ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្នុង​ករណី​ព្រះអង្គ ចន្ទ មុនី អ្នកតាមដាន​អំពាវនាវ​ឱ្យ​គោរព​សិទ្ធ​គ្នា​ក្នុង​ការជឿ​ដើម្បី​បញ្ចៀស​ជម្លោះ


រូបឯកសារ៖ ទិដ្ឋភាពវត្តបុទុមវតីនៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្រនៅភ្នំពេញ កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១។ (ធីតា វីន/វីអូអេ)
រូបឯកសារ៖ ទិដ្ឋភាពវត្តបុទុមវតីនៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្រនៅភ្នំពេញ កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១។ (ធីតា វីន/វីអូអេ)

អ្នក​តាម​ដាន​សង្គម​មួយ​ចំនួន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​គោរព​សិទ្ធិ​គ្នា​ក្នុង​ការ​ជឿ​លើ​អ្វី​មួយ ដើម្បី​បញ្ចៀស​ជម្លោះ​នានា​ដែល​អាច​កើត​មាន​ឡើង។ ការ​អំពាវនាវ​នេះ ស្រប​ពេល​មាន​ការ​លើក​ឡើង​យ៉ាង​ចម្រូងចម្រាស​លើ​ករណី​ព្រះ​អង្គ ចន្ទ មុនី ដែល​ជា​ព្រះ​សង្ឃ​មួយ​អង្គ​គង់​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ទៅ​លើ​បារមី​របស់​ព្រះអង្គ។

អ្នក​តាម​ដាន​ក៏​ស្នើ​ឱ្យ​ក្រសួង​ធម្មការ និង​សាសនា គួរ​បង្កើន​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អំពី​ព្រះពុទ្ធ​សាសនា​បន្ថែម​ទៀត​ឱ្យ​បានត្រឹម​ត្រូវ ចៀស​វាងការ​ជឿ​ទៅ​លើ​អ្វី​មួយ​ដែល​មិន​សម​ហេតុផល​និង​ខ្វះ​ការ​ពិចារណា។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ លើក​ឡើង​ថា​ការជឿ​ទៅ​លើ​ជំនឿ​ទៅ​លើ​អ្វី​មួយ គឺជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ​រៀងៗ​ខ្លួន​ទៅ​តាម​រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ​លោក​ថា​ជំនឿ​មួយ​ចំនួន​អាច​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សង្គម ជា​ពិសេស​ប៉ះពាល់​លើ​រូប​រាង​ផ្នត់​គំនិត​របស់​បុគ្គល​ទាំង​នោះ នៅ​ពេល​ដែល​ពួក​គេ​ជឿ​ទៅ​លើ​បុគ្គល​ណា​មួយ ដោយ​ខ្វះ​ការ​ត្រិះរិះ​ពិចារណា ជឿ​ដោយ​គ្មាន​ហេតុ​ផល​គ្រប់​គ្រាន់ ដែល​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​និង​សេចក្តី​ថ្លៃ​ថ្នូរ​ស្តី​ពី​ការ​យល់​ដឹង​អ្វី​ដែល​ល្អ​និង​អាក្រក់។

លោក​បន្ត​ថា​ជំនឿ​ដែល​ពាក់ព័ន្ធ​នឹង​ពុទ្ធសាសនា ក្រសួង​ធម្មការ និង​សាសនា​ គួរ​តែបក​ស្រាយ​ពន្យល់ រៀបចំ​ធ្វើ​ការ​ស៊ើប​អង្កេត​មួយ​ឱ្យ​បាន​ច្បាស់​លាស់​ទាក់​ទង​នឹង​ការ​រៀបចំ​ឱ្យ​មាន​ជា​កម្មវិធី​នៅ​តាម​ទីសាធារណៈ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ការ​យល់​ដឹង​ពី​ព្រះ​ពុទ្ធសាសនា។​

