ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ភ្លើង​ទៀន​​ថា ខ្លួន​ព្យាយាម​អស់​លទ្ធភាព​ហើយ​ដើម្បី​ចូលរួម​ការបោះឆ្នោត ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ


រូបឯកសារ៖ អគារ​ទីស្នាក់ការ​គណបក្ស​ភ្លើងទៀន​ថត​នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ អគារ​ទីស្នាក់ការ​គណបក្ស​ភ្លើងទៀន​ថត​នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

គណបក្ស​ភ្លើង​ទៀន​អះអាង​ថា​ ខ្លួន​បាន​ព្យាយាម​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​ស្នើ​សុំ​សេចក្តី​ចម្លង​ដែល​មាន​បញ្ជាក់​នីត្យានុកូល​កម្ម​នៃ​ប្រកាស​លេខ​១៩៣​ពី​ក្រសួង​មហា​ផ្ទៃ ​ប៉ុន្តែ​មិន​ទទួល​បាន​តាម​ការ​ស្នើ​សុំ។ ​

លិខិត​បញ្ជាក់​មួយ​ច្បាប់​នេះ​បាន​ក្លាយ​ជាបញ្ហា​រាំង​ស្ទះ ​ដែល​នាំ​ឱ្យ​គណបក្ស​ជំទាស់​ដ៏​ធំ​មួយ​នេះ​បាត់​បង់​សិទ្ធិ​ក្នុង​ការ​ចូល​រួម​ការ​បោះ​ឆ្នោត​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ​ខែ​កក្កដា ​ខាង​មុខ។​

គណ​បក្ស​ភ្លើង​ទៀន​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ជាង​១​លាន​៦​សែន​នាក់ ​កាល​ពី​ពេលបោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ ​ឆ្នាំ​២០២២​ នៅ​តែ​រក្សា​ជំហរ​ និង​បង្ហាញថា ​ខ្លួនពិត​ជា​ចង់​ចូល​រួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ​និងមិន​មាន​ឧបាយ​កលឱ្យ​បរទេសគាប​សង្កត់​រដ្ឋាភិបាល​កម្ពុជា​អ្វី​នោះ​ទេ។ ​នេះ​បើ​តាម​លិខិតរបស់​គណ​បក្ស​ភ្លើងទៀន ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ។​

គណ​បក្ស​ភ្លើង​ទៀន​បានផ្សព្វផ្សាយ​លិខិត​ចំនួន​៥​សន្លឹក​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន ​ដោយរៀប​រាប់​អំពី​ដំណើរ​ការ ​និង​សកម្ម​ភាព​នៃ​ការ​ចុះ​បញ្ជី ​និង​ស្នើ​សុំ​ឯកសារ​នានា​ពី​ក្រសួង​មហា​ផ្ទៃ។ ​គណ​បក្ស​បញ្ជាក់​ថា​ ខ្លួន​បាន​ដាក់​សំណើ​សុំ​ច្បាប់ ឬ​សេចក្តី​ចម្លង​ដែល​មាន​បញ្ជាក់​នីត្យានុកូល​កម្ម​នៃ​ប្រកាស​លេខ​១៩៣​ពី​ក្រសួង​មហាផ្ទៃ ​និង​បាន​ជួប​តំណាង​ក្រសួង​ចំនួន​៣​ដង ​ដើម្បី​ស្នើ​សុំ​ឯក​សារ​នោះយក​ទៅ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ។ ​ប៉ុន្តែ​គណ​បក្ស​មិន​ទទួល​បាន​ឡើយ។​

លោក ​គីមសួរ ភិរិទ្ធ ​អ្នក​នាំពាក្យ​គណបក្ស​ភ្លើងទៀន​ ប្រាប់​វីអូអេ​ថា​ លិខិត​របស់​គណបក្ស​ភ្លើង​ទៀន ​ដែល​ចេញ​នៅ​ថ្ងៃ​អង្គារ​នេះ ​ធ្វើ​ឡើង​ក្នុង​គោល​បំណងបង្ហាញ​ទៅ​សាធារណ​ជន​កុំ​ឱ្យ​ភាន់​ច្រឡំ ​ទាក់​ទង​នឹង​ពាក្យ​សម្តី​ចោទ​ប្រកាន់​ដែល​ថា​ ​គណ​បក្ស​មាន​ចេតនា​លាក់​ប្រកាស​លេខ​១៩៣ ​ព្រោះមិន​ចង់​ចូល​រួម​ការ​បោះ​ឆ្នោត។ ​លោក​បន្ថែម​ថា​ បើ​សិន​ស្ថាប័ន​ពាក់ព័ន្ធ​សម្រេច​ឱ្យ​គណ​បក្ស​អាចចូល​រួម​ការ​បោះ​ឆ្នោត​បាន ​គណប​ក្ស​នឹង​ចូល​រួម​ភ្លាម។​

