ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លោក ​ហ៊ុន សែន​ ព្រមាន​ចាប់​ខ្លួន​អ្នក​ដែល​ហ៊ាន​តវ៉ា​ជាមួយ​គណបក្ស​ភ្លើង​ទៀន


រូបផ្គុំនៃទង់តំណាងគណបក្សភ្លើងទៀន (ឆេ្វង) និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន។
រូបផ្គុំនៃទង់តំណាងគណបក្សភ្លើងទៀន (ឆេ្វង) និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន។

លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​នៅ​ថ្ងៃ​ពុធ​ បាន​ព្រមាន​ជា​ថ្មី​ចាប់​ខ្លួន​អ្នក​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​ជាមួយ​គណបក្ស​ភ្លើង​ទៀន ​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប) ​និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​ដែល​សម្រេច​មិន​ឱ្យ​គណបក្ស​ជំទាស់​មួយ​នេះ​ចូលរួម​ការ​បោះ​ឆ្នោត ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ​ខែ​កក្កដា ​ឆ្នាំ​២០២៣​ខាង​មុខ។​

ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ស្ពាន​បេតុង​ខ្សែ​កាប​ឆ្លង​កាត់​ទន្លេសាប ​និង​ស្ពាន​អាកាស​ឫស្សីកែវ ​ រាជធានី​ភ្នំពេញ ​លោក ​ហ៊ុន សែន ​ថ្លែង​ថា៖ «ហើយ​ថា​បើ​ទោះ​មហាផ្ទៃ​មិន​ឱ្យ​ធ្វើ​ក៏​នៅ​តែ​ធ្វើ។ ​ខ្ញុំ​គ្រាន់​តែ​បញ្ជាក់​ថា ​គុកស្វាគមន៍។​ គុក​នឹង​ស្វាគមន៍។ ​អា​ហ្នឹង​និយាយ​គ្នា​ឱ្យ​ច្បាស់»។​

លោក​នាយករដ្ឋមន្រ្តី​ក៏​ព្រមាន​ដោយ​មិន​បញ្ចេញ​ឈ្មោះ ​ដែល​សំដៅ​លើ​លោក ​រ៉ុង ឈុន ​អនុប្រធាន​គណបក្ស​ភ្លើងទៀន ​ដែលធ្លាប់​ជាប់​ពន្ធនាគារ​ ដោយ​ថា​ នឹង​ចាប់​ខ្លួន​សាជា​ថ្មី ​បើ​ហ៊ាន​ចេញ​មុខ​តវ៉ា។​

លោក ​ហ៊ុន សែន ​បន្ថែម​ថា៖ ​«ហើយ​បង​ប្អូន​នានា ​កុំ​ទៅ​ចាញ់​បោក​ មក​ងាប់ ​ឬ​ក៏​មក​ជាប់​គុក​ជា​មួយ​គេ​នោះ​ ​ដោយសារ​តែ​អា​រឿង​កំហុស ​អ្នក​ឯង​ធ្វើ​ខ្លួន​ឯង»។​

កាល​ពី​ថ្ងៃ​ចន្ទ ​លោក ​រ៉ុង ឈុន ​បាន​ប្រកាស​ថា​ ខ្លួន​គ្រោង​ជួប​ជុំ​សមាជិក ​និង​អ្នក​គាំទ្រ​ប្រមាណ​មួយ​ម៉ឺន​នាក់​ នៅ​ទីលាន​ប្រជាធិបតេយ្យ ​នា​ចុង​សប្តាហ៍​នេះ ​ដើម្បី​តស៊ូ​មតិ​ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​អនុញ្ញាត​ឱ្យ​គណបក្ស​នេះ​បាន​ចូលរួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ខែ​កក្កដា​ខាង​មុខនេះ។​

