ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា​បង្ហាញ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​ខ្លួន​ដល់​គណៈប្រតិភូ​កម្ពុជា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង


គណៈប្រតិភូ​ពីកម្ពុជា​មើល​ពី​ប៉មបញ្ជាការ​នៅ​លើ​នាវា USS Ronald Reagan។ (នៅ វណ្ណារិន/VOA)
គណៈប្រតិភូ​ពីកម្ពុជា​មើល​ពី​ប៉មបញ្ជាការ​នៅ​លើ​នាវា USS Ronald Reagan។ (នៅ វណ្ណារិន/VOA)

លោក​​Captain Michael Donnelly​ មេ​បញ្ជាការ​នៃ​កង​នាវា​Ronald Reagan​បាន​បញ្ជាក់​ប្រាប់​ ​VOA ​ពី​ក្តីរីករាយ​ក្នុង​ការ​ទទួល​ស្វាគមន៍​គណៈប្រត្តិភូ​កម្ពុជា​ដំបូង​គេ​បង្អស់​លើ​នាវា​ចម្បាំង​នេះ។​​​​

ស្ថិត​ក្រោម​កំដៅ​ថ្ងៃ​ក្នុង​មហា​សមុទ្រ​គ្មាន​កោះ​ត្រើយ នាវា​ចម្បាំង​ដែល​មាន​ផ្ទុក​យន្តហោះ​របស់​សហរដ្ឋអាមេរិក Ronald Reagan កំពុង​ធ្វើ​ប្រតិបត្តិការ​របស់​ខ្លួន​ជា​ធម្មតា។ យន្ត​ហោះ​ចម្បាំង​ជា​ច្រើន​គ្រឿង​កំពុង​ធ្វើ​ការ​ហោះហើរ និង​ចុះ​ចត​ក្នុង​នាវា​ចម្បាំង​ដ៏​ធំ​នេះ​ដោយ​ភាព​ងាយ​ស្រួល។

ស្រប​ពេល​ដែល​អ្នក​បើក​យន្តហោះ​ និង​នាវឹក​នៃ​កង​នាវា​ចម្បាំង Ronald Reaganកំពុង​បំពេញ​ការងារ​របស់​ខ្លួន​យ៉ាង​មមាញឹក គណៈ​ប្រតិភូ​ជាន់​ខ្ពស់​របស់​កម្ពុជា​ប្រមាណ​១០រូប រួម​ទាំង​ថ្នាក់​ដឹកនាំ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ និង​ក្រសួង​មហា​ផ្ទៃ​ផង​នោះ ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​បំពេញ​ទស្សនកិច្ច​ស្វែង​យល់​អំពី​នាវា​ចម្បាំង​នេះ​ដែរ។ នេះ​គឺ​ជា​គណៈប្រតិភូ​កម្ពុជា​ដំបូង​គេ​បង្អស់​ ​ដែល​បាន​បំពេញ​ទស្សនកិច្ច​រយៈពេល​មួយ​ថ្ងៃ​លើ​នាវា​យក្ស​នេះ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ស្ថានទូត​នៃ​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា។

«ខ្ញុំ​ឈ្មោះ​ “Buzz” Donnelly​ គឺ​ជា​មេ​បញ្ជាការ​របស់​នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក​Ronald Reagan។ ​ឥឡូវ​នេះ​យើង​កំពុង​តែ​ធ្វើ​កិច្ច​ប្រតិបត្តិការ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ចន្លោះ​ប្រជុំ​កោះ Spratly​ និង ​Paracel​ ​ក្នុង​ដែន​ទឹក​អន្តរជាតិ។ ​ ​យើង​ធ្វើ​ប្រតិបត្តិការ​ជា​ធម្មតា​ ​ជា​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​តាម​សេរីភាព​នៃ​នាវា​ចរណ៍​ និង​ប្រតិបត្តិការ​ជិត​ដែន​ពាណិជ្ជកម្ម​របស់​ពិភពលោក។ នាវា​ទំនិញ​ជា​ច្រើន​តែងតែ​ឆ្លង​កាត់​ទៅ​មក​ពី​អូស្ត្រាលី​ទៅ​ម៉ាឡាកា។ វា​ជាតំ​បន់​ដែល​យើង​តែងតែ​ធ្វើ​ប្រតិបត្តិការ​ជា​រឿយៗ​ ​ជាមួយ​ប្រទេស​ជា​មិត្ត សម្ព័ន្ធ​មិត្ត និង​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​នេះ​ដើម្បី​បង្ហាញ​ពី​សេរីភាព​លំហ​សមុទ្រ ​និង​សេរីភាព​នៃ​ពាណិជ្ជកម្ម»។

