ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាមដាន​សង្គម​បារម្ភ​ការ​ដឹកនាំ​កម្ពុជា​ដោយ​ឯកបក្ស​ក្នុង​រយៈពេល​៥​ឆ្នាំ​ទៀត


រូបឯកសារ៖ តំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាទាំង១២៥រូបថតរូបអនុស្សាវរីយ៍ជាមួយព្រះមហាក្សត្រព្រះករុណាព្រះបាទនរោត្តម សីហមុនី នៅក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធទី០៥ កញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ តំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាទាំង១២៥រូបថតរូបអនុស្សាវរីយ៍ជាមួយព្រះមហាក្សត្រព្រះករុណាព្រះបាទនរោត្តម សីហមុនី នៅក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធទី០៥ កញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/វីអូអេ)

ប្រទេស​កម្ពុជា​អាច​នឹង​ត្រូវ​គ្រប់​គ្រង​ដោយ​រដ្ឋសភា​ឯកបក្ស ​ដែល​មក​ពីគណបក្ស​ប្រជាជន​កម្ពុជា​មួយ​អាណត្តិ​ទៀត​ ក្រោយ​គណ​បក្ស​ជំទាស់​ដ៏​ធំ​ជាង​គេ​ គឺ​គណបក្ស​ភ្លើងទៀន​បាន​បាត់​បង់​សិទ្ធិ​ចូល​រួម​ប្រកួត​ប្រជែង​នា​ខែ​កក្កដា​ខាង​មុខ ​ដោយ​សារតែ​ស្ថាប័ន​រៀប​ចំ​ការ​ឆ្នោត​បដិសេធ​ក្នុង​ការ​ចុះ​បញ្ជី​ឈ្មោះ​របស់​គណបក្ស​នេះ។

អ្នក​តាម​ដាន​សង្គម ​និង​អ្នកនយោបាយ​មួយ​ចំនួនកត់​សម្គាល់​ថា ក្នុង​ពេលប្រទេសកម្ពុជា​គ្រប់​គ្រង​ដោយ​សភា​ឯកបក្ស​អស់​រយៈពេល​ ៥ឆ្នាំ ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មាន​បញ្ហា​អសកម្ម​កើត​ឡើង ​ហើយ​ក្តី​កង្វល់​របស់​ប្រជា​ពលរដ្ឋ​មិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ពេញ​លេញ​នោះ​ទេ។

ពួកគេ​បន្ថែម​ថា សេរីភាព​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​បញ្ហា​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ក៏​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ។

​អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន ​លោក គីមសួរ ភិរិទ្ធ លើក​ឡើង​ថា​ នៅ​ពេលអវត្ត​មាន​គណបក្ស​ភ្លើង​ទៀន​ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោ​តថ្នាក់​ជាតិ​អាណត្តិទី​ ៧​នេះ នោះ​វា​នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​គ្រប់​គ្រង​ដោយ​ឯកបក្ស​មួយ​អាណត្តិ​ទៀត។​ លោក​មើល​ឃើញ​អំពើ​អយុត្តិ​ធម៌​នានា​កើត​ឡើង​ក្នុង​សង្គម ​ជាពិសេស​បញ្ហា​ប្រឈម​របស់​ប្រជា​ពលរដ្ឋ ​មិន​សូវទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ ​ដោយ​សារ​មិន​មាន​សំឡេង​ជំទាស់​ក្នុង​រដ្ឋសភា។