លោក​ថ្លែងថា​៖ «ការ​រៀបចំ​របស់​ព្រះ​អង្គ​ចន្ទ មុនី​នេះ​ គឺ​យើង​មិន​ទាន់​មាន​មូល​ដ្ឋាន​ច្បាស់​លាស់​នៅ​ក្នុង​ការ​ពិចារណា​ថា​គាត់​គឺ​ជា​ព្រះ​សង្ឃ​ដែល​មាន​មូលដ្ឋាន​ឬ​ក៏​មាន​បុណ្យ​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ ដូច្នេះ​ក្រសួង​ធម្មការ និង​សាសនា​គួរតែ​ធ្វើ​ការបក​ស្រាយ​ហើយ​និង​បើក​ស៊ើប​អង្កេត​ជា​លក្ខណៈ​ផ្លូវ​ការ​មួយ​ឱ្យ​មាន​ការចូល​រួម​និង​ការ​ប្រមូល​រក​នូវ​ភស្តុតាង ដើម្បី​ឆ្លើយ​តប​និង​បក​ស្រាយ​ឱ្យ​សាធារណជន​ទាំង​អស់​បាន​យល់​បាន​ដឹង​អំពី​គោល​បំណង​ជាក់​លាក់​ដែល​ព្រះអង្គ​ចន្ទ មុនី កំពុង​តែ​ធ្វើ នា​ពេល​បច្ចុប្បន្ន​នេះ»។

លោក​បន្ថែម​ទៀត​ថា​បើ​សិន​ជា​ក្រសួង​ធម្មការ និង​សាសនា​មិន​បាន​បើក​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់ចត់​ទេ នោះ​អាច​នឹង​មាន​ជន​ឆ្លៀត​ឱកាស​ផ្សេង​ទៀត​ដែល​បង្កើត​ព្រឹត្តិការណ៍​សាសនា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​សាសនា។

លោក​បញ្ជាក់​ថា​៖ «ក្នុង​ករណី​ដែល​ក្រសួង​ធម្មការ​ និង​សាសនា​មិន​ធ្វើ​ការ​បើក​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់ចត់​និង​បកស្រាយ​ឱ្យ​បាន​ច្បាស់​លាស់​ទេ វា​ហាក់​បី​ដូច​ជា​បាន​លើក​ទឹក​ចិត្ត​ដល់​មនុស្ស​ផ្សេងៗ​ទៀត​និង​អាច​បង្កើត​ព្រឹត្តិការណ៍​ក្នុង​ជា​នាម​សាសនា​ ហើយ​នឹង​ធ្វើ​ឱ្យ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​នេះ​មាន​ភាព​ច្របូក​ច្របល់​ ហើយ​នឹង​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ទៅ​ដល់​កិត្តិយស​របស់​សង្ឃ​ទាំង​អស់​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​នៅ​ជុំវិញ​សកល​លោក»។

មួយ​រយៈ​ចុង​ក្រោយ​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​ផ្ទុះ​ការ​ជឿ​ទៅ​លើ​បុណ្យ​បារមី​របស់​ព្រះសង្ឃ​មួយ​អង្គ​ដែល​គង់​នៅ​វត្ត​តាសុត ឃុំរលាប្អៀ ខេត្ត​កំពង់ឆ្នាំង ព្រះ​អង្គ ចន្ទ មុនី ដែល​ព្រះ​អង្គ​មាន​ថេរ​ដីកាថាព្រះអង្គ​ធ្លាប់​បាន​គង់​នៅ​ក្នុង​ព្រៃ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ប៉ុន្តែ​ប្រវត្តិ​របស់​ព្រះ​អង្គ សូម្បីតែ​ព្រះ​ជន្ម​មិន​បាន​បង្ហាញ​ផង។

ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពល​រដ្ឋ ​ដើម្បី​អភិវឌ្ឍ ​និង​សន្តិ​ភាព ​លោក ​យង់ គិមអេង ​យល់​ឃើញ​ថា​ជា​ទូទៅ​របៀប​នៃ​ការ​ជឿ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ហាក់​បី​កើត​មាន​ឡើង​តែ​មួយ​ឆាវៗ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​លោក​ថា​បើ​ទោះ​បី​ជា​សិទ្ធិ​នៃ​ការ​ជឿ​របស់​បុគ្គល​ម្នាក់ៗ​ គឺ​មិន​ដូច​គ្នា​ក៏​ពិត​មែន​តែ​ការ​ជឿ​ឬ​មិន​ជឿ​ទាំង​អស់​នោះ​ គឺ​មិន​ត្រូវ​ឱ្យ​ហួស​ហេតុ​ពេក​ ដែល​អាច​បង្ក​ជា​បញ្ហា​ឬ​ទំនាស់​រវាង​គ្នាៗ​ឡើយ។