ដំណើរ​ទស្សនកិច្ច​ផ្លូវការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​លើ​វានា​ចម្បាំង​អាមេរិក​នេះ​ធ្វើឡើង​ ខណៈពេល​នាវា​នេះ​កំពុង​ធ្វើការ​ល្បាត​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ដ៏​ចម្រូង​ចម្រាស​ដើម្បី​ការពារ​សន្តិសុខ​ និង​ស្ថិរភាព​ក្នុង​តំបន់។​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​នេះ គណៈប្រតិភូ​កម្ពុជា​ក៏​មាន​ឱកាស​ក្នុង​ការ​ស្វែង​យល់​អំពី​ដំណើរការ​ទាំង​ស្រុង​របស់​នាវា​ និង​យន្តហោះ​ប្រយុទ្ធ​របស់​សហរដ្ឋ​អាមេរិក។​ ក្នុង​នោះ​ កម្ពុជា​ក៏​បាន​ឃើញ​ដោយ​ផ្ទាល់​ពី​ការ​បញ្ជា​ការ​ហោះ​ហើរ​ និង​ចុះចត​របស់​យន្ត​ហោះ​នៅ​លើ​នាវា ការ​ផ្ទុក​យន្តហោះ​ និង​ការ​បញ្ជា​យន្តហោះ​ក្នុង​ការ​បំពេញ​បេសកកម្ម​នានា​នៅ​តំបន់​ក្បែរៗ​នោះ។​

លោក​ Michael Donnelly​ មេ​បញ្ជាការ​នៃ​កង​នាវា​ Ronald Reagan​ បាន​បញ្ជាក់​ប្រាប់ VOA ​អំពី​ក្តី​រីករាយ​ក្នុង​ការ​ទទួល​ស្វាគមន៍​គណៈប្រតិភូ​កម្ពុជា​ដំបូង​គេ​បង្អស់​លើ​នាវា​ចម្បាំង​នេះ។

«ឱកាស​មួយ​ដែរ ក្នុង​ថ្ងៃ​នេះ​គឺ​ថា​ មន្ត្រី​យោធា​ និង​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​បាន​ធ្វើ​ដំណើរ​មក​ទស្សនា​ដោយ​ផ្ទាល់​នូវ​អី​ដែល​កង​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ដែន​សមុទ្រ​ទឹក​ជ្រៅ​នេះ ហើយ​វា​ក៏​ជា​ឱកាស​សម្រាប់​យើង​ក្នុង​ការ​ផ្លាស់ប្តូរ​ ​និង​ជជែក​គ្នា​ដោយ​ផ្ទាល់​ផង​ដែរ។ ​វា​គ្មាន​អ្វី​ក្រៅ​ពី​អត្ថប្រយោជន៍​មួយ​សម្រាប់​ទំនាក់​ទំនង​នៃ​ប្រទេស​យើង​ទាំង​ពីរ​នេះ​ទេ»។​

ស្រដៀង​គ្នា​នោះ​ដែរ​ ​លោក​ ព្រំ សុខា​ ​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ​ ​ដែល​បាន​រួម​ដំណើរ​ជា​មួយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​ប្រាប់​ VOA​ ​ផង​ដែរ​ថា​ ការ​បង្ហាញ​ និង​ការ​បើក​ឲ្យ​មាន​ទស្សនកិច្ច​លើ​នាវា​ចម្បាំង​ខ្នាត​ធំ​នេះ គឺ​បញ្ជាក់​ពី​ការ​ពង្រឹង​ចំណង​ទាក់ទង​រវាង​ប្រទស​កម្ពុជា​ និង​មហា​អំណាច​អាមេរិក​ ​«ដើម្បី​រក្សា​សន្តិភាព​ក្នុង​តំបន់​និង​សកល​លោក» ជា​ជាង​ការ​បង្ហាញ​សព្វាវុធ​របស់​អាមេរិក។

