ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សង្ឃ​វត្ត​ឧណ្ណាលោម​បកស្រាយ​ការ​វាយ​កម្ទេចកុដិ​ដែល​ចុះ​ក្នុង​បញ្ជីបេតិកភណ្ឌ​ជាតិ


កម្ទេចកម្ទីរបស់​កុដិ​នៅ​វត្ត​ឧណ្ណាលោម​កំពុងត្រូវបានយកចេញពីវត្តឧណ្ណាលោមទៅចោល នៅរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)
កម្ទេចកម្ទីរបស់​កុដិ​នៅ​វត្ត​ឧណ្ណាលោម​កំពុងត្រូវបានយកចេញពីវត្តឧណ្ណាលោមទៅចោល នៅរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)

មន្ត្រី​សង្ឃ​នៅ​វត្ត​ឧណ្ណាលោក​មាន​សង្ឃដីកា​ថា​ កុដិ​ដែល​ត្រូវ​បាន​វាយ​កម្ទេច ហើយ​កំពុង​តែ​មាន​ភាព​ចម្រូង​ចម្រាស​ក្នុង​ចំណោម​សាធារណជន គឺ​ដើម្បី​សាង​សង់​ចេតិយ​សម្រាប់​សម្តេច​សង្ឃ ទេព វង្ស ហើយ​គណៈកម្មការ​វត្ត​ក៏​មិន​ដឹង​ថា ​កុដិ​ទាំង​នោះ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ជាតិ​របស់​ក្រសួង​វប្បធម៌​ឡើយ។

ក្រោយ​មានការ​វាយ​កម្ទេច​កុដិ​ចំនួន​បី​នៅ​ក្នុង​វត្តឧណ្ណា​លោម កាលពី​សប្តាហ៍​មុន ដើម្បី​សាង​សង់​ចេតិយ ក៏​មាន​ប្រតិកម្ម​និង​ការរិះគន់​ជា​ច្រើន​ពី​សាធារណជន ដោយ​សារ​តែកុដិ​ទាំង​នោះ​ត្រូវ​បាន​សាង​សង់​ជាយូរ​មកហើយ និង​ត្រូវ​បាន​ចាត់​ទុកថា​ជាវត្ថុ​បុរាណ​ជាតិ។

ព្រះ​តេជគុណ ស្រី ណារុន ព្រះ​គូសូត្រ​ឆ្វេង​វត្ត​ឧណ្ណាលោម ប្រាប់វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះថា​ មន្ត្រី​នៅក្នុងវត្ត​ឧណ្ណា​លោម​មិន​បាន​ដឹង​ថា កុដិ​ទាំង​នោះ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​របស់​ក្រសួង​វប្បធម៌​ឡើយ ដោយ​សារ​មិន​ឯកសារ​បញ្ជាក់​ ខណៈ​អះអាង​ថា​ នៅ​ក្នុង​ចំណោម​កុដិ​ទាំង​បី​នោះ​ មាន​តែ​មួយ​ប៉ុណ្ណោះ​ដែល​មាន​សភាព​ចាស់។ ចំណែក​ពីរ​ទៀត​មិន​ចាស់​ឡើយ។ ព្រះ​អង្គ​បន្ត​សង្ឃដីកា​ថា ​ការ​វាយ​កុដិ​ចោ​ល​នេះ​ជា​តម្រូវ​ការ​របស់​វត្ត ដោយ​សារ​តែ​មិន​មាន​ទីកន្លែង​ផ្សេង​ពី​នេះ​ឡើយ​ដើម្បី​សង់​ចេតិយ​សម្រាប់​សម្តេច​សង្ឃ​ទេព វង្ស។

ព្រះ​អង្គ​បញ្ជាក់​ថា ​មន្ត្រី​សង្ឃ​វត្ត​ក៏​បាន​ពិភាក្សា​ជាមួយ​ក្រសួង​ធម្មការ​និង​សាសនា​អំពី​បញ្ហា​នេះ​ផង​ដែរ មុន​នឹង​វាយ​កម្ទេច​ចោល។

តេជគុណ​ ស្រី ណារុន បញ្ជាក់​ថា៖ «អ៊ីចឹង​មាន​ការ​ឯកភាព​គ្នា​ជាមួយ​គណៈ​សង្ឃៗ និង​ក្រសួង​ធម្មការ គាត់​បាន​ឯកភាព​គ្នា​ឱ្យ​គាត់​មក​សម្រួល​ទីតាំង​ដើម្បី​ធ្វើ​សំណង់​ចេតិយ​ហ្នឹង​ថ្វាយ​សម្តេច ដោយ​សារ​តែ​ការងារ​ធ្វើ​សំណង់​មិន​មែន​របស់​អ្នក​ធ្វើ​ទេ របស់​រដ្ឋាភិបាល​គាត់​ជួយ​រៀប​ចំ​ថ្វាយ​សម្តេច​ ដោយ​សារ​តែ​លោក​មាន​ព្រះ​ជន្ម​ ៩២ ​ហើយ លោក​គង់​នៅ​លើ​រទេះ»។

បើ​តាម​ព្រះ​តេជគុណ ស្រី ណារុន​ មន្ត្រី​សង្ឃ​វត្ត និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ កំពុងតែ​ដោះស្រាយ​ជាមួយ​ខាង​ក្រសួង​វប្បធម៌ និង​ថា​មិន​ទាន់​មាន​ការ​សម្រេច​បែប​ណា​មួយ​ទេ។ ព្រះអង្គ​អះអាង​ថា​ ការរុះរើ​នេះ​ជា​ការ​ព្រម​ព្រៀង​របស់​សង្ឃ​នៅ​ក្នុង​កុដិ​ ដែល​ត្រូវ​បាន​វាយ​កម្ទេច ខណៈ​ព្រះសង្ឃ​និង​កូន​សិស្ស​របស់​លោក​ទាំង​នោះ​បាន​នាំគ្នា​ចាក​ចេញ​ទៅ​ស្នាក់​នៅ​កុដិ​ផ្សេង​ទៀត​ នៅក្នុងវត្ត​ឧណ្ណាលោម។

ព្រះ​អង្គមាន​សង្ឃ​ដីកា​ថា៖ «អ៊ីចឹង​ព្រះសង្ឃ​ដែល​លោក​ចេញ​ទៅ​វិញ​ចេញ​ដោយ​តុណ្ហីភាព(ភាព​ពេញ​ចិត្ត)។ លោក​អត់​មាន​តវ៉ា តអី​ទេ។ យើង​ទុក​ពេល​វេលា​ឱ្យ​លោក​រើ​សម្ភារៈ​ទៅ​នៅ​កន្លែង​កុដិ​ផ្សេងៗ ដែល​យើង​តម្រូវ​ឱ្យ​លោក​នៅ»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក សេង សុមុនី អ្នក​នាំពាក្យ​របស់​ក្រសួង​ធម្មការ និង​សាសនា​បាន​នៅ​ឡើយ​ទេ។

ការ​វាយ​កម្ទេច​កុដិ​នេះ​ក៏​នាំ​ឱ្យមាន​ប្រតិកម្ម​ផង​ដែរ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។ នៅក្នុង​លិខិត​ចុះ​ថ្ងៃទី​ ៨ ខែធ្នូ ឆ្នាំ​ ២០២២ ក្រសួង​វប្បធម៌​បាន​ថ្វាយ​ទៅ​សម្តេច​សង្ឃ ទេព វង្ស​ ដែល​ជា​គ្រូចៅ​អធិការ​វត្ត​ឧណ្ណាលោម​ថា​ ក្រសួង​មាន​ការ​សោក​ស្តាយ​ជា​ខ្លាំង ដោយ​ហេតុ​ថា​កុដិ​ទាំង​បី​នេះ​ត្រូវ​បាន​ក្រសួង​ចាត់​ទុក​ជា​សម្បត្តិ​បេតិកភណ្ឌជាតិ​ ហើយ​បាន​ចុះ​ក្នុង​បញ្ជី​របស់​ក្រ​សួង កាល​ពី​ឆ្នាំ​ ២០១៧។

បើ​តាម​លិខិត​ដដែល ការ​វាយ​កម្ទេច​កុដិ​ចាស់​ដែល​មាន​អាយុ​កាល​ជាង​ ៩០ ឆ្នាំ​មក​ហើយ ដោយ​ពុំបាន​ពិគ្រោះ​ក៏ដូច​ជា​ការ​អនុញ្ញា​ត​ពី​ក្រសួង​វប្បធម៌ ជា​ការ​ផ្ទុយ​នឹង​ច្បាប់ ខណៈ​ស្នើ​ឱ្យ​បញ្ឈប់​ការ​រុះរើ​និង​វាយ​កម្ទេច​អគារ​បុរាណ​ទាំង​នេះ៕

XS
SM
MD
LG