អ្នក​នយោបាយ​រូប​នោះ​បន្ថែម​ថា​ ប្រជា​ពលរដ្ឋ​ត្រូវ​ការ​តំណាង​រាស្ត្រ​ណា​ដែល​មាន​ឆន្ទៈហ៊ាន​ចេញ​មុខ​ការពារ ​និង​ដោះ​ស្រាយ​បញ្ហា ​និង​ស្វែង​រក​យុត្តិធម៌​ដល់​ពួក​គេ។​ លោក​ថា​ បើ​ទោះ​មាន​គណ​បក្ស​ចំនួន ​១៨​ ចូល​រួម​ប្រកួត​ប្រជែងក៏​ដោយ ប៉ុន្តែវា​មិន​មាន​ន័យ​សម្រាប់​ពល​រដ្ឋ​ទេ​ ព្រោះ​គណបក្ស​ទាំង​នោះ​មិន​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ពលរដ្ឋ​ច្រើន​ ដូច​គណបក្ស​ភ្លើង​ទៀន ​ដែល​ពលរដ្ឋ​ផ្តល់​សេចក្តី​ទុក​ចិត្តជាង​ ១​លាន ៦​សែន​នាក់ ​កាលពី​ការ​បោះ​ឆ្នោត​ឃុំសង្កាត់​ឆ្នាំ​ ២០២២។​

​លោក​ប្រាប់​វីអូអេ​ថា៖ ​«អ្វី​ដែល​ប្រជា​ពល​រដ្ឋ​ចង់​បាន​មិន​មែន​ចង់​បាន​គណបក្ស​នេះ​ គណបក្ស​នោះ​ទេ។​ លោក​[ពលរដ្ឋ] ​ចង់​បាន​តំណាងរាស្ត្រ​ណា​ដែល​លោក​យល់​ថា​មាន​ឆន្ទៈ​ពិត​ប្រាកដ​ ក្នុង​ការ​ការពារ​គាត់​នៅ​ពេល​ខាង​មុខ​ នៅ​ពេល​ដែល​គាត់​ជួប​បញ្ហា។ ​ឧទាហរណ៍​ដីធ្លី ​បញ្ហា​ការងារ​ ​បញ្ហា​ផ្សេងៗ​ទៀត​ដែល​គាត់​រង​នូវ​អំពើ​អយុត្តិធម៌។ នោះ​ហើយ​បើ​សិន​ជា​គណបក្ស​ភ្លើង​ទៀន​មិន​បាន​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ [ដែល]​ គ្មាន​តំណាង​របស់​ខ្លួន​ នៅ​ក្នុង​កៅអី​សភា​ទេ​ អ្វី​ដែល​ដឹក​នាំ​ប្រទេ​ស​ទៅ​ថ្ងៃ​ខាង​មុខ​ ក៏​មិន​ខុស​ប្លែក​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ដែរ។​ វា​នៅតែ​លំនាំ​ឯកបក្ស​ដដែល»។​

លោក​ចាត់​ទុក​ថា​ ការ​គ្រប់គ្រង​ប្រទេស​ ដោយ​ប្រកាន់​យកលទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ នឹង​ធ្វើ​ឱ្យការ​រៀបចំ ​និងដឹកនាំ​ប្រទេស​ប្រព្រឹត្ត​ទៅ​តាម​គន្លង​ត្រឹមត្រូវ ​មាន​ការ​អភិវឌ្ឍ​ រីក​ចម្រើន​ដល់​សង្គម​ជាតិ ​និង​លើក​ស្ទួយ​ដល់​ជីវភាព​ប្រជា​ពលរដ្ឋ​ពិត​ប្រាកដ។​ លោក​ចង់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​តាម​រដ្ឋ​ធម្មនុញ្ញ ​និង​ប្រកាន់​យក​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ​ដើម្បី​ប្រយោជន៍​ជាតិ ​និង​ប្រជា​ពលរដ្ឋ។​

រូបឯកសារ៖ ស្លាកគណបក្សភ្លើងទៀនត្រូវបានដាក់នៅជាប់ស្ពានមួយតាមដងវិថីនាជាយក្រុងភ្នំពេញ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣។
រូបឯកសារ៖ ស្លាកគណបក្សភ្លើងទៀនត្រូវបានដាក់នៅជាប់ស្ពានមួយតាមដងវិថីនាជាយក្រុងភ្នំពេញ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣។