អគ្គរដ្ឋទូតអាមេរិក​ប្រចាំកម្ពុជា​លោក William A. Heidt (ខាងស្តាំ) រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​លោក ព្រំ សុខា (ខាងឆ្វេង) និង​គណៈប្រតិភូកម្ពុជា​ស្តាប់​ការ​បកស្រាយ​ពី​អ្នក​បម្រើការ​មួយរូប​នៅ​លើ​នាវា USS Ronald Reagan។ (នៅ វណ្ណារិន/VOA)
អគ្គរដ្ឋទូតអាមេរិក​ប្រចាំកម្ពុជា​លោក William A. Heidt (ខាងស្តាំ) រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​លោក ព្រំ សុខា (ខាងឆ្វេង) និង​គណៈប្រតិភូកម្ពុជា​ស្តាប់​ការ​បកស្រាយ​ពី​អ្នក​បម្រើការ​មួយរូប​នៅ​លើ​នាវា USS Ronald Reagan។ (នៅ វណ្ណារិន/VOA)

«សំខាន់​អ្វី​ក៏​ដោយ យើង​ចង់​ឲ្យ​កិច្ច​សហប្រតិបត្តិការ​ ឬ​គោលបំណង​រួម​របស់​យើង ​ដែល​ចង់​បាន​សន្តិភាព​នៅ​ក្នុង​ប្រទេស​យើងនៅ​ក្នុង​តំបន់​ ឬ​ក្នុង​ពិភព​លោក​ គឺ​ចាំបាច់ យើង​ត្រូវ​ស្វែងយល់​ពី​គ្នា​ទៅវិញ​ទៅ​មក។ ដូច្នេះ​ដំណើរ​ទស្សន​កិច្ច​នេះ​គឺ​ជា​ការ​ស្វែង​យល់​មួយ​ មិន​ត្រឹម​តែ​ស្វែង​យល់​ពី​បច្ចេកវិជ្ជា​ជាន់​ខ្ពស់​នោះ​ទេ។ យើង​ស្វែង​យល់​ពី​ទិដ្ឋភាព​នៃ​ប្រតិបត្តិការ​ដើម្បី​គោលដៅ​រួម​មួយ»។​

នាវា​ចម្បាំង USS Ronald Reagan​ (CVN76) ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​តាម​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​គឺ​លោក​ Ronald Reagan​ ​ហើយ​បាន​ធ្វើ​ប្រតិបត្តិការ​ជា​ផ្លូវ​ការ​លើក​ដំបូង​នា​ឆ្នាំ​២០០១។ នាវា​នេះ​មាន​បណ្តោយ​ប្រវែង​ប្រមាណ​៣៣០​ម៉ែត្រ​ទទឹង​ប្រមាណ​ជាង​៧៦​ម៉ែត្រ។​ នាវា​នេះ​ដំណើរការ​ដោយ​ថាមពល​រ៉េអាទ័រ​នុយក្លេអ៊ែ​ (nuclear​ reactors)។​ ​ចាប់​តាំង​ពី​ខែ​មករា​ ឆ្នាំ​២០១៤​មក នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​ដែល​មាន​ទំហំ​យក្ស​នេះ​ត្រូវ​ដាក់​ឲ្យ​ប្រតិបត្តិការ​ជំនួស​នាវា USS George Washington​ ​(CVN 73) និង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​កង​នាវា​ប្រយុទ្ធ​ទី៧​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ ​ដែល​មាន​មូលដ្ឋាន​នៅ ​Yokosuka​ ​ប្រទេស​ជប៉ុន។​

លោក​មេ​បញ្ជាការ​ Michael Donnelly​ ​បាន​ឲ្យ​ដឹង​ថា​ មក​ដល់​ពេល​នេះ​ នាវា​ Ronald Reagan​ ​(CVN76) មាន​កង​នាវឹក​ចំនួន​៥ពាន់​នាក់​ រួម​មាន​វិស្វករ​ ​គ្រូពេទ្រ​ ​អ្នក​បើក​យន្តហោះ​ចម្បាំង​ និង​កង​ទាហាន​ជើង​ទឹក។ ក្នុង​នោះ​ដែរ ​នាវា​ Ronald Reagan ​មាន​ផ្ទុក​យន្តហោះ​ចម្បាំង​ប្រមាណ​៧០គ្រឿង ​រួម​មាន​យន្តហោះ​ប្រដេញ ​F18 ឧទ្ធម្ភាគចក្រ​ដែល​ផ្ទុក​ដោយ​គ្រាប់​ម៊ីស៊ីល​ ​និង​យន្តហោះ​រ៉ាដាជាដើម។​ ​លើស​ពី​នេះ​ទៀត ​នាវា​ដ៏​ធំ​នេះ​គឺ​នៅ​ក្នុង​ចំណោម​នាវា​ចម្បាំង​ជា​ច្រើន​ផ្សេង​ទៀត​របស់​អាមេរិក​ដែល​មាន​ផ្ទុក​សព្វាវុធ​មួយ​ចំនួន​ផ្សេង​ទៀត​ផង​ដែរ។

យន្តហោះ​រ៉ាដា​នៅ​លើ​នាវា USS Ronald Reagan។ (នៅ វណ្ណារិន/VOA)
យន្តហោះ​រ៉ាដា​នៅ​លើ​នាវា USS Ronald Reagan។ (នៅ វណ្ណារិន/VOA)

លោក​ Michael Donnelly​ ​មេ​បញ្ជាការ​នៃ​កង​នាវា​ ​Ronald Reagan​ ក៏​បាន​ឲ្យ​ VOA​ ​ដឹង​ផង​ដែរ​ថា​ ការ​ធ្វើ​ដំណើរ​ល្បាត​ជា​ទៀងទាត់​របស់​នាវា​នេះ​នៅ​ក្នុង​ដែន​សមុទ្រ​អន្តរជាតិ​ក្បែរ​ប្រជុំ​កោះ Paracel​ ​ប្រជុំ​កោះ​ Spratly​ គឺ​ជា​ការ​ល្បាត​ធម្មតា​របស់​នាវា​ ​Ronald Reagan​ ក្នុងការ​រក្សា​សន្តិភាព​ក្នុង​តំបន់។ ​លោក​មិន​មាន​ក្តី​បារម្ភ​ទាក់ទង​នឹង​ការ​ទាម​កម្មសិទ្ធិ​ក្នុង​ដែន​កោះ​សមុទ្រ​ចិន​ខាង​ត្បូង​ពី​សំណាក់​ប្រទេស​ចិន​ និង​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​ជា​សមាជិក​អាស៊ាន​នោះ​ទេ។

«វា​មិន​មាន​អ្វី​ជា​ក្តី​បារម្ភ​ដែល​អាច​ប៉ះពាល់​ដល់​យើង​ខ្លាំង​នោះ​ទេ​ ​ពី​ព្រោះ​ថា​ យើង​តែង​តែ​ធ្វើ​ការ​ល្បាត​នៅ​ក្នុង​តំបន់​នេះ។​ ​យើង​មាន​ប្រវត្តិ​ដ៏​យូរលង់​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ទាំង​មូល​ ​ក៏​ដូច​ប្រតិបត្តិការ​ក្នុង​សមុទ្រ​ឥណ្ឌា​ផង​ដែរ។​ ​ជា​រឿយៗ​ ​យើង​ក៏ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​នេះ​ ​ឬ​ក៏​ទៅ​មហា​សមុទ្រ​ឥណ្ឌា​ ​ឬ​ក៏ទៅ​បញ្ជា​ការដ្ឋាន​កណ្តាល​របស់​យើង​នៅឈូង​សមុទ្រ​អារ៉ាប់ ​ឬ​ជួនកាល​យើង​នៅ​ទី​នេះ​ ​ហើយ​ប្រតិបត្តិការ​នៅ​ក្នុង​ប៉ាស៊ីហ្វិក​ភាគ​ខាង​លិច​ ​ឬ​ក៏​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​ ​អញ្ចឹង​ហើយ​ថ្ងៃ​នេះ​គឺ​វា​គ្មាន​អ្វី​ពិសេស​ទេ​សម្រាប់​កិច្ច​ប្រតិបត្តិការ​របស់​យើង។​ ​យើង​ធ្វើ​កិច្ច​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​ដែល​យើង​ជ្រើសរើស​ និង​តំបន់​ដែល​ស្រប​ច្បាប់​ រួម​ទាំង​តំបន់​នេះ​ផង​ដែរ»។​

នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ បញ្ហា​ប្រទាញ​ប្រទង់​គ្នា​អំពី​កម្មសិទ្ធិ​លើ​ដែនកោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​បាន​ឡើង​កំដៅ​កាន់តែ​ខ្លាំង​ ​ក្រោយ​ពេល​ដែល​ប្រទេស​ចិន​សាងសង់​កោះ​សិប្បនិមិ្មត​ ​នៅ​តំបន់​កោះ​ Spratly​ ​និង​ធ្វើ​ការ​ហើរ​សាកល្បង​នៅ​ទីនោះ។​ ក្នុង​នោះ​ដែរ​ភាព​តានតឹង​នេះ​បាន​នំា​ដល់​ការ​បាញ់​កម្ទេច​នាវា​នេសាទ​របស់​ប្រទេស​វៀតណាម ​និង​ហ្វីលីពីន​ផង​ដែរ។​

នា​ថ្ងៃ​អង្គារ​នេះ​ ​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​ ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ឡាអេ​ ​(Hague)​ ​ប្រទេស​ហូឡង់​ បាន​ប្រកាស​សេចក្តី​សម្រេច​របស់​ខ្លួន​ចំពោះ​បណ្តឹង​របស់​ប្រទេស​ហ្វីលីពីន​ ​ដែល​បាន​ប្តឹង​ប្រឆាំង​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​២០១៣​ ​ទាមទារ​ការ​គ្រប់គ្រង​ទឹកដី​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​

ក្នុង​ដំណើរ​ទស្សនកិច្ច​លើ​នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ ​លោក​ ​ព្រំ សុខា​ បាន​បញ្ជាក់​សារ​ជា​ថ្មី​ថា​ កម្ពុជា​ ក្នុង​នាម​ជា​សមាជិក​អាស៊ាន​ នៅ​តែ​កាន់​ជំហរ​ស្នើ​ឲ្យ​ដៃ​គូ​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដោះស្រាយ​ដោយ​បញ្ហា​ដោយ​សន្តិវិធី​ និង​ទ្វេ​ភាគី។​

«ប្រតិបត្តិការ​គ្រប់​កម្លាំង​របស់​ប្រទេស​របស់​ជាតិ​នីមួយៗ​គឺ​កិច្ចសហ​ប្រតិបត្តិការ​សំខាន់​គឺ​ដើម្បី​រក្សា​សន្តិភាព​ និង​ពង្រឹង​ស្ថិរភាព​នៅ​ក្នុង​តំបន់។​ ​ហើយ​បញ្ហា​ដែល​ខ្វែង​គំនិត​គ្នា គឺ​ដូច​អ្វី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក៏​ដូចជា​សម្តេចតេជោ ហ៊ុន សែនក៏​បាន​បញ្ជាក់​ច្បាស់​ចំពោះ​ជំហរ​របស់​កម្ពុជា​គឺដោះ​ស្រាយ​ដោយ​សន្តិភាព​ ​ហើយ​បើ​មាន​បញ្ហា​ជម្លោះ​ គឺ​ទ្វេភាគី​ត្រូវ​ដោះស្រាយ»។​

យ៉ាងណា​ក៏​ដោយ​ ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​របស់​គណៈ​ប្រតិភូ​កម្ពុជា​លើ​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​អាមេរិក​ ​Ronald Reagan ​ក្នុង​សមុទ្រ​ចិន​ខាងត្បូងនេះ​ ​បាន​បញ្ចប់​ដោយ​ក្តី​រីករាយ ​និង​ភាតរភាព​រវាង​ប្រទេស​មហា​អំណាច​អាមេរិក​ និង​កម្ពុជា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG