ប្រទេសកូរ៉េខាងជើងបានហៅការបាញ់បង្ហោះកាំជ្រួចមីស៊ីល ផ្លោងពីនាវាមុជទឹកដែលហៅកាត់ថា SLBM របស់ខ្លួនកាលពីថ្ងៃសៅរ៍ថាជា«ជោគជ័យធំ»មួយ ចំណែក ឯប្រទេសកូរ៉េខាងត្បូងវិញបានហៅការបាញ់បង្ហោះនោះថាជាបរាជ័យមួយ។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ពួកអ្នកធ្វើវិភាគខាងយោធាបានចាត់ទុកការបង្ហោះកាំជ្រួចមីស៊ីលនេះថាជា «បរាជ័យជាស្ថាពរ»មួយ។
ការអះអាងរបស់កូរ៉េខាងជើងដែលត្រូវបានធ្វើតាមរយៈទីភ្នាក់ងារព័ត៌មានរដ្ឋKCNA របស់ខ្លួន ដែលថានៅពេលនេះខ្លួនមានមធ្យោបាយមួយទៀតក្នុងការធ្វើ«ការវាយប្រហារបរមាណូខ្លាំង»មួយ ហាក់ដូចជាបំផ្លើសសមត្ថភាពយោធាក្នុងពេលបច្ចុប្បន្នរបស់ខ្លួន។
ការវាយតម្លៃអវិជ្ជមានរបស់នាយអគ្គសេនាធិការចម្រុះនៃកងយោធពលកូរ៉េខាងត្បូងចង្អុលបង្ហាញ អំពីការមានកម្រិតនៅពេលបច្ចុប្បន្ននៃកម្មវិធី SLBM របស់ប្រទេសកូរ៉េខាងជើង។
រដ្ឋាភិបាលក្រុងសេអ៊ូលបាននិយាយថាកាំជ្រួចមីស៊ីលដែលត្រូវបានបង្ហោះកាលពីថ្ងៃសៅរ៍ បានហោះតែ៣០គ.ម.នៅមុនពេលវាធ្លាក់ក្នុងសមុទ្រ ដែលវាខ្លីជាងវង់ប្រតិបត្តិការតិចបំផុតចម្ងាយ៣០០គ.ម.សម្រាប់កាំជ្រួចមីស៊ីលផ្លោងមានវង់ប្រតិបត្តិការមធ្យមដែលកូរ៉េខាងជើងបាញ់បង្ហោះពិសោធ។
ប្រភពមួយទៀតនៃរដ្ឋាភិបាលក្រុងសេអ៊ូលបាននិយាយថាម៉ាស៊ីនកាំជ្រួចមីស៊ីលមានដំណើរការមិនស្រួលក្នុងរយៈពេលខ្លីក្រោយការបង្ហោះ៕