ចំណែក​ស្ថាបនិក​គណបក្ស​កែ​ទម្រង់​កម្ពុជា លោក​ អ៊ូ ច័ន្ទរ័ត្ន ​កត់​សម្គាល់ថា ​ ៥​ឆ្នាំ​កន្លង​មក​នេះ​មាន​ការ​បង្ក្រាប​សកម្មជន​នានា ​និង​ចាប់​ពួកគេ​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់ ​ដែល​នាំ​ឱ្យ​មាន​ការ​រិះគន់ ​និង​ថ្កោលពី​សហគម៍​អន្តរជាតិ​ជា​បន្ត​បន្ទាប់។ ​លោក​បន្ថែម​ថា ​គណបក្ស​កាន់​អំណាច​ហាក់​មិន​ខ្វល់​ខ្វាយ​នឹង​ការ​រិះគន់​ទាំង​នេះ​ឡើយ។​

បើ​តាម​លោក​ អ៊ូ ច័ន្ទរ័ត្ន ​បើ​ប្រទេស​កម្ពុជាដឹក​នាំ​ដោយ​ឯកបក្ស​បន្ត​ទៀត ​នោះ​វា​នឹង​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់ឆ្នោត​មួយ​ចំនួន​ធំ ​និងប្រទេស​ដែល​តែងតែ​ជួយ​ជ្រោម​ជ្រែង​កម្ពុជា​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ​ខកចិត្ត​បន្ថែម​ទៀត ​ដែល​នេះ​វា​អាច​ជះ​ឥទ្ធិពល​ដល់​ទំនាក់​ទំនងការបរទេស ​ហើយ​អាច​ឈាន​ដល់​ការ​ដាក់​សម្ពាធ​មក​លើ​កម្ពុជា​ជា​មិន​ខាន។​

លោក​ប្រាប់​វីអូអេ​ថា៖​ «បើ​សិន​ជា​ទៅ​អនាគត​ ៥​ឆ្នាំ​ត​ទៅ​មុខ​ទៀត ​ហើយ​មិន​មាន​គណបក្ស​ណា​មួយ​ដែល​អាច​ប្រកួត​ប្រជែង​បាន​អាសនៈ​សភា​ទេ ​ខ្ញុំ​ជឿ​ថា​ ប្រហែល​ជា​ទទួល​ការ​រិះគន់ ​ឬ​ដាក់​សម្ពាធ ឬ​ថ្កោល​ទោស​ពី​សហគមន៍​អន្តរជាតិ​កាន់​តែ​ច្រើន ​ហើយ​យើង​ពិបាក​សហការ​ជាមួយ​ប្រទេស​ផ្សេងៗ ​ព្រោះ​យើង​ដឹង​ហើយ យើង​ដើរ​ផ្ទុយ ​ឬ​បញ្ច្រាស​ពី​អ្វី​ដែល​យើង​បាន​ប្រឹងប្រែង​រាប់​ឆ្នាំ​មក​ហើយ​នោះ ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នោះ»។​

ការ​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​មក​សាកសួរ ​និង​ការ​ជំទាស់​នៃ​ការ​តាក់តែង​ច្បាប់​ណា​មួយ​ជា​អ្វី​ដែល​អតីត​តំណាងរាស្រ្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​កាល​ពី​កន្លង​ទៅ​ មុន​ពេល​ដែល​គណបក្ស​មួយ​នេះ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល។​

​លោក​ ប៉ា ច័ន្ទរឿន ​ប្រធាន​វិទ្យា​ស្ថាន​ប្រជា​ធិបតេយ្យ​កម្ពុជា​ ថ្លែង​ថា ​«ពហុបក្ស» ​មិន​មែន​សំដៅ​ទៅ​ដល់វត្តមាន​គណបក្ស​នយោបាយ​ច្រើន​ចុះ​ឈ្មោះ​ចូល​រួម​បោះ​ឆ្នោត​នោះ​ឡើយ។ ប៉ុន្តែ​វា​សំ​ដៅ​លើ​ការ​មាន​ «ពហុ​សំឡេង» ​នៅ​ក្នុង​រដ្ឋសភា។ ​លោក​បន្ត​ថានៅ​ពេល​ប្រទេស​មាន​តែ​តំណាង​រាស្ត្រ​អង្គុយក្នុង​ស​ភា​មក​ពី​គណ​បក្ស​តែ​មួយ នោះ​វាធ្វើ​ឱ្យ​បាត់​នូវ​អ្វី​ដែល​ហៅ​ថា​ «នយោបាយ​ពហុនិយម»។ លោក​អះអាង​ថា សព្វថ្ងៃ​នេះ ​នយោបាយ​កម្ពុជា​ជា​ «នយោបាយ​បំបែក​បំបាក់ ​ចែក​ដែន​គ្នា ​កម្ទេច​គ្នា» ​ដែល​នាំ​ឱ្យ​មានការ​រើស​អើង​ផ្នែក​នយោបាយ។​