លោក​ថ្លែង​ថា៖ «​អំពាវ​នាវ​ឱ្យ​មាន​ការ​យល់​ដឹង​ពី​បញ្ហា​សុខភាព​ដែរ ម៉្យាង​វិញ​ទៀត​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង​គឺ​មាន​ការ​យល់​ដឹង​ថា​ជំនឿ​ហ្នឹង​គឺ​ជា​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​ជឿ​ទៅ​ក្នុង​ការ​ជឿ​ទៅ​លើ​បុគ្គល​ទៅ​លើ​សាសនា​បាទ។ អ៊ីចឹង​អ្នក​ជឿ​អត់​មាន​កំហុស​ទេ ហើយ​អ្នក​មិន​ជឿ​ក៏​គ្មាន​កំហុស​ដែរ​ អ៊ីចឹង​ទេ​សុំ​កុំ​ឱ្យ​មាន​ការ​ឈ្លោះ​ទើស​ទែង​គ្នា​ ហើយ​គ្រាន់​តែ​ទទួល​យក​ស្អី​ដែល​វា​កើត​មាន​នៅ​ក្នុង​សង្គម​ទៅ​បាទ។ បើ​សិន​ជា​យើង​នាំ​គ្នា​គេ​មិន​ជឿ​ខឹង គេ​ជឿ​យើង​ខឹង​អាហ្នឹង​ គឺ​ធ្វើ​ឱ្យ​មាន​ជម្លោះ​ក្នុង​សង្គម​កើត​ឡើង»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​ក្រសួងធម្មការនិង​សាសនា​ លោក សេង សុមុនី បាន​នៅ​ឡើយ​ទេ។

ព្រះសង្ឃ​ ឃឹម សន ព្រះ​ប្រធាន​លេខាធិការ​ដ្ឋាន​គណៈសង្ឃ​នាយក​នៃ​ព្រះ​រាជា​ ណាចក្រ​កម្ពុជា​មាន​សង្ឃ​ដីកា​ប្រាប់​វីអូអេ​ថា​ជំនឿ​របស់​ប្រជាពលរដ្ឋ​ដែលជឿ​ឬ​មិន​ជឿ​ទៅ​លើ​ព្រះ​សង្ឃ​ចន្ទ មុនី គឺ​ជា​សិទ្ធិ​របស់​ពួក​គាត់។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ឱ្យ​គ្រប់​បុគ្គល​ទាំង​អស់​នោះ​មាន​ការ​គោរព​តាម​វិន័យ​ព្រះពុទ្ធ​សាសនា ប្រព្រឹត្ត​ល្អ​ចំពោះ​ខ្លួន​ឯង​ និង​អ្នក​ដទៃ​ក្នុង​សង្គម។

ព្រះអង្គ​មាន​សង្ឃ​ដីកា​ថា​៖ «ព្រះសង្ឃ​ឬ​អ្នក​ណា​ក៏​ដោយ​ ឱ្យ​តែ​ប្រព្រឹត្ត​ល្អ​សម្រាប់​ខ្លួន​ឯង​ក្តី​ សម្រាប់​មនុស្ស​គ្នា​ច្រើន​ក្តី​ មិន​ទាស់​ទៅ​នឹង​សង្គម​របស់​យើង​ហើយ​ មិន​មាន​កា​រខុស​ឆ្គង​អី​ជា​មួយ​នឹង​វិន័យ​អ្នក​បួស​ក្នុង​ពុទ្ធ​សាសនា​របស់​យើង​ ដូច​មិន​មាន​ទាស់​នោះ​ទេ​ពរ»។

ព្រះ​អង្គ​បញ្ជាក់​បន្ថែម​ថា​មក​ទល់​ពេល​នេះ មិន​ទាន់​ឃើញ​មាន​សកម្មភាព​ណា​មួយ​ដែល​បញ្ជាក់​ថា​ជំនឿ​របស់​ប្រជាពលរដ្ឋ​ ក៏ដូច​ជា​ការ​អនុវត្ត​នូវ​ព្រះវិ​ន័យ​របស់​ព្រះអង្គ​ចន្ទ មុនី មាន​ភាព​មិន​ប្រក្រតី​ត្រង់​ចំណុច​ណា​មួយ​ ដែល​ទាមទារ​ឱ្យ​ខាង​គណៈសង្ឃ​ និង​ក្រសួង​ពាក់ព័ន្ធ​មាន​ចំណាត់​ការ​អ្វី​ឡើយ។

