ប្រទេសកូរ៉េខាងជើងកំពុងតែគំរាមកំហែងថានឹងចាត់វិធានការ បន្ទាប់ពីសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលក្រុងសេអ៊ូលបានប្រកាសអំពីផែនការក្នុងការបំពាក់ប្រព័ន្ធការពារពីគ្រាប់មីស៊ីលនៅក្នុងប្រទេសកូរ៉េខាងត្បូង។
រដ្ឋាភិបាលរដ្ឋធានីព្យុងយ៉ាង បានប្រកាសអំពីការគំរាមកំហែងយ៉ាងដូច្នេះនៅថ្ងៃច័ន្ទនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោននិងរដ្ឋាភិបាលទីក្រុងសេអ៊ូលបានបញ្ចេញផែនការក្នុងការប្រើប្រាស់ប្រព័ន្ធការពារគ្រាប់មីស៊ីលដែលហៅថា THAAD នៅក្នុងឧបទ្វីបកូរ៉េ បន្ទាប់ពីមានការសាកល្បងគ្រាប់មីស៊ីលបាញ់ឆ្លងទ្វីបនិងនុយក្លេអ៊ែរជាច្រើនដងបន្តបន្ទាប់ដោយរដ្ឋាភិបាលរដ្ឋធានីព្យុងយ៉ាង។ ទីតាំងនិងពេលវេលានៃការបំពាក់ប្រព័ន្ធការពារនេះនៅមិនទាន់ត្រូវបានគេប្រកាសនៅឡើយទេ។
ទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការរបស់រដ្ឋាភិបាល រដ្ឋធានីព្យុងយ៉ាង បានចុះផ្សាយនៅថ្ងៃច័ន្ទនេះយ៉ាងដូច្នេះថា «នេះគឺជាឆន្ទៈរបស់យោធាយើងក្នុងការឆ្លើយតបទៅនឹងការវាយប្រហារបែបសងសឹកដ៏សាហាវ ហើយនឹងធ្វើឲ្យកូរ៉េខាងត្បូងក្លាយទៅជាសមុទ្រដែលពោរពេញដោយភ្លើង និងក្លាយទៅជាផេះផង់នៅពេលដែលយើងបញ្ជា។ រដ្ឋាភិបាលរដ្ឋធានីព្យុងយ៉ាង បាននិយាយថា ការឆ្លើយតបនេះនឹងធ្វើឡើងនៅពេលណាដែលទីតាំងនិងពេលវេលានៃការបំពាក់ប្រព័ន្ធ THAAD ត្រូវបានបញ្ជាក់។
ប្រទេសចិននិងរុស្សី ក៏ដូចជាកូរ៉េខាងជើងបានសម្តែងជំហរប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះការបំពាក់ប្រព័ន្ធការពារពីគ្រាប់មីស៊ីលTHAAD នេះ និងបានជំរុញឲ្យរដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងសេអ៊ូល បញ្ឈប់សកម្មភាពនេះ។
លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Guen hye បានមានប្រសាសន៍នៅថ្ងៃច័ន្ទនេះថា ប្រព័ន្ធ THAAD គឺដើម្បីជាចំណាត់ការការពារខ្លួនពីកូរ៉េខាងជើងតែប៉ុណ្ណោះ ហើយមិនមានបំណងប្រឆាំងនឹងប្រទេសណាមួយផ្សេងនោះទេ៕