លោក​បញ្ជាក់​ថា៖ «តាម​ពិត​ទៅ​ ភាព​សកម្ម​នយោបាយ​ គឺ​ជា​រឿង​ចាំបាច់ ​ ប៉ុន្តែ​កុំ​ឱ្យ​ប្រកាន់​រឿង​គណបក្ស​នយោបាយ​ហ្នឹង ​វា​ជ្រុលនិយម​ពេក​ ត្រូវ​ផ្តោត​ទៅ​លើ​ស្មារតី​ខ្មែរ​តែ​មួយ ​ទោះ​បីជា​មាន​ការ​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ​ខុស​គ្នា​ក្តី។ ប៉ុន្តែ​យើង​ប្រកួត​គ្នា​នៅ​ក្នុង​ការ​រក​វិធី ​រក​យុទ្ធសាស្ត្រ​ គោលនយោ​បាយ​ដើម្បី​ដោះ​ស្រាយ​ និង​ដឹក​នាំ​នាវា​ក​ម្ពុជា​យើង​ឱ្យ​ឆ្ពោះ​ទៅ​មុខ​ ជា​ជាង​យើង​ប្រឹង​តែ​កម្ទេច​គ្នា​ ​ដើម្បី​បាន​អំណាច​និង​សម្រេច​មហិច្ឆ​តា​របស់​ខ្លួន»។

រូបឯកសារ៖ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចូលរួមតវ៉ានៅមុខក្រុមហ៊ុន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
រូបឯកសារ៖ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចូលរួមតវ៉ានៅមុខក្រុមហ៊ុន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

​ចំណែក​លោក ​ឯម សុវណ្ណារ៉ា ​សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោ​បាយ ​ប្រាប់​វីអូអេថា ​ការ​ដឹកនាំរដ្ឋា​ភិបាលក្នុង​អាណត្តិទី​ ៦ ​មិន​ទាន់​ដោះ​ស្រាយ​បញ្ហា ​និង​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​បាន​ពេញលេញ​នៅ​ឡើយ​ទេ។ លោក​បន្ថែម​ថា​ សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ ​និង​សេរី​ភាព​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ក៏​ត្រូវ​បាន​រឹត​ត្បិត​ និង​រួម​តូច​ផង​ដែរ។​

លោក​ថ្លែង​ថា៖​ «នៅ​ពេល​គណ​បក្ស​តែ​មួយ ​គណបក្ស​ឯកបក្សកាន់​អំណាច​គ្រប់​គ្រងសភា​ហ្នឹង​ ហើយ​រដ្ឋាភិបាល​ដឹកនាំ​នេះ​ តម្រូវ​ការ​ពលរដ្ឋ​ហាក់​ដូច​ជា​មិន​ត្រូវ​បាន​ឆ្លើយ​តប​ពេញ​លេញ​ទេ រាល់​ការ​លើក​ឡើង​ ការ​ទាម​ទារ​របស់​គាត់​ [ពលរដ្ឋ​]​ ទី១។ ​ទី២​ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ លម្ហសេរីភាព​ សិទ្ធិ​នយោបាយ​ហ្នឹង​ក៏​រួម​តូច ​ហើយ​សំឡេងខាង​សង្គម​ស៊ីវិល​ ហើយ​នឹង​បណ្តាញ​សារ​ព័ត៌មាន​ហ្នឹង ​ត្រូវ​បាន​រឹត​ត្បិត ​ត្រូវ​បាន​រួមតូច»។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​សមាគម​សិទ្ធិ​មនុស្ស​លីកាដូ ​លោក ​អំ សំអាត​ ប្រាប់​វីអូអេ​ថា ក្នុង​រយៈពេល​ ៥​ឆ្នាំនៃ​ការ​ដឹក​នាំ​ដោយ​សភា​ឯកបក្ស​ កម្ពុជា​រង​ការ​រិះគន់​ច្រើន​ពី​សហគមន៍​អន្តរ​ជាតិ​ពាក់​ព័ន្ធ​នឹងសិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ។​