គណបក្ស​ភ្លើង​ទៀន​បាន​អះអាង​ថា​ ខ្លួន​បាន​ព្យាយាម​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​ស្នើ​សុំ​សេចក្តី​ចម្លង​ដែល​មាន​បញ្ជាក់​នីត្យានុកូល​កម្ម​នៃ​ប្រកាស​លេខ​១៩៣​ពី​ក្រសួង​មហា​ផ្ទៃ​ ​ប៉ុន្តែ​មិន​ទទួល​បាន​តាម​ការ​ស្នើ​សុំ។ ​គណបក្ស​ភ្លើង​ទៀន​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ជាង​១​លាន​៦​សែន​នាក់ ​កា​ល​ពី​ពេល​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​ឆ្នាំ​២០២២​ នៅ​តែ​រក្សា​ជំហរ​ និង​បង្ហាញ​ថា ​ខ្លួន​ពិត​ជា​ចង់​ចូល​រួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ​និង​មិន​មាន​ឧបាយ​កល​ឱ្យ​បរទេស​គាប​សង្កត់​រដ្ឋាភិបាល​កម្ពុជា​អ្វី​នោះ​ទេ។​

លោក ​រ៉ុង ឈុន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា​ មក​ដល់​ពេល​នេះ ​លោក​មិន​ទាន់​បាន​ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ​នៅ​ឡើយ ​ដើម្បី​សុំ​ការ​ប្រមូល​ផ្តុំ​តស៊ូ​មតិ។ ​លោក​បន្ថែម​ថា ​លោក​នឹង​ធ្វើ​ទៅ​តាម​នីតិវិធី​ ​ហើយ​ក្នុង​ករណី​ស្ថាប័ន​ពាក់ព័ន្ធ​បដិសេធ​មិន​ឱ្យ​ជួប​ជុំ លោក​នឹងពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​បន្ត​ទៀត។​

លោក​ថ្លែង​ថា៖ «ការ​ពិត ​យើង​ធ្វើ​ទៅ​តាម​នីតិវិធី​ផ្លូវ​ច្បាប់។ ​យើង​នឹង​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ។ ​យើង​មិន​ធ្វើ​ទៅ​តាម​អ្វី​ដែល​ចេះ​តែ​ធ្វើ​ ហើយ​មិន​បាន​ជូន​ដំណឹង​នោះ​ទេ។​

អ៊ីចឹង​យើង​ធ្វើ​តែ​តាម​នីតិវិធី​ផ្លូវ​ច្បាប់ ​ហើយ​បើ​សិន​ជា​សាលា​រាជ​ធានី​ភ្នំពេញ​បដិសេធ​មិន​ឱ្យ​ធ្វើ​ការ​ប្រមូល​ផ្តុំ​ យើង​នឹង​ដកឃ្លា​ យក​មក​ជជែក​[ជាមួយ]​ថ្នាក់​ដឹក​នាំ​គណបក្ស​ភ្លើង​ទៀន​ថា​ តើ​យើង​ធ្វើ​យ៉ាង​ណា ​ដើម្បី​ធ្វើ​ម៉េច​ រក​ច្រក​ចេញ ​ដើម្បី​ឲ្យ​បាន​គណបក្ស​ភ្លើង​ទៀន​ចូល​រួម​បោះ​ឆ្នោត​ថ្ងៃ២៣​ កក្កដា​ខាង​មុខ​នេះ»។​

លោក​ រ៉ុង ឈុន ​បន្ថែម​ថា​ លោក​មិន​បាន​លើក​ឡើង​ថា ​នៅ​តែ​បន្ត​តវ៉ា ​បើ​ទោះ​ស្ថាប័ន​ពាក់ព័ន្ធ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រមូល​ផ្តុំ​តាម​ការ​ស្នើ​សុំ​នោះ​ទេ។​

គួរ​បញ្ជាក់​ថា ​កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​ឧសភា ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ចាត់​ទុក​ថា​ការ​ខ្វះ​ឯកសារ​របស់​គណបក្ស​ភ្លើង​ទៀន​គឺ​ជា​«ឧបាយ​កល»​និង​ជា​គោល​ដៅ​របស់​គណបក្ស​ប្រឆាំង​ដោយ​ផ្ទាល់ ​ដែល​មិន​ចង់​ចូល​រួម​ការ​បោះ​ឆ្នោត ​និង​ថា​ ការណ៍​នេះ​ជា​ចេតនា​ចង់​យក​បរទេស​មក​គាប​សង្កត់​រដ្ឋាភិបាល​កម្ពុជា៕ ​

XS
SM
MD
LG