កែ​ប្រែ​គោល​នយោបាយ​សា​ឡើង​វិញ»។

លោក វ៉ា សុភានុត បាន​ក្លាយ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​រាប់​ពាន់​នាក់​ទៀត​ដែល​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់និង​ប្រយោល​ពីការ​បង្កក​ជំនួយ​របស់​អាមេរិក​ដល់​បណ្តា​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ ក្នុង​នោះ​រួម​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។

អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ដែល​ជា​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​បង្កក​ជំនួយនេះ ហើយអាចឈាន​ទៅ​ផ្តាច់​ជំនួយ​ទាំង​ស្រុង ដែល​ពួកគេ​ថា ​វា​នឹង​ប៉ះពាល់​ដល់​ការ​ជួយ​ជ្រោម​ជ្រែង​ផ្នែក​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិប​តេយ្យ និង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​ខេម​បូចា​ដែល​ធ្វើ​ការ​លើក​កម្ពស់​សេរីភាពផ្នែក​សារព័ត៌មាន ថ្លែង​ថា ​ស្ថាប័ន​របស់​លោក​ក៏​រង​ផល​ប៉ះពាល់«ច្រើន​គួរ​សម​ដែរ»ពី​ការ​បង្កក​ជំនួយ​នេះ ដែល​តម្រូវ​ឲ្យ​ស្ថាប័ននេះផ្អាក​សកម្មភាព​មួយ​ចំនួន ដូច​ជា​គម្រោង​«អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា» រយៈ​ពេល ​៥ ​ឆ្នាំ​ ដែល​គ្រោង​អនុវត្ត​នៅខែ​មីនា​ខាង​មុខ​នេះ។ លោក​ថ្លែង​បន្ថែម​ថា ​ការ​បង្កក​ជំនួយ​នេះ​ក៏​ប៉ះពាល់​ការ​សិក្សា​ស្រាវជ្រាវ ការ​បណ្តុះ​បណ្តាល​សមត្ថភាព​ដល់​អ្នក​សារព័ត៌មាន និង​ការ​មិន​មាន​ថវិកា​សម្រាប់​ការ​សរសេរព័ត៌មាន​របស់​អ្នក​កាសែតជាប់កុងត្រា​ Free​lancer។

លោក​ ណុប វី ថ្លែងថា៖ «ផល​ប៉ះពាល់​នេះ វា​មើល​ទៅ ដូច​ជា​ផល​ប៉ះពាល់​មក​លើ​ស្ថាប័ន​ខេមបូចា ក៏ដូចជា​ស្ថាប័ន​មួយ​ចំនួន​ទៀត។ ក៏​ប៉ុន្តែ​អ្វី​ដែល​ជា​ផលប៉ះពាល់​ខ្លាំង​បំផុត​ហ្នឹង គឺ​ពាក់ព័ន្ធ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ទូទៅ ដោយសារ​ប្រជាពលរដ្ឋ​ជា​អ្នក​ទទួល​បាន​ផល​ពី​សកម្មភាព​នៃ​ការ​ទទួល​បាន​គម្រោង​ទាំង​អស់​ហ្នឹង។ ហើយ​ខ្ញុំ​គិត​ថា​វា​មិន​ខុស​គ្នា​ពី​ការ​អនុវត្ត​ការងារ​និង​ផល​ប៉ះពាល់​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន ក៏ដូច​ជា​អង្គការ​ដែល​ធ្វើ​កិច្ច​ការ​ងារ​នៅ​ក្នុង​ការ​ធានា​អំពី​តម្លាភាព​ដូច​ជា​រឿង​បរិស្ថាន ព្រៃ​ឡង់អីផ្សេងៗហ្នឹង ខ្ញុំ​គិត​ថា​មាន​ទទួល​ផល​ប៉ះពាល់​ទាំង​អស់»។

លោក ណុប វី កត់​សម្គាល់​ថា ​ជំនួយ​អាមេរិក​ភាគ​ច្រើន​ជួយ​ទៅ​លើ​ការ​ពង្រឹង​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

លោកថ្លែងថា៖ «ដូច្នេះ​ក្នុង​ករណី​ធនធាន​ហិរញ្ញវត្ថុ​បែប​នេះ​ត្រូវ​កាត់​បន្ថយ ឬ​ផ្អាក មាន​ន័យ​ថា ​ដំណើរ​ការ​នៃ​ការ​អប់រំ បណ្តុះបណ្តាល ឬ​ក៏​ដំណើរ​ការ​នៃ​ការ​ពង្រឹង​សិទ្ធិ​អំណាច​របស់​ពលរដ្ឋ​នៅ​ក្នុង​ការ​ចូលរួម​ហ្នឹង គឺ​វា​មាន​ការ​ថយ​ចុះ ហើយ​ជា​ផល​ប៉ះពាល់​ហ្នឹង គឺ​វា​ធ្វើ​ឲ្យ​មាន​ឧបសគ្គ​ច្រើន​នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​ពង្រឹង​ប្រជាធិបតេយ្យ ជា​ពិសេស​ក្នុង​ប្រទេស​កម្ពុជា​យើង»។