ព្រះ​អង្គ​បញ្ជាក់​ថា៖ «ឥឡូវ​នេះ​ដូច​ជា​ ខាង​គណៈសង្ឃ​អី​ក្តី​ខាង​ក្រសួង​ក្តី​ហ្នឹង​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ឬ​ក៏​ពាក្យ​ញាតិ​ញោម ឬ​ក៏​ពាក្យ​ព្រះសង្ឃ​ណា​មួយ​ប្រាប់​មក​ថា​វា​ទាស់​ទៅ​នឹង​រឿង​ហ្នឹង​ ឱ្យ​គណៈ​សង្ឃ​ធ្វើ​ការ​យ៉ាង​យ៉ាង​ម៉េច វា​អត់​ទាន់​មាន​ពរ។ គ្រាន់​តែ​ឃើញ​មាន​តែ​ព័ត៌មាន​ដែល​មាន​ជំនឿ​ហ្នឹងពរ»។

អ្នកស្រី ម៉ី អ៊ត អាយុ​៥៦​ឆ្នាំ ពលរដ្ឋ​រស់នៅ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង​ ប្រាប់​វីអូអេ​ថា​ អ្នក​ស្រី​ស្គាល់​ព្រះអង្គ​ចន្ទ មុនី តាម​រយៈ​វីដេអូ​ដែល​គេ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។ អ្នក​ស្រី​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ព្រះ​អង្គ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង កាល​ពី​កន្លង​ទៅ លើក​ឡើង​ថា​អ្នក​ស្រី​មាន​ជំនឿ​ទៅ​លើ​ព្រះអង្គ ដោយ​សារ​តែ​ព្រះអង្គ​មាន​សង្ឃ​ដីកា​ណែនាំ​អប់រំ​ឱ្យ​មនុស្ស​ធ្វើ​អំពើ​ល្អ។

អ្នក​ស្រី​ថ្លែង​ថា៖ «ចង់​និយាយ​ថា​គាត់​មាន​ពុទ្ធដីកា​មក​និយាយ​ពី​បរម​បុរាណ​មក​ យើង​មិន​ដែល​ដឹង​ពី​បរម​បុរាណ​ទេ ប៉ុន្តែ​យើង​ស្តាប់​ចាស់​ពី​ម៉ែ​ឪ​យើង​និយាយ​មក​មើល​ទៅ​វា​ស្រដៀងៗ​គ្នា​ទាំង​អស់​អ៊ីចឹង។ គាត់​និយាយ​អត់​មាន​ទៅ​ប៉ះពាល់​អី​ទេ គាត់​និយាយ​ពី​រឿង​ល្អៗ ដើម្បី​ឱ្យ​យើង​ចេះ​សាមគ្គី​គ្នា កុំ​ចេះ​ភូត​កហុក​ កុំ​ចេះ​ធ្វើ​អំពើ​អាក្រក់​ អ៊ីចឹង​យើង​ស្តាប់​ទៅ​ចូល​ត្រចៀក។ អ៊ី​[មីង]ជឿ​និយាយ​ទៅ បើ​សិន​ថា​ព្រះ​អង្គ​ចន្ទ មុនី ហ្នឹង​គាត់​ពិត​ប្រាកដ​[ឬ​មិន​ពិត​ប្រាកដ] ក៏​ជា​នេះ​[រឿង]​របស់​គាត់​ចុះ​ ព្រោះ​តែ​អ៊ី​ជឿ​ហើយ​ អ៊ី​ជឿ​១០០%»។

គួរបញ្ជាក់​ថា​កាល​ពី​ចុង​ខែ​តុលា គេ​ឃើញ​ព្រះអង្គ​ ចន្ទ មុនី និមន្ត​ទៅ​សួរ​សុខ​ទុក្ខ​លោក ហ៊ុន សាន ដែល​ជា​បង​ប្រុស​ច្បង​របស់​អតីត​នាយករដ្ឋ​មន្រ្តី លោក ហ៊ុន សែន និង​ត្រូវ​ជា​ឪពុក​របស់​លោក ហ៊ុន ជា ដែល​ពេល​នោះ លោក ហ៊ុន សាន កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​មួយ​កន្លែង​ក្នុង​ប្រទេស​ថៃ។ គេ​ក៏​ឃើញ​វត្តមាន​របស់​ព្រះ​អង្គ​ចន្ទ មុនី នៅ​ផ្ទះ​របស់​អ្នកស្រី ហ៊ុន ស៊ីណាត ប្អូន​ស្រី​របស់​លោក ហ៊ុន សែន។ ចំណែក​កាល​ពី​ពេល​ថ្មីៗ​នេះ គេ​ក៏​ឃើញ​ព្រះ​អង្គ​ចន្ទ មុនី និមន្ត​ប្រោះ​ព្រំ​នៅ​ភូមិ​គ្រឹះ​របស់​អ្នក​ឧកញ៉ា សុខ គង់ ផង​ដែរ៕

XS
SM
MD
LG