លោក​បន្ថែម​ថា ​កម្ពុជា​ចៀស​មិន​ផុត​ពី​ការ​រិះគន់​ឡើយ ​ប្រសិន​បើ​ប្រទេស​បន្ត​ដឹកនាំ​ដោយ​រដ្ឋ​សភា​ឯកបក្ស​រយៈពេល​ ៥ឆ្នាំ​ទៅ​មុខ​ទៀត។​

លោក​បញ្ជាក់​ថា៖ ​«ជា​ធម្មតា ​បើ​សិន​ជា​មាន​គណបក្ស​នៅ​ក្នុង​សភា​ហ្នឹង​ មាន​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ច្រើន ​អាហ្នឹង​គឺ​វា​មាន​ការ ​Check and balace ​(ការ​បែងចែក​អំណាច) ​ហើយ​វា​មាន​ការ​ជជែក​វែក​ញែក​ និង​ការ​ដេញ​ដោល​គ្នា​បាន​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ»។​

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ ឥសាន​ ថ្លែង​ថា ការ​លើក​ឡើង​នានា​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​របស់​បុគ្គល​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។ ​លោក​ការពារ​ថា​រដ្ឋ​សភា​ឯក​បក្ស​មែន ​ប៉ុន្តែ​ការ​ដឹកនាំ​មិន​ផ្តាច់​ការ​នោះ​ទេ ​ហើយ​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ដោយចេញ​ពី​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ។​

លោក​ថ្លែង​ថា៖ ​«ការ​ដែល​សភា​មាន​គណបក្ស​តែ​មួយ​ មាន​តំណាងរាស្ត្រ​មក​ពី​គណបក្ស​តែ​មួយ​នេះ ​គឺ​ថា​ មិន​មែន​មាន​ន័យថា ដឹកនាំ​បែប​ផ្តាច់​ការ​ ឯកបក្ស​ដូច​ដែល​អ្នក​សារ​ព័ត៌មាន​មួយ​ចំនួន​យល់​ទៅ​តាម​អ្នក​វិភាគ​នយោបាយ ​ឬ​មួយ​ក៏​សង្គម​ទេ ​ពី​ព្រោះ​សភា​ ទោះ​បី​មាន​គណបក្ស​ប៉ុន្មាន​នៅ​ក្នុង​រដ្ឋ​សភា​ក៏​ដោយ ​ក៏​វា​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ហ្នឹង​ឯង»។​

គួរ​បញ្ជាក់​ថា គណបក្ស​ភ្លើង​ទៀន​ទទួល​បាន​សំឡេង​គាំទ្រ​ប្រមាណ​ ១លាន​ ៦សែន​នាក់​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​ ២០២២។ ​សំឡេង​គាំទ្រ​នេះ​ត្រូវ​បាន​អ្នក​តាម​ដាន​ទស្សន៍​ទាយ​ថា​ គណបក្ស​ជំទាស់​មួយ​នេះ​អាច​ទទួល​បាន​អាសនៈ​ចន្លោះ​ពី​ ២០​ ទៅ​ ៣០ ​ក្នុង​ចំណោម​អាសនៈ​រដ្ឋសភា​សរុប​ចំនួន ​១២៥៕

XS
SM
MD
LG