កាល​ពី​ខែ​តុលា ឆ្នាំ​ ២០២៤ នាយិកា​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរ​ជាតិ​ (USAID) អ្នកស្រី Samantha Power បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​អ្នកស្រី​បាន​ប្រកាស​កម្មវិធី​ថ្មីៗនិងផ្តល់ថវិកា​បន្ថែម​ជាង​ ៣៨ ​លាន​ដុល្លារ​ដល់​កម្ពុជា ក្នុង​នោះ​រួមមាន​ជំនួយដល់ផ្នែក​សន្តិសុខ​ស្បៀង បរិស្ថាន សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​វិស័យ​ការងារ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ USAID ​កាល​ពី​កន្លង​ទៅ។ ជំនួយ​នោះ​ក៏​ផ្តោត​ទៅ​លើ​ការ​អភិរក្ស​ជីវៈ​ចម្រុះ​ដ៏​សម្បូរ​បែប​នៃ​តំបន់ទន្លេ​មេគង្គ​ខាង​ក្រោម​ផង​ដែរ។

លោក ហេង គឹមហុង ប្រធាន​ប្រតិ​បត្តិ​សមាគម​បណ្តាញ​យុវ​ជន​កម្ពុជា​ដែល​ធ្វើ​ការ​លើ​ផ្នែក​បរិស្ថាន បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​លែង​ផ្តល់​ជំនួយ​របស់​អាមេរិក​លើ​ផ្នែក​បរិស្ថាន​តែ​ម្តង ដោយ​សារ​តែ​លោក​មើល​ឃើញ​ថា ​រដ្ឋបាល​ថ្មី​របស់​លោក ដូណាល់ ត្រាំ បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីសស្តី​ពី​ការ​ប្រែ​ប្រួល​អាកាសធាតុ។

លោកថ្លែង​ថា៖ «ដូច្នេះ​យើង​ហាក់​មាន​ភាព​ស្រពេច​ស្រពិល​ថា ​តើ​មូលនិធិ​អន្តរ​ជាតិ​របស់​លោក ដូណាល់ ត្រាំ ឬ​ក៏​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ ហ្នឹង​ថា​តើ​បាន​ផ្តោត​ទៅ​លើ​សិទ្ធិ​មនុស្ស ឬ​ក៏​ផ្តោត​ទៅ​លើ​ការ​ចូលរួម​ការ​ពារ​បរិស្ថាន និង​វិបត្តិ​បម្រែ​បម្រួល​អាកាសធាតុ​ហ្នឹង​កម្រិត​ណា យើង​ពិត​ជា​មាន​ការ​ព្រួយ​បារម្ភ»។

ចំណែកឯ​លោក ប៉ែន បូណា អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ថ្លែង​ថា ​ការ​សម្រេច​បង្កក​ថវិកា​ជា​សិទ្ធិ​របស់​រដ្ឋាភិបាល​អាមេរិក។ លោក​បញ្ជាក់​ថា ការ​សម្រេច​នេះពាក់ព័ន្ធ​នឹងគម្រោង​របស់អង្គការ​ ​USAID​ នៅទូទាំង​ពិភព​លោក មិន​មែន​តែ​នៅ​កម្ពុជាប៉ុណ្ណោះឡើយ។ ទោះជាយ៉ាងណាក្តី​ លោក ប៉ែន បូណា បញ្ជាក់​ថា​ ការ​បង្កក​ថវិកា​នេះ​មិន​ប៉ះពាល់​ដល់កិច្ចការអភិវឌ្ឍរបស់​រាជរដ្ឋាភិបាល​កម្ពុជា​ឡើយ។

លោកថ្លែងថា៖ «រាជរដ្ឋាភិបាល​ក៏​មាន​ប៉ះពាល់​គម្រោង​មួយ​ចំនួន​ដែល​យើង​សហការ​ជាមួយ ​USAID ប៉ុន្តែ​គម្រោង​ទាំង​នោះ​មិន​បាន​បង្ក​ជា​ឧបសគ្គ​ដល់​ការ​អភិវឌ្ឍ​ទៅ​មុខ​របស់​ប្រទេស​កម្ពុជា​ទេ»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​និងតំណាង​របស់​អង្គការ USAID ​នៅ​កម្ពុជា​បាន​នៅ​ឡើយ​ទេ។

ទោះជាយ៉ាងណាក្តី មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បង្ហាញ​ក្តី​សង្ឃឹម​ថា ​ជំនួយ​ទាំង​នោះ​អាច​នឹង​ត្រូវ​បាន​ផ្តល់​ឡើង​វិញ​ដល់​កម្ពុជា ក្រោយពីសហរដ្ឋ​អាមេរិកបញ្ចប់​ដំណើរការត្រួត​ពិនិត្យ​របស់​ខ្លួន​នៅ​ក្នុង​រយៈ​ពេល ​៩០ ​ថ្ងៃ បន្ទាប់​ពី​ការ​ប្រកាស​បង្កក​ជំនួយ​ទៅ​កាន់​ពិភព​លោក​កាល​ពី​សប្តាហ៍​មុន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG