ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ជំរុញ​ឲ្យ​អនុវត្ត​នូវ​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ទៅ​លើ​កូរ៉េ​ខាង​ជើង


លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ ​អូបាម៉ា ជួប​ជាមួយ​លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Park Guen-hye (រូប​ឆ្វេង) និង​លោក​​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន Shinzo Abe ក្នុង​កិច្ចប្រជុំ​កំពូល​ស្តី​ពី​សន្តិសុខ​នុយក្លេអ៊ែរ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ ​អូបាម៉ា ជួប​ជាមួយ​លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Park Guen-hye (រូប​ឆ្វេង) និង​លោក​​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន Shinzo Abe ក្នុង​កិច្ចប្រជុំ​កំពូល​ស្តី​ពី​សន្តិសុខ​នុយក្លេអ៊ែរ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ​និង​ក្រុម​មេដឹកនាំ​ប្រទេស​ជប៉ុន​ និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិអនុវត្ត​នូវ​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ជាង​មុន​របស់​អង្គការ​សហប្រជាជាតិ​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង បន្ទាប់​ពី​មាន​ការ​សាកល្បង​នុយក្លេអ៊ែរ​ និង​ការ​បាញ់​គ្រាប់​មីស៊ីលរបស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ក្នុង​ឆ្នាំ​នេះ​រួច​មក។ ​

បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​ស្តី​ពី​សន្តិសុខ​នុយក្លេអ៊ែរ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​បញ្ចប់ លោក​អូបាម៉ា លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Park Guen-hye និង​លោកនាយក​រដ្ឋ​មន្រ្តី​ជប៉ុន Shinzo Abe បាន​ប្តេជ្ញា​ថា ក្រុម​សម្ព័ន្ធមិត្ត​រយៈពេល​យូរ​នេះ​នឹង​សហការ​គ្នា​ និង​រឹត​បន្តឹង​សហប្រតិបត្តិការ​សន្តិសុខ ខណៈ​ដែល​មាន​ការ​កើន​ឡើង​នូវ​ភាព​តានតឹង។

លោក​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​ «ប្រធានបទ​មួយ​ដែល​ដក់​ក្នុង​ចិត្ត​របស់​យើង​នា​ពេល​នេះ​គឺ​បញ្ហា​របស់​កូរ៉េ​ខាង​ជើង​ ហើយ​យើង​រួបរួម​គ្នា​ដើម្បី​រារាំង​ និង​ការពារ​ខ្លួន​ពី​ការ​បង្ក​រឿង​របស់​កូរ៉េខាងជើង»។ ​

លោក​អូបាម៉ា​បាន​បន្ថែម​ថា «យើង​បាន​ព្រមព្រៀង​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ថា សហប្រតិបត្តិការ​ត្រី​ភាគី​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​រក្សា​សន្តិភាព​ និង​ស្ថិរភាព​នៅ​តំបន់​អាស៊ី​ឦសាន ដែល​រួម​មាន​ទាំង​ការ​រារាំង​ដល់ការ​គំរាមកំហែង​នុយក្លេអ៊ែរ​ និង​សក្តានុពល​នៃ​ការ​បង្កើន​នុយក្លេអ៊ែរ​ ដែល​ជា​លទ្ធផល​នៃ​សកម្មភាព​នានា​របស់​កូរ៉េ​ខាង​ជើង​ផង​ដែរ»។

​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​សាកល្បង​នុយក្លេអ៊ែរ​កាល​ពី​ខែ​មករានិង​ការបាញ់​គ្រាប់​រ៉ុក្កែត​ចម្ងាយ​ឆ្ងាយ​កាល​ពី​ខែ​កុម្ភៈ ដែល​ការ​សាកល្បង​នេះ​បាន​បំពាន​ដល់​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​រក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ៕

XS
SM
MD
LG