ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបានចេញផ្សាយថា កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលមួយគ្រាប់ ដែលគេសង្ស័យថាជាគ្រាប់មីស៊ីលចម្ងាយឆ្ងាយ នៅឆ្នេរសមុទ្រភាគកើតរបស់ខ្លួន ដែលនេះជាការសាកល្បងនុយក្លេអ៊ែរចុងក្រោយបង្អស់របស់កូរ៉េខាងជើងនៅក្នុងឆ្នាំនេះ។ ការសាកល្បងនុយក្លេអ៊ែរនេះបានធ្វើឲ្យមានការកើនឡើងនូវភាពតានតឹងរវាងរដ្ឋាភិបាលក្រុងព្យុងយ៉ាង រដ្ឋាភិបាលក្រុងសេអ៊ូល និងក្រុមសម្ព័ន្ធបស្ចិមប្រទេសរបស់កូរ៉េខាងត្បូង។
សារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានចេញផ្សាយថា គ្រាប់មីស៊ីលនេះត្រូវបានបាញ់ពីដីទៅលើអាកាស រួចធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុននៅវេលាថ្ងៃត្រង់ក្នុងថ្ងៃសុក្រម្សិលមិញនេះ។
ក្រសួងការពារប្រទេសរបស់កូរ៉េខាងត្បូងបានបញ្ជាក់ទៅកាន់ទីភ្នាក់ងារសារព័ត៌មានបារាំងថា សេចក្តីរាយការណ៍នេះគឺពិតប្រាកដ ប៉ុន្តែខ្លួននៅមិនទាន់អាចបញ្ជាក់ពីចម្ងាយ និងគន្លងគ្រាប់បាញ់នោះបាននៅឡើយទេ។ ការបាញ់នេះត្រូវបានធ្វើឡើងនៅទីក្រុង Sondok។
កូរ៉េខាងជើងបានសាកល្បងនុយក្លេអ៊ែរមួយចំនួនចាប់តាំងពីខែមករាមក។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងតែធ្វើសមយុទ្ធយោធារួមដែលធំបំផុតមិនធ្លាប់មានពីមុនមក។ រដ្ឋាភិបាលក្រុងព្យុងយ៉ាងនិយាយថា ខ្លួនមើលឃើញសមយុទ្ធនេះថាជាការសមដើម្បីឈ្លានពាន។
ខណៈពេលជាមួយគ្នានេះ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា កំពុងតែបើកកិច្ចប្រជុំកំពូលស្តីពីសន្តិសុខនុយក្លេអ៊ែរ ដែលក្នុងនោះសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ចិន និងជប៉ុនបានពិភាក្សាផ្តោតជាសំខាន់ទៅលើសកម្មភាពនានារបស់កូរ៉េខាងជើង៕