ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង៖ អាមេរិក​នឹង​ខាត​បង់​ធ្ងន់​ធ្ងរ​ចំពោះ​ការ​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ


លោក​ Ri Yong Ho រដ្ឋ​មន្ត្រី​ការ​បរទេស​​កូរ៉េ​ខាង​ជើង​និយាយ​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​ក្រោយ​ពេល​សម្រាក​នៅ​ឯ​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​នៅ​ទីក្រុង​​វៀងចន្ទន៍ ប្រទេស​ឡាវ កាល​ពី​ថ្ងៃទី​២៦ ខែ​កក្កដា។
លោក​ Ri Yong Ho រដ្ឋ​មន្ត្រី​ការ​បរទេស​​កូរ៉េ​ខាង​ជើង​និយាយ​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​ក្រោយ​ពេល​សម្រាក​នៅ​ឯ​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​នៅ​ទីក្រុង​​វៀងចន្ទន៍ ប្រទេស​ឡាវ កាល​ពី​ថ្ងៃទី​២៦ ខែ​កក្កដា។

ប្រទេស​កូរ៉េខាង​ជើង​បាននិយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​សហរដ្ឋ​អាមេរិក​នឹង​ខាត​បង់​យ៉ាង​ធ្ងន់​ធ្ងរ​ទេ​ ប្រសិន​បើ​អាមេរិក​ធ្វើ​ឲ្យ​មាន​ការ​តាន​តឹង​នៅ​លើ​ឧបទ្វីប​នេះ។ ការ​ព្រមាន​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​លោក ​John Kerry ​រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិកបាន​រិះគន់​រដ្ឋាភិបាល​ទីក្រុង​ព្យូង​យ៉ាង​ចំពោះ​កម្មវិធី​អភិវឌ្ឍន៍​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង។

លោក ​Ri Yong Ho​ រដ្ឋ​មន្រ្តី​ការ​បរទេស​កូរ៉េខាង​ជើង​បាន​ប្រាប់​សន្និសីទ​សន្តិសុខ​ក្នុង​តំបន់នៅ​ក្នុង​ប្រទេស​ឡាវ​ថា ​ប្រទេស​របស់​លោកនឹង​ធ្វើ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​មួយ​ទៀត​ឬ​មិន​ធ្វើ​ គឺ​អាស្រ័យ​ទាំង​ស្រុងលើ​ជំហរ​របស់​សហរដ្ឋ​អាមេរិក។

លោក ​Ri រដ្ឋ​មន្រ្តី​ការ​បរទេស​កូរ៉េខាង​ជើង​បាន​និយាយ​ថា ​កូរ៉េ​ខាង​ជើង​បាន​ប្រុង​ប្រៀប​ខ្លួនជា​រួច​ហើយ​ដើម្បី​ប្រឈម​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ចថ្មី​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​មិនា​ ដែល​ជា​កំញ៉ើញ​មួយ​ប្រឆាំង​នឹង​មហិច្ឆតា​របស់​ខ្លួន​ដោយ​លោក​និយាយ​ថា​ កូរ៉េខាង​ជើង​បាន​ធ្វើ​ការ​សម្រេច​ដ៏​សំខាន់​ដើម្បី​បន្ត​កម្មវិធី​អាវុធ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​ពី​ព្រោះ​តែ​ការគំរាម​នុយ​ក្លេអ៊ែរ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​របស់​សហរដ្ឋ​អាមេរិក។

​លោក​ Kerry ​ដែល​ជា​អ្នក​ការទូត​កំពូល​របស់​សហរដ្ឋ​អាមេរិក ​បាន​ប្រាប់​សន្និសីទ​កំពូល​តំបន់​អាស៊ី​អាគ្នេយ៍​ថា​ ប្រសិន​បើ​ប្រទេស​អ៊ីរ៉ង់ ​អាច​បោះបង់​ចោល​ការ​អភិវឌ្ឍអាវុធ​នុយ​ក្លេអ៊ែរ ​ដូច​ដែល​អ៊ីរ៉ង់​បាន​ធ្វើ​នៅ​ក្នុង​ការ​ចរចា​សន្ធិសញ្ញា​កាល​ពី​ឆ្នាំ​ទៅ​ជាមួយ​សហរដ្ឋអាមេរិក​និង​មហាអំណាច​ពិភព​លោក​ទាំង​៥ទៀត​របស់​ពិភព​លោក​នោះ​ ដូច្នេះ ​កូរ៉េខាង​ជើង​ក៏​អាច​ធ្វើ​បាន​ដែរ។

​លោក​ Kerry ​ក៏​បាន​ប្រសាសន៍​ទៀត​ថា៖ ​«កូរ៉េ​ខាង​ជើង​ជា​ប្រទេស​តែ​មួយ​គត់នៅ​ក្នុង​ពិភពលោក​ដែល​កំពុង​បំពាន​ចលនា​អន្តរជាតិ​ឆ្ពោះ​ទៅ​កាន់​ការ​ទទួល​ខុស​ត្រូវ​ ដោយ​កូរ៉េខាង​ជើង​បន្តអភិវឌ្ឍ​អាវុធ​ខ្លួន​ឯង ​បន្ត​ធ្វើ​កាំជ្រួច​មីស៊ីល​ដោយ​ខ្លួន​ឯង ​បន្ត​សកម្មភាព​បង្ក​រឿង​ដ៏​គគ្លើន‍»៕

XS
SM
MD
LG