លោក​បន្ថែម​ថា៖​ «យើង​បោះ​ឆ្នោត​ឃុំ​សង្កាត់​បាន​ហើ​យ​អី​ហើយ​ ហើយ​រឿង​ហេតុ​ផល​ទទួល​ស្គាល់​ថា​ គណ​បក្ស​ធ្វើ​សកម្ម​ភាព​ហើយ​ ព្រោះ​វា​ស្រប​ច្បាប់​ហើយ។​ គ្រាន់រឿង​ក្រដាស​មួយ​សន្លឹក​ គេ​អាច​សម្រួល​បាន​ទេតើ ​បើ​សិន​ជា​មិន​ចង់​ឱ្យ​មាន​បញ្ហា។ អា​នេះ​ គេ​មិន​ចង់​ឱ្យ​យើង​ចូល​ហ្មង ​និយាយ​មួយ​ម៉ាត់ ​អ៊ីចេះ។ ​ហើយ​គេ​មិន​ចង់​ឱ្យ​យើង​ចូល​ហើយ​ គេ​ថា​ យើង​ហ្នឹង​មាន​ចេតនា​មិន​ចង់ចូល​ បង្ក​បញ្ហា​ឱ្យ​គេ​វិញ​ទៀត។ ​អ៊ីចឹង​យើង​ត្រូវ​តែ​បំភ្លឺ​ឱ្យ​សាធារណ​ជាតិ​ និង​អន្តរ​ជាតិ​គេ​បាន​ដឹង​ បាន​ឮ​ ហើយ​គេ​ជួយ​វិភាគ​មើល​ទៅ​ ការ​ចោទ​ប្រកាន់​ វា​សម​ ឬ​អត់»។​

លោក​បន្ថែម​ថា៖ ​«វា​គ្មាន​អ្វី​ស្មុគ​ស្មាញ​ទេ ​បើ​សំណៅ​ដើម​ស្ថិត​នៅ​ក្នុង​ក្រសួង​មហា​ផ្ទៃ​ហើយ​ហ្នឹង! មើល​សំណៅ​ដើម​ Copy ​ចម្លង​មក ​ហើយ​ធ្វើ​ទុតិយាតា​ ​ធ្វើ​នីត្យានុកូល​កម្ម​ទៅ ​បាន​ទេ​តើ។ ​អត់​មាន​អី​ស្មុគ​ស្មាញ​ទេ។ ​បើ​គេ​ចង់​ធ្វើ​ អត់​អី​ស្មុគ​ស្មាញ​ទេ។​ មាន​អ្នក​ខ្លះ​មាន​ទោស​ដល់​ណា​ដល់​ណី ​ គេនៅ​តែ​លើក​លែង​ទោស​ឱ្យ​បាន​ មាន​ស្អី​ពិបាក​ជាង​គេ​មាន​ទោស ​ហើយ​គេ​នៅ​លើក​លែង​ទោស»។​
អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើងទៀនរូប​នេះនៅ​តែ​អះ​អាង​ថា​ ការ​បាត់​ប្រកាស​លេខ​១៩៣​ គឺ​ដោយ​សារតុលាការ​មិន​អនុញ្ញាត​ឱ្យ​ចូល​យក​ឯកសារ​នានា​នៅ​ទីស្នាក់​ការ​របស់​គណបក្ស ​ពេលមាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​ ខៀវ សុភ័គ​ រដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ប្រាប់​វីអូអេ​ថា ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​ហើយ ​ដូច្នេះ​គណបក្ស​ភ្លើង​ទៀន​មិន​មាន​សិទ្ធិ​តវ៉ា ​ឬ​ធ្វើ​ការ​ប្រមូល​ផ្តុំអ្វី​នោះ​ទេ។​

លោក​ថ្លែង​ថា៖ ​«គ្មាន​ច្បាប់​ឯណា​តម្រូវ​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ បោះ​ឆ្នោត​ទេ។ ​សូម្បី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ក៏​គ្មាន ​សូម្បីតែ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ក៏​គ្មាន​ដែរ​ គ្មាន​ច្បាប់ឯណា​តម្រូវ ​ត្រូវ​តែ​មាន​គណបក្ស​នេះ​ បាន​បោះ​ឆ្នោត​បាន​ទេ»។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​ឧសភា ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ចាត់​ទុក​ថា​ ការ​ខ្វះ​ឯក​សារ​របស់​គណបក្ស​ភ្លើង​ទៀន ​គឺ​ជា​«ឧបាយ​កល» ​និង​ជា​គោល​ដៅ​របស់​គណបក្ស​ប្រឆាំង​ដោយ​ផ្ទាល់ ​ដែល​មិន​ចង់​ចូល​រួម​ការ​បោះ​ឆ្នោត និង​ថា ​ការណ៍​នេះ​ជា​ចេតនា​ចង់​យក​បរទេស​មក​គាប​សង្កត់​រដ្ឋាភិបាល​កម្ពុជា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG