អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិឬUNDP បានសហការជាមួយអង្គការ HelpAge Cambodia និងក្រសួងសង្គម អតីតយុទ្ធជន និងយុវនីតិសម្បទា បង្កើតសមាគមមនុស្សអន្តរជំនាន់ ដោយយកវត្តអារាមជាកន្លែងមូលដ្ឋាន ក្រោយរកឃើញថាមនុស្សចាស់ប្រមាណជា៥០%មិនមានការងារដែលទទួលបានប្រាក់ចំណូលនោះទេ ដែលធ្វើឱ្យពួកគេងាយនឹងរងប៉ះពាល់ផ្នែកហរិញ្ញវត្ថុ។
ការសិក្សារបស់ UNDP ដែលចេញផ្សាយកាលពីដើមខែតុលា បញ្ជាក់ថា មនុស្សចាស់ក្នុងប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា ជាបន្ទុកផ្នែកសេដ្ឋកិច្ច ដោយមនុស្សចាស់ទាំងអស់នោះមិនត្រូវបានគេរាប់បញ្ចូល មានការរើសអើង និងមានការបំពានជាដើម។ ការសិក្សាដដែលនោះក៏បង្ហាញថា ស្ត្រីវ័យចំណាស់មានហានិភ័យខ្ពស់ ជាពិសេសអ្នកដែលមានពិការភាព។ ភាពងាយរងគ្រោះដែលមនុស្សចាស់ជួបប្រទះគឺទាក់ទងនឹងពិការភាព និងលទ្ធភាពនៃការទទួលបានការងារធ្វើមានតិចនៅពេលដែលពួកគាត់ទាំងនោះមានអាយុចាប់ពី៧៥ឆ្នាំឡើងទៅ។
ការសិក្សារបស់ UNDP បង្ហាញទៀតថា ចំនួនប្រជាជនវ័យចំណាស់អាចនឹងកើនឡើងទ្វេដងក្នុងចន្លោះឆ្នាំ២០១៩ ដល់២០៥០ ខណៈពេលយុវជនវ័យក្មេងក្នុងពេលបច្ចុប្បន្នមិនសូវបានយកចិត្តទុកដាក់គិតគូរពីបញ្ហាប្រឈមនានារបស់មនុស្សចាស់។
UNDP បញ្ជាក់ក្នុងរបាយការណ៍ជាភាសាអង់គ្លេស ហើយត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖ «ចំនួនមនុស្សដែលមានអាយុលើសពី៦០ឆ្នាំនៅក្នុងប្រទេសកម្ពុជាកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ចន្លោះឆ្នាំ២០១៩ និង២០៥០ សមាមាត្រនៃមនុស្សចាស់ត្រូវបានគេប៉ាន់ប្រមាណថាមានច្រើនជាងពីរដងគឺពីប្រហែល ៨,៩%ទៅ២១%នៃចំនួនប្រជាជនសរុប។ ខណៈពេលដែលមានការពិភាក្សាជាច្រើនអំពីបញ្ហាយុវជននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មិនទាន់មានការយកចិត្តទុកដាក់លើគោលនយោបាយច្រើនចំពោះបញ្ហានៃចំនួនប្រជាជនវ័យចំណាស់»។
អង្គការ UNDP ប្រាប់វីអូអេតាមសារអេឡិចត្រូនិកអ៊ីម៉េលថា ការបង្កើតឱ្យមានសមាគមមនុស្សចាស់ ឬ Older People's Association (OPA) នេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់មនុស្សចាស់ និងធានាថា ពួកគាត់អាចចូលរួមយ៉ាងពេញលេញនៅក្នុងសង្គមដោយមានសេរីភាព និងសេចក្តីថ្លៃថ្នូរ។ អង្គការ UNDP បន្តទៀតថា រដ្ឋាភិបាលកម្ពុជាបានផ្តួចផ្តើមគំនិតថ្មីនៃសមាគមមនុស្សចាស់ ដែលហៅថា សមាគមមនុស្សចាស់អន្តរជំនាន់ដែលរួមបញ្ចូលស្ថាប័នប្រពៃណី ដូចជាវត្តអារាម ដើម្បីសម្របតាមជម្រើស ផលប្រយោជន៍ ចំណង់ចំណូលចិត្ត និងតម្រូវការជាក់លាក់របស់មនុស្សវ័យចំណាស់ ដោយសារប្រទេសកម្ពុជាកំពុងឈានទៅមុខបន្តិចម្តងៗឆ្ពោះទៅរកសង្គមមនុស្សចាស់។
ការបង្កើតគំរូថ្មីនៃសមាគមមនុស្សចាស់ដែលមានមូលដ្ឋាននៅក្នុងវត្តអារាម គឺស្របតាមគោលនយោបាយជាតិមនុស្សចាស់ឆ្នាំ ២០១៧-២០៣០។ បន្ថែមពីលើអត្ថប្រយោជន៍ប្រពៃណី OPAs ក៏រៀបចំឱ្យមនុស្សវ័យក្មេងមានចំណេះដឹងដែលអាចឱ្យពួកគេដឹកនាំជីវិតប្រកបដោយផលិតភាព មានសុខភាពល្អ សកម្ម និងសេចក្តីថ្លៃថ្នូរនៅក្នុងវ័យចាស់។ នេះបើតាមការបញ្ជាក់របស់អង្គការ UNDP ប្រចាំកម្ពុជា។
អង្គការ UNDP ប្រចាំកម្ពុជាបានបញ្ជាក់ជាភាសាអង់គ្លេសដែលត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖ «ការជ្រើសរើសវត្តជាកន្លែងសាកល្បងគឺជាយុទ្ធសាស្ត្រ។ កាលណាមនុស្សមានវ័យកាន់តែច្រើនជាទម្លាប់ពួកគាត់ទៅវត្ត។ ជាងនេះទៅទៀត៩០% នៃសង្គមជាពុទ្ធសាសនិក ហើយវត្តអារាមមានប្រមាណ៥ពាន់ពាសពេញផ្ទៃប្រទេស។ លើសពីគោលបំណងសាសនារបស់ពួកគេ វត្តអារាមតែងតែជាឋានសួគ៌សម្រាប់ជនក្រីក្រ ជនមានពិការភាព ចាស់ជរា និងជនអនាថា។ ដូច្នេះហើយ ពួកគេដើរតួយ៉ាងរស់រវើកនៅក្នុងរចនាសម្ព័ន្ធសង្គមវប្បធម៌របស់ប្រទេស ហើយបង្កើតជាបណ្តាញសង្គមសរីរាង្គ និងក្រៅផ្លូវការ។ គំរូ OPA ដែលមានមូលដ្ឋានតាមវត្តអាចត្រូវបានធ្វើតាមនៅក្នុងស្ថាប័នប្រពៃណី ឬសាសនាផ្សេងទៀត ដូចជាវិហារអ៊ីស្លាម ឬព្រះវិហារជាដើម»។
បើតាមអង្គការ UNDP សមាគមមនុស្សចាស់នេះផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចជាការឱ្យមានសង្គមភាវូបនីយកម្ម និងភាពជាដៃគូ ការតស៊ូមតិ និងភាពតំណាង ការលើកកម្ពស់ការយល់ដឹង និងសេវាសុខភាព សកម្មភាពកម្សាន្ត និងវប្បធម៌ ការមានការងារស្ម័គ្រចិត្ត និងការចូលរួមក្នុងសហគមន៍ និងការទទួលបានការថែទាំតាមផ្ទះដល់ក្រុមមនុស្សចាស់។
ការបង្កើតគម្រោងសមាគមមនុស្សចាស់នេះមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសអូស្ត្រាលី សាធារណរដ្ឋកូរ៉េ និងលុចសំបួ(Luxembourg)។ UNDP ក៏បានសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការ HelpAge Cambodia ដោយកំពុងសាកល្បងបង្កើតសមាគមមនុស្សចាស់អន្តរជំនាន់ថ្មី ដែលរួមបញ្ចូលស្ថាប័នប្រពៃណី គឺវត្តអារាម។
អង្គការ UNDP ប្រាប់វីអូអេថា៖ «គំនិតនៃសមាគមមនុស្សចាស់អន្តរជំនាន់គឺស្ម័គ្រចិត្ត គ្មាននរណាម្នាក់ក្នុងចំណោមមនុស្សចាស់ដែលជាសមាជិកនៃ OPAs ត្រូវបានបញ្ជូន ឬបង្ខិតបង្ខំដោយកូនរបស់ពួកគាត់ឱ្យចូលរួមនោះទេ។ ពួកគាត់ជ្រើសរើសចូលរួមដើម្បីជាផ្នែកមួយនៃសង្គម ឬក្រុមដែលមានមូលដ្ឋានលើសហគមន៍ ដែលប្រភេទនៃការគាំទ្រគ្នាទៅវិញទៅមក និងឱកាសសម្រាប់អន្តរកម្មសង្គមត្រូវបានផ្តល់ដោយមនុស្សចាស់ខ្លួនឯង ឬដោយមនុស្សជំនាន់ក្រោយដែលស្ម័គ្រចិត្តជួយ។ សមាគមមនុស្សចាស់ខុសពីផ្ទះចូលនិវត្តន៍ ដែលមនុស្សចាស់អាចនៅដាច់ដោយឡែកពីគ្រួសារ ឬអ្នកជុំវិញខ្លួន»។
អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា ប្រាប់វីអូអេថា ការបង្កើតសមាគមមនុស្សចាស់នេះក្នុងគោលបំណងលើកកម្ពស់សេចក្ដីថ្លៃថ្នូរ និងគុណភាពជីវិតរបស់មនុស្សចាស់ លើកទឹកចិត្ដ និងជំរុញមនុស្សចាស់ឱ្យជួយគ្នាទៅវិញទៅមកតាមរយៈការផ្ដល់វេទិកាមួយសម្រាប់ការពិភាក្សាពីបញ្ហារបស់ពួកគាត់រៀបចំដោះស្រាយ និងប្រារព្ធពិធីបុណ្យ និងព្រឹត្ដិការណ៍សំខាន់ៗ ព្រមទាំងជំរុញ និងផ្សព្វផ្សាយពីការគាំទ្ររបស់សហគមន៍ចំពោះមនុស្សចាស់ដែលងាយរងគ្រោះ។ លោកបន្តថា វត្តអារាមនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់សុខុមាលភាពទៅមនុស្សចាស់ជរា និងមនុស្សគ្មានទីពឹង។
លោកថ្លែងថា៖ «យើងសង្កេតឃើញថា វត្ដអារាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពមនុស្សចាស់ ព្រោះថា វត្ដអារាម ឬអារាមសាសនា គឺជាកន្លែងស្ងប់ស្ងាត់ដែលជួយដល់មនុស្សចាស់ក្នុងការសមាទានសីល ទទួលបានការគាំទ្រពីព្រះសង្ឃ តាមរយៈការផ្ដល់ចំណីអាហារសម្រាប់ហូបចុក និងកន្លែងស្នាក់នៅសម្រាប់មនុស្សចាស់ ជាពិសេសមនុស្សចាស់ក្រីក្រគ្មានទីពឹង។ ហើយវត្ដអារាម ឬអារាមសាសនាក៏ជាកន្លែងមួយងាយស្រួលក្នុងការប្រមូលផ្ដល់ និងផ្ដល់ការថែទាំមនុស្សចាស់បានផងដែរ»។
អ្នកនាំពាក្យរូបនេះបន្ថែមថា បច្ចុប្បន្នក្រសួងសង្គមកិច្ចបានសហការជាមួយអង្គការ UNDP ក្នុងការបង្កើតសមាគមមនុស្សចាស់អន្តរជំនាន់ ដែលស្ថិតនៅក្នុងរាជធានីខេត្តចំនួន១០រួមមាន រាជធានីភ្នំពេញ ខេត្ដព្រៃវែង ខេត្ដស្វាយរៀង ខេត្ដត្បូងឃ្មុំ ខេត្ដកំពង់ចាម ខេត្ដកំពង់ធំ ខេត្ដសៀមរាប ខេត្ដបន្ទាយមានជ័យ ខេត្ដបាត់ដំបង និងខេត្ដព្រះវិហារ។
កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនៅក្នុងពិធីខួប២៥ឆ្នាំនៃទិវាមនុស្សចាស់កម្ពុជា និងអន្តរជាតិថា លោកជំរុញឱ្យមានការយកចិត្តទុកដាក់បន្ថែមទៅលើមនុស្សចាស់នៅកម្ពុជាពីគ្រប់ភាគីពាក់ព័ន្ធ និងលើកទឹកចិត្តដល់អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងបរទេស ដើម្បីបង្កើតជាមជ្ឈមណ្ឌលថែទាំ មនុស្សចាស់ជរាគ្មានទីពឹង ក្នុងការផ្តល់សេវាថែទាំមនុស្សចាស់ តាមរយៈភ្នាក់ងារដែលមានជំនាញវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីឱ្យមនុស្សចាស់ជរាគ្មានទីពឹងទទួលបានការថែទាំកាន់តែប្រសើរជាងមុន។
លោកបន្តថា ក្រសួងសង្គមកិច្ច និងគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ត្រូវបន្តពង្រឹង និងពង្រីកសមាគមមនុស្សចាស់នៅតាមឃុំ សង្កាត់ ការជំរុញកម្មវិធីអភិវឌ្ឍន៍មនុស្សចាស់តាមសហគមន៍ និងកម្មវិធីថែទាំមនុស្សចាស់តាមគ្រួសារឱ្យកាន់តែប្រសើរឡើង ជាពិសេសការជំរុញរៀបចំ និងដំណើរការសេវាជនចាស់ជរា ដើម្បីបណ្តុះបណ្តាលភ្នាក់ងារផ្តល់សេវាថែទាំជនចាស់ជរា។
ក្នុងរបាយការណ៍ជំរឿនឆ្នាំ២០១៩ កម្ពុជាមានប្រជាជនវ័យចំណាស់ចំនួន១,៣៨លាននាក់ ឬប្រហែល៨,៩% នៃចំនួនប្រជាជនសរុប។ ឯកសារផ្លូវការរបស់រដ្ឋាភិបាលកម្ពុជាបង្ហាញថា ចំនួនមនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងអាចកើនឡើងដល់១,៥លាននាក់នៅក្នុងឆ្នាំ២០២៥។
បើតាមរដ្ឋាភិបាលកម្ពុជា មនុស្សចាស់ជួបប្រទះការលំបាក និងបញ្ហាប្រឈម ក្រោមហេតុផលមួយចំនួន ដូចជារស់នៅតាមតំបន់ជនបទដាច់ស្រយាល មានជីវភាពមិនធូរធារ អត្រាអក្ខរកម្មទាប ការយល់ដឹងផ្នែកអនាម័យ និងសុខភាពនៅមានកម្រិត បញ្ហាប្រាក់ចំណូលរបស់ក្រុមគ្រួសារមនុស្សចាស់ និងមនុស្សចាស់ជាស្រ្តីនៅមានបន្ទុកគ្រួសារក្នុងការថែទាំចៅៗដែលនៅជាមួយ ដោយសារឪពុកម្តាយរបស់ពួកគេធ្វើចំណាកស្រុក ការលែងលះគ្នា ហើយមិនទទួលខុសត្រូវលើកូនចៅ ឬទទួលមរណភាពដោយសារជំងឺ ឬគ្រោះថ្នាក់ចរាចរណ៍៕
កំណត់ចំណាំនៃការកែតម្រូវ៖ អត្ថបទមុនត្រូវបានកែសម្រួលចំណងជើង និងបន្ថែមព័ត៌មានទៅក្នុងសាច់រឿង។