ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​គ្រួសារ​ខ្មែរ​បន្ត​អះអាង​បាត់​ខ្លួន​សាច់​ញាតិ ​ខណៈ​អភិបាល​ខេត្ត​ថា​មិន​មាន​ជន​ជាតិ​ខ្មែរ​ស្លាប់​និង​របួស​ឡើយ


លោក ហៀង ប៊ុននឿន បាត់ប្អូនថ្លៃម្នាក់ដែលធ្វើការនៅកាស៊ីណូ។ (ស៊ុន ណារិន/វីអូអេ)
លោក ហៀង ប៊ុននឿន បាត់ប្អូនថ្លៃម្នាក់ដែលធ្វើការនៅកាស៊ីណូ។ (ស៊ុន ណារិន/វីអូអេ)

លោក​ ហៀង ប៊ុននឿន ​និង​ក្រុម​គ្រួសារ ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ​បាន​រៀបចំ​ធ្វើ​បុណ្យ​ឲ្យ​ប្អូន​ថ្លៃ​របស់​លោក​ គឺ​អ្នកស្រី ​អឿ ធី ​អាយុ​ ៤១ ​ឆ្នាំ​ ជា​អ្នក​សម្អាត​នៅ​កាស៊ីណូ ​Grand Diamond ​City ដែល​ឆេះ​កាល​ពី​យប់​ថ្ងៃ​ពុធ​ ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍។ ការ​ធ្វើ​បុណ្យ​តាម​បែប​ព្រះពុទ្ធ​សាសនា​នោះ​មិន​មាន​សាកសព​ឡើយ​ ដោយ​សារ​លោក​មិន​ទាន់​រក​ឃើញ​ប្អូន​ថ្លៃ​របស់​លោក​នៅ​ឡើយ។​

លោក​ ប៊ុន នឿន​ អាយុ​ ៥៣ ​ឆ្នាំ ​ថ្លែង​ថា៖ ​« ៤៨ ​ម៉ោង​ហើយ ​យើង​រក​វា​មិន​ឃើញ។​ យើង​សន្និដ្ឋាន​ថា​ វា​ស្លាប់។ ​អ៊ីចឹង​យើង​ត្រូវ​ធ្វើ​បុណ្យ​ឲ្យ​វា។ ​បើ​សិន​ជា​វា​រស់​ អាហ្នឹង​ក៏​យើង​អស់​ទៅ។​ បើ​សិន​វា​ស្លាប់​ យើង​អាច​បញ្ជូន​ផល​បុណ្យ​ឲ្យ​វា​ទៅ»។​

ក្រុម​គ្រួសារ​ខ្មែរ​មួយ​ចំនួន​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សៅរ៍​ថា​ ពួក​គេ​នៅ​តែ​មិន​ទាន់​អាច​រក​ឃើញ​សាច់​ញាតិ ហើយមិន​ដឹងថា អ្នក​ទាំង​នោះ​ស្លាប់ ​ឬ​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ។​

ក្រោយ​បញ្ចប់​ប្រតិបត្តិការ​ស្វែង​រក​សាកសព​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ អភិបាល​ខេត្ត​បន្ទាយ​មានជ័យ ​លោក​ អ៊ុំ រាត្រី ​បាន​បង្ហោះសារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​ អ្នក​ស្លាប់​មាន​ចំនួន​ ២៦ ​នាក់ ​និង​របួស​ជិត​ ៦០ ​នាក់​ ហើយ​ទាំង​អ្នក​ស្លាប់ ​និង​របួស​មិន​មាន​ជន​ជាតិ​ខ្មែរ​នោះ​ទេ។​ ការ​អះអាង​នេះ​នាំ​ឲ្យ​មាន​មន្ទិល​ក្នុង​ចំណោម​ក្រុម​គ្រួសារ​ដែល​នៅ​បន្ត​បាត់​បង់​សាច់ញាតិ​របស់​ពួក​គេ ​ដែល​ធ្វើ​ការ​នៅ​កាស៊ីណូ​ដែល​បាន​ឆេះ​នោះ។​

លោក​ ហៀង ប៊ុននឿន​ ឲ្យ​ដឹង​ថា​ តាម​បណ្តាញ​របស់​លោក​ក្នុង​ប្រទេស​ថៃ ​ពួកគេ​ក៏​កំពុង​ស្វែង​រក​ព័ត៌មាន​បន្ថែម​អំពី​ប្អូន​ថ្លៃ​របស់​លោក​ថា​ តើ​គាត់​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ ​ឬ​យ៉ាង​ណា។​

ទោះជា​យ៉ាង​ណា ​លោក​បញ្ជាក់​ថា​ អគ្គិភ័យនេះ​អាច​ឆេះ​សាក​សព​ខ្ទេច​អស់ ​រហូត​ដល់​មិន​អាច​កំណត់​អត្ត​សញ្ញាណ​បាន។ ​

លោក​ថ្លែង​ថា៖​ «នៅ​ក្នុង​ហ្នឹង​ មិន​ដឹង​ថា​ អ្នក​ណា​ជា​អ្នក​ណា​ទេ។​ បើ​សិន​ថា​ ឆេះ​ហើយ ​គេ​ប្រមូល​ដាក់​ថង់​ខ្មៅ​ចោល​ហើយ»។​

អាជ្ញាធររៀបចំដឹកសាកសពជនជាតិថៃពីក្រុងប៉ោយប៉ែត ទៅប្រទេស កាលពីអធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ (ស៊ុន ណារិន/វីអូអេ)
អាជ្ញាធររៀបចំដឹកសាកសពជនជាតិថៃពីក្រុងប៉ោយប៉ែត ទៅប្រទេស កាលពីអធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ (ស៊ុន ណារិន/វីអូអេ)

កាលពី​ថ្ងៃ​សុក្រ ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​មក​រង់ចាំ​ និង​ស្វែង​រក​សាកសព​របស់​សាច់​ញាតិ​ ដែល​ត្រូវ​បាន​អាជ្ញាធរ​ដឹក​មក​ដាក់​នៅ​វត្ត​មួយ​ក្នុង​ក្រុង​ប៉ោយប៉ែត។ ​ប៉ុន្តែ​ពួក​គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​មើល​សាកសព​ឡើយ។ ​សមត្ថកិច្ច​ដែល​យាមនៅ​វត្ត​នោះ​អះអាង​ថា មិន​មាន​សាកសព​ជា​ជន​ជាតិ​ខ្មែរ​ត្រូវ​បាន​បញ្ជូន​មក​ទីនេះ​ឡើយ។ ​ក្រុម​គ្រួសារ​មួយ​ចំនួន​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ​រួមមាន​ទាំង​លោក​ ហៀង ប៊ុននឿន​ ផង​ដែរ។

អ្នកស្រី ​កែវ វណ្ឌី ​អាយុ​ ៣២ ​ឆ្នាំ ​បាន​បាត់​ស្វាមី​ឈ្មោះ​ កែវ វិសុទ្ធ ​អាយុ​ ៤៨ ​ឆ្នាំ ​ជា​ប្រធាន​ផ្នែក​បុគ្គលិក​នៅ​ក្នុង​កាស៊ីណូ ​Grand Diamond City។​ អ្នកស្រី​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សៅរ៍​ថា​ អ្នកស្រី​មិន​ទាន់​អាច​រក​ឃើញ​ស្វាមី​នៅ​ឡើយ​ទេ​ ហើយ​មិន​ដឹង​ដំណឹង​ថា​ លោក​ត្រូវ​បាន​ដឹក​ទៅ​ណា ​ឬ​ក៏​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ។​

លោក​បញ្ជាក់​ថា៖ ​«សំខាន់​រក​ប្តី​ខ្ញុំ​មិន​ឃើញ​សោះ​ មិន​ដឹង​គាត់​ទៅ​ខាង​ណា​វិញ»។​

អ្នកស្រី​បន្ថែម​ថា ស្វាមី​ចូល​ធ្វើ​ការ​ជា​ធម្មតា​ចាប់​ពី​ម៉ោង​ ១០ ​យប់​ដល់​ម៉ោង​ ១០ ​ព្រឹក។ ​នៅ​ថ្ងៃ​កើត​ហេតុ លោក​បាន​ចាក​ចេញ​ពី​បន្ទប់​ជួល​នៅ​ក្រុង​ប៉ោយប៉ែត ​ទៅ​ធ្វើ​ការ​នៅ​ម៉ោង​ជាង​ ៩ ​យប់។​

អ្នកស្រី​បញ្ជាក់​ថា​ មាន​ការ​អះអាង​ថា​ ស្វាមី​របស់​អ្នក​ស្រី​ត្រូវ​បា​ន​ជួយ​សង្គ្រោះ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ នា​ពេល​នោះ។​

អ្នកស្រី​ថ្លែង​ថា៖ ​«ខ្ញុំ​មិន​ដឹង​គិត​ម៉េច​ទេ​បង​អើយ! ​ខ្ញុំ​មិន​ដឹង​ថា​ ឲ្យ​អ្នក​ណា​ជួយ​ទេ។​ ខ្ញុំ​មិន​ដឹង​គិត​យ៉ាង​ម៉េច​ទេ។​ បើ​ទៅ​រក​នៅ​ប្រទេស​ថៃ ​ក៏​អត់​ឃើញ​...​មិន​ដឹង​គេ​ដឹក​យក​គាត់​យក​ទៅ​ណា»។​

អ្នកស្រី​បន្ថែម​ថា៖ ​«ចង់​អំពាវនាវ​សម្តេច​ ហ៊ុន សែន​ ឲ្យ​ជួយ​រក​សាកសព​មនុស្ស​នេះ​ឲ្យ​ខ្ញុំ​បាន​ឃើញ​ផង។​ និយាយ​រួម​ទៅ​ ខ្ញុំ​មាន​កូន ហើយ​នៅ​បន្ទុក​លើ​គាត់ ​ដល់​ពេល​អ៊ីចឹង​ ឲ្យ​ខ្ញុំ​សង្ឃឹម​អី​បង។ ​ខ្ញុំ​អត់​មាន​សង្ឃឹម​អី​ទេ។ អ៊ីចឹង​ឲ្យ​គាត់​ជួយ​រក​ ឲ្យ​ខ្ញុំ​ដឹង​ដំណឹង​ថា ​ប្តីខ្ញុំ​បាត់​ខ្លួន​នេះ ឲ្យ​ដឹង​ថា​ គាត់​នៅ​ទីណា»។​

សំណង់អគារកាស៊ីណូ ក្រោយភ្លើងឆាបឆេះ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ (ស៊ុន ណារិន/វីអូអេ)
សំណង់អគារកាស៊ីណូ ក្រោយភ្លើងឆាបឆេះ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ (ស៊ុន ណារិន/វីអូអេ)

ចំណែក​អ្នកស្រី ​ជឿន ច្រិប ​អាយុ​ ៣៧ ​ឆ្នាំ​ជា​មីង​របស់​អ្នកស្រី ​សំ ស្រីមុំ ​អាយុ​ ៣២ ​ឆ្នាំ​ ជា​អ្នក​សម្អាត​ដែល​បាត់​ខ្លួន​នៅ​ក្នុង​កាស៊ីណូ​នោះ។​ អ្នកស្រី​ថា​ ក្រុម​គ្រួសារ​មិន​ទាន់​រក​ឃើញ​ក្មួយ​នៅ​ឡើយ​ទេ​ ហើយ​កំពុង​ឲ្យ​បណ្តាញ​ក្នុង​ប្រទេស​ថៃ​ស្វែង​រក​អ្នកស្រី ​សំ ស្រីមុំ។​

នៅ​ពេល​សួរ​អំពី​ការ​អះអាង​របស់​អាជ្ញាធរ​ថា ​មិន​មាន​សាក​សព​ជា​ជនជាតិ​ខ្មែរ​អ្នកស្រី ​ជឿន ច្រិប​ បញ្ជាក់​ថា៖​ «ដល់​ពេល​អ៊ីចឹង​ ខ្ញុំ​ពិបាក​ចិត្ត​មែន​ទែន ​មិន​ដឹង​ធ្វើ​ម៉េច​ឥឡូវ»។​

លោក ​អ៊ុំ រាត្រី ​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក ​កាលពី​ថ្ងៃ​សុក្រ​ថា កម្លាំង​សមត្ថកិច្ច​កម្ពុជា​ និង​ថៃ​បាន​សម្រេច​បិទ​បញ្ចប់​ប្រតិបត្តិការ​រុក​រក​ស្រាវជ្រាវ​រក​ជន​រង​គ្រោះ​ទាំង​ស្រុង​ហើយ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ។​ លោក​បន្ថែម​ថា​ កម្លាំង​ប្រតិបត្តិ​ការ​បាន​រក​ឃើញ​អ្នក​ស្លាប់​សរុប​ចំនួន​ ២៦​ នាក់ ​និង​អ្នក​របួស​ចំនួន​ ៥៧ ​នាក់​ ក្នុង​នោះ​ «ទាំង​អ្នក​របួស​ និង​ស្លាប់​មិន​មាន​ជន​ជាតិ​ខ្មែរ​នោះ​ឡើយ»។​

បើ​តាម​អភិបាល​ខេត្ត ​អ្នក​ស្លាប់​មាន​ជនជាតិ​ថៃ​ចំនួន​ ១៧ ​នាក់ ​នេប៉ាល់​ម្នាក់ ​ម៉ាឡេស៊ី​ម្នាក់ ​សង្ស័យ​ជា​ជន​ជាតិ​ចិន​ម្នាក់​ និង​មិន​ស្គាល់​អត្ត​សញ្ញាណ​ចំនួន​ ៦ ​នាក់​ (មិន​មែន​ជាតិ​ខ្មែរ)។​

វីអូអេ​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក ​អ៊ុំ រាត្រី ​បាន​នៅ​ឡើយ​នា​ថ្ងៃ​សៅរ៍​នេះ។​

នៅ​ពេល​ទាក់​ទង​ទៅ​ នៅ​រសៀល​ថ្ងៃ​សៅរ៍ ​លោក ​សេក សុខុម​ អ្នក​នាំពាក្យ​របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ​ប្រាប់​វីអូអេ​ថា​ អាជ្ញាធរ​មិន​ទាន់​អាច​កំណត់​សញ្ជាតិ​របស់​សាកសព​ ៦ ​នាក់​ ដែល​តម្កល់​ទុក​នៅ​វត្ត​ក្នុង​ក្រុង​ប៉ោយប៉ែត​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ធ្វើ​ DNA​ ឬ​កំណត់​ទិន្នន័យ​ហ្សែន។​ លោក​ស្នើ​ឲ្យ​ក្រុម​គ្រួសារ​រង់ចាំ​ព័ត៌មាន​បញ្ជាក់​ពី​អាជ្ញាធរ​នៅ​ពេល​ក្រោយ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក​ អំ សំអាត ​ជំរុញ​ឲ្យ​អាជ្ញាធរ​បន្ត​ស្រាវ​ជ្រាវ ​និង​ស៊ើប​អង្កេត​ ដោយ​សារ​ក្រុម​គ្រួសារ​បន្ត​អះអាង​អំពី​ការ​បាត់​ខ្លួន​សាច់ញាតិ។​ លោក​ក៏​ជំរុញ​ឲ្យ​ផ្តល់​ព័ត៌មាន​គ្រប់​គ្រាន់​ដល់​ពួកគេ​ផង​ដែរ៕

XS
SM